SME កម្ពុជា ​ត្រូវ​ពង្រឹង​ខ្លួនលើកត្តា4ជាចម្បងដើម្បី​ប្រកួតប្រជែង​​ទីផ្សារ

ប្រទេស​កម្ពុជាត្រូវ​ការពង្រឹង​លើ​ចំណុច​4ជាចម្បងសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (SME) ដែលកត្តា​ទាំង​4 នោះរួមមាន ការពង្រឹង​សម​ត្ថ​ភាពគុណភាព ការផ្ដល់​ប្រភព​ទុន និង​មាន​ទីផ្សារ​ច្បាស់លាស់ ​ដើម្បី​ពង្រីក​លទ្ធភាព​ចូលរួមការ​ប្រកួតប្រជែង​លើ​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស។ នេះ​បើ​តាម​ការលើកឡើងរ​បស់​នាយិការ​ប្រតិបត្តិ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅឯ​ប្រទេស​ស្វ៊ី​ស​។

លោកស្រី អា​រ៉ា​ន់​ឆា ហ្គុ​ន​ហ្សា​ឡេ​ស (Arancha Gonzalez) នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​ពា​ណិជ្ជកម្ម​អន្តរជាតិ (​International Trade Center) បានលើកឡើង​ថា៖ “ដើម្បី​ជំរុញ​សហគ្រាស​ធុន​តូច និង​មធ្យមSMEឱ្យ​កាន់តែ​រឹង​មាំឡើង កម្ពុជា​ត្រូវ​គិតដល់​កត្តា​ចំនួន​ 4​ចម្បង​”។

លោកស្រី អារ៉ានឆា លើកឡើងថា ​ទាក់ទងនឹងបញ្ហានេះ ដើម្បីជំរុញ​ស​ហ​គ្រាសធុនតូច និងមធ្យមឱ្យកាន់តែរឹងមាំ កម្ពុជាត្រូវឈរលើកត្តា 4ចំណុច ក្នុងនោះទី1 ត្រូវធ្វើ​យ៉ា​ង​​ណាឱ្យ​សហគ្រាស SME មានសមត្ថភាពល្អអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ទី2 គុណ​ភា​ព​នៃផលិតផល​ដើម្បីនាំចេញ។ ទី3 ការទទួលបាននូវប្រភពទុន និងឥណទាន និងទី4 ​ទា​ក់​ទិននឹងទី​ផ្សារដែលតម្រូវឱ្យមានទីផ្សារពិតប្រាកដច្បាស់លាស់ ក្នុងការទទួលយកផលិតផល​ដែលផលិតដោយ SME។

លោកស្រីបានបញ្ជាក់ទៀតថា នៅខែវិច្ឆិកា​ខាងមុខនេះ លោកស្រីនឹងអញ្ជើញ SM​E របស់កម្ពុជាទៅចូលរួមតាំងពិព័រណ៍នៅទីក្រុងស៊ាងហៃ ប្រទេសចិន ហើយ​នៅ​ខែ​ក្រោ​យ​នេះ​ដែរ លោកស្រីនឹងធ្វើអង្កេត​ពីការប្រឈមរបស់SMEក្នុងប្រទេសកម្ពុជាថា តើ​នឹង​មា​នបញ្ហាប្រឈមអ្វីខ្លះ? ដើម្បីរិះរកវិធីសា​ស្រ្តក្នុងការ​ជួយដល់ប្រទេសកម្ពុជា ពីព្រោះថា កម្ពុជា​ពិត​ជាមាន​សមត្ថភាព​ច្រើនក្នុង​ការកសាង និង​ពង្រីក​នូវ​សក្តានុពល​របស់ខ្លួនដើម្បី​ពង្រីង​សមត្ថភាព​ឱ្យ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ប្រកបដោយ​ភាពរឹងមាំ ពិសេស​ការជួយ​ដល់ SME ដែលជា​ចលករ​ជំរុញ​ឱ្យ​វិស័យ​ពាណិជ្ជកម្ម​កាន់តែខ្លាំង​ក្លាឡើង​។

លោកឧកញ៉ា តែ តាំង​ប៉រ ប្រធាន​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ធ្លាប់​បានលើកឡើងថា SME របស់​កម្ពុជា អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​គ្រប់គ្រាន់ ខណៈ​សហគ្រាស​មួយចំនួនកំពុង​ចុះបញ្ជី​ទទួលស្គាល់​កម្រិតស្ដង់ដា​រ ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ក្នុង​តំបន់​អាស៊ាន​។ លោក​ក៏បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កាត់បន្ថយ​ការនាំ​ចូល​ផលិតផល​សម្រេច​ពី​បរទេសដែល​ហូរ​ចូលមក​ទីផ្សារ​កម្ពុជា និង​ជួយ​រក​ទីផ្សារ​បន្ថែមទៀត​ដើម្បី​ជួយ​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​មានការ​រីកចម្រើន​។

លោកជំទាវឧកញ៉ា កែវ មុំ នាយិកាក្រុមហ៊ុនលីលីផលិតនំស្រួយបានមានប្រសាសន៍ថា ចំណុចទាំង4ដែលលោកស្រីCEOមជ្ឈមណ្ឌល​ពា​ណិជ្ជកម្ម​អន្តរជាតិបានលើកឡើងនោះ វាសុទ្ធតែជាកត្តាធំៗដែលពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាហើយជាចំណុចដែលSME របស់​កម្ពុជាខ្វះសឹងតែទាំងអស់ បើមានក៏មានក្នុងស្ថានភាពភាគរយតិចបំផុត។ បានន័យថា មានភាពទន់ខ្សោយដែលធ្វើឱ្យឧស្សហកម្មក្នុងស្រុកពិបាកក្នុងការលូតលាស់។ តែសម្រាប់ក្រុមហ៊ុនលីលី មានភាគរយនៃចំណុចទាំង4 ខ្ពស់បន្តិច ដែលធ្វើឱ្យក្រុមហ៊ុនយើងមានការលូតលាស់គួរសម។

លោកជំទាវនាយិកាបានឱ្យដឹងថា ចំណុចទី1ដែលពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពឱ្យល្អដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ​នោះ គឺវាទាក់ទងនឹងធនធានមនុស្សដែលត្រូវការការបណ្តុះបណ្តាល។ ចំណុចទី2 ទាក់ទងនឹងគុណ​ភា​ព​នៃផលិតផលដើម្បីនាំចេញ គឺយើងមានការបណ្តុះបណ្តាលក្នុងការត្រួតពិនិត្យផលិតផលដែលត្រូវបានផលិតឡើងតាមស្ដង់ដារ ISO និងទទួលស្គាល់គុណភាពពីបណ្ដាអង្គការមួយចំនួនទៀតដូចជាអង្គការAPO UNIDO និង JICA ជាដើម។

លោកជំទាវឧកញ៉ា កែវ មុំ បានបញ្ជាក់បន្ថែមថាទី3 ការទទួលបាននូវប្រភពទុន និងឥណទាន វាជាការលំបាកសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ព្រោះSMEយើងនៅមានការធ្វើអាជីវកម្មជាលក្ខណៈគ្រួសារ ហេតុដូច្នេះហើយទើបពួកគាត់ពិបាកនឹងរកប្រភពទុនជាកម្ចីពីធនាគារជាដើមដែលគេត្រូវការដីធ្លី ឬអចលនទ្រព្យ ឬជាសហគ្រាសមានកេរ្តិ៍ឈ្មោះ ដែលគេទទួលស្គាល់ច្រើន។ ចំណុចទី4 គឺផ្សារពិតប្រាកដក្នុងការទទួលយកផលិតផល​ដែលផលិតដោយ SME កម្ពុជា។ សម្រាប់ SME យើង បើខ្វះ3ចំណុចខាងលើ តើយើងនឹងបានផលិតផលបែបណាដើម្បីរកទីផ្សារ? ដូច្នេះយើងក៏ពិបាកនឹងចូលទីផ្សារដែរ។ តែសម្រាប់ក្រុមហ៊ុនលីលី និងក្រុមហ៊ុនមួយចំនួនមានភាគរយចំណុចទាំង3ខាងលើរាងខ្ពស់ជាងគេបន្តិច ទើបធ្វើឱ្យសហគ្រាសមួយចំនួននោះ រួមទាំងក្រុមហ៊ុនលីលីផងអាចរកទីផ្សារ និងអាចនាំចេញទៅទីផ្សារក្រៅប្រទេសបាន។

លោកជំទាវនាយិកាបានឱ្យដឹងថា អ្វីដែលរដ្ឋាភិបាលគួរជំរុញសម្រាប់SME គឺត្រូវជួយលើ3ចំណុច(សមត្ថភាពល្អ គុណ​ភា​ព​នៃផលិតផល និងប្រភពទុន)​ឱ្យបានខ្លាំង នោះទីផ្សារពិតប្រាកដមិនពិបាករកឡើយ តែអ្វីៗជាដំបូង និងជាសំខាន់នោះគឺសហគ្រាសទាំងអស់ត្រូវតែខិតខំពីខ្លួនឯងជាមុនសិន ហើយកែប្រែនូវចំណុចខ្វះខាតដើម្បីដើរឱ្យទាន់នូវអ្វីដែលគេខំបង្ហាញឱ្យយើងដឹងនូវចំណុចខ្វះខាត និងឱ្យសមនឹងឆន្ទៈដែលរដ្ឋាភិបាលបានជំរុញក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើនលូតលាស់៕

Advertisement