លំហូរ​ទុន​ពូន​ផ្ដុំ​ក្នុង​វិស័យ​អចលនទ្រព្យ ជា​បញ្ហា​ដែល​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់

សកម្មភាព​សេដ្ឋកិច្ចកម្ពុជា​នៅតែ​រក្សា​ភាពរឹងមាំ​ក្នុង​ឆ្នាំ2018នេះ​ជាមួយ​ការ​ព្យាករ​កំណើន​ក្នុង​រង្វង់7% ប៉ុន្តែ​មាន​បញ្ហា​ខ្លះ​ដែល​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​ខ្លាំង នោះ​គឺ​ទុន​ដែល​ពូន​ផ្ដុំ​ក្នុង​អចលនទ្រព្យ។ នេះ​ជាការ​មើលឃើញ​របស់​ម​ន្ត្រី​ជំនាញ​របស់​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ IMF (International​ Monetary Fund)ដែល​បាន​ផ្ញើ​របាយការណ៍​ស្ថានភាព​ទៅ​ស្ថាប័ន​រដ្ឋាភិបាល។

IMF បានឱ្យដឹងថា ភាពរឹងមាំ​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​វិស័យនេះ​ត្រូវបាន​គាំទ្រ​ដោយ​តម្រូវការ​ខ្លាំងក្លា​ពី​ក្រៅប្រទេស និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​ដែល​ត្រូវបាន​ពង្រីក ខណៈ​អតិផរណា​ស្ថិតនៅក្រោម2.5%។

របាយការណ៍​បាន​បញ្ជាក់ថា “កម្ពុជា​រីកចម្រើន​គួរឱ្យកត់សម្គាល់​ឆ្ពោះទៅរក​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ដោយសារ​កំណែទម្រង់ និង​កំណើនសេដ្ឋកិច្ច​គួរឱ្យ​ចាប់អារម្មណ៍​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ។ ចំណូល​ប្រជាជន​បាន​កើនឡើង​លឿន អត្រា​ភាពក្រីក្រ​បាន​ថយចុះ ហើយ​សេដ្ឋកិច្ច​បានចាប់ផ្តើម​ធ្វើ​ពិពិធ​កម្ម​បន្តិចម្តង”។

ប៉ុន្តែ​ទន្ទឹមនឹងនេះ IMFបាន​ទាក់ទាញ​ការយកចិត្តទុកដាក់​ខ្លាំង​ចំពោះ​លំហូរ​ទុន ដែល​បាន​ពូន​ផ្តុំ​នៅក្នុង​វិស័យ​អចលនទ្រព្យ។ IMFឱ្យដឹងថា ឥណទាន​ក្នុង​វិស័យ​ធនាគារ​បាន​ប្រមូលផ្តុំ​ក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់​ដែល​ត្រូវបាន​ព្យាករ​កំណើន​ក្នុង​រង្វង់20% ក្នុង​ឆ្នាំ2018នេះ។

IMFបាន​ពន្យល់​ដូច្នេះ​ថា កង្វល់​ជុំវិញ​គុណភាព​ឥណទាន ការពឹងផ្អែក​មូលធន​ក្រៅប្រទេស ការ​ពូន-​ផ្តុំ​ក្នុង​វិស័យ​អចលនទ្រព្យ និង​ការឱ្យ​ខ្ចី​ក្រៅច្បាប់​ដោយ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ អាច​បង្ក​ហានិភ័យ​សម្រាប់​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ និង​ម៉ាក្រូសេដ្ឋកិច្ច​របស់​កម្ពុ​ជា។

IMFជំ​រុញឱ្យ​កម្ពុជា​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​បន្ថែមទៀត បើទោះបីជា​កន្លងមក​ធ​នាគារ​ជាតិ​នៃ​កម្ពុជា​បាន​រឹតបន្តឹង​វិធានការ​មួយចំនួន​រួចមកហើយ​ក៏ដោយ។ អ្នកជំនាញ​IMF ណែ​នាំឱ្យ​រដ្ឋាភិបាល​បង្កើន​ការត្រួតពិនិត្យ​ចំពោះ​ការផ្តល់​កម្ចី​សម្រាប់​វិស័យ​អចលនទ្រព្យ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ (EMC)បាន​បញ្ជាក់ថា៖ “ជារួម​ការផ្តល់​ហិរញ្ញប្បទាន​ទៅក្នុង​វិស័យ​អ្វីមួយ គឺ​មិនមែន​ហិរញ្ញប្បទាន​ជា​អ្នកកំណត់​កំណើន​របស់​វិស័យ​មួយ​នោះ​ច្បាស់លាស់​ទេ អ្វី​ដែលជា​កំណត់​កំណើន​របស់​វិស័យ​ហ្នឹង គឺ​អាស្រ័យទៅលើ​តម្រូវការ​ជាក់ស្តែង​រប​ស់​ទីផ្សារ។ ហិរញ្ញប្បទាន ឬ​ការផ្តល់​កម្ចី​គ្រាន់តែ​ជាការ​គាំទ្រ​ទៅលើ​វិស័យ​នោះ​ប៉ុណ្ណោះ។ ការ​support នេះ​កាលណា​វា​ពូន​ផ្តុំ​ខ្លាំង វា​អាច​ក្លាយទៅជា​ហានិភ័យ នេះ​វា​ជា​រឿង​ធម្មតា។ ម្យ៉ាងទៀត​នៅក្នុង​ទីផ្សារ​អចលនទ្រព្យជារឿយៗជាធម្មតា​ដល់​ដំណាក់កាល​មួយ​វា​មានការ​រីកចម្រើន​យឺត ឬ​វា​អាច 4-10ឆ្នាំ​កើតមាន​វិបត្តិ​ម្តង​អុីចឹងទៅ។ គ្រាន់តែ​ស្ថានភាព​បច្ចុប្បន្ន​វា​អាច​ដល់​វដ្ត​របស់​វា​ហើយ គួបផ្សំ​នឹង​ហិរញ្ញប្បទាន​ពូន​ផ្តុំ​ក្នុង​វិស័យនេះ​ពេក​ទៅ វា​អាច​ហួស​នឹង​សមត្ថភាព​ទិញ​នៃ​តម្រូវការ​ជាក់ស្តែង​ទីផ្សារ”។

លោក​បានបញ្ជាក់​បន្ថែម​ថា នេះ​គ្រាន់តែ​ជាការ​ព្រួយបារម្ភ​ប៉ុណ្ណោះ បើ​យើង​សិក្សា​លម្អិត​វា​អាច​តិចឬ​ច្រើន វា​អាច​កើតឡើង​នៅក្នុង​ទីផ្សារ​គេហដ្ឋាន ខុន​ដូ។ល។ ព្រោះ​វា​ទាក់ទង​នឹង​អ្នកទិញ​បរទេស ដូច្នេះ​សក្តានុពល​របស់​វា​ជា​រឿង​មួយ​ផ្សេង។ ការវិភាគ​របស់​IMF មិនមែនជា​រឿង​ខុស​អ្វី​ទេ គ្រាន់តែ​ជាការ​ឱ្យ​ជា​សញ្ញា​ថា ជា​ហានិភ័យ ជាការ​ដាស់​ចំណាប់អារម្មណ៍​ពី​អ្នក​ប្រឡូក​ក្នុង​វិស័យនេះ និង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​សិក្សា​ឱ្យបាន​លម្អិត​ពី​បញ្ហា​នេះ​ឱ្យបាន​ស៊ីជម្រៅ។

លោក ង៉ែត ជូ បាន​ពន្យល់ថា ជា​រឿង​សម​ហេតុ​សម​ផល​ដែល​IMFបានលើកឡើង​ពី​កម្ចី​ក្រៅច្បាប់​ដោយ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ ការពឹងផ្អែក​មូលធន​ក្រៅប្រទេស ការ​ពូន​ផ្តុំ​ក្នុង​វិស័យ​អចលនទ្រព្យ និង​វា​អាច​នឹង​បង្ក​ហានិភ័យ​សម្រាប់​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ។

លោក​បញ្ជាក់ទៀតថា “ធម្មតា ទោះបីជា​ប្រភព​ទុន​ក្នុងស្រុក​ក្តី ក្រៅ​ស្រុក​ក្តី​ដែល​ចូលមកក្នុង​វិស័យ​អចលនទ្រព្យ តែ​កាលណា​វិស័យ​ណា​កើតមាន​វិបត្តិ វា​អាច​ជះឥទ្ធិពល​ចំពោះ​លើ​វិស័យ​ហិរញ្ញវត្ថុ​ផងដែរ ពីព្រោះថា កម្ចី​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ក៏​គាត់​ទទួលបាន​ពី​ធនាគារ​ដែរ ដើម្បី​យក​សាច់ប្រាក់​នោះមក​អភិវឌ្ឍ​គម្រោង ដូច្នេះ​បើ​ការអភិវឌ្ឍ​គាត់​មាន​បញ្ហា ទីផ្សារ​គាត់​មាន​បញ្ហា គាត់​លក់​មិន​ចេញ ឬ​អ្នកទិញ​គាត់​មិនមាន​លទ្ធភាព​បង់​ឱ្យ​គ្រប់ និង​បង់​ឱ្យទាន់​ពេលវេលា នោះ​វិបត្តិ​អាច​នឹង​កើតមានឡើង”។

លោក ង៉ែត ជូ បាន​អះអាងថា ចំពោះ​លំហូរ​ទុន​ដែល​ពូន​ផ្តុំ​ក្នុង​វិស័យ​អចលនទ្រព្យ វា​តែង​កើតមានឡើង​នូវ​វិបត្តិ (វា​អាច​វិ​វ​ឌ្ឍ​យឺត ឬ​នៅ​ទ្រឹង)ដូច​កាលពី​ឆ្នាំ2007-2008 និង​ឆ្នាំ2011-2012 វា​បាន​ងើបឡើង​មកវិញ ដែល​នេះ​ជា​រឿង​ធម្មតា តែ​ក្នុង​ខណៈពេលដែល​វដ្ត​ហ្នឹង​ជិត​មកដល់ ហើយ​លំហូរ​ទុន​ពូន​ផ្តុំ​ខ្លាំង​តែ​លើ​វិស័យ​អចលនទ្រព្យ ដូច្នេះ​ការព្រួយបារម្ភ​ជា​រឿង​ត្រឹមត្រូវ ដែល​យើង​អាច​រិះរក​វិធី​ដើម្បី​ទប់ស្កាត់​ដើម្បី​កុំឱ្យ​មាន​វិបត្តិ កុំឱ្យ​វា​កើតឡើង​ធ្ងន់ធ្ងរ ឬ​កុំឱ្យ​វិបត្តិ​នោះ​អូសបន្លាយ​ពេល​យូរ​នាំឱ្យ​ខូចប្រយោជន៍៕

Advertisement