ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​គ្រោង​បោះទុន​ជាង 80លាន​ដុល្លារ​កែច្នៃ​សំរាម​នៅ​កម្ពុជា

ដើម្បី​ចូលរួម​កែលម្អ​សោភណភាព លើកកម្ពស់​បរិស្ថាន​នៅ​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរឡើង​ក្រុមហ៊ុន​ដ៏​ធំ​របស់​ចិន​មួយ​គ្រោង​បោះទុន​វិនិយោគ​ក្នុង​ទឹកប្រាក់ 86លាន​ដុល្លារ​អាមេរិក​ដើម្បី​កែច្នៃ​សំរាម​នៅ​កម្ពុជា​ឱ្យទៅជា​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុងសង្គម​ទាំងមូល។

តំណាង​ក្រុមហ៊ុន Shandong Wangeng Energy Technology Co.,LTD បាន​លើកឡើងថា ក្នុង​គម្រោង​ផែនការ​ទុនវិនិយោគ​ដែល​ក្រុមហ៊ុន​គ្រោង​ចំណាយ​ខាងលើ មានបំណង​កែច្នៃ​សំរាម​នៅ​កម្ពុជា​ឱ្យក្លាយ​ទៅជា​កម្លាំង​ថាមពល​ប្រើប្រាស់​ជា​ប្រយោជន៍​សង្គម​ទាំងមូល ដែល​អាចបង្កើត​ ថាមពល​អគ្គិសនី​ដោយ​កង្ហារ​ខ្យល់ថាមពល​អគ្គិសនី​ដោយជីវឧស្ម័ន ថាមពល​អគ្គិសនី​ដោយ​ជីវម៉ាស់​ជាដើម។

អ្នកតំណាង​ខាងលើ​បាន​បន្តថា ក្រុមហ៊ុន​ក៏បាន​លើកឡើង​អំពី​ការដុត​សំរាម​ដោយ​ប្រើ​បច្ចេកវិទ្យា​ក្នុងការ​កែច្នៃ​ធនធាន​ដែលមាន​ការគិតគូរ​ពី​បរិស្ថាន និង​អាចមាន​លទ្ធភាព​បន្ថយ​ឈានដល់​ចំណុចសូន្យ ចំពោះ​ផលប៉ះពាល់​ឧស្ម័ន​បញ្ចេញ​ចោល​ទៅ​បរិយាកាស ដើម្បី​ចៀសវាង​ឱ្យបាន100% កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស ក៏ដូចជា​ភាវៈ​មានជីវិត​នៅលើ​ផែនដី​ដែរ ដោយ​គោលដៅ​ក្នុង​ការបង្កើត​ក្រុមហ៊ុន​កែច្នៃ​សំរាម​នេះ​គ្រោង​ធ្វើ​នៅក្នុង​ខេត្ត​ចំនួន2 ក្នុងប្រទេស​កម្ពុជា គឺ​ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប។

ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថានបាន​ថ្លែង​គាំទ្រ​គម្រោង​ខាងលើ ដោយបាន​លើកឡើងថា ការគិតគូរ​ពី​ការងារ​គ្រប់គ្រង​សំរាម និង​កាកសំណល់ និង​ការកែច្នៃ គឺជា​គោលដៅ​សំខាន់​ដែល​ក្រសួង​ត្រូវ​ជំរុញឱ្យមាន​ការអនុវត្ត​ស្របតាម​បច្ចេកវិទ្យា​ទំនើប​ដែលជា​លទ្ធភាព​យើង​អាច​ធ្វើបាន។ ឯកឧត្តម​ក៏បាន​ស្នើ​ឱ្យមាន​ការគិត​គូរ​អំពី​តម្លៃ​នៃ​ការលក់​ថាមពល​ដែល​បំប្លែង​ពី​សំរាម និង​អគ្គិសនី​ដែល​ផលិត​បានមក​ត្រូវ​លក់​នៅ​កន្លែង​ណា ព្រោះ​វា​ជា​ផ្នែក​មួយ​ដើម្បី​ចូលរួម​ក្នុង​វិស័យ​បរិស្ថាន។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ក្រសួងបរិស្ថាន​បាន និង​កំពុង​យកចិត្តទុកដាក់​កម្រិត​គោលនយោបាយ​ក្នុងការ​រៀបចំ​កែលម្អ​ប្រព័ន្ធគ្រប់គ្រង​សំណល់​រឹង សំរាម ការរៀបចំ​ក្រុង ការរៀបចំ​ទីលាន​ចាក់សំរាម ជំរុញ​ការកែច្នៃ និង​ការប្រើប្រាស់​ឡើងវិញ​តាមរយៈ​ការសហការ​ជាមួយ​ក្រុមហ៊ុន​ទទួល​ទិញ​អេតចាយក្រុមហ៊ុន​វិនិយោគ និង​ដៃគូ​អភិវឌ្ឍន៍​នានា​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ សុខភាព សោភណភាព​នៃ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ការរស់នៅ​របស់​ប្រជាជន​កាន់តែ​ល្អប្រសើរ​ឡើង។

ពាក់ព័ន្ធ​ករណីនេះ​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​មានប្រសាសន៍ថា នេះ​គ្រាន់តែ​ជា​ព័ត៌មាន​បឋម​ប៉ុណ្ណោះ ក្រុមហ៊ុន​មិនទាន់មាន​ផែនការជាក់លាក់​នៅឡើយ​ទេ​ក្នុងជំនួប​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​កាលពី​សប្តាហ៍​មុន ដោយសារ​ក្រុមហ៊ុន​ទើប​ចូល​ជូ​ប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា​ជា​លើកដំបូង​ប៉ុណ្ណោះ មិនទាន់​សុំច្បាប់​វិនិយោគ​ជា​ផ្លូវការ​នៅឡើយ៕

Advertisement