មន្ត្រី​ជំនាញ៖ អ្នក​ផលិត និង​ផ្គត់ផ្គង់​ចំណីអាហារ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ពី​សុវត្ថិភាព

ក្រុមមន្ត្រី​ជំនាញ​ផ្នែក​សុវត្ថិភាព​ចំណីអាហារ​នៅ​កម្ពុជា​បាន​អំពាវនាវ និង​ជំរុញ​ដល់​ក្រុម​សហគ្រិន និង​ពាណិជ្ជករ អ្នក​ផលិត និង​អ្នកផ្គត់ផ្គង់​ចំណីអាហារ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​អំ​ពី​សុវត្ថិភាព និង​ស្ដង់ដារ​ចំណីអាហារ​ដើម្បី​ធានា​ដល់​សុខុមាលភាព​របស់​អ្នក​បរិភោគ។

លោក ស៊ីន ស៊ី​ដេ​ត នាយក​មន្ទីរពិសោធន៍​កាំកុងត្រូល​និយាយថា ជាទូទៅ​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​វាយតម្លៃ​ទៅលើ​ចំណីអាហារ​គ្រប់​ប្រភេទ​ដែល​នាំចូល​ពី​ប្រទេសជិតខាង ដូចជា​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ជាដើម​ថា​ជា​ទំនិញ​ខូចគុណភាព ឬ​មាន​សារធាតុ​គីមី​ពុល ប៉ុន្តែ​ការវាយតម្លៃ​ជារួម​ដូច្នេះ«មិន​ត្រឹមត្រូវ»នោះទេ ចំណីអាហារ​មួយចំនួន​ដែល​នាំចូល​ពី​ប្រទេសជិតខាង​ទាំង២ខាងលើនេះ​មាន​មួយចំនួនធំ​គឺ មាន​គុណភាព​ស្របតាម​ស្ដង់ដារ​បច្ចេកទេស។

លោក​ថ្លែងថា៖ «ចំណីអាហារ​គ្រប់​ប្រភេទ​ដែល​នាំចូល​ពី​ក្រៅប្រទេស វា​ពុំមាន​បញ្ហា​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ទេ គឺ​អាស្រ័យទៅលើ​ពាណិជ្ជករ​ដែល​នាំចូល​ទំនិញ​ជា​ចំណីអាហារ​ទាំងនោះ​មាន​ភាពស្មោះត្រង់​ឬ​អត់? អ៊ីចឹង​ចំណីអាហារ​នាំចូល​ពី​ក្រៅប្រទេស និង​ផលិត​ក្នុងស្រុក​មាន​សុវត្ថិភាព និង​គុណភាព​សម្រាប់​សុខភាព​អ្នក​បរិភោគ គឺ​អាស្រ័យ​លើ​អ្នក​ផលិត អ្នក​នាំចូល​មាន​ភាពស្មោះត្រង់ និង​មានការ​ទទួលខុសត្រូវ»។

យោងតាម​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមមន្ត្រី​ជំនាញ​នៃ​វិទ្យាស្ថាន​ស្ដង់ដារ​កម្ពុជា​បាន បង្ហាញថា សហរដ្ឋអាមេរិក​ជា​ប្រទេសមួយ​ដែលមាន​ការនាំ​ចូល​ចំណីអាហារ​ដែលមាន​សុវត្ថិភាព និង មាន​ស្ដង់ដារ​ខ្ពស់​ជាងគេ ប៉ុន្តែ​ក្រុម​ពាណិជ្ជករ​របស់​ពួកគេ​មួយចំនួន​នៅតែ​ឆ្លៀតឱកាស​លួច​ផលិត​និង​នាំចូល​នូវ​ចំណីអាហារ​ដែល​មិន​ស្របតាម​ស្តង់ដារ ដែល​បង្ក​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​មានការ​ខាតបង់​នូវ​ទឹកប្រាក់​ប្រមាណ​ជាង 7ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ។

លោក Watcharas Leelawath នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​មេគង្គ​ថ្លែងថា៖«នៅពេល​និយាយ​អំពី​សុវត្ថិភាព​ចំណីអាហារ យើង​ចាំបាច់​ត្រូវ​និយាយ​អំពី​ស្ដង់ដារ​ចំណីអាហារ ហើយ​អ្នកណាខ្លះ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នៅក្នុង​បញ្ហា​នេះ»។ ការ​គិតដល់​បញ្ហា​ចម្បង​ទាំង2 ខាងលើនេះ អ្នក​ផលិត​និង​ផ្គត់ផ្គង់​ចំណីអាហារ មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​ជំ​រុញឱ្យ​គោលនយោបាយ​លើកកម្ពស់​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៃ​រដ្ឋាភិបាល​របស់​ប្រទេស​ក្នុង​អនុតំបន់​ទន្លេមេគង្គ​ដែល​រួមមាន កម្ពុជា វៀតណាម ឡាវ ថៃ និង​ភូមា ទទួលបាន​ជោគជ័យ​យ៉ាង​ឆាប់រហ័ស។

លោក Leelawath បាន​មានប្រសាសន៍ថា ប្រសិនបើ​យើង​អាចធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្តង់ដារ​សុវត្ថិភាព​ម្ហូបអាហារ ជាពិសេស​ក្នុងចំណោម​កសិករ យើង​អាច​បង្កើន​ការនាំចេញ​ជាពិសេស​ទៅកាន់​បណ្ដា​ប្រទេស​អាស៊ាន​ដទៃទៀត​ដែល​យើង​មិនត្រូវ​បង់ពន្ធ ។

លោក លី ទីន អនុប្រធាននាយកដ្ឋាន វិញ្ញាបនបត្រ នៃ​វិទ្យាស្ថាន​ស្ដង់ដារ​កម្ពុជា និយាយថា ការត្រួតពិនិត្យ​ស្ដង់ដារ និង​សុវត្ថិភាព​ចំណីអាហារ គឺជា​ផ្នែក​មួយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខុមាលភាព និង​វឌ្ឍនភាព​របស់​ពលរ​ដ្ឋ ប៉ុន្តែ​កិច្ចការ​នេះ​ចាំបាច់​ត្រូវមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ទាំង​អ្នក​ផលិត និង​អ្នកផ្គត់ផ្គង់​ត្រូវតែមាន​ភាព​ទទួលខុស​ត្រូវ​ចំពោះ​សុវត្ថិភាព​អ្នក​បរិភោគ។

លោក​បាន​បញ្ជាក់ថា អ្នក​បរិភោគ​ខ្លួនឯង គប្បី​ត្រូវ​ជ្រើសរើស​នូវ​ចំណីអាហារ​ដែលមាន​ស្លាក​សញ្ញា​ស្ដង់ដារ​ដែល​ទទួលស្គាល់​ដោយ​ស្ថាប័ន​ជំនាញ ដើម្បី​ការពារ​គ្រោះថ្នាក់ផ្សេងៗដែល​អាច​កើតឡើង​ជាយថាហេតុ។

លោក ទីន បញ្ជាក់ថា៖«អ្នក​ផលិត និង​អ្នកផ្គត់ផ្គង់​ចំណីអាហារ ត្រូវមាន​ភាពស្មោះត្រង់ និង​បញ្ឈប់​ការប្រើប្រាស់​សារធាតុ​គីមី​ពុល​ដែល​បង្ក​ហានិភ័យ​ដល់​សុខភាព​អ្នក​បរិភោគ យើង​អាច​ធានា​ដល់​សាធារណជន​ថា ឥឡូវនេះ​ការផ្គត់ផ្គង់​ម្ហូបអាហារ​រហូតដល់ 70%មាន​សុវត្ថិភាព»។

គិត​រហូតមកទល់​ពេលនេះ​នៅ​កម្ពុ​ជាមាន​ក្រុមហ៊ុន​ប្រមាណ​ជាង 200ក្រុមហ៊ុន​ប៉ុណ្ណោះ ដែល​បាន​ចុះបញ្ជី​បញ្ជាក់​សុវត្ថិភាព​ចំណីអាហារ នៅក្នុង​វិទ្យាស្ថាន​ស្ដង់ដារ​កម្ពុជា៕

Advertisement