The 4’R ដែល​អ្នកជំនួញ​គួរ​យល់ដឹង ​ដើម្បីទទួលបាន​ជោគជ័យ​នៅលើ​ទីផ្សារ

ការចាប់ផ្តើម​អាជីវកម្ម​អ្វីមួយ​ដោយ​ខ្លួនឯង មិនមែនជា​ការលំបាក​នោះទេ ប៉ុន្តែ​អ្វីដែល​លំបាក​នោះគឺថា ត្រូវធ្វើ​យ៉ាងណា​ឱ្យ​អាជីវកម្ម​របស់ខ្លួន​ដំណើរការ​ទៅមុខ​ជានិច្ច​និរន្តរ៍​នៅលើ​ទីផ្សារ ចៀសវាង​បើក​ដំណើរការ​បានមួយរយៈ​ ហើយក៏​ស្រាប់តែ​ដួលរលំ​ទៅវិញ​ធ្វើឱ្យ​ខាតបង់​អស់​ដើម​អស់​ចុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ហិរញ្ញវត្ថុ​ក្រុមគ្រួសារ។

លោក​ឧកញ៉ា ចិត្រ សិរី​សុភ័ក្ត្រ អគ្គនាយក​ក្រុមហ៊ុន Luxury Smile Group ដែលមាន​បទពិសោធ​ដឹកនាំ​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​ជោគជ័យ​នៅលើ​ទីផ្សារ​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកហើយ​នោះបាន​មានប្រសាសន៍​ទទួលស្គាល់​ថា មាន​ក្រុមហ៊ុន​មិនតិច​ទេ​ដែល​បើក​ដំណើរការ​មួយរយៈ​ហើយ​ដួលរលំ​ទៅវិញ​នោះ ដោយសារតែ​សហគ្រិន​ទាំងនោះ​នៅមាន​វ័យក្មេង​ពេក ឬ​ខ្លះ​មាន​វ័យ​ចំណាស់​ដែរ ប៉ុន្តែ​មិនមាន​បទពិសោធ​គ្រប់គ្រាន់​ក្នុងការ​ដឹកនាំ​ក្រុមហ៊ុន ហើយ​ពិសេស​គឺ គ្មាន​ជំនាញ​ច្បាស់លាស់​ក្នុងការ​គ្រប់គ្រង​ស្ថាប័ន​ពីមុន ឬ​មិនបាន​ត្រៀមថវិកា​ហិរញ្ញវត្ថុ​បម្រុង​ទុក​សម្រាប់​ស្រោចស្រង់​ពេលដែល​ក្រុមហ៊ុន​ស្ថិតក្នុង​ស្ថានភាព​ធ្លាក់ចុះ​ណាមួយ​នៅលើ​ទីផ្សារ។

លោក​ឧកញ៉ា​បាន​បន្តថា ដើម្បីឱ្យ​របរ​ធ្វើ​ជំនួញ​បាន​ជោគជ័យ វិនិយោគិនថ្មីៗត្រូវ​គិតដល់​ចំណុចសំខាន់ៗចំនួន4 ដែល​ភាសា​អង់គ្លេស​ហៅថា​The 4’R ក្នុងនោះ​មានដូចជា1. Right Time មានន័យថា ការចាប់ផ្តើម​តាម​ពេលវេលា​សមរម្យ​ណាមួយ ឬ​ចាប់ផ្តើម​នៅពេលដែល​ឱកាស​ហុច​ឱ្យ។ 2. Right number ទាក់ទង​ទៅនឹង​ចំនួន​ថវិកា​របស់​យើង​ថា តើ​យើង​មាន​ធនធាន​ថវិកា​ផ្ទាល់ខ្លួន​សមល្មម​នឹង​បើក​អាជីវកម្ម​កម្រិតណា(ស្តួចស្តើង ឬ​មាន​ច្រើន) ហើយ​មាន​ទុនបម្រុង​ប៉ុន្មាន​ដើម្បី​ជួយ​ស្រោចស្រង់​ក្រុមហ៊ុន​នៅពេលដែល​ដំណើរការ​នៅលើ​ទីផ្សារ​ជូ​ប​ឧបសគ្គ​ដែល​អាច​រាំងស្ទះ​ដល់​ដំណើរការ​អាជីវកម្ម​ដែល​ត្រូវ​ដោះស្រាយ​បន្ទាន់។ 3.Right skill/ experience តើ​ការបើក​អាជីវកម្ម​ថ្មី​នោះ​ត្រូវ​នឹង​ជំនាញ​ដែល​យើង​មាន​ស្រាប់ ឬ​ត្រូវ​ទៅនឹង​បទពិសោធ​ដែល​យើង​បានធ្វើការ​ឱ្យគេ​កន្លងមក​ដែរឬទេ? ហើយ​ចាំបាច់​ត្រូវ​សួរ​ខ្លួនឯង​ថា ការធ្វើការ​ឱ្យគេ​កន្លងមក​មានបទពិសោធ និង​ចំណេះដឹង​ប៉ុនណា? ផ្តល់​ភាពជោគជ័យ​ឱ្យគេ​កម្រិតណា? ហើយ​ត្រូវ​ត្រៀម​បន្ថែម​ចំណេះដឹងថ្មីៗ បន្ថែម​ចំណេះដឹង​ផ្នែក​អ្វី​ខ្លះទៀត​ដើម្បីឱ្យ​ប្រាកដថា​អាជីវកម្ម​របស់ខ្លួន​នឹង​ដំណើរការ​ទៅមុខ ឈរជើង​រឹងមាំ​នៅលើ​ទីផ្សារ និង​ចំណុច​ទី4. Right Case/Decision ពេល​ដំបូង​វិនិយោគិន​ត្រូវ​ចេះ​សួរ​ខ្លួនឯង​ថា តើ​យើង​ស្ថិតនៅក្នុង​អាជីវកម្ម​កម្រិតណា? និង​ត្រូវធ្វើ​សេចក្តីសម្រេច​ណាមួយ​ឱ្យ​សមល្មម​ទៅនឹង​ធនធាន​ដែល​យើង​មាន ដើម្បីឱ្យ​ដំណើរការ​ទៅមុខ​បាន​ដោយ​រលូន​ជាជាង​ចាប់យក​ជំនួញ​ធំ​ពេក​លើសពី​ធនធាន​ដែល​យើង​មាន នាំឱ្យមាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការធ្វើ​ជំនួញ​មិនបាន​សម្រេច​ដូច​ក្តី​សុបិន​របស់​យើង។

ធ្វើជា​អ្នកជំនួញ​ទៀតសោត មុននឹង​ចាប់ផ្តើម​រកស៊ី​ត្រូវ​សួរ​ខ្លួនឯង 3ចំណុច​បន្ថែម​ក្នុងនោះ មានទី1.ថា តើ​អាជីវកម្ម​របស់​យើង​មាន​អតិថិជន​ចង់ដឹង​ដែរឬទេ? 2.អតិថិជន​ចង់​ឮ​ដែរឬទេ? 3.ហើយ​អតិថិជន​ចង់​សាក​ដែ​ឬទេ? ដែល​កត្តា​ទាំង 3នេះ​ត្រូវ​ដើរ​អម​ទៅនឹង​ចំណុច​សំខាន់​ទាំង 4ខាងលើ គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​ឆ្ពោះទៅរក​ភាពជោគជ័យ។ ដើម្បី​ដឹងថា ទំនិញ​ដែល​យើង​គ្រោង​ផលិត​មាន​តម្រូវការ​នៅលើ​ទីផ្សារ ឬ​មិនមាន​នោះ?យើង​ក៏​មិន​ចេះតែធ្វើ​ដោយ​ប្រថុយប្រថាន​នោះទេ ពោលគឺ​ត្រូវធ្វើការ​ស្រាវជ្រាវ​សិក្សា​នៅលើ​ទីផ្សារ​ឱ្យបាន​ច្បាស់លាស់​ជាមុនសិន។

ជាមួយគ្នានេះ យើង​ត្រូវ​យល់ថា បើ​យើង​មិនដឹង​ពី​គោលការណ៍​នៃ​ការរកស៊ី មិនដឹង​ពី​ការចាប់ផ្តើម មិនដឹង​ពី​ហានិភ័យ​នៃ​ការរកស៊ី​នោះ យើង​ប្រាកដជា​ជួប​បញ្ហា​មិន​ខាន​ ប៉ុន្តែ​បើ​យើង​មើលឃើញ​ពេលវេលា​ច្បាស់លាស់ ឧទាហរណ៍​ថា នៅក្នុង​ឆ្នាំ​ហ្នឹងមាន​វិស័យ​អ្វីដែល​រីកចម្រើន​ជាងគេ ដូច្នេះ​យើង​ចាប់ផ្តើម​រកស៊ី​វិស័យ​នោះ​ភ្លាម ទោះជា​ក្នុង​កម្រិត​ណាមួយ​ក៏បាន ដោយ​មើល​ទៅលើ​ទីផ្សារ​នូវ​អ្វីដែល​គេ​កំពុង​ខ្វះខាត ​ហើយ​គ្រាន់តែ​ប​ញ្ជ្រៀ​ត​ផលិតផល​យើង​ចូល​បន្ថែម​ដែល​គេ​ហៅថា​The Right Time នោះ​អាជីវកម្ម​យើង​នឹង​ដំណើរការ​ទៅមុខ​ជាមិនខាន។ ដើម្បីឱ្យ​ពេលវេលា​ក្លាយជា​ឱកាស​បាន លុះត្រាតែ​យើង​យក​ពេលវេលា​មក​ធ្វើជា​ឱកាស តែបើ​ឱ្យ​ពេលវេលា​បាត់បង់​ទៅវិញ នោះ​យើង​ប្រាកដជា​អស់​ឱកាស​មិន​ខាន។

លោក​ឧកញ៉ា​វ័យក្មេង​ខាងលើ​ក៏បានផ្តល់​បទពិសោធ​ផ្ទាល់ខ្លួន​ដែរ​ថា នៅពេល​លោក​ចេញ​រកស៊ី​ដំបូង​លោក​បានចាប់ផ្តើម​របរ​លក់​ផលិតផល​កែ​សម្ផស្ស​ស្ត្រី​ដែល​ធ្វើ​ការលក់​ និង​ចែកចា​យតាម​ប្រព័ន្ធ​អន​ឡាញ​ដែល​អំឡុង​ពេលនោះ គឺជា​ពេលវេលា​សមរម្យ ឱកាស​ហុច​ឱ្យ ខណៈដែល​ប្រជាជន​ខ្មែរ​ចាប់ផ្តើម​មាន​ទំនោរ​ប្រើប្រាស់​អុីន​ធើ​ណិ​ត​កាន់តែច្រើនឡើងៗពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ មកទល់​សព្វថ្ងៃ អាជីវកម្ម​នោះ​នៅតែ​ដំណើរការ​នៅលើ​ទីផ្សារ​ដដែល ហើយ​លោក​នៅតែ​ខិតខំ​ធ្វើ​បន្ត​ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​ជា​លំដាប់​ដូច​ពាក្យចាស់​លោក​ថា កុំ​ភ្លេច​ប្រភពដើម​របស់​យើង ឬ​កុំ​ភ្លេច​ដើមកំណើត​របស់​យើង​ហ្នឹងឯង។ ដោយសារ​អាជីវកម្ម​គ្រឿងសម្អាង​នេះហើយ ទើប​លោក​មានចំណេះដឹង​ក្នុងការ​រកស៊ី​ទៅលើ​របរ​រកស៊ី​លក់ទំនិញ​ខាងលើ​កាន់តែខ្លាំងឡើងៗ ហើយ​យល់ដឹង​ពី​ស្ត្រី​ដែលជា​អតិថិជន​​ប្រើ​ប្រាស់ផលិតផល​របស់​ក្រុមហ៊ុន​តែម្តង​ដែល​គេ​ប្រាប់​មក​យើង​វិញ​នូវ​អ្វីដែលពួកគេ​មាន​តម្រូវការ​ពិតប្រាកដ​នោះ។

លោក​ថា មុន​ទទួលជោគជ័យ​លើ​អាជីវ​កម្មនេះ លោក​បាន​ឆ្លងកាត់​ឧបសគ្គ​មិនតិច​ឡើយដែល​តម្រូវឱ្យ​លោក​យក​ពេលវេលា យកចំណេះ​ដឹង​ទៅ​ដោះស្រាយ ប៉ុន្តែ​ឧបសគ្គ​នេះ​បាន​ក្លាយជា​មេរៀន​សម្រាប់​ដក​ពិសោធ​ប្រឡូក​ក្នុង​វិស័យផ្សេងៗទៀត ដែល​មកទល់​បច្ចុប្បន្ន ក្រុមហ៊ុន​មាន​អាជីវកម្ម​លក់​គ្រឿងក្រអូប​ផង លក់​សម្លៀកបំពាក់​ផង លក់​រថយន្ត​ផង និង​អចលនទ្រព្យ​ផងដែរ។ ជោគជ័យ​របស់លោក​ក៏​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះដែរ ពេលណា​ជួប​បញ្ហា លោក​ត្រូវ​ចេះ​ដោះស្រាយ ហើយ​បន្តដំណើរ​ទៅមុខទៀត ពេល​ដោះ​បញ្ហា​បាន​កាន់តែច្រើន វា​នឹង​កាត់បន្ថយ​ហានិភ័យ និង​ការ​ក្ស័យ​ទុន​កាន់តែច្រើន។ ដោយសារ​មនុស្ស​ត្រូវ​ចេះ​គន្លឹះ​រកប្រាក់​ចំណេញ ហើយ​យើង​ត្រូវ​ចេះ​បត់បែន​តាម​កាលៈទេសៈ បើសិនជា​យើង​ចេះ​កែច្នៃ​យក​រឿងអាក្រក់​មក​ធ្វើជា​រឿង​ល្អ​បាន នោះ​ភាពជោគជ័យ​កាន់តែ​ឡើង​ខ្ពស់​ថែម​មួយកម្រិត​ទៀត។

កាន់តែ​សំខាន់​ជាងនេះទៀត​យើង​មិនគួរ​យក​ពេលវេលា​ទៅ​ប្រជែង​ជាមួយ​គេ​ពេក​ទេ​មាន​ពេលទំនេរ​ត្រូវ​មើល​ពី​ចំណុចខ្សោយ​របស់ខ្លួន ត្រូវ​សិក្សា​ពី​ចំណុច​ខ្វះខាត​របស់​យើង​ឱ្យបាន។ ទុក​ពេលវេលា​គិតពិចារណា​ស្វែងរក​ឱកាស​វាយលុក​លើ​ទីផ្សារ ធ្វើការ​ប្រកួតប្រជែង​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​ជាជាង​ប្រកួតប្រជែង​ដោយ​ប្រើ​កម្លាំង។ យុទ្ធសាស្ត្រ​ទីផ្សារការនិយាយ​ងាយស្រួល​ទេ ប៉ុន្តែ​ការអនុវត្ត​ឆ្ពោះទៅរក​ភាពជោគជ័យ​មិនមែនជា​រឿង​ងាយស្រួល​ឡើយ។

លើសពីនេះ ភាពជោគជ័យ​ក៏​មិនមែន​អាចធ្វើ​តែម្នាក់ឯង​បានដែរ បើ​យើង​មាន​បុគ្គលិក​ល្អ ហើយ​មាន​បុគ្គលិក​ជំនាញ​ពូកែ នោះ​គឺជា​សំណាង​យើង​ហើយ តែ​ធ្វើយ៉ាងណា​ត្រូវមាន​ការរៀបចំ​បណ្តុះបណ្តាល​បំពាក់បំប៉ន​ជំនាញ​បន្ថែម ដែល​នេះ​ជា​ទុន​ដ៏​សំខាន់​មួយ​ហើយ​ទុន​ដែល​សំខាន់​មួយទៀត គឺ​ពង្រឹង​ចំណេះ និង​ជំនាញ​ខ្លួនឯង ត្រូវ​ចេះ​វិនិយោគ​ទៅលើ​ខ្លួនឯង បើ​យើង​មិនចេះ​វិនិយោគ​លើ​ខ្លួនឯង​ទេ យើង​ក៏​មិនអាច​វិនិយោគ​ទៅលើ​អ្វី​បានដែរ។ ជួនកាល​យើង​គ្មាន​ថវិកា​រកស៊ី​ទេ តែ​យើង​ចេះ​បង្កើត​របរ​រកស៊ី​មួយ​ដោយ​គ្រាន់តែ​ធ្វើ​ផែនការ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​ទៅដល់​ដៃគូ ដាក់ឱ្យ​ដៃគូ​ពិនិត្យ ជួនកាល​គេ​អាច​បោះទុន​ឱ្យ​យើង​រកស៊ី ឬ​ចាប់​ដៃគូ​ភាគហ៊ុន​ជាមួយ​យើង ក៏​អាច​ថា​បាន​ដែល​នេះ​គឺជា​ទុន​ផ្ទាល់ខ្លួន​ដែល​យើង​មាន៕

Advertisement