សហគមន៍​អឺរ៉ុប​ចង់ឱ្យ​កម្ពុជា​អភិវឌ្ឍ​ប្រទេស​បែប​សេដ្ឋកិច្ច​បៃតង

ដើម្បី​អភិវឌ្ឍ​ប្រទេស​ប្រកបដោយ​ចីរភាព អ្នកធុរកិច្ច​សហគមន៍​អឺរ៉ុប​បានស្នើ​ដល់​ក្រុមហ៊ុន​ឯកជន​នានា រួមទាំង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​គួរ​គិតគូរ​ចូល​រួមគ្នា​អភិវឌ្ឍ​ប្រទេស​បែប​សេដ្ឋកិច្ច​បៃតង ដើម្បី​លើកកម្ពស់​សោភណភាព សុខុមាលភាព និង​បរិស្ថាន​ក្នុងប្រទេស​ឱ្យមាន​ភាព​កាន់តែ​ប្រសើរឡើង។

លោក Andeol Cadin ប្រធាន​គណៈកម្មាធិការ​ធុរកិច្ច​បៃតង​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប​មានប្រសាសន៍ថា ផ្អែកលើ​បទពិ-សោធ​ដែល​ធ្លាប់​ឆ្លងកាត់​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន ពិសេស​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​ផ្ទាល់​ឃើញថា ការប្រកួតប្រជែង​ពាណិជ្ជកម្ម​ដែល​មិន​គិតគូរ​អំពី​បរិស្ថាន បានធ្វើ​ឱ្យមាន​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាជន​ជាខ្លាំង ដូច្នេះ​ដើម្បី​លើកកម្ពស់​សុខភាព​និយោជិត និង​ប្រជាជន​ក្នុងប្រទេស​កម្ពុជាលោក​អំពាវនាវ​ឱ្យ​ម្ចាស់​សហគ្រាស ក្រុមហ៊ុន​ឯកជន និង​រដ្ឋាភិបាល​គួរ​សហការគ្នា​ចូលរួម​អភិវឌ្ឍ​ប្រទេស​តាមបែប​សេដ្ឋកិច្ច​បៃតង។

លោក​ថា សេដ្ឋកិច្ច​បៃតង គឺ​ផ្តោតលើ​ការប្រើប្រាស់​វត្ថុធាតុដើម​ក្នុងប្រទេស ឬ​សម្ភារ​នាំចូល​ពី​ក្រៅប្រទេស ដូចជា​សាច់​ក្រណាត់​ច្នៃ​សម្រាប់​ការ​កាត់ដេរជ័រ​ប្លា​ស្ទិ​ក​សម្រាប់​ផលិត​ជា​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ ផលិត​ជា​កាបូប ឬ​ស្បែកជើង​ជាដើម មិនគួរ​ប្រើ​សារធាតុ​គីមី​នោះទេ ព្រោះថា វា​អាច​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​កម្មករ​អ្នក​ផលិត​់ និង​អ្នកប្រើប្រាស់​ផ្ទាល់។ មួយវិញទៀត​ការផលិត​ចំណីអាហារ​ក៏​មិនត្រូវ​ប្រើ​សារធាតុ​គីមី​រក្សា​គុណភាព​ឱ្យបាន​យូរ​នោះដែរ ត្រូវ​ធ្វើតាម​គោលការណ៍​ណាមួយ​ដែល​វា​មិន​បង្ក​ផលប៉ះពាល់​ដល់​សុខភាព។

លោក​ថា នៅក្នុង​បណ្ដា​ប្រទេស​អឺរ៉ុប គេ​ខ្លាច​ខ្លាំងណាស់​ចំពោះ​ការ​ទទួលទាន​ម្ហូបអាហារ ទាំងឡាយណា​ដែល​មិនបាន​ផលិតឡើង​តាម​គោលការណ៍​ធម្មជាតិ ឬ​ជា​អាហារ​ដែលមាន​សារធាតុ​គីមី ដោយសារតែ​វា​បាន​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាជននាំឱ្យ​កើតមាន​ជំងឺ​ឈឺ​ដ​ង្កា​ត់ផ្សេងៗ បាត់បង់​កាយសម្បទា​ការងារ និង​ត្រូវ​ចំណាយ​ប្រាក់​ព្យាបាល​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ជីវភាព​គ្រួសារ។ នៅពេលដែល​ប្រជាជន​បាត់បង់​កាយសម្បទាបំពេញការងារក្រុមហ៊ុន​សហគ្រាស​ក៏​ខាតបង់​ដូចគ្នា ដោយសារ​បាត់បង់​បុគ្គលិក ឬ​កម្មករ​ជំនាញ ក្នុងការ​បំពេញការងា​រ​ក្នុង​ក្រុមហ៊ុន។

លោក​ថា កន្លងមក​គណៈកម្មាធិកា​រ​ធុរកិច្ច​បៃតង​បាន​សហការ​ជាមួយ​ប្រជាពលរដ្ឋ សហគមន៍ និង​សហគ្រាស​ក្នុងស្រុក​មួយចំនួន​ដើម្បី​បណ្តុះបណ្តាល​ឱ្យ​ពួកគាត់​ប្រើប្រាស់ ឬ​កែច្នៃ​ធនធាន​ដែលមាន​ស្រាប់​នៅក្នុង​ស្រុក អនុវត្តតាម​គោលការណ៍​សេដ្ឋកិច្ច​បៃតង​មុននឹង​នាំចូល​វត្ថុធាតុដើម​ពី​ក្រៅប្រទេស ដែល​ភាគច្រើន​សម្បូរ​ដោយសារ​ធាតុគីមី។

ជាមួយគ្នានេះ លោក Rogier VAN MANSVELT អនុប្រធាន​គណៈកម្មាធិកា​រ​ធុរកិច្ច​បៃតង​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ក៏មាន​ប្រសាសន៍​ដែរ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់ត៍ ក្រុមហ៊ុន​ផលិត​ថាមពល​អគ្គិសនី​ក៏បាន​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​សត្វ​ផងដែរ ដោយសារ​ការផលិត​ស៊ីម៉ង់ត៍​ត្រូវ​វាយយក​ថ្មភ្នំ​ដែលមាន​លាយ​ជាតិ​កាបូន​ច្រើន​លើសលប់​មក​ផលិត ធ្វើឱ្យប៉ះពាល់​សុខភាព​អ្នក​ផលិត និង​អ្នកប្រើប្រាស់​ផ្ទាល់។ លោក​បន្តថា បទពិសោធ​នៅ​អឺរ៉ុប កាលពីមុន​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗតែង​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខុមាលភាព​ប្រជាជន​របស់គេ ប៉ុន្តែ​បច្ចុប្បន្ន​គេ​កែប្រែបាន​ច្រើន​ហើយ តាមរយៈ​ការពង្រឹង​គុណភាព ឬ​ការ​មិនឱ្យ​ចរាចរទំនិញ​មិនមាន​គុណភាព​ចូល​ទីផ្សារ និង​ការហាមឃាត់​ចំណីអាហារ​មាន​សារ​ធាតុគីមី​ចូលក្នុង​ប្រទេស​ជាដើម។

ដោយ​មើល​តាម​បទពិសោធ​នេះ ក្រុមហ៊ុន​មកពី​សហគមន៍​អឺរ៉ុប​ជាច្រើន ដូចជា​រោងចក្រ​ផលិត​ទឹកក្រូច Coca-Cola នៅ​កម្ពុជា ក្រុមហ៊ុន​ផលិត​ទឹកដោះគោ Angkor Milk និង​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដែលមាន​ទីតាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងភ្នំពេញ​បាន​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​អគ្គិសនីដោយ​ងាក​មក​ប្រើ​ផ្ទាំង​អគ្គិសនី​សូ​ឡា​ជំនួស​វិញ​ក្នុង​ចំនួន​ដ៏​ច្រើន​ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​ក្រុមហ៊ុន​ទៅលើ​ការប្រើប្រាស់​អគ្គិសនី និង​ចូលរួម​ការពារ​បរិស្ថាន​នៅ​កម្ពុជា​ផង។ ឆ្លងតាម​បទពិសោធ​នេះ លោក​ចង់ឱ្យ​ក្រុមហ៊ុន​ក្នុង និង​ក្រៅប្រទេស​ទាំងអស់​ដែល​កំពុងដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង​ទាំងអស់គ្នា​តាមរយៈ​ការប្រើ​ប្រព័ន្ធ​ចរន្តអគ្គិសនី​សូ​ឡា និង​ផលិត​ចំណីអាហារ ផលិត​សម្ភារ​ប្រើប្រាស់ផ្សេងៗមិនមាន​សារធាតុ​គីមី​ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់។

លោក​បន្ថែមថា ការផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហគមន៍​អឺរ៉ុប​ដល់​កម្ពុជា គឺជា​គោលនយោបាយ​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច​ក្នុងប្រទេស​ទាំងមូល ហើយ​វា​នឹងត្រូវ​បញ្ចប់​ទៅវិញ​នៅពេលដែល​ប្រទេស​នេះ​មាន​កំណើនសេដ្ឋកិច្ច​ខ្លាំង​ឡើង ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់។ ប្រសិនបើ​សហគ្រាស​ក្នុងប្រទេស​កម្ពុជា​អនុវត្តតាម​គោលការណ៍​សេដ្ឋកិច្ច​បៃតង​នេះ ប្រទេស​កម្ពុជា​អាច​នឹង​នៅតែ​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA នាំ​ផលិតផល​របស់ខ្លួន​ចួ​ល​ទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​បន្ត​ច្រើន​ឆ្នាំ​ទៀត៕

Advertisement