រយៈពេល 9ខែ ការនាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន​កើនឡើង

នយោបាយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​រដ្ឋាភិបាល​កម្ពុជា​ជាមួយនឹង​ប្រទេស​ជប៉ុន​បានធ្វើឱ្យ​ការនាំចេញ​ទៅកាន់​ប្រទេសមួយ​នេះ​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល 9ខែ​នៃ​ឆ្នាំនេះ។

យោងតាម​តួលេខ​ចុង​ក្រោយពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន (JETRO)បានឱ្យដឹងថា ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2 បាន​កើនឡើង​គួរកត់សម្គាល់​ចាប់ពី​ខែមករា ដល់​ខែកញ្ញា​ដោយ​ការនាំចេញ​របស់​កម្ពុជា​កើនឡើង23.5% និង​ការ​នាំចូល​កើនឡើង12.7%។ ក្នុងនោះ​ការនាំចេញ​ទំនិញ​ដែលមាន​តម្លៃ 1.18ពាន់​លាន​ដុល្លារ​ត្រូវបាន​បញ្ជូនទៅ​ប្រទេស​ជប៉ុន​ខណៈ​ប្រទេស​កម្ពុជា​បាន​ទិញ​ទំនិញ​ជប៉ុន​ប្រហែល 293លាន​ដុល្លារ។

គ្រាន់តែ​នៅក្នុង​ខែកញ្ញា​មួយ ការនាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន​បាន​កើនឡើង​ជាង22.5% បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈដែល​ការនាំ​ចូល​បាន​កើនឡើង21.9%។ ក្នុងអំឡុង​ខែ​នោះ​ការនាំចេញ​មានតម្លៃ174.5លាន​ដុល្លារ ខណៈ​ការ​នាំចូល​មាន​ចំនួន37.6លាន​ដុល្លារ។

ការនាំចេញ​របស់​កម្ពុ​ជា​ភាគច្រើន គឺ​សម្លៀកបំពាក់ និង​ផលិតផល​ស្បែកជើង។ យោងតាម​ក្រុមហ៊ុន JETRO បានឱ្យដឹងថា ប្រទេស​ជប៉ុន​ភាគច្រើន​នាំចេញ​គ្រឿង​ម៉ាស៊ីនរថយន្ត និង​គ្រឿង​អេឡិចត្រូនិក​មក​កម្ពុជា​រួមទាំង​សាច់គោ ដែក និង​ឱសថ​ផងដែរ។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា ទំនាក់ទំនង​ទ្វេភាគី​មាន​ភាពស្និទ្ធស្នាល​ក្នុង​គ្រប់​វិស័យ​ទាំងអស់​មិន​ត្រឹមតែ​ធ្វើ​ពាណិជ្ជកម្ម​ទេ។ តួលេខ​ពាណិជ្ជកម្ម​ចុងក្រោយ​រប​ស់ JETRO បង្ហាញ​ពី​ទំនុកចិត្ត​ចំពោះ​ផលិតផល​កម្ពុជា និង​ពង្រឹង​សារៈសំខាន់​នៃ​ការធ្វើសមាហរណកម្ម​ក្នុង​តំបន់​ដែល​កំពុង​កើនឡើង។

ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​កម្ពុជា​បាន​កោតសរសើរ​ចំពោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ជប៉ុន​ក្នុងអំឡុង​ជំនួប​ជាមួយ​លោក Miyao Masahiro ប្រធាន​ក្រុមហ៊ុន JETRO។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ប្រា​ប់លោក Masahiro ថា រដ្ឋាភិបាល​កម្ពុ​ជាមាន​ការកោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការងារ​របស់ JETRO នៅក្នុង​ប្រទេស​កម្ពុជា។ «JETRO ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា។ យើង​តែងតែ​កោតសរសើរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​បស់​វិនិយោគិន​ជប៉ុន​ចំពោះ​ការអភិវឌ្ឍ​ប្រទេស»។

ឯកឧត្តម​មានប្រសាសន៍​ថា ក្នុងពេល​កន្លងមក ក្រុមហ៊ុន​ជប៉ុន​ស្ទាក់ស្ទើរ​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​ដោយ​លើកឡើង​ពី​ក្តីបារម្ភ​សុវត្ថិភាព ប៉ុន្តែ​លោក​បាន​បន្ថែមថា ឥឡូវនេះ​ពួកគេ​មានបំណង​ចង់​វិនិយោគ​លើ​វិស័យផ្សេងៗគ្នា។ មាន​រោងចក្រ​ជប៉ុន​ចំនួន 82 កំពុងដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​បង្កើត​ការងារ 30.000 កន្លែង។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​បន្ត​វិនិយោគ​នៅ​កម្ពុជា​តាម​ដែល​អាចធ្វើ​ទៅបាន។ ក្រសួង​នឹង​បន្ត​គាំទ្រ និង​សម្របសម្រួល​ការវិនិយោគ​របស់​វិនិយោគិន​ជប៉ុន។

លោក Masahiro បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង និង​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​កិច្ចប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការគាំទ្រ​ដល់​ក្រុមហ៊ុន​ជប៉ុន និង​វិនិយោគិន។ យើង​នឹង​បន្តការងារ​នេះ​ដើម្បី​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​កម្ពុជា ហើយ​យើង​ក៏​នឹង​ខិតខំ​ប្រឹងប្រែង​ផងដែរ​ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា។

យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា អ្នកទិញ​ផលិតផល​កម្ពុជា​ច្រើនជាង​គេ​គឺ សហរដ្ឋអាមេរិក (21%) បន្ទាប់មក​ប្រទេស​អង់គ្លេស និង​អាល្លឺម៉ង់​ដែល​រួមគ្នា​មាន​ចំនួន 17.8% នៃ​ការនាំចេញ​សរុប ឯ​ជប៉ុន​មាន 7.5%។

កាលពី​ឆ្នាំមុន​ប្រទេស​កម្ពុជា​បាន​ទិញ​ភាគច្រើន​ពី​ប្រទេស​ចិន41.7% ប្រទេស​ថៃ16.% និង​ប្រទេស​វៀតណាម​ចំនួន11.7 % នៃ​ការ​នាំចូល​សរុប។ ទន្ទឹមនឹងនេះ​ការនាំ​ចូល​ពី​ប្រទេស​ជប៉ុន​តំណាងឱ្យ4.2% នៃ​ការ​នាំចូល​ទាំងអស់៕

Advertisement