រោងចក្រ​កែច្នៃ​ដំឡូង​មី​នៅ​កម្ពុជា​កំពុង​លេចចេញ​ជា​រូបរាង​ជំរុញ​ទឹកចិត្ត​កសិករ

ក្រុមហ៊ុន ហ្គ្រី​ន លី​ឌើ​រ (Green Leader)ដែលជា​ក្រុមហ៊ុន​វិនិយោគ​លើ​រោងចក្រ​កែច្នៃ​ម្សៅដំឡូង​មី និង​ជីវ​ឥន្ធន:អេតាណុល នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្រុក​ស្នួល ខេត្តក្រចេះ​បានឱ្យដឹងថា​ក្រុមហ៊ុន​កំពុង​សាងសង់​ប្រមាណ​ជា​បាន70% ហើយ ដោយ​រោងចក្រ​កែច្នៃ​នេះ​នឹងមាន​សមត្ថភាព​ផលិត​ម្សៅដំឡូង​មី​បាន​ប្រមាណ​ជា 1លាន​តោន​ក្នុង​មួយឆ្នាំ ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ដំណាច់​ឆ្នាំនេះ និង​ឈានទៅដល់​ការដាក់ឱ្យ​ដំណើរការ​កែច្នៃ​ដំឡូង​មី​នៅ​ដើមឆ្នាំ​ក្រោយ។

លោក Tse Michael Nam នាយក​ក្រុមហ៊ុន ហ្គ្រី​ន លី​ឌើ​រ (Green Leader) បានឱ្យដឹងថា យោងតាម​គម្រោង​ផែនការ​ដែល​បាន​គ្រោងទុក ការសាងសង់​រោងចក្រ​កែច្នៃ​ដំឡូង​មី ដែល​បានចាប់ផ្ដើម​ដំណើរការ​កាលពី​ថ្ងៃទី1 ខែមេសា ឆ្នាំ2018កន្លងទៅ​បានសម្រេច70%ហើយ។ នេះ​បើតាម​សេចក្ដីរាយការណ៍​ស្ដីពី​វឌ្ឍនភាព​នៃ​ការកសាង​រោងចក្រ​កែច្នៃ​ដំឡូង​មី  កាលពី​ថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ2018ក្នុងជំនួប​ជាមួយ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មានការ​ចូលរួម​ពី​លោក Gao Hua នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ហ្គ្រី​ន លី​ឌើ​រ ផងដែរ ។

សូមបញ្ជាក់ថា​ក្រុមហ៊ុន Green Leaderនឹង​បន្ត​សាងសង់​រោងចក្រ 3កន្លែង (នៅ​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម និង​ខេត្តស្ទឹងត្រែង) បន្ថែមទៀត​ក្នុងចំណោម 10រោងចក្រ​នៅ​ទូទាំងប្រទេស​កម្ពុជា ដែល​រួមមាន​ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ។

ក្រសួងកសិកម្ម​បានឱ្យ​ដឹងថា តាម​ការស្រាវជ្រាវ​រប​ស់​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​កសិកម្ម​តំបន់​ត្រូ​ពិ​ក (International Center for Tropical Agriculture, CIAT) បាន​បង្ហាញថា កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​រហូតដល់​ទៅ​ជាង 67ម៉ឺន​ហិកតា ជាមួយនឹង​ទិន្នផល​ប្រមាណ 14.8លាន​តោន​ដែល​ទទួលបាន​ក្នុង​ឆ្នាំ2017។ ប​ច្ច​ប្បន្ន​កម្ពុជា​ជា​ប្រទេស​ផលិត​ដំឡូង​មី​លំដាប់​ទី8 លើ​ពិភពលោក និង​លំដាប់​ទី4 ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

យោងតាម​របាយការណ៍​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​បង្ហាញថា កាលពី​ឆ្នាំ2017កន្លងទៅ ការនាំចេញ​ផលិតផល​ចំណិត​ដំឡូង​មី​ស្ងួត​ទៅកាន់​ទីផ្សារ​បរទេស​មាន​ប្រមាណ​ជាង 2.3លាន​តោន ខណៈដែល​ការនាំចេញ​ដំឡូង​មី​ស្រស់​មាន​ចំនួន​ជាង 75ម៉ឺន​តោន ក្នុងនោះ​ប្រទេស​ថៃ និង​វៀតណាម​ត្រូវបាន​ចាត់ទុកថា​ជាទី​ផ្សារ​ធំ​បំផុត​ក្នុងការ​នាំចេញ ខណៈ​ទីផ្សារ​នាំ​ចេញទៅ​ប្រទេស​ចិន​ផ្ទាល់ ហាក់​មាន​តិចតួច​នៅឡើយ។

សូមបញ្ជាក់ថា ក្រោម​គម្រោង​កិច្ចសហការ​រវាង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​UNDP ប្រចាំ​កម្ពុជា និង​ក្រុមហ៊ុន Green Leader លើ​ការបង្កើត​មូលនិធិ​រួមគ្នា​ដែលមាន​ទឹកប្រាក់​សរុប 80ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក គឺ​សម្រាប់​អនុវត្ត​គម្រោង​ជំរុញ​ការអភិវឌ្ឍ​ទីផ្សារ​ដំឡូង​មី​នៅ​កម្ពុជា ស្របតាម​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ដំឡូង​មី​កម្ពុជា៕

Advertisement