ដំណាំ​ត្រកួន ឆាប់​ទទួលបាន​ផល និង​ជួយ​ឱ្យ​គ្រួសារ​មាន​ជីវភាព​កាន់តែ​ប្រសើរ

កសិករ​ខ្មែរ​ភាគច្រើន​តែង​មើលរំលង​មុខរបរ​ដាំ​ត្រកួន​នៅផ្ទះ ហើយ​ចូលចិត្ត​ធ្វើ​ចំណាកស្រុក​រក​ការងារ​រោងចក្រ​ធ្វើ​វិញ ដោយសារតែ​គិតថា មុខរបរ​ដាំ​ត្រកួន​មិនបាន​ប្រាក់កម្រៃ​ច្រើន​ដូច​ធ្វើ​ការងារ​នៅតាម​រោងចក្រ​ដែល​ទទួលបាន​ប្រាក់ខែ​ប្រចាំ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ អ្នក​ប្រក​បរបរ​ដាំ​ត្រកួន​ហាក់​មាន​ជីវភាព​ល្អប្រសើរ​ច្រើនជាង​អ្នក​ចំណាកស្រុកព្រោះថា ត្រកួន​មាន​តម្រូវការ​នៅលើ​ទីផ្សារ​ជា​រៀងរាល់ថ្ងៃ ដោយសារ​គេ​អាច​យកទៅ​ច្នៃ​ធ្វើជា​បន្លែ ចម្អិន​ជា​មុខម្ហូប​បាន​ច្រើនយ៉ាង មិនថាតែ​សម្លម្ជូរ ឬ​ឆា​ជាមួយ​គ្រឿងក្នុង​មាន់​ជាដើម ឬ​គ្រាន់តែ​យកទៅ​ត្រឡប់​ភ្លើង​ជាមួយ​ខ្លាញ់ ឬ​ជាមួយ​ប្រេងខ្យង​ក៏​វា​មាន​រសជាតិ​ឆ្ងាញ់​ទៅហើយ ហើយ​កាន់តែ​ពិសេស​ទៀត​នោះ បើ​គេ​យកទៅ​ដុត​មាន់​ជ្រលក់​ជាមួយ​ទឹក​ម្រេច​ក្រូចឆ្មា​ផង គឺ​ពិត​ជាមាន​រសជាតិ​កាន់តែ​ឆ្ងាញ់​ជក់មាត់​តែម្តង។

អ៊ំ​ប្រុស ខ្នុរ ខាន់ កសិករ​ដាំ​ត្រកួន​ម្នាក់​ក្នុងចំណោម​កសិករ​ជាច្រើន​គ្រួសារ​នៅក្នុង​ភូមិ​ទួល​អំពិល ឃុំ​ក្រាំង​យ៉ូ​វ ខេត្តកណ្តាល បាន​រៀបរាប់​ឱ្យដឹងថា អ្នកភូមិ​របស់គាត់​ក្រៅពី​ធ្វើស្រែ​ប្រាំង គឺ​ពួកគាត់​មាន​របរ​មួយ​បន្ថែមទៀត គឺ​របរ​ដាំ​ត្រកួន​ចិន។ លោក​អ៊ំ​បាន​បន្តថា ក្នុងភូមិ​របស់គាត់ មាន​ប្រជាជន​ជាង 60ភាគរយ​ដែល​នាំគ្នា​ប្រក​បរបរ​ដាំ​ត្រកួន​ចិន​បន្ថែម បន្ទាប់ពី​ធ្វើ​ស្រូវប្រាំង ដោយសារ​របរ​នេះ​បាន​ជួយ​ឱ្យ​កសិករ​មាន​ជីវភាព​កាន់តែ​សមរម្យ​ឡើង ហើយ​សម្រាប់​គ្រួសារ​របស់គាត់​ផ្ទាល់​មាន​ដី​ប្រមាណ 70អា​សម្រាប់​ដាំ ដែល​ពេល​ប្រមូល​ផលម្តងៗ អាច​លក់បាន​ប្រាក់​ពី 2 ទៅ 3លាន​រៀល​ដែរ ហើយ​មាន​ម៉ូយ​គេ​មក​ទិញ​ដល់ផ្ទះ​ទៀតផង។

កសិករ​ខាងលើ​ដដែល​ក៏បាន​បន្ថែម​ដែរ​ថា ត្រកួន​ចិន​ងាយស្រួល​ដាំ​ណាស់ ហើយក៏​មិន​ពិបាក​ថែទាំ​ដែរ ដោយ​គ្រាន់តែ​ភ្ជួរ​រាស់​ដី​ទុកចោល 2ថ្ងៃ ហើយ​បើ​មាន​ភ្លៀង​មិនបាច់​ស្រោច​ទឹក និង​ទុកចោល​ក៏បាន​ដែរ ហើយ​ពេល​ដាំ​ក៏​ពុំ​ចាំបាច់​លើក​ជា​រង​ដែរ គ្រាន់តែ​ភ្ជួ​រា​ស់ដីឱ្យ​ស្អាត រួច​សាប​គ្រាប់​ចោល ហើយ​ស្រោច​តែ​ទឹក​ឱ្យបាន​ដិតដល់​ក្នុង​មួយថ្ងៃ 3ដង​នៅ​រដូវប្រាំង ហើយ​បើ​រដូវរ​ស្សា​ដែល​សម្បូរ​ភ្លៀង​វិញ មិនបាច់​ស្រោច​ទឹក​ក៏​មិន​អី​ដែរ និង​ប្រើ​រយៈពេល​ត្រឹម 18ថ្ងៃ​ប៉ុណ្ណោះ នឹង​អាច​ដក ឬ​ច្រូត​លក់បាន​ហើយ ដោយមាន​ម៉ូយ​គេ​មក​ម៉ៅ​ដល់​ចម្ការ​តែម្តង។

ឈ្មួញកណ្តាល​ម្នាក់​ឈ្មោះ​លោក ឆាន ឆុំ បាន​ប្រាប់ថា លោក​បាន​ចាប់យក​របរ​ម៉ៅ​ចម្ការ​ត្រកួន​ចិន​របស់​កសិករ​ប្រមាណ​ជាង 5ឆ្នាំ​មកហើយ គឺ​ឱ្យ​តម្លៃ​ទៅតាម​ទំហំ​ដី និង​ទិន្នផល​ត្រកួន​ល្អ ឬ​មិនសូវ​ល្អហើយ​ត្រកួន​មាន​ហាងឆេង​ឡើង​ចុះ ដូច​តែ​បន្លែ​ដ៏​ទៃ​ផ្សេងទៀត​ដែរ ប៉ុន្តែ​គ្រាន់បើ​ជាង​បន្លែផ្សេងៗបន្តិចព្រោះ​ធ្លាក់​ថ្លៃ​មិនយូរ​នោះទេ ហើយ​បាន​ថ្លៃ​នៅ​រដូវ​ទឹកសម្រក ខណៈដែល​ត្រកួន​បឹង​ក៏​ចាប់ផ្តើម​ថមថយ​ផល​ចុះ​ដែរ។ ឈ្មួញកណ្តាល​រូបនេះ​ក៏បាន​បញ្ជាក់ដែរថា នៅ​រដូវ​ទឹក​ដំឡើង​នេះ ក្នុង1ថ្ងៃ​លោក​ដក​តែ​ប្រមាណ​ជាង1តោន​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ខែប្រាំង​វិញលោក​អាច​ដក​លក់បាន​ចន្លោះ​ពី 3ទៅ 5តោន​ឯណោះ​ក្នុង1ថ្ងៃៗ ហើយ​មិនមែន​តែ​លោក​ម្នាក់​នោះទេ​ដែល​ចូលមក​ម៉ៅ​ទិញ​ចម្ការ​ត្រកួន​នៅក្នុង​ភូមិ​នេះ គឺ​នៅមាន​អ្នកផ្សេង​ទៀត​ក៏​មក​ម៉ៅ​ទិញ​បន្លែ​ពី​កសិករ​ដូច​លោក​ដើម្បី​ដឹក​យកទៅលក់​បោះ​ដុំ​ឱ្យ​ម៉ូយ​នៅឯ​ផ្សារ​ដើម​គ និង​ផ្សារ​នាគ​មាស រាជធានី​ភ្នំពេញ​ដែរ ខណៈដែល​អាជ្ញាធរ​បាន​ស្ថាបនា​ផ្លូវ​បេតុង​យ៉ាង​ស្អាត​ល្អ ងាយស្រួល​ក្នុងការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​កសិផល​ពី​ចម្ការ​ទៅកាន់​ទីផ្សារ។

លោក សួន សំ​រិទ្ធី ស្មៀនឃុំ​ក្រាំង​យ៉ូ​វ បានឱ្យដឹង​ដែរ​ថា នៅ​ទូទាំង 19ភូមិ គឺ​មានតែ​ភូមិ​ទួល​អំពិល​នេះហើយ​ដែលមាន​ប្រជាកសិករ​ដាំ​ត្រកួន​ចិន​ច្រើនជាងគេ គឺ​ប្រមាណ​ជាង60ភាគរយ​នៃ​ប្រជាជន​សរុប ពោលគឺ​ដាំ​ទាំង​រដូវប្រាំង និង​ដាំ​ទាំង​រដូវវស្សា ដោយ​មិន​ទុក​ដី​ឱ្យ​ទំនេរ​ចោល​នោះទេ ហើយក៏​បាន​ជួយ​ឱ្យ​ជីវភាព​របស់​ពួកគាត់​កាន់តែ​ប្រសើរឡើង​ដែរ ព្រោះថា ត្រកួន​ឆាប់​ទទួលបាន​ផល ដោយ​ចាប់ពី​ពេល​ដាំគិត​ត្រឹមតែ​កន្លះ​ខែ​ឬ​កន្លះ​ខែ​ជាង​ប៉ុណ្ណោះ កសិករ​អាច​ច្រូតកាត់ ឬ​ដក​លក់បាន​ហើយ និង​ថែមទាំង​មិនចាំបាច់​ចំណាយ​កម្លាំង​ពលកម្ម​ច្រើន មិន​ចំណាយ​ដើមទុន​ច្រើន​ដូច​បន្លែផ្សេងៗទៀតផង។

លោក​ថា នៅក្នុង​ស្រុក​ស្អាង គឺជា​ទីតាំង​ផ្គត់ផ្គង់​បន្លែ​ធំជាងគេ​នៅ​ប្រទេស​កម្ពុជា ពិសេស​នាំ​ចូលទៅ​លក់​នៅក្នុង​ទីផ្សារ​ក្រុងភ្នំពេញ នៅ​ម្តុំ​ផ្សារ​នាគ​មាស ឬ​ផ្សារ​ដើម​គ ដែលជា​ចំណែក​ដ៏​ធំ​សម្រាប់​ផ្តល់​ចំណូល​ដល់​ទាំង​កសិករ​ទាំង​ឈ្មួញ។ លោក​ថា បន្លែ​កសិផល​ក្នុងស្រុក​ជា​បន្លែ​សុវត្ថិភាព ទោះជា​ពួកគាត់​ប្រើ​ជីគីមីខ្លះៗបាច​លើដី​ដើម្បីឱ្យ​បន្លែ​លូតលាស់​បានល្អ​ក៏ពិតមែន តែ​ក៏​មិន​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ដូច​បន្លែ​នាំចូល​ដែរ ព្រោះថា កសិករ​គាត់​ប្រើ​ជីគីមី​មែនពិត ប៉ុន្តែ​មុនពេល​កាត់​លក់ គឺ​គាត់​ឈប់​បាច់​ជី​យូរថ្ងៃ​ហើយ ចំណែក​បន្លែ​នាំចូល ជួនកាល​គេ​ជ្រលក់​ទឹក​ថ្នាំ​រក្សា​គុណភាព​ឱ្យ​ទុកបានយូរ មិន​ងាយ​ខូច ដែល​ទឹក​ថ្នាំ​រក្សា​គុណភាព​នេះ​វា​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ខ្លាំង និង​ផ្ទាល់​តែម្តង។

ទោះយ៉ាងណា លោក​ស្នើ​ដល់​កសិករ​ក្នុង​មូលដ្ឋាន​ទាំងអស់​ត្រូវ​កាត់បន្ថយ​ការប្រើ​ជីគីមី និង​ងាក​មក​ដាំ​បន្លែ​សរីរាង្គ​ឱ្យបាន​កាន់តែ​ច្រើនឡើង តាមរយៈ​ការប្រើ​ជីកំប៉ុស ឬ​ជី​លាមក​សត្វ​ដើម្បី​លើកកម្ពស់​សុខភាព​រប​ស់​គ្រួសារ​កសិករ​ជា​អ្នក​ដាំ​ផ្ទាល់ ក៏ដូចជា​លើកកម្ពស់​សុខភាព​អ្នកលក់ និង​ប្រជាជន​ខ្មែរ​ទាំងមូល​ដែលជា​អ្នកទទួល​ទាន​ដែរ។

គួរ​បញ្ជាក់ថា បច្ចុប្បន្ន ប្រជាជន​ខ្មែរ​មាន​ទំនោរ​ងាក​មក​ទទួលទាន​បន្លែ​សរីរាង្គ​ខ្លាំង​ជាង​បន្លែ​មាន​សារធាតុ​គីមី ទោះជា​ត្រូវ​ចំណាយលុយ​ទិញ​អស់​ច្រើនជាង​បន្តិច​មែន ប៉ុន្តែ​វា​ជួយ​លើកកម្ពស់​សុខភាពហើយ​បើសិនជា​មិន​គិតពី​បញ្ហា​នេះ​ទេ និង​នាំគ្នា​ចាយវាយ​បែប​រិះថាំ​ទៅលើ​ការទិញ​បន្លែ​ហូបចុក ហើយ​ទិញតែ​បន្លែ​គីមីថោកៗ តែ​ទទួលទានយូរៗទៅនឹង​អាច​បង្ក​ជា​ជំងឺ​ផ្សេង​ដែល​ធ្វើឱ្យ​យើង​នឹង​ចំណាយលុយ​ច្រើន​ទៅឱ្យ​គ្រូពេទ្យ ឬ​ចាយវាយ​លើ​ការព្យាបាល៕

Advertisement