ទេសចរ​ចិន​នៅតែ​ស្ថិតក្នុង​លំដាប់​កំពូល ខណៈ​ចំនួន​អ្នកទេសចរ​កើនឡើង​ជិត 12%

របាយការណ៍​ថ្មី​បំផុត​ពី​ក្រសួងទេសចរណ៍​បានបង្ហាញ​ឱ្យឃើញថា ចំនួន​អ្នកទេសចរ​ចិន​នៅតែ​បន្ត​ស្ថិតក្នុង​លំដាប់​កំពូល​នៃ​ចំនួន​អ្នកទេសចរ​តាម​សញ្ជាតិ​ក្នុង​រយៈពេល 9ខែ​នៃ​ឆ្នាំ2018នេះ ដោយមាន​ចំនួន1,4លាន​នាក់​ដែល​បានមក​ទស្សនា​ព្រះរាជាណាចក្រ​កម្ពុជា គិត​ជា​ភាគរយ​គឺ កើនឡើង71%។

ប្រទេស​កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​ចំនួន 4,3លាន​នាក់ ចាប់ពី​ខែមករា ដល់​ខែកញ្ញា​កើនឡើង 11,8%  បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

របាយការណ៍​ក្រសួង​បានឱ្យដឹង​ទៀតថា ចំណែកឯ​ភ្ញៀវទេសចរ​មកពី​ប្រទេសជិតខាង​វិញ បាន​ថយចុះ ក្នុងនោះ​មាន​ភ្ញៀវទេសចរ​វៀតណាម 984,000នាក់ ឡាវ 274,592នាក់ និង​ថៃ 239 ,000 នាក់។

របាយការណ៍​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃមុន​បាន​រកឃើញថា អ្នកដំណើរ​មកពី​ប្រទេស​កូរ៉េខាងត្បូង​ដែលជា​ក្រុម​ភ្ញៀវទេសចរ​ធំជាងគេ​លំដាប់​ទី5 បាន​ធ្លាក់ចុះ13% ពី​ជិត 296,500នាក់ នៅ​ឆ្នាំ2017 និង​មក​នៅត្រឹម 223ពាន់​នាក់​ក្នុង​រយៈពេល 9ខែ​នៃ​ឆ្នាំនេះ។

ចំនួន​ភ្ញៀវទេសចរ​មកពី 10ប្រទេស​ដែល​រួមបញ្ចូល​ទាំង​ប្រទេស​ចិន វៀតណាម ឡាវ ថៃ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ជប៉ុន ម៉ាឡេស៊ី បារាំង និង​ចក្រភព​អង់គ្លេស​មាន​ចំនួន​ស្មើនឹង 3.8លាន​នាក់ ដែល​តួលេខ​នេះ​បង្ហាញថា បណ្តា​ប្រទេស​អាស៊ាន និង​បណ្តា​ប្រទេស​នៅ​អាស៊ី​បូព៌ា​នៅតែ​ជា​ប្រភព​ភ្ញៀវទេសចរ​ភាគច្រើន​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា។

រដ្ឋាភិបាល​កម្ពុជា​បានកំណត់​ទិសដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ឱ្យបាន​ចំនួន 6,2 លាន​នាក់​ក្នុងឆ្នាំនេះ ដោយ​ក្រសួងទេសចរណ៍​បាន​និយាយថា ប្រទេស​កម្ពុជា​កំពុង​ស្ថិតនៅ​លើផ្លូវ​ដើម្បី​សម្រេចបាន​នូវ​តួលេខ​ទាំងនោះ​ហើយ​នៅក្នុង​រដូវ​ទេសចរ​កើនឡើង​ខ្ពស់​បានចាប់ផ្តើម​នៅពេលនេះ​ដូច្នេះ​គេ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា គោលដៅ​ក្នុងការ​ទទួលបាន​ភ្ញៀវទេសចរ​ដូច​ការរំពឹងទុក​នឹង​អាចឈាន​ដល់ ឬ​អាច​កើន​លើស​ហ្នឹង​ទៀតផង។

របាយការណ៍​បានបញ្ជាក់​ទៀតថា ការថយចុះ​នៃ​អ្នកទេសចរ​មកពី​ប្រទេសមួយ​ចំនួន​ដែល​យើង​បាន​សង្កេតឃើញ គឺជា​លទ្ធផល​នៃ​ការប្រែប្រួល​តាម​រដូវ​ក្នុង​វិស័យនេះ»។ របាយការណ៍​បានឱ្យដឹងថា ក្នុងចំណោម​ភ្ញៀវទេសចរ​ចំនួន 4,3នាក់​ដែល​បាន​ចូលមក​កម្ពុជា​នៅ​ឆ្នាំនេះ មួយចំនួន​បានធ្វើ​ឡើង​តាមផ្លូវ​អាកាស ខណៈដែល​មួយចំនួនទៀត​បាន​ចូល​តាម​ច្រក​អន្តរជាតិ​ព្រំដែន​គោក និង​ទឹក។

ជាមួយគ្នា​នោះដែរ របាយការណ៍​ក៏បាន​រកឃើញថា ចំនួន​ប្រជាជន​កម្ពុជា​ដែល​ធ្វើដំណើរ​ទៅ​បរទេស​បាន​កើនឡើង10% ដែលមាន​ដល់1.4 លាន​នាក់។

កាលពី​ឆ្នាំមុន មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន 5,6 លាន​នាក់​បានមក​ទស្សនា​កម្ពុ​ជា​ដែលមាន​ចំនួន 1,2 លាន​នាក់​មកពី​ប្រទេស​ចិន៕

Advertisement