កត្តា​អ្វីខ្លះ​ដែល​ជំរុញ​ឱ្យ​អគារខ្ពស់ៗនៅ​រាជធានី​ភ្នំពេញ​មានការ​កើនឡើង​ខ្លាំង

កំណើនសេដ្ឋកិច្ច​ថេរ​របស់​កម្ពុជា​ក្នុងអំឡុងពេល 2ទសវត្សរ៍​ចុងក្រោយ​នេះ​បាន​អូសទាញ​វិស័យផ្សេងៗឱ្យមាន​ការកើនឡើង​ខ្លាំង​ទៅ​ជាមួយគ្នា​ផងដែរ ជាពិសេស​វិស័យ​សំណង់​អគារខ្ពស់ៗដែល​កើតមាន​កាន់តែច្រើនឡើងៗនៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ដែលជា​បេះដូង​នៃ​ប្រទេស​កម្ពុជា។

លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន Vtrust Appraisal បាន​មានប្រសាសន៍ថា ដោយសារ​កំណើនសេដ្ឋកិច្ច​ថេរ​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ចុង​ក្រោយនេះ​បានធ្វើ​ឱ្យមាន​តម្រូវការ​ប្រើប្រាស់​អគារ​ខ្ពស់​កាន់តែ​ច្រើនឡើង​សម្រាប់​ការ​ស្នាក់នៅ​របស់​អ្នកវិនិយោគ សម្រាប់​ធ្វើជា​ការិយាល័យ​បំពេញការងារផ្សេងៗ សម្រាប់​ធ្វើជា​ផ្សារ​ទំនើប និង​ទិញ-លក់​យកប្រាក់​ចំណេញ​ជាដើម នេះ​គឺ​ដោយសារ​គេ​សង្កេតឃើញថា វិស័យនេះ​នៅ​ក្មេងខ្ចី​សម្រាប់​កម្ពុជា បើ​ធៀប​ជាមួយ​ប្រទេសជិតខាង ដែល​នឹង​នៅតែ​អាច​ទទួលបាន​ប្រាក់ចំណេញ​ច្រើន​ត្រឡប់មកវិញ​នៅពេល​អនាគត។

លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន Vtrust Appraisal

លោក​បន្តថា តម្រូវការ​នៃ​ការប្រើប្រាស់​អគារ​ភាគច្រើន គឺជា​ជនបរទេស ដោយ​មួយផ្នែក​ទិញ​ទុក​លក់​ដើម្បី​យកប្រាក់​ចំណេញ មួយផ្នែក​ទិញ​ទុក​សម្រាប់​ស្នាក់នៅ​ផ្ទាល់ខ្លួន ដោយសារ​ជនបរទេស​ចូល​ស្នាក់នៅ​ក្នុង​អគារ​ដែល​នៅ​ជិត​កន្លែងធ្វើការ និង​នៅ​ជិត​ផ្សារ​ងាយស្រួល​ទិញ​ទំនិញផ្សេង។ អគារខ្ពស់ៗមួយចំនួនទៀត ធ្វើឡើង​សម្រាប់​ជួល​ឱ្យ​ជនបរទេស​ស្នាក់នៅ​ទៅតាម​រដូវ​កាល ឬ​ធ្វើជា​សណ្ឋាគារ​ជួល​ឱ្យ​ទេសចរ​ក្នុង និង​ក្រៅ​ស្រុក​ស្នាក់នៅ​កម្សាន្ត​ក្នុង​រយៈពេល​ខ្លី។

លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC មានប្រសាសន៍ថា ដោយសារ​អំណោយផល​ពី​ច្បាប់​របស់​ប្រទេស​កម្ពុជា​ដែល​បាន​លើកទឹកចិត្ត​ដល់​ជនបរទេស​ក្នុង​ការទិញ​អគារ​ចាប់ពី​ជាន់​ទី1ឡើងទៅ​នោះ បាន​ក្លាយជា​កត្តា​ធ្វើឱ្យ​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស​ចាប់ផ្តើម​បោះទុន​វិនិយោគ​សំណង់អគារខ្ពស់ៗនេះ​កាន់តែច្រើនឡើងៗទុក​លក់​យកចំណេញ និង​វិនិយោគ​ធ្វើ​ផ្សារទំនើបៗលំដាប់ថ្នាក់​អន្តរជាតិ​ជាដើម។ លោក​បន្តទៀតថា ឆ្លងតាម​បទពិសោធ​ពី​ប្រទេសជិតខាង ដំបូង​ឡើយ​ប្រជាជន​គេ​ក៏​មិនសូវមាន​ទំនោរ​រស់​នៅលើ​អគារ​ខុន​ដូខ្ពស់ៗនោះដែរ តែដោយសារ​កត្តា​ប្រជាសាស្ត្រ កំណើនប្រជាជន​ក្នុង​រាជធានី​ចេះតែ​កើនឡើង បានធ្វើឱ្យ​មនុស្ស​ចូលទៅ​រស់នៅក្នុង​អគារ​ខ្ពស់​មាន​ចំនួន​កាន់តែច្រើនឡើងៗ ដែល​បទពិសោធ​នេះហើយ​បានធ្វើឱ្យ​ពួកគេ​ចាប់ផ្តើម​បោះទុន​វិនិយោគ​មក​កម្ពុ​ជាដោយ​រំពឹងថា​ប្រជាជន​កម្ពុជា​នឹងមាន​ទំនោរ​រស់​នៅលើ​អគារ​ខុន​ដូខ្ពស់ៗនាពេល​អនាគត ដូច​នៅ​ប្រទេស​ផ្សេងទៀត​ដែរ។

លោក​បន្ថែមថា កំណើន​អគារ​ខ្ពស់​នេះ ក៏​តម្រូវឱ្យមាន​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ផងដែរ តែ​បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​ពង្រីក និង​សាងសង់​ផ្លូវ​ស្ទើរ​អស់​លទ្ធភាព​ទៅហើយ និង​បាន​ពង្រីក​បណ្តាញ​សេវា​ដឹកជញ្ជូន​សាធារណៈ​បន្ថែមទៀត​ទាំង​ផ្លូវគោក និង​ផ្លូវទឹក ដូចជា​បន្ថែម​សេវា​រថយន្តក្រុង ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ និង​សេវា​ដឹក​អ្នកដំណើរ​តាមផ្លូវ​ទឹកជា​ដើម ដែល​វា​ជា​គោលនយោបាយ​ក្នុងការ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង។

យោងតាម​របាយការណ៍​របស់​ក្រសួង​ដែនដីនគរូបនីយកម្ម និង​សំណង់​បានឱ្យដឹងថា ក្នុង​រយៈពេល 9ខែ​នៃ​ឆ្នាំ2018នេះ សំណង់​អគារខ្ពស់ៗចាប់ពី 5ជាន់​ឡើងទៅ​មាន​ចំនួន​ដល់​ទៅ 92អគារ ដែល​ចំនួន​នេះ​បាន​ជំរុញ​ឱ្យ​សំណង់​អគារ​បច្ចុប្បន្ន​មាន​ចំនួន​សរុប​ដល់​ទៅ1,088 បើ​គិត​ចាប់តាំងពី​ឆ្នាំ2005មក។ របាយការណ៍​ដដែល​បានបង្ហាញ​ទៀតថា គិត​ត្រឹម​រយៈពេល 9ខែ​នៃ ឆ្នាំ2018នេះ ក្រសួង​បានផ្តល់​លិខិតអនុញ្ញាត​សាងសង់​សរុប 2,541គម្រោង លើ​ផ្ទៃក្រឡា​សំណង់​សរុប​ចំនួន 10.79លាន​ម៉ែត្រការ៉េ និង​មានតម្លៃ​ប៉ាន់ស្មាន​ជាង 4,820លាន​ដុល្លារ ធ្លាក់ចុះ​ជាង14% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2017 ដែល​កាលនោះ​ក្រសួង​បានផ្ដល់​លិខិតអនុញ្ញាត​គម្រោង​សាងសង់​មាន​ចំនួន 2,522គម្រោង លើ​ផ្ទៃក្រឡា​សំណង់​សរុប 9.14លាន​ម៉ែត្រការ៉េ និង​មាន​ទុនវិនិយោគ​ជាង 5,636លាន​ដុល្លារ៕

Advertisement