ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​កម្ពុជា-បារាំង សម្រាប់​កម្មវិធី​ចំនួន3 ត្រូវបាន​ចុះហត្ថលេខា

អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Remi GENEVEY ប្រធាន​នាយកដ្ឋាន​អឺរ៉ុប​ខាងកើត មជ្ឈិមបូព៌ា និង​អាស៊ី នៃ​ទីស្នាក់ការ​កណ្តាល​របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ French Agency for Development (AFD) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សម្រាប់​គម្រោង និង​កម្មវិធី​ចំនួន3 ដែលមាន​ទឹកប្រាក់​សរុប​ចំនួន 84.67លាន​អឺរ៉ូ (96.4លាន​ដុល្លារ)។ ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច បានឱ្យដឹងថា គម្រោង និង​កម្មវិធី​ទាំង3 នោះ​រួមមាន​ដូចខាងក្រោម៖

1-ឥណទាន​សម្បទាន​ចំនួន 55លាន​អឺរ៉ូ សម្រាប់​កម្មវិធី​គ្រប់គ្រង​ធនធានទឹក និង​ការផ្លាស់ប្តូរ​វិស័យ​កសិក​ម្ម​សម្រាប់​ប្រទេស​កម្ពុជា ដំណាក់កាល​ទី1។ កម្មវិធី​នេះ​មាន​ទិសដៅ​អនុវត្ត​បន្ត​ពី​គម្រោង​ដែល​ផ្តល់​ឥណទាន​លើកដំបូង​របស់ AFD ដែលមាន​ទិសដៅ​ក្នុង​ការបន្ត​ពង្រីក​ការងារ​ស្តារ​ព្រែក និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​រំដោះ​ទឹក​នៅក្នុង​ខេត្ត​គោលដៅ រួមមាន ខេត្តកណ្តាល បាត់ដំបង ព្រះវិហារ សៀមរាប និង​ខេត្តកំពង់ធំ ដែល​អាច​ស្រោចស្រព​ផ្ទៃដី​កសិកម្ម​បាន​ប្រមាណ​ជាង 20,000ហិកតា។

ជាមួយគ្នានេះដែរ ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន11.5លាន​អឺរ៉ូ ស្មើនឹង​ប្រមាណ 13លាន​ដុល្លារ​អាមេរិក​សម្រាប់ធ្វើ​សហ​ហិរញ្ញប្បទាន​ដល់​កម្មវិធី​នេះ ដែល​នឹង​ផ្តល់​ដោយ​សហគមន៍​អឺរ៉ុប​តាមរយៈ​មូលនិធិ​វិនិយោគ​អាស៊ី-អឺរ៉ុប(EU/Asian investment Facility AIF)។

2-ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន 25លាន​អឺរ៉ូ សម្រាប់​កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន(ផ្នែក​វារីវប្បកម្ម)។ កម្មវិធី​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា​សរុប​ប្រមាណ 25លាន​អឺរ៉ូ ហិរញ្ញប្បទាន​ឥត​សំណង​របស់​សហគមន៍​អឺរ៉ុប EU ក្នុង​គោលដៅ​គាំទ្រ​កំណើន​ប្រកបដោយ​និរន្តរភាព ភាព​ធន់​ទ្រាំ​នឹង​បម្រែបម្រួល​អាកាសធាតុ និង​បរិ​យា​ប័ន្ន​នៃ​វិស័យ​ជលផល​កម្ពុជា ដែល​នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការធានា​សន្តិសុខ​ស្បៀង និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​រួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វារីវប្បកម្ម​ជាតិ និង​ក្របខ័ណ្ឌ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​វិស័យ​ជលផល​ឆ្នាំ2010-2019។

3- ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន 4.67លាន​អឺរ៉ូ សម្រាប់​គម្រោង​គ្រប់គ្រង​ទឹកស្អាត និង​អនាម័យ​តាម​ខេត្ត។ គម្រោង​នេះ​ចូលរួមចំណែក​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​ឆ្នាំ2011-2025 សំដៅ​បង្កើន​ការផ្តល់​សេវាកម្ម​ទឹកស្អាត និង​អនាម័យ​ជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ទីប្រជុំជន និង​ទីក្រុង​នៅក្នុង​ខេត្តបាត់ដំបង កំពង់ចាម ព្រះសីហនុ និង​ខេត្តសៀមរាប។

កម្មវិធី​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា​សរុប 110.8លាន​ដុល្លារ​អាមេរិក ដោយ​ក្នុងនោះ​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន 4.67លាន​អឺរ៉ូ ស្មើនឹង​ប្រមាណ 5.31លាន​ដុល្លារ​អាមេរិក។ ហិរញ្ញប្បទាន​ឥត​សំណង​របស់​មូលនិធិ​ជប៉ុន​សម្រាប់​យន្តការ​ផ្តល់​ឥណទាន​រួមគ្នា(JFJCM)ចំនួន 10លាន​ដុល្លារ​អាមេរិក។ បន្ថែម​លើ​នេះ​ហិរញ្ញប្បទាន​សម្បទាន​សហប្រតិបត្តិ​ពី ADB ចំនួន​ប្រមាណ 50លាន​ដុល្លារ​អាមេរិក និង​ឥណទាន​សម្បទាន​ពី AFD ចំនួន 40លាន​អឺរ៉ូ ត្រូវជា​ប្រមាណ 45.5លាន​ដុល្លារ​អាមេរិក។

ក្រសួង​សេដ្ឋកិច្ច បានឱ្យដឹងថា ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ហិរញ្ញប្បទាន​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​បារាំង គិត​ចាប់ពី​ឆ្នាំ1993មកដល់​បច្ចុប្បន្ន រាប់ទាំង​កិច្ចព្រមព្រៀង​ទាំង3នេះ​ផង គឺ​រដ្ឋាភិបាល​បារាំង តាមរយៈ AFD នេះ បានផ្តល់​ហិរញ្ញប្បទាន​សរុប​ឱ្យ​កម្ពុជា ជាង 554លាន​អឺរ៉ូ​ហើយ៕

Advertisement