កម្ពុជា​ជំរុញ​ឱ្យ​ជប៉ុន និង​កូរ៉េ វិនិយោគ​លើ​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​ដំឡូង​មី និង​កសិផល

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជំរុញ​ឱ្យ​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​ធ្វើការ​វិនិយោគ​លើ​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​ដំណាំ​ដំឡូង​មី និង​កសិផល​ផ្សេងទៀត មានដូចជា ស្រូវ ពោត សណ្តែក និង​ដំណាំ​ហូប​ផ្លែ​ដទៃទៀត ដើម្បី​ពង្រីក​វត្តមាន​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ និង​ជំរុញ​ការនាំចេញ​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឱ្យ​បានជា​អតិបរមា។

សំណើ​នេះ​ត្រូវបាន​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លើកឡើង​ក្នុងឱកាស​ដឹកនាំ​ប្រតិភូ​ចូលរួម​កម្មវិធី «A Small-Business-Group Seated Dinner» ដែល​រៀបចំឡើង​ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង(22-11-18)ក្នុង​គោលបំណង​ចែករំលែក​ព័ត៌មានផ្សេងៗទាក់ទង​នឹង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត កសិកម្ម វប្បធម៌ និង​ទេសចរណ៍។

ជំនួប​ក្នុង​កម្មវិធី​នេះ ត្រូវបាន​ដឹកនាំ​ដោយ លោក Manatsu ICHINOKI អគ្គលេខាធិការ​នៃ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​រៀបចំ​ពិព័រណ៍​ពិភពលោក​ជប៉ុន​ឆ្នាំ2025 និង​មានការ​ចូលរួម​ពី​អង្គទូត​នៃ​ប្រទេស​បារាំង កូរ៉េ ប៊ែ​ល​ហ្ស៊ិ​ក និង​បុគ្គលិក​លេខាធិការដ្ឋាន ប្រមាណ 15នាក់។

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ  បានលើកឡើង​អំពី​វឌ្ឍនភាព​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា និង​ផលិតផល​អាទិភាព​សម្រាប់ធ្វើ​ការអភិវឌ្ឍ​ចង្វាក់​តម្លៃ និង​ធ្វើ​ពិពិធ​កម្ម​នាំចេញ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​នៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម(CTIS)ជំនា​ន់ទី3 ឆ្នាំ2014-2018។ បច្ចុប្បន្ន​យុទ្ធសាស្ត្រ​នេះ​កំពុង​ត្រូវបាន​រៀបចំ​ឡើងវិញ​ដើម្បី​ឱ្យមាន​សង្គតិភាព(ភាព​ត្រូវ​គ្នា)ជាមួយ​គោលនយោបាយ​ជាតិ​ដទៃទៀត។

បន្ថែម​លើ​នេះ ឯកឧត្តម​ក៏បាន​ពន្យល់​ភ្ញៀវកិត្តិយស​ទាំងអស់​អំពី​អត្ថប្រយោជន៍​នៃ​គោលនយោបាយ​គាំពារ​វិ​និ​យា​គ​របស់​កម្ពុជា និង​ការលើកទឹកចិត្តផ្សេងៗរបស់​រាជរដ្ឋាភិបាល ដូចជា ការលើកលែង​ពន្ធលើប្រាក់ចំណេញ និង​ពន្ធ​លើ​ការ​នាំចូល​សម្ភារ និង​ឧបករណ៍​កសិកម្ម ក៏ដូចជា​សក្តានុពល​នៃ​វិស័យ​វប្បធម៌ និង​ទេសចរណ៍ធម្មជាតិ។

ជាការ​ឆ្លើយតប លោក​អគ្គលេខាធិការ Manatsu ICHINOKI និង​អង្គទូត​ទាំងអស់ ដែលមាន​វត្តមាន​នៅក្នុង​កម្មវិធី​បាន​សម្តែង​ការ​សាទរ​ចំពោះ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ហើយ​បាន​សន្យាថា នឹង​ពាំ​នាំយក​សំណើ​របស់​រដ្ឋមន្ត្រី​កម្ពុជា​ទៅ​ជម្រាប​រដ្ឋាភិបាល​របស់​ខ្លួន ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​របស់​ក​ម្ពុ​ជា​ទៅដល់​វិស័យ​ឯកជន​ថែមទៀត ដើម្បីឱ្យ​ពួកគេ​ចូលមក​បណ្តាក់ទុន​កាន់​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា៕

Advertisement