ក្រសួង​ការងារ និង ILO ពង្រឹង​ការពិនិត្យ​តាមដាន​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត

ដើម្បី​អនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បានរៀបចំ​សិក្ខាសាលា​កម្រិត​ខ្ពស់​មួយ​ស្តីពី​ការពិនិត្យ​តាមដាន​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​ដែល​នឹងត្រូវ​អនុវត្ត​ការដំឡើង​ប្រាក់​ឈ្នួល​ដែល​បាន​ព្រមព្រៀង​តាមច្បាប់​នៅ​ដើមឆ្នាំ2019 ខាងមុខនេះ។

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា ទាំងអស់​គឺ​ដើម្បី​ធានាបាន​នូវ​យន្ត​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា ដែល​ពិត​ជាមាន​សារប្រយោជន៍​យ៉ាងខ្លាំង ក្នុងការ​ធានាបាន​នូវ​ភាពសុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ក៏ដូចជា​ការលើកកម្ពស់​កម្រិតជីវភាព​របស់​កម្មករនិយោជិត ព្រមទាំង​ធានាបាន​នូវ​ស្ថិរភាព និរន្តរភាព​នៃ​វិស័យ​ពាណិជ្ជកម្ម និង​ការទាក់ទាញ​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា។

ឯកឧត្តម​បញ្ជាក់ថា ការបន្ត​រីកលូតលាស់​ផ្នែក​សេដ្ឋកិច្ច ក៏បានផ្តល់​លទ្ធភាព​ឱ្យ​រាជរដ្ឋាភិបាល អាច​អភិវឌ្ឍ និង​ពង្រីក​បានជា​បន្តបន្ទាប់​នូវ​ប្រព័ន្ធ​គាំពារ​សង្គម​សម្រាប់​កម្មករនិយោជិត និង​ក្រុមគ្រួសារ​របស់​ពួកគេ ដោយបាន​ដាក់ឱ្យអនុវត្ត​នូវ​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ និង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​កំណត់ឱ្យ​និយោជក​ជា​អ្នក​បង់​វិភាគទាន100% ជំនួស​កម្មករនិយោជិត​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ចាប់តាំងពី​ខែមករា ឆ្នាំ2018 កន្លងមក។ លើសពីនេះ កម្មការិនី​ដែល​សម្រាលកូន​ត្រូវ​ទទួលបាន​ការផ្តល់​សាច់ប្រាក់ 40ម៉ឺន​រៀល​ក្នុង​កូន​ម្នាក់ ទាំង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​ទាំង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។

ឯកឧត្តម​បាន​បន្តថា ទន្ទឹមនេះ ការបន្ត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង ជា​បន្ត​បន្ទាប់ពី​ចំនួន 40ដុល្លារ​អាមេរិក​ក្នុង​មួយខែ​ចាប់តាំងពី​ឆ្នាំ1997 រហូតដល់182ដុល្លារ​អាមេរិក​ក្នុង​មួយខែ​នៅ​ឆ្នាំ2019 ខាងមុខនេះ បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​បន្ថែមផ្សេងៗទៀត កម្មករ និយោជិតម្នាក់ៗអាច​ទទួលបាន​ប្រាក់​ឈ្នួល​ជា​មធ្យម​ពី 199-210ដុល្លារ​អាមេរិក​ក្នុង​មួយខែ ដែល​កម្រិត​ប្រាក់​ឈ្នួល​នេះ​បាន​ជួយ​ធ្វើឱ្យ​កម្រិតជីវភាព​រស់នៅរ​បស់​កម្មករនិយោជិត​កាន់តែ​ល្អប្រសើរ​ឡើង។

លោក Graeme Buckley នាយក​ប្រចាំ​តំបន់​របស់​អង្គការ ILO ប្រចាំ​នៅ​ប្រទេស​កម្ពុជា ថៃ និង​ឡាវ បានឱ្យដឹងថា សិក្ខាសាលា​កម្រិត​ខ្ពស់​នៅថ្ងៃនេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​បច្ចេកទេស​មួយកម្រិត​ទៀត​លើ​ការត្រួតពិនិត្យ​តាមដាន និង​វាយតម្លៃ​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​ភាគី​រាជរដ្ឋាភិបាល ដែលជា​សមាជិក​គណៈកម្មកា​រ​ប្រឹក្សា​ការងារ និង​ក្រុមការងារ​បច្ចេកទេស​ច​រ​ចា​ប្រាក់​ឈ្នួល ព្រមទាំង​ប្រមូល​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ ដើម្បី​បង្កើត​បណ្តុំ​សូចនាករ​តាមដាន និង​វាយតម្លៃ​ផលវិបាក​នៃ​បម្រែបម្រួល​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ន និង​អនាគត។

ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក៏បាន​ឱ្យដឹង​ដែរ​ថា សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ចំនួន​សរុប​ជាង 1ម៉ឺន 2ពាន់​កន្លែង និង​មាន​កម្មករនិយោជិត​សរុប​ចំនួន​ជិត 1លាន 5សែន​នាក់។ សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​សរុប​មាន​ចំនួន​ជិត 6សែន​កន្លែង មាន​កម្មករ​ចំនួន​ជាង 2លាន 4សែន​នាក់។ វិស័យ​កសិកម្ម​មាន​ប្រមាណ​ជាង 4លាន​នាក់ ពលករ​ធ្វើការ​នៅក្រៅ​ប្រទេស​មាន​ចំនួន​ប្រមាណ 1លាន 2សែន​នាក់ និង​មន្ត្រី​សាធារណៈ​ចំនួន​ប្រមាណ​ជាង 5សែន​នាក់៕

Advertisement