គម្រោងទឹកប្រាក់ប្រមាណជិត 8លានដុល្លារលើកកម្ពស់ខ្សែចង្វាក់ផលិតកម្មស្វាយចន្ទី

អង្គការ HEKS / EPER របស់ប្រទេសស្វ៊ីសបានប្រកាសពីយុទ្ធសាស្រ្តរយៈពេល 5ឆ្នាំ ចាប់ពីឆ្នាំ2018 ដល់2022 ដែលនឹងត្រូវចំណាយថវិកាប្រមាណ 7.8លានដុល្លារអាមេរិកផ្តល់ឱ្យទៅក្នុងកម្មវិធីនានាក្នុងវិស័យកសិកម្មប្រទេសកម្ពុជាដោយគេរំពឹងថា នឹងជួយបង្កើនសន្តិសុខស្បៀង និងប្រាក់ចំណូលរបស់សហគមន៍ក្រីក្រនៅតាមជនបទ និងការគ្រប់គ្រងដីធ្លីប្រកបដោយសុវត្ថិភាព។

ប្រធានប្រចាំតំបន់អាស៊ី-អឺរ៉ុប នៃអង្គការ HEKS ប្រចាំប្រទេសស្វ៊ីសបានថ្លែងថា គម្រោងនេះនឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្រីក្រនៅតាមជនបទដែលចូលរួមក្នុងគម្រោង និងផ្ដោតសំខាន់ទៅលើការពង្រឹងសមត្ថភាព និងបច្ចេកទេសនៃការដាំដុះស្វាយចន្ទីការគ្រប់គ្រងដីធ្លី និងការពង្រីកទំនាក់ទំនងទីផ្សារកសិផលដើម្បីបង្កើនប្រាក់ចំណូល និងលើកស្ទួយសេដ្ឋកិច្ចនៅក្នុងសហគមន៍ទីជនបទ។

លោក Marc Zoss ប្រធាននៃអង្គការ HEKS ប្រចាំអាស៊ី-អឺរ៉ុប បានឱ្យដឹងថា៖ “សម្រាប់គម្រោងថ្មីនេះ(ខ្សែចង្វាក់ផលិតកម្មស្វាយចន្ទី និងដីធ្លី) យើងរំពឹងថា វានឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីជនបទក្នុងខេត្តគោលដៅចំនួន7 ដោយផ្ទាល់យ៉ាងហោចណាស់ 10ម៉ឺននាក់ និងដោយប្រយោលប្រមាណ 25ម៉ឺននាក់”។ គម្រោងនេះនឹងត្រូវអនុវត្តនៅក្នុងខេត្តគោលដៅចំនួន7 រួមមានៈ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងខេត្តស្ទឹងត្រែង។

លោក Marc Zoss ប្រធាននៃអង្គការ HEKS ប្រចាំអាស៊ី-អឺរ៉ុប

នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយគម្រោង “ការលើកកម្ពស់ខ្សែចង្វាក់ផលិតកម្មស្វាយចន្ទី និងការគ្រប់គ្រងដីធ្លី” បានបញ្ជាក់ថា HEKS/EPER ដែលត្រូវបានបង្កើតឡើងដោយអង្គការ Swiss International NGO ក្នុងឆ្នាំ1946 ទទួលបានជំនួយគាំទ្រពី Swiss Protestant Churches។

បច្ចុប្បន្នអង្គការនេះកំពុងធ្វើកិច្ចការនៅក្នុងប្រទេសចំនួន33 ហើយក្នុងអំឡុងពេលប្រតិបតិ្តការប្រមាណ 40ឆ្នាំនៅកម្ពុជាចាប់តាំងពីឆ្នាំ1979។ អង្គការនេះបានជួយលើកកម្ពស់ជីវភាពប្រជាកសិករក្រីក្រកម្ពុជាប្រមាណជាង 40,000គ្រួសារតាមរយៈការគាំទ្រស្បៀងអាហារ។

លោកស្រី Carin Saleno នាយិកាប្រចាំប្រទេសកម្ពុជានៃទីភ្នាក់ងារអភិវឌ្ឍន៍នៃប្រទេសស្វ៊ីស បានថ្លែងថា ដើម្បីឱ្យគម្រោងនេះដំណើរការបានដោយជោគជ័យវាចាំបាច់ត្រូវមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាកសិករក្នុងសហគមន៍មូលដ្ឋាន និងស្ថាប័នជំនាញរបស់រដ្ឋាភិបាលកម្ពុជា។

លោកស្រីថ្លែងថា៖ “គម្រោងនេះ នឹងស្វែងរកទីផ្សារច្បាស់លាស់មួយដែលអាចធានាបាននូវស្ថិរភាពនៃតម្លៃទីផ្សារសម្រាប់សហគមន៍ និងជួយពង្រឹងចំណេះដឹង បច្ចេកទេសនៃការដាំដុះស្វាយចន្ទី”។

ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្មបានថ្លែងនៅក្នុងសិក្ខាសាលានោះថា ស្វាយចន្ទី ជាដំណាំយុទ្ធសាស្ត្រសំខាន់ៗទាំង10 នៅកម្ពុជា “បច្ចុប្បន្ន ប្រជាកសិករយើងកំពុងកែប្រែទម្លាប់ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់លក់ ព្រោះដំណាំស្វាយចន្ទីមានទីផ្សារខ្ពស់ ផ្អែកលើការប្រែប្រួលនេះយើងអាចសន្និដ្ឋានថា កសិករយើងកំពុងប្រែក្លាយខ្លួនចេញពីកសិករទៅជាកសិ-ពាណិជ្ជករ”។

ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម

ឯកឧត្តម វណ្ណហន បានបញ្ជាក់ថា ក្នុងឆ្នាំ2017-2018 ផ្ទៃដីដាំដុះស្វាយចន្ទីមាននៅក្នុង 22ខេត្តទូទាំងប្រទេសកម្ពុជា ដែលមានខេត្តកំពង់ធំ កំពង់ចាម ក្រចេះ និងរតនគិរីជាអ្នកផលិតកំពូល ដោយមានផ្ទៃដីសរុប 149,660ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលបាន មានចំនួន 87,621ហិកតាដោយទទួលបានបរិមាណផលចំនួន116,343តោន។

ឯកឧត្តម ហ៊ាន វណ្ណហន បានស្វាគមន៍ចំពោះការងាររបស់អង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសស្វ៊ីសដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនជំនាញដល់កសិករនៅពេលនេះថា ផលិតផលរបស់ពួកគេកំពុងត្រូវបានលក់ចេញក្រៅប្រទេសជាញឹកញាប់។ ឯកឧត្តមបានស្នើឱ្យ HEKS / EPER និងដៃគូអភិវឌ្ឍន៍ដទៃទៀតពិចារណាលើគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រដ្ឋាភិបាលនៅពេលគ្រោងធ្វើការងាររបស់ពួកគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបានអះអាងថា៖ “យោងតាមគោលនយោបាយរបស់យើង រដ្ឋាភិបាលនឹងផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនដែលចូលរួមក្នុងសកម្មភាពកែលម្អជួយសម្របសម្រួលការដឹកជញ្ជូន សម្រួលដល់ការធ្វើពាណិជ្ជកម្ម និងធ្វើការស្រាវជ្រាវទីផ្សារដើម្បីកំណត់ផលិតផលដែលល្អបំផុតសម្រាប់ការនាំចេញក៏ដូចជាវិធីសាស្រ្តបន្ថែមតម្លៃដល់ខ្សែចង្វាក់ផលិតកម្ម”។

នៅឆ្នាំ2017 ប្រទេសកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីចំនួន73,000តោន ដែលស្ទើរតែទាំងអស់ត្រូវបានបញ្ជូនទៅប្រទេសវៀតណាមជិតខាង៕

Advertisement