ផ្លូវជាតិលេខ3 ចាប់ផ្ដើមស្ថាបនាឡើងវិញ តម្លៃដីក៏ចាប់ផ្ដើមហក់ឡើងតាមដែរ

បន្ទាប់ពីបានសិក្សាអស់រយៈពេលច្រើនខែមក បច្ចុប្បន្នក្រុមហ៊ុនចិនដែលទទួលបានសិទ្ធិក្នុងការ-ជួសជុល និងស្ថាបនាផ្លូវជាតិលេខ3 ឡើងវិញនោះ បានចាប់ផ្តើមដាក់គ្រឿងចក្រស្ថាបនាចូលទៅក្នុងទីតាំងដែលត្រូវដំណើរការជាបណ្តើរៗហើយ ដែលការជួសជុលជាអាទិភាព គឺនៅត្រង់ចំណុចដែលរងការខូចខាតច្រើនជាងគេ។

លោក នូ វឌ្ឍនៈ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា បច្ចុប្បន្ន បន្ទាប់ពីក្រុមហ៊ុនវ៉ានអាន ជាទីប្រឹក្សាបច្ចេកទេសត្រួតពិនិត្យគុណភាពរួច ក្រុមហ៊ុនស្ពានថ្នល់ចិនបានដាក់គ្រឿងចក្រស្ថាបនាឡើងវិញជាបណ្តើរៗហើយ ដែលបច្ចុប្បន្នកំពុងជួសជុល និងសាងសង់នៅលើកំណាត់ផ្លូវត្រង់កន្លែងដែលខូចខាតខ្លាំងប្រវែង 20គីឡូម៉ែត្រនៅក្នុងទីរួមខេត្តកំពតដែលរងការខូចខាតដោយសារទឹកជំនន់កាលពីពេលកន្លងមក។ ជាមួយគ្នានេះដែរគេសង្កេតឃើញក្រុមហ៊ុនបានដាក់គ្រឿងចក្រនៅតាមកន្លែងផ្សេងៗទៀតដើម្បីជីកកកាយដីស្អុយខូចៗចាស់ៗចេញ មុននឹងចាក់បំពេញដីថ្មីដែលមានគុណភាពល្អចូលទៅវិញ។

លោកបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវជាតិលេខ3ឡើងវិញនេះមានប្រវែងសរុបចំនួន 134.82គីឡូម៉ែត្រគិតចាប់ពីរង្វង់មូលចោមចៅ រហូតដល់តំបន់បែកគូសដែលជាតំបន់ផ្លូវបំបែករវាង ខេត្តកំពត និងខេត្តកែប ហើយមានគន្លងផ្លូវ 2ទៅ 2មក និងចាប់ពីចំណុចបែកគូសទៅកាន់ខេត្តកំពតនឹងមានទំហំផ្លូវតែ 2គន្លងប៉ុណ្ណោះ(1ទៅ 1មក)។ ផ្លូវជាតិលេខ3 ដែលមានប្រវែងជាង 200គីឡូម៉ែត្រនេះ ក្នុងគម្រោងត្រូវស្ថាបនាដោយការចាក់កៅស៊ូប្រភេទAC ដូចផ្លូវជាតិលេខ4 ដែរ និងត្រូវចំណាយទឹកប្រាក់ចំនួន 215លានដុល្លារអាមេរិកដែលជាកម្ចីឥណទានពីរដ្ឋាភិបាលចិន ហើយត្រូវចំណាយពេលសាងសង់រយៈពេល 4ឆ្នាំគិតចាប់ពីឆ្នាំ2018 ដល់ឆ្នាំ2022។ ទន្ទឹមនឹងគម្រោងជួសជុល និងស្ថាបនាផ្លូវជាតិលេខ3 ឡើងវិញនេះរដ្ឋាភិបាលក៏បាននិងកំពុងដាក់គ្រឿងចក្រឈូសឆាយដើម្បីស្ថាបនា និងពង្រីកផ្លូវជាតិលេខ4 ជាបណ្តើរៗដែរហើយ ដោយបានធ្វើការដាក់អំពូលភ្លើងប្រភេទថ្មីអមសងខាងដើម្បីបំភ្លឺផ្លូវឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។

អ្នកជំនាញខាងអចលនទ្រព្យបានសម្លឹងឃើញថា ចាប់តាំងពីគម្រោងស្ថាបនាផ្លូវជាតិ3 និងផ្លូវជាតិលេខ4 លេចចេញជារូបរាងមក បានធ្វើឱ្យវិស័យអចលនទ្រព្យ ការពុះដីឡូត៍ និងសំណង់ផ្ទះល្វែងនៅតាមបណ្តោយផ្លូវជាតិទាំង2 ខាងលើបានរីកដុះដាលកាន់តែច្រើនឡើងយ៉ាងសកម្ម ហើយតម្លៃក៏កាន់តែឡើងខ្លាំងផងដែរ ដោយសារតែផ្លូវជាតិទាំង 2ខ្សែខាងលើនេះ ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែទឹកជ្រៅនៅក្នុងខេត្តកំពត និងខេត្តព្រះសីហនុរបស់កម្ពុជា ហើយក៏មានសារៈសំខាន់ខ្លាំងផងដែរសម្រាប់ធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសការធ្វើដំណើរទៅកម្សាន្តនៅតាមរមណីយដ្ឋានមាត់សមុទ្រនៅថ្ងៃឈប់សម្រាកម្តងៗ។

លោក តុប នីមល ប្រធានគម្រោងពុះដីឡូតិ៍លក់នៅជិតស្ពានទឹកថ្លាតាមបណ្តោយផ្លូវជាតិលេខ3មានប្រសាសន៍ថា បច្ចុប្បន្នតម្លៃដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ3 ពិតជាឡើងថ្លៃខ្លាំងមែន រាប់ចាប់ពីរង្វង់មូលចោមចៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមកដល់ចំណុចផ្សារព្រៃទទឹងក្នុងខេត្តកណ្តាល ឬហួសពីហ្នឹងទៅបន្តិចទៀត តម្លៃដីបានហក់ឡើងខ្លាំង 1គុណនឹង2 ឬគុណនឹង3 ក៏មាន។ លោកបានលើកជាឧទាហរណ៍ជាក់ស្តែងថា កាលពីឆ្នាំកន្លងទៅដីមួយឡូត៍មានតម្លៃចន្លោះតែពី4.000 ទៅ8.000ដុល្លារប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នដីនៅផ្នែកខាងក្នុង ចុះពីផ្លូវជាតិទៅប្រមាណជា 1គីឡូម៉ែត្រ ទៅ2គីឡូម៉ែត្រត្រូវបានគេលក់ក្នុងតម្លៃចន្លោះពី8.000ដុល្លារទៅដល់ 14.000ដុល្លារឯណោះ ទៅតាមទីតាំងដីឡូត៍ខាងមុខ ឬខាងក្រោយ។

ជាមួយគ្នានេះដែរ លោក សុខ ប៊ុនធឿន ប្រធានគម្រោងលក់អចលនទ្រព្យតាមបណ្ដោយផ្លូវជាតិលេខ4 ក៏មានប្រសាសន៍ដែរថា តម្លៃដីនៅតាមផ្លូវជាតិលេខ4នេះ ឡើងខ្លាំងនឹកស្មានមិនដល់។ កាលពីឆ្នាំមុនអាចរកទិញបានក្នុងតម្លៃចន្លោះតែពី20 ទៅ30ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែសម្រាប់ដីពុះឡូត៍បច្ចុប្បន្នវិញ បានឡើងថ្លៃចន្លោះពី30 ទៅដល់80ដុល្លារ ដែលធ្វើឱ្យអ្នកវិនិយោគផ្នែកពុះដីឡូត៍លក់ ពិបាករកទិញដីដើម្បីពុះលក់ទៅវិញណាស់ដោយសារតែមិនសូវមាន និងពិបាកចំណេញដូចមុន។

លោកបន្តថា អ្វីដែលធ្វើឱ្យតម្លៃដីឡើងថ្លៃនេះ គឺដោយសារសំណង់ផ្ទះល្វែងបានរីកដុះដាលខ្លាំងនៅតាមបណ្តោយផ្លូវជាតិលេខ4នេះ ចាប់ពីរង្វង់មូលចោមចៅ រហូតទៅដល់ផ្សារបែកចាន ឬរហូតទៅដល់ផ្សារអង្គស្នួលក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលឯណោះ ដោយសំណង់ផ្ទះល្វែងទាំងនោះមានតម្លៃប្រមាណជាជាង 5ម៉ឺនដុល្លារនៅជូរខាងក្នុង និងជាង 10ម៉ឺនដុល្លារសម្រាប់ជួរខាងមុខ៕

Advertisement