សិប្បកម្មផលិតទឹកម្ទេសកូនខ្មែរ កំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ

ដើម្បីជួយលើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុក កូនខ្មែរមួយរូបបានខិតខំកែច្នៃផ្លែម្ទេសស្រស់ ឱ្យក្លាយទៅជាផលិតផលទឹកម្ទេសមានរសជាតិឆ្ងាញ់មិនចាញ់ផលិតផលនាំចូលពីបរទេស ហើយថែមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារក្នុងស្រុក រហូតធ្វើឱ្យសិប្បកម្មលក្ខណៈគ្រួសារមួយនេះក្លាយជាសហគ្រាសក្នុងស្រុកដ៏លេចធ្លោមួយទៀតផង។

អ្នកនាង កូវ ច័ន្ទសុវណ្ណារិទ្ធ ម្ចាស់សិប្បកម្មផលិតទឹកម្ទេស “រ៉ារី” បានរៀបរាប់ឱ្យដឹងថា តាំងពីដើមមកអ្នកនាងមិនដែលគិតថា គ្រួសាររបស់អ្នកនាងអាចមានសមត្ថភាពបង្កើតសហគ្រាសធំដូចសព្វថ្ងៃនេះទេ ដោយសារតែដំបូងឡើយ គ្រួសាអ្នកនាងគ្រាន់តែជាអ្នកធ្វើម្ទេសឆាដោយដៃផ្ទាល់សម្រាប់ហូបខ្លួនឯងជាលក្ខណៈក្រុមគ្រួសារតែប៉ុណ្ណោះ ហើយក្រោយមកដោយសារមើលទៅផលិតផលនេះហាក់មានភាពទាក់ទាញគួរឱ្យចង់ទទួលទាន អ្នកនាងក៏បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកចែកចាយបន្តដល់មិត្តភក្តិបានមើលលេង និងក្រោយពីបង្ហោះរួច ក៏ស្រាប់តែមានមិត្តភក្តិនាំគ្នាកុម្ម៉ង់ទិញតៗគ្នាពីម្នាក់ទៅម្នាក់ ដែលពេលនោះអ្នកនាងក៏បានធ្វើម្ទេសឆាផ្ញើជូនមិត្តភក្តិហូបដោយមិនគិតប្រាក់នោះទេ តែដោយសារម្ទេសឆាមានរសជាតិឆ្ងាញ់ មិត្តភក្តិដែលបានសាកល្បងទទួលទានហើយ ក៏បន្តកុម្ម៉ង់ទៀត និងបានកុម្ម៉ង់ទិញតៗគ្នាកាន់តែច្រើនឡើងៗ ជាហេតុធ្វើឱ្យអ្នកនាងសម្រេចធ្វើលក់តាមអនឡាញតែម្ដង និងកាលនោះមិនទាន់មានសម្បកវេចខ្ចប់ល្អស្អាតដូចសព្វថ្ងៃនេះទេ តែទោះជាយ៉ាងណាក្ដីដោយសារតែមានរសជាតិឆ្ងាញ់ ទើបធ្វើឱ្យមានអតិថិជនកុម្ម៉ង់ទិញកាន់តែច្រើនឡើងៗ រហូតធ្វើឱ្យក្រុមគ្រួសារអ្នកនាងសម្រេចបើកជាសិប្បកម្មផលិតទឹកម្ទេស និងម្ទេសឆាតូចមួយឡើងកាលពីអំឡុងពេល 6ឆ្នាំមុន…។

កាលនោះការបង្កើតសិប្បកម្មនេះឡើង គឺគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ ប៉ុន្តែក្រោយមានអតិថិជនគាំទ្រកាន់តែច្រើនឡើងៗ ក៏ចេះតែពង្រីកសិប្បកម្មនេះឱ្យធំឡើងបន្តិចម្តងៗ ដោយបានកុម្ម៉ង់ទិញម៉ាស៊ីនផលិតពីប្រទេសចិន ដើម្បីបង្កើនចង្វាក់ផលិតកម្មឱ្យបានកាន់តែច្រើនឡើងសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារហើយបានបង្កើតផលិតផលថ្មីមួយទៀត គឺម្ទេសឆាដើម្បីដាក់លក់បន្ថែមនៅលើទីផ្សារទៀតផង។

ក្រោយពីផលិតបានផលិតផលថ្មីហើយ គ្រួសាររបស់អ្នកនាងក៏បានយកកាពិឆាទៅឱ្យមិត្តភក្តិហូបសាកល្បងទៀត ហើយត្រូវបានមិត្តភក្តិប្រាប់ថា មានរសជាតិឆ្ងាញ់ប្លែកគួរឱ្យចង់ញ៉ាំ និងបានជំរុញឱ្យផលិតសម្រាប់ដាក់លក់នៅលើទីផ្សារទៀតផង ហើយបន្ទាប់មកក៏បានបែកគំនិតធ្វើជាទឹកត្រីកោះកុងបន្ថែមទៀត សម្រាប់ដាក់លក់នៅលើទីផ្សារ និងទទួលបានការគាំទ្រខ្លាំងថែមទៀតដូចគ្នា។

ការទទួលបានការគាំទ្រយ៉ាងខ្លាំងនេះ គឺដោយសារផលិតផលទាំង 4មុខខាងលើនោះមានរសជាតិឆ្ងាញ់ មិនចាញ់ផលិតផលនាំចូលពីបរទេស ពិសេសបានរៀបចំសម្បកវេចខ្ចប់ល្អស្អាតត្រូវតាមគុណភាពអនាម័យស្តង់ដារ មិនចាញ់ផលិតផលមួយចំនួនដែលកំពុងដាក់លក់នៅលើទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្ននេះឡើយ។

អ្នកនាងបានអះអាងថា ចំពោះការរៀបចំឱ្យផលិតផលមានគុណភាពស្តង់ដារ អ្នកនាងបានចុះបញ្ជីស្នើសុំវិញ្ញាបនបត្រពីក្រសូងដែលមានលេខបារកូដនៅលើសម្បកវេចខ្ចប់ ងាយស្រួលចំណាំជាផលិតផលរបស់កូនខ្មែរពិតៗឥតមានការក្លែងបន្លំ។

ការធ្វើបែបនេះ គឺដើម្បីចង់ឱ្យបរទេសទទួលស្គាល់ស្នាដៃកូនខ្មែរថា មានសមត្ថភាពមិនចាញ់បរទេសនោះទេ កូនខ្មែរក៏ចេះកែច្នៃវត្ថុធាតុដើមដែលជាផលិតផលក្នុងស្រុក មិនមែនអង្គុយចាំតែដាំដុះបានផលហើយយកទៅលក់ឱ្យគេនាំចេញ និងកែច្នៃរួចយកមកលក់ឱ្យយើងប្រើវិញក្នុងតម្លៃថ្លៃនោះឡើយ។

ដោយសារការខិតខំផលិតផលិតផលស្តង់ដារមានអនាម័យ និងមានការគាំទ្រនៅលើទីផ្សារអស់រយៈពេល 6ឆ្នាំមកនេះ ក្រុមហ៊ុនបានរៀបចំ និងអភិវឌ្ឍឱ្យកាន់តែធំឡើងមានលក្ខណៈស្តង់ដារបន្ថែមទៀត ដើម្បីចែកចាយទៅទីផ្សារក្នុងស្រុកឱ្យកាន់តែទូលំទូលាយឡើង និងថែមទាំងមានបំណងនាំចេញទៅលក់នៅលើទីផ្សារក្រៅប្រទេសទៀតផង។

អ្នកនាង កូវ ច័ន្ទសុវណ្ណារិទ្ធ បានរំឭកថា កាលពីការផលិតលក់សាកល្បង សិប្បកម្មខាងលើមិនមានចម្ការម្ទេសរបស់ខ្លួនឯងទេ ហើយក៏មិនទាន់មានកសិករសហការដើម្បីផ្គត់ផ្គង់ផ្លែម្ទេសជាប្រចាំដែរ ពោលគឺទឹកម្ទេសដែលបានផលិតលក់នៅពេលនោះ គឺសិប្បកម្មអ្នកនាងបានទិញវត្ថុធាតុដើម (ផ្លែម្ទេស) ពីផ្សារយកមកផលិត ហើយមកដល់ពេលបច្ចុប្បន្ន នៅពេលដែលសហគ្រាសបានពង្រីកខ្លួនក្លាយជាក្រុមហ៊ុនធំហើយ អ្នកនាងបានអំពាវនាវដល់កសិករឱ្យសហការជាមួយក្រុមហ៊ុនក្នុងការដាំម្ទេសធម្មជាតិដើម្បីផ្គត់ផ្គង់មកក្រុមហ៊ុន និងដើម្បីទទួលបានប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់គ្រួសារឱ្យមានជីវភាពកាន់តែប្រសើរឡើងជាមួយគ្នា។

អ្នកនាងបានបញ្ជាក់ថា ក្រុមហ៊ុនរបស់អ្នកនាងគាំទ្រវត្ថុធាតុ-ដើម ដែលជាផលិតផលក្នុងស្រុកជានិច្ច ហើយថា បើកសិករដាំបានផលកាន់តែច្រើន កាន់តែប្រសើរ ព្រោះសព្វថ្ងៃក្រុមហ៊ុនអ្នកនាងបាន និងកំពុងពង្រីកទីផ្សារឱ្យកាន់តែធំឡើងៗ ដោយបានដាក់លក់នៅលើទីផ្សារតាមទីប្រជុំជននានា តាមផ្សារទំនើប និងគ្រោងផលិតនាំចេញទៅលក់នៅក្រៅប្រទេសទៀតផង។ ការយកផលិតផលកសិកម្មក្នុងស្រុកមកកែ-ច្នៃនេះ ក្រុមហ៊ុនមានបំណងតែមួយប៉ុណ្ណោះ គឺចង់ឱ្យកសិករខ្មែរទទួលបានប្រាក់ចំណូលជាប់ជាប្រចាំ ដើម្បីឱ្យជីវភាពកាន់តែប្រសើរឡើងទាំងអស់គ្នា។

គួរបញ្ជាក់ដែរថា កន្លងមកផលិតផលរបស់កសិករខ្មែរ ជួនមានការគាំទ្រលើទីផ្សារ ជូនមិនមានការគាំទ្រ ឬមិនមានអ្នកទិញតែម្តងនៅពេលណាដែលការផ្គត់ផ្គង់មានចំនួនច្រើនលើសតម្រូវការទីផ្សារទៅតាមរដូវកាលនីមួយៗ ដែលធ្វើឱ្យកសិករបង្ខំចិត្តយកផលិតផលកសិកម្មរបស់ខ្លួនទៅចាក់ចោល ឬទុកឱ្យផ្លែទុំចោលមិនបេះមកលក់ទៀតផង ដូច្នេះនៅពេលមានសហគ្រាសកែច្នៃវត្ថុធាតុដើមក្នុងស្រុកកាន់តែច្រើន ដូចជាសិប្បកម្មផលិតទឹកម្ទេស “រ៉ារី” ជាដើមយើងនឹងអាចចូលរួមលើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុក ឱ្យលែងសូវមានការព្រួយបារម្ភពីកង្វះទីផ្សារលក់ទិន្នផលដូចមុនទៀតហើយ។

អ្នកស្រី តាំង ឡាំងហេង កសិករដាំម្ទេសនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំមានប្រសាសន៍ថា កាលពីឆ្នាំកន្លងទៅប្រជាកសិករនៅក្នុងភូមិបាននាំគ្នាដាំម្ទេសច្រើនគ្រួសារដែរ ប៉ុន្តែផ្លែម្ទេសដែលប្រមូលបានរបស់កសិករមិនសូវមានការគាំទ្រលើទីផ្សារនោះទេ ជួនកាលមានឈ្មួញចុះទិញ ជួលកាលទិញថ្លៃ ជួនកាលទិញថោក ហើយពេលខ្លះទៀត មិនមានអ្នកទិញទៀតផង ជាហេតុធ្វើឱ្យកសិករបាក់ទឹកចិត្តលែងដាំម្ទេសនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អ្នកស្រីអះអាងថា បើសិនជាមានក្រុមហ៊ុនសហការ និងចាំទទួលទិញផ្លែម្ទេសពីកសិករពិតមែននោះ អ្នកស្រីក៏ដូចជាគ្រួសារកសិករផ្សេងទៀតដែរ នឹងនាំគ្នាដាំម្ទេសនេះដើម្បីផ្គត់ផ្គង់ទៅក្រុមហ៊ុនគ្រាន់បានកម្រៃសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃទាំងអស់គ្នា៕

Advertisement