ជំនួយឥតសំណង​ជិត 40ម៉ឺន​ដុល្លារ ជួយ​ដល់​ការអភិវឌ្ឍ ត្រូវបាន​រដ្ឋាភិបាល​ជ​ប៉ុន​ផ្តល់ឱ្យ​កម្ពុជា

រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ជំនួយឥតសំណង​សរុប​ចំនួន 353,276ដុល្លារ​អាមេរិក សម្រាប់​ជួយ​ដល់​ការអភិវឌ្ឍ​លើ​វិស័យ​សុខាភិបាល, វិស័យ​អប់រំ និង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា។ នេះ​បើតាម​ការ​ឱ្យដឹងពី​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា។

ពិធី​ចុះហត្ថលេខា​សម្រាប់​ការផ្តល់​ជំនួយឥតសំណង​នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2018 នៅ​ស្ថានទូត​ជប៉ុន ក្នុងនោះ​ភាគី​ជប៉ុន តំណាង​ដោយ​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ស្ថាប័ន​ចំនួន4 តំណាងឱ្យ​ភាគី​កម្ពុជា។

ទឹកប្រាក់​ជំនួយឥតសំណង​ទាំងនេះ​នឹង​គាំទ្រ​ដល់​មន្ទីរ​ចំនួន4 នៅ​កម្ពុជា​ដែល​ស្ថិតក្រោម​គ្រោងការ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​នៃ​សន្តិសុខ​មនុស្សជាតិ​រួមមាន៖

-មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ស្ពឺ ថវិកា​ចំនួន 88,995ដុល្លារ

-មន្ទីរ​សុខាភិបាល​ខេត្តតាកែវ ថវិកា​ចំនួន 87,304ដុល្លារ

-មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តកណ្តាល ថវិកា​ចំនួន 8,9162ដុល្លារ

-មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ចាម ថវិកា​ចំនួន 87,810ដុល្លារ។

សូមបញ្ជាក់ថា ជំនួយឥតសំណង គូ​សាណូ​ណិ របស់​ជប៉ុន បានចាប់ផ្តើម​ផ្តល់ឱ្យ​ប្រទេស​កម្ពុជា នៅ​ឆ្នាំ1991 ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​ឡើងវិញ​នៅតាម​មូលដ្ឋាន។

គម្រោង​ផ្តល់ជំនួយ​នេះ មាន​ទិសដៅ​ការពារ​ដល់​ជន​ងាយ​រងគ្រោះ​ពី​កត្តា​មួយចំនួន​ដូចជា៖ ភាពក្រីក្រ និង​ភាព​អកុសល​ដែល​អាច​គំរាមកំហែង​ដោយផ្ទាល់​ដល់​ជីវភាព​រស់នៅ ការចិញ្ចឹម​ជីវិត និង​សេចក្តីថ្លៃថ្នូរ​របស់​ពួកគេ​ក៏ដូចជា​ជំរុញ​នូវ​ភាពម្ចាស់ការ​លើ​ខ្លួនឯង​របស់​ប្រជា​សហគមន៍​ផងដែរ។

ចាប់តាំងពី​ឆ្នាំ1991មក រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ថវិកា​ជាង 58លាន​ដុល្លារ​អាមេរិក​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​អនុវត្ត​គម្រោង គូ​សាណូ​ណិ ចំនួន 594គម្រោង​នៅ​ទូទាំងប្រទេស​កម្ពុជា៕

Advertisement