កម្ពុជា-សហភាព​អារ៉ាប់​រួម ភ្ជាប់​ការស្វែងយល់​ពី​សក្តានុពល​ដើម្បី​វិនិយោគ​លើ​វិស័យសំខាន់ៗ

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ជំរុញ​សហភាព​អារ៉ាប់​រួម​ឱ្យធ្វើ​ការវិនិយោគ​នៅ​កម្ពុជា​ដើម្បី​ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4 របស់​រាជរដ្ឋាភិបាល​ទៅលើ​វិស័យសំខាន់ៗចំនួន4 រួមមាន​កសិកម្ម ទេសចរណ៍ ឧស្សាហកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ។

ឯកឧត្តម រដ្ឋមន្ត្រី បាន​លើកសំណើ​នេះ​ឡើង នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោកស្រី រី​ម អាល់ ហា​ស្ហ៊ី​មី (REEM Al Hashimy) រដ្ឋមន្ត្រីក្រសួង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​រៀបចំ​ពិព័រណ៍​ពិភពលោក​ឌូ​បៃ ឆ្នាំ2020 នៃ​ប្រទេស​សហភាព​អារ៉ាប់​រួម ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។

ឯកឧត្តម​ក៏បាន​អញ្ជើញ​ភាគី​សហភាព​អារ៉ាប់​រួម​ចូលរួម​ព្រឹត្តិការណ៍ «ពិព័រណ៍​ផលិតផល​ខ្មែរ និង​ផលិតផល​នាំចេញ-នាំចូល​កម្ពុជា»កម្រិត​អន្តរជាតិ​ដែល​គ្រោង​នឹង​រៀបចំឡើង​នៅក្នុង​ខែធ្នូ ឆ្នាំ2019ដើម្បី​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម និង​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក​ឌូ​បៃ2020 ដល់​ប្រជាជន​កម្ពុជា និង​ប្រជាជន​នៃ​ប្រទេស​អាស៊ាន។

លោកស្រី​រដ្ឋមន្ត្រី រី​ម អាល់ ហា​ស្ហ៊ី​មី បាន​ថ្លែងអំណរគុណ​ដល់​លោក ប៉ាន សូរ​ស័ក្តិ ដែល​បាន​ចែករំលែក​ព័ត៌មានល្អៗទាក់ទង​នឹង​ឱកាស​វិនិយោគ​នៅ​កម្ពុជា និង​បាន​សន្យា​ជួយ​ជំរុញ​វិស័យ​ឯកជន​ប្រទេស​សហភាព​អារ៉ាប់​រួម​ឱ្យ​ចូលមក​សិក្សា​អំពី​លទ្ធភាព​វិនិយោគ​នៅ​កម្ពុជា ក៏ដូចជា​ចូលរួម​ពិព័រណ៍ ដែល​រៀបចំឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម។

នៅក្នុង​ឱកាស​នោះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ក៏បាន​ជម្រាបជូន​លោកស្រី រី​ម អាល់ ហា​ស្ហ៊ី​មី អំពី​វឌ្ឍនភាព​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4 គោលនយោបាយ​គាំពារ​វិនិយោគ និង​គោលការណ៍​លើកទឹកចិត្តផ្សេងៗ ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់ជូន​វិនិយោគិន​បរទេស​ដែល​កំពុង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា។

ជាការ​ឆ្លើយតប លោកស្រី រី​ម អាល់ ហា​ស្ហ៊ី​មី បានបង្ហាញ​ចេតនា​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុងពេលឆាប់ៗខាងមុខ ដើម្បី​ស្វែងយល់​កាន់តែច្បាស់​ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍ និង​វប្បធម៌​ដ៏​សម្បូរបែប​របស់​កម្ពុជា​សំដៅ​ពង្រឹង​ទំនាក់ទំនង​ការទូត និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ៕

Advertisement