រយៈពេល 11ខែ​កម្ពុជា​ទទួល​ចំណូល​ជាង 104លាន​ដុល្លារ ពី​ការលក់​សំបុត្រ​ទស្សនា​អង្គរ

ក្នុង​រយៈពេល 11ខែ ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ2018នេះ កម្ពុជា​ទទួលបាន​ចំនួន104,527,531ដុល្លារ​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ដែល​ចំនួន​នេះ​បាន​កើនឡើង 9.27%បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017។ នេះ​បើតាម​របាយការណ៍​ផ្លូវការ​របស់​គ្រឹះស្ថាន​អង្គរ។

ប៉ុន្តែ​នៅក្នុង​តួលេខ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​សម្រាប់​ខែវិច្ឆិកា​មាន​ចំនួន 233,125នាក់ ដែល​ចំនួន​នេះ​មានការ​ថយចុះ 6.46%។

រីឯ​ចំណូល​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​សម្រាប់​ខែវិច្ឆិកា មាន​ចំនួន10,599,604ដុល្លារ មានការ​ថយចុះ7,40% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017។

របាយការណ៍​ក៏បាន​បញ្ជាក់​ឱ្យដឹងថា នៅ​រយៈពេល 11ខែ​ដូចគ្នានេះ ភ្ញៀវទេសចរ​បរទេស​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​អង្គរ ចំនួន 2,323,168នាក់ ចំនួន​នេះ​មាន​កំណើន 6.09%។

រីឯ​ចំណូល​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ សម្រាប់​រយៈពេល 11ខែ​ដូចគ្នានេះ​មាន​ចំនួន104,527,531ដុល្លារ កើនឡើង 9.27% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017។

បើតាម​របាយការណ៍​ដ​ដែល ចំណូល​ដែល​ទទួលបាន​ជាង 104លាន​ដុល្លារ​នេះ រាជរដ្ឋាភិបាល​បាន​បរិច្ចាគ​ចំនួន 4,646,336ដុល្លារ ឧបត្ថម្ភ​ចូល​មន្ទីរពេទ្យ​គន្ធបុប្ផា​ដើម្បី​ទ្រទ្រង់​ដំណើរការ​ពិនិត្យ និង​ព្យាបាល​កុមារ​កម្ពុជា។

សូមជម្រាបថា ប័ណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ ត្រូវបាន​បែងចែក​ជា 3ប្រភេទ៖

* ប្រភេទ​ប័ណ្ណ​ចូល​ទស្សនា 1ថ្ងៃ មានតម្លៃ 37ដុល្លារ។
* ប្រភេទ​ប័ណ្ណ​ចូល​ទស្សនា 3ថ្ងៃ មានតម្លៃ 62ដុល្លារ និង​មាន​សុពលភាព 10ថ្ងៃ។
* ប្រភេទ​ប័ណ្ណ​ចូល​ទស្សនា 7ថ្ងៃ មានតម្លៃ 72ដុល្លារ និង​មាន​សុពលភាព 1ខែ៕

Advertisement