តម្លៃផ្លែស្វាយកែវរមៀតឡើងខ្ពស់ជាងឆ្នាំមុន ខណៈទិន្នផលធ្លាក់ចុះ

កសិករប្រកបរបរដាំស្វាយកែវរមៀតបានសម្តែងក្តីរីករាយ ខណៈដែលទិន្នផលស្វាយរបស់ពួកគាត់ក្នុងឆ្នាំនេះលក់បានថ្លៃខ្ពស់ជាងឆ្នាំមុនៗ ដែលជាកត្តាជំរុញឱ្យជីវភាពគ្រួសាររបស់ពួកគាត់មានភាពប្រសើរឡើងមួយកម្រិតទៀត ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក៏កសិករបានត្អូញត្អែរដែរថា ទិន្នផលស្វាយឆ្នាំនេះទទួលបានតិចជាងឆ្នាំមុន។

លោក ហូ សុខឿន កសិករដាំស្វាយនៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មានប្រសាសន៍ថាស្វាយកែវរមៀតខ្ចប់ក្រដាសលក់បានតម្លៃខ្ពស់គឺ 1,700រៀលក្នុងមួយគីឡូក្រាម ចំណែកស្វាយមិនខ្ចប់ក្រដាសលក់បានក្នុងតម្លៃជាមធ្យម 1,000រៀលក្នុងមួយគីឡូក្រាមដែលជាតម្លៃមួយខ្ពស់ជាងឆ្នាំមុន។ មូល-ហេតុដែលធ្វើឱ្យស្វាយកែវរមៀតលក់បានថ្លៃជាងឆ្នាំមុនៗ គឺដោយសារតែទិន្នផលផ្លែស្វាយឆ្នាំនេះធ្លាក់ចុះជាងឆ្នាំមុន មិនសូវសម្បូរដូចឆ្នាំមុននោះទេ នេះគឺដោយសារតែកត្តាផ្លាស់ប្តូរអាកាសធាតុ ហើយលោកប្រាប់ទៀតថា កសិករនៅក្នុងភូមិកំពុងនាំគ្នាសម្រុកបេះលក់ខ្លាំង ព្រោះឈ្មួញបានបញ្ជាទិញយកទាំងអស់ ទោះបេះបានច្រើនតោនយ៉ាងណាក៏ដោយ។

លោកបានបន្តថា ប្រសិនបើផ្លែស្វាយមានតម្លៃថេរដូចបច្ចុប្បន្ន ឬឡើងខ្ពស់លើសពីនេះទៀត នឹងធ្វើឱ្យជីវភាពរបស់ពួកគាត់មានភាពល្អប្រសើរឡើងជាមិនខាន ហើយកសិករនឹងនៅតែមានសង្ឃឹមក្នុងការដាំស្វាយលក់ ព្រមទាំងនឹងពង្រីកផ្ទៃដីដាំដុះឱ្យមានចំនួនកាន់តែច្រើនឡើងៗ ដើម្បីបំពេញតម្រូវការរបស់ទីផ្សារទៀតផង។ តែយ៉ាងណាក៏កសិករមិនសូវមានជំនឿលើរបរកសិកម្មប៉ុន្មានឡើយ ព្រោះពេលខ្លះមានការធ្លាក់ថ្លៃខ្លាំង ខណៈដែលទិន្នផលកសិកម្មមានលើសតម្រូវការ ហើយក៏នឹងឡើងថ្លៃខ្ពស់វិញខ្លាំងដែរនៅពេលណាដែលទិន្នផលកសិកម្មត្រូវបានផ្គត់ផ្គង់មិនគ្រប់គ្រាន់តាមតម្រូវការទីផ្សារពោលគឺ មិនសូវទៀងទាត់ឡើយ។

លោក លី ចាន់ ឈ្មួញប្រមូលទិញផ្លែស្វាយក្នុងភូមិ និងជាអ្នកដាំស្វាយលក់ដែរនោះបានមាននិយាយថា ស្វាយកែវរមៀតឆ្នាំនេះពិតជាបានថ្លៃខ្ពស់ចន្លោះពី 1,000រៀល ទៅ1,700រៀលពិតប្រាកដដូចការលើកឡើងរបស់កសិករខាងលើមែន ហើយថែមទាំងងាយស្រួលលក់ចេញទៀតផង ដោយ-សារមានឈ្មួញមកឈរចាំបញ្ជាទិញដល់ចម្ការនីមួយៗតែម្ដង ដែលជាកត្តាផ្តល់ភាពងាយស្រួលដល់កសិករមិនចាំបាច់ដឹកយកទៅលក់នៅឯផ្សារនោះទេ។

លោកបន្តថា សម្រាប់ប្រភេទស្វាយលេខ1 ខ្ចប់ក្រដាស លោកបាននាំចេញទៅលក់នៅប្រទេសវៀតណាម ក្នុងមួយថ្ងៃគិតជាមធ្យមប្រមាណជា 30តោន ចំណែកស្វាយធម្មតាមិនខ្ចប់ក្រដាសលោកនាំចេញទៅលក់នៅរោងចក្រកែច្នៃនៅប្រ-ទេសថៃ ក្នុងមួយថ្ងៃចន្លោះពី5 ទៅ1០តោនប៉ុណ្ណោះ។ លោកក៏បានរំឭកដែរថា ស្វាយខ្ចប់ក្រដាសប្រភេទលេខ1កាលពីឆ្នាំមុន លក់បានតម្លៃត្រឹមតែ 1,000រៀលប៉ុណ្ណោះក្នុងមូយគីឡូក្រាម និងស្វាយធម្មតាលក់ចេញបានត្រឹមតែ 500 ទៅ 700រៀលប៉ុណ្ណោះ។

លោក កាំង ម៉ាំង អនុប្រធានការិយាល័យផែនការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាលមានប្រសាសន៍ថា ក្នុងឆ្នាំ2018នេះ នៅទូទាំងខេត្តកណ្តាល កសិករដាំស្វាយកែវរមៀតនៅលើផ្ទៃដីសរុបចំនួន 6,010ហិកតា ក្នុងនោះស្រុកស្អាងមានចំនួនច្រើនជាងគេដោយបានដាំដុះដល់ទៅចំនួន1,513ហិកតា បន្ទាប់មកគឺស្រុកកោះធំហើយស្វាយកែវរមៀតបានផ្ដល់ផលជាមធ្យម 8០គីឡូក្រាមក្នុងមួយដើម។ លោកបញ្ជាក់ថា ស្វាយកែវរមៀតឆ្នាំនេះពិតជាបានថ្លៃខ្ពស់ជាងឆ្នាំមុនប្រាកដមែន ដែលបានជួយឱ្យកសិករមានជីវភាពធូរធារល្អឡើង៕

Advertisement