ទីតាំងភាគខាងលិចរាជធានីភ្នំពេញកំពុងក្លាយជាតំបន់ឧស្សាហកម្មធំជាងគេនៅពេលបច្ចុប្បន្ន

ស្របពេលដែលរដ្ឋាភិបាលបាន និងកំពុងរៀបចំផែនការរំកិលរោងចក្រ ចេញពីទីប្រជុំជននានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលជាគោលនយោបាយកាត់បន្ថយការកកស្ទះចរាចរណ៍ បានធ្វើឱ្យតំបន់ជាយក្រុងមួយចំនួន ពិសេសតំបន់ភាគខាងលិចឆៀងខាងត្បូងរាជធានីភ្នំពេញ កំពុងក្លាយជាតំបន់ឧស្សាហកម្មធំជាងគេក្នុងប្រទេសកម្ពុជា។

គេសង្កេតឃើញថា ចាប់ពីរង្វង់មូលចោមចៅរហូតដល់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) បន្តទៅដល់ផ្សារបែកចានដែលជាព្រំប្រទល់រវាងរាជធានីភ្នំពេញ និងភូមិសាស្ត្រស្រុកអង្គស្នួល ខេត្តកណ្តាលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងចំពោះវិស័យឧស្សាហកម្មនេះ ដែលជាចំណែកដ៏សំខាន់ធ្វើឱ្យជីវភាពប្រជាជពលរដ្ឋនៅតំបន់នោះមានជីវភាពកាន់តែល្អប្រសើរឡើង គួរឱ្យកត់សម្គាល់ជាលំដាប់។

លោក នឹម នីរ៉ាដេត អភិបាលស្រុកអង្គស្នួល ខេត្តកណ្តាលមានប្រសាសន៍យល់ស្រប និងទទួលស្គាល់ថា បន្ទាប់ពីរដ្ឋាភិបាលរៀបចំផែនការរំកិលរោងចក្រចេញពីទីប្រជុំជនក្រុងភ្នំពេញ បានធ្វើឱ្យរោងចក្រឧស្សាហកម្មនានាមានការរីកដុះដាលច្រើននៅតំបន់ជាយក្រុងភាគខាងលិចឆៀងខាងត្បូង ចាប់ពីរង្វង់មូលចោមចៅរហូតដល់ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយបន្តតាមបណ្ដោយផ្លូវជាតិលេខ4 ឆ្ពោះទៅទីរួមខេត្តកំពង់ស្ពឺទៀតផង។

លោកបញ្ជាក់ថា នៅក្នុងឆ្នាំ2018នេះ រោងចក្រឧស្សាហកម្មស្រុកអង្គស្នួលបានកើនឡើងដល់ចំនួន 68រោងចក្រ និងផ្តល់ការងារដល់ប្រជាពលរដ្ឋបានប្រមាណជា 60,000នាក់ ដែលក្នុងនោះទទួលបានប្រាក់ខែអប្បបរមាចំនួន 175ដុល្លារ បូករួមនឹងប្រាក់បន្ថែមម៉ោង ប្រាក់ឧបត្ថម្ភលើកទឹកចិត្តផ្សេងៗទៀត ម្នាក់ៗនឹងទទួលបានចំណូលលើសពី 200ដុល្លារទៅដល់ជាង 300ដុល្លារក្នុងមួយខែៗ ដែលអាចធ្វើឱ្យជីវភាពពួកគាត់រឹតតែល្អប្រសើរឡើង អាចផ្គត់ផ្គង់ជីវភាពផ្ទាល់ខ្លួនផង និងសល់មួយចំណែកផ្ញើជូនគ្រួសារនៅឯស្រុកទៀតផង។

សម្រាប់គ្រួសារកម្មករ-កម្មការិនីដែលធ្វើការយូរឆ្នាំ ពួកគាត់ថែមទាំងសន្សំប្រាក់បានមួយចំនួនសម្រាប់ទិញដីសង់ផ្ទះរស់នៅដោយមិនចាំបាច់ជូលគេ ឯកម្មករខ្លះទៀតកំពុងសន្សំលុយទិញដីបង់រំលស់ខ្លះ ទុកចំណាយប្រចាំថ្ងៃខ្លះ ដោយពួកគេគិតថា បង់រំលស់យូរទៅ ដីនឹងឡើងថ្លៃដូច្នេះបើសិនជាចាំសន្សំលុយគ្រប់ សឹមទិញដីនោះ ពួកគាត់មិនអាចមានលទ្ធភាពទិញដីសង់ផ្ទះបាននៅនោះឡើយដូច្នេះមានតែការចាយវាយរិះថាំ ហើយយកប្រាក់ទៅបង់រំលស់ខ្លះ ទើបអាចទិញដីសង់ផ្ទះបានរស់នៅសមរម្យនឹងគេ។

លោកបន្តថា រោងចក្រឧស្សហកម្មមិនត្រឹមតែរីករាលដុះដាលច្រើននៅក្នុងស្រុកអង្គស្នួលប៉ុណ្ណោះទេ ប៉ុន្តែវាបានបន្តរីករាលដាលតាមផ្លូវជាតិលេខ4 រហូតដល់ទីរួមខេត្ត កំពង់ស្ពឺទៀតផង ដោយក្រុមហ៊ុនបរទេសបានបោះទុនជាច្រើនសាងសង់បង្កើតរោងចក្រជាបន្តបន្ទាប់នៅឆ្នាំនេះ ក៏ដូចជាឆ្នាំខាងមុខទៀតដែរ។

កត្តាដែលធ្វើឱ្យរោងចក្រឧស្សាហកម្មរីកចម្រើនខ្លាំងនៅតាមបណ្តោយផ្លូវជាតិលេខ4នេះ គឺដោយសារតែរដ្ឋាភិបាលបានទទួលកម្ចីចំនួន 110លានដុល្លារអាមេរិកពីធនាគារអភិវឌ្ឍន៍អាស៊ីមកស្ថាបនាផ្លូវជាតិលេខ4 និងពង្រីកឱ្យកាន់តែធំទូលាយឡើង ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ បើកបរយានជំនិះផ្សេងៗ ពិសេសផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញពីរោងចក្រទៅកាន់កំពង់ផែទឹកជ្រៅ មាត់សមុទ្រខេត្តព្រះសីហនុ និងដឹកទំនិញពីកំពង់ផែក្រុងព្រះសីហនុមកកាន់ទីក្រុងភ្នំពេញវិញផងដែរ។

ក្រុមអ្នករកស៊ីអចលនទ្រព្យនៅតាមបណ្តោយផ្លូវជាតិលេខ4 ចាប់ពីរង្វង់មូលចោមចៅរហូតដល់ស្រុកអង្គស្នួល បន្តទៅដល់ទីរួមខេត្តកំពង់ស្ពឺបានលើកឡើងថា ដោយសារតែរោងចក្រកំពុងពង្រីកខ្លួននៅជាយក្រុងបានធ្វើឱ្យតម្លៃដីកើនឡើងទ្វេដង រហូតស្ទើរមិនគួរឱ្យជឿទៀតផង។

លោក សឹង ប៊ុនសុង អ្នកពុះដីឡូត៍លក់នៅក្រោយផ្សារអង្គស្នួលបានឱ្យដឹងថា តម្លៃដីនៅស្រុកអង្គស្នួលពិតជាឡើងថ្លៃគួរឱ្យកត់សម្គាល់មែនដោយសារតម្លៃដីពុះឡូត៍កាលពីអំឡុង 2ឆ្នាំមុនក្នុងមួយឡូត៍តម្លៃត្រឹមតែ 2,000ដុល្លារ ទៅ3,000ដុល្លារប៉ុណ្ណោះ ប៉ុន្តែមកទល់ឆ្នាំ2018នេះ តម្លៃដីបានស្ទុះឡើងខ្លាំងរហូតដល់ 8,000ដុល្លារ ទៅដល់ជាង10,000ដុល្លារឯណោះក្នុងមួយឡូត៍។ ហើយសម្រាប់ដីស្រែប្រាំងរបស់ប្រជាពលរដ្ឋវិញ កាលពីឆ្នាំមុន1ម៉ែត្រការ៉េតម្លៃ10 ទៅ20ដុល្លារនោះ បច្ចុប្បន្នឡើងថ្លៃដល់ទៅ 50 ឬ100ដុល្លារឯណោះក្នុងមួយម៉ែត្រការ៉េ ខណៈដែលរដ្ឋាភិបាលគ្រោងស្ថាបនាផ្លូវចាក់កៅស៊ូទទឹង 30ម៉ែត្រ ចាប់ពីផ្សារអង្គស្នួលទៅកាន់តំបន់ភ្នំប្រសិទ្ធិ៍។

អ្នកជំនាញវិស័យអចលនទ្រព្យបានលើកឡើងថា ឱ្យតែរោងចក្រឧស្សាហកម្មទៅដល់កន្លែងណាតម្លៃដីនឹងឡើងថ្លៃនៅកន្លែងនោះ ដោយសារតែសម្បូរមនុស្សទៅរស់នៅ មានកម្មករធ្វើការច្រើន អ្នករស់នៅក្បែរនោះអាចប្រកបរបរកស៊ីកាន់តែកាក់កបឡើងៗហ្នឹងឯង៕

Advertisement