នាយករដ្ឋមន្រ្តីកម្ពុជាអំពាវនាវដល់អ្នកវិនិយោគវៀតណាមឱ្យមកមើលសក្ដានុពលវិនិយោគនៅកម្ពុជា

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់អ្នកវិនិយោគវៀត​ណាម​ដែលមិនទាន់បានមកកម្ពុជា ឱ្យអញ្ជើញមកសិក្សា​ឈ្វេង​​យល់ពីសក្ដានុពល និងកាលានុវត្តភាព​វិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់​ទុ​ន​វិនិយោគដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបតិ្តការទ្វេភាគីរវាង​វៀត​ណា​ម ​និងកម្ពុជា។

សម្ដេច​​នាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនក្រុមអ្នកធុរកិច្ច និងអ្នកវិនិយោគទាំងអស់អំពី​សក្ដា​នុ​ព​ល​វិនិយោគ និងឧត្តមភាពសំខាន់ៗរបស់កម្ពុជាដែលក្នុងនោះរួមមាន៖

ទី1-ភាពអំណោយផល​នៃ​ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។

ទី2-កម្ពុជាស្ថិត​នៅលើទីតាំងជា​យុទ្ធសាស្ត្រ​ក្នុង​តំ​ប​ន់​អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា«រោងចក្រនៃអាស៊ី» ហើយម្យ៉ាងទៀតកម្ពុជា​ក៏ស្ថិ​​តនៅចំណុចកណ្តាលនៃតំបន់មេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់​ខ្ពស់​ជាងគេ។

ទី3-កម្លាំងពលកម្មដែលមានភាពសម្បូរបែប និងវ័យក្មេងដែលក្នុងនោះប្រជាជនដែលមានអាយុត្រឹម 35ឆ្នាំចុះមានចំនួនដល់ទៅ72% នៃចំនួនប្រជាជនសរុប គួបផ្សំនឹងការកើនឡើងនៃចំនួនប្រជាជនដែលមានចំណូលមធ្យម និងជាវណ្ណៈកណ្តាលនឹងបង្កើតកា​លានុវត្តភាពសម្រាប់កម្ពុជា។

ទី4-កម្ពុជាបានបើកចំហសេដ្ឋកិច្ចរបស់​ខ្លួនសម្រាប់អ្នកវិនិយោ​គ​​ទាំងអស់ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគ​កម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ។​

ទី​5-ទំនិញផលិត​នៅកម្ពុជាមិនមែនផ្គត់ផ្គង់សម្រាប់តែទីផ្សារនៅកម្ពុជាដែលមានប្រជា​ជន​ប្រ​​​មា​ណតែជាង 15លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែអាចផ្គត់ផ្គង់ទៅក្នុងទីផ្សារអនុតំបន់មេគង្គ​ដែ​ល​​មានអតិថិជនប្រមាណ 250លាននាក់ ក្នុងទីផ្សារអាស៊ានដែលមានអតិថិជនប្រមាណ 630​លា​ននាក់ និងទីផ្សារនៅក្នុងតំបន់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់(RCEP)ដែលមានអតិថិជនប្រមាណ 3ប៊ីលាននាក់ ព្រមទាំងលទ្ធភាពចូលទីផ្សារធំដទៃទៀត​ក្នុង​ពិភពលោកទៀតផង។

ទី6-កម្ពុជា និងវៀតណាមបានចុះកិច្ចព្រមព្រៀងស្តីពី​ការចៀសវាងការ​យក​ពន្ធ​ត្រួតគ្នា និងការបង្ការការកិបកេងបន្លំពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនៅថ្ងៃទី31 ខែមីនា ឆ្នាំ​2018 នៅទីក្រុងហាណូយ ។

គួរបញ្ជាក់ដែរថា ទំហំពាណិជ្ជកម្ម​សរុបរវាង​កម្ពុជា និងវៀ​ត​ណាមក្នុងឆ្នាំ2017 ស​ម្រេ​ចបាន​ចំនួនប្រមាណ 2.13ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ30% ធៀប​នឹ​ង​​ឆ្នាំ2016។ យ៉ាងណាមិញ ការនាំចេញពីប្រទេសកម្ពុជា​ទៅប្រទេសវៀតនៅមាន​ទំហំតូច​នៅ​​ឡើយ។ ជាក់ស្តែង​ការ​នាំ​ចេញរបស់កម្ពុជាទៅប្រទេសវៀតណាម​ក្នុង​ឆ្នាំ2017 មាន​ចំនួន​ 342លានដុល្លារអាមរិក ធៀបនឹងការនាំចូលរបស់កម្ពុជា​ពីវៀតណាម ក្នុងឆ្នាំ2017 មាន​ចំនួនប្រមាណ 1.8ពាន់លានដុល្លារអាមេរិក​។

ក្នុងក្របខ័ណ្ឌនៃការវិនិយោគផ្ទាល់​ពី​វៀ​ត​ណាម រហូតដល់ខែវិច្ឆិកា ឆ្នាំ2018 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជី​គម្រោង​វិនិ​យោ​គ​​របស់ក្រុមហ៊ុនវៀតណាមចំនួន 75គម្រោងក្នុងទុន​វិនិយោគ​សរុបចំនួន​ប្រមាណ 2.4ពា​ន់​លានដុល្លារអាមេរិកដែលផ្តោតសំខាន់លើវិស័យ​កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ៕

Advertisement