គណៈកម្មការ​អឺរ៉ុប​មិនទាន់​អាច​សម្រេចបាន​ចំពោះ​ការដាក់​គំនាប​ពន្ធ​នាំចូល​អង្ករ​កម្ពុជា

ការបោះឆ្នោត​របស់​សមា​ជិ​ក​សហគមន៍​អឺរ៉ុប​ដើម្បី​សម្រេច​ថា តើ​ត្រូវដាក់ ឬ​មិន​ដាក់​គំនាប​លើ​ពន្ធ​នាំចូល​អង្ករ​កម្ពុជា​នៅ​មិនទាន់​អាច​សម្រេច​ច្បាស់លាស់​នៅឡើយ​ទេ ដោយ​ក្នុងនោះ​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប​ចំនួន 28 មាន 8ប្រទេស​បាន​បោះឆ្នោត​គាំទ្រ​កម្ពុជា​មិនឱ្យ​សហគមន៍​អឺរ៉ុប​ដាក់​គំនាប​ពន្ធ​លើ​អង្ករ​កម្ពុជា​ឡើយ និង​ប្រទេស​ចំនួន13បោះឆ្នោត​គាំទ្រ​ឱ្យ​អឺរ៉ុប​ដាក់​គំនាប​ពន្ធ ខណៈ​ប្រទេស7 ផ្សេងទៀត​មិន​ចូលរួម​បោះឆ្នោត​ឡើយ។ នេះ​បើតាម​ការ​ឱ្យដឹងពី​នាយក​ប្រតិបត្តិ​ក្រុមហ៊ុននាំចេញ​អង្ករ Amru Rice។

លោក​ឧកញ៉ា សុង សារ៉ន នាយក​ក្រុមហ៊ុន Amru Rice បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា​ការបោះឆ្នោត​របស់​គណៈកម្មកា​រ​អឺរ៉ុប កាលពី​ថ្ងៃទី4 ខែធ្នូ ឆ្នាំ2018 បានរៀបចំ​រួចហើយ ប៉ុន្តែ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​ពុំ​អាច​សម្រេច​បានទេ ព្រោះថា ការបោះឆ្នោត​អាចឱ្យ​គណៈកម្មការ​អឺរ៉ុប​សម្រេច​ថា ដាក់​គំនាប​ពន្ធ ឬ​លុបចោល​ការដាក់​គំនាប​ពន្ធ​នោះបាន​លុះត្រាតែ​ប្រទេស​ជា​សមាជិក​បោះឆ្នោត​គាំទ្រ ឬ​មិន​គាំទ្រ​លើ​សំឡេង55% ឬ​ស្មើនឹង 16សំឡេង។

បើតាម​លោក​ឧកញ៉ា ប្រទេស​សមាជិក​អឺរ៉ុប​ចំនួន8 ដែល​បាន​បោះឆ្នោត​គាំទ្រ​កម្ពុជា​នោះ​មាន៖ ប្រទេស​ឆែក ដា​ណា​ម៉ាក អេ​ស្តូ​នី ហ្វាំ​ង​ឡង់ លុច​ហ្សំ​បួរ ហូ​ឡង់ ស៊ុយ​អ៊ែត និង​អង់គ្លេស និង​ប្រទេស​គាំទ្រ​ឱ្យមាន​ការដាក់​គំនាប​ពន្ធ​លើ​កម្ពុជា​មានតែ 13សំឡេង​ប៉ុណ្ណោះ ដូច្នេះ​ការបោះឆ្នោត​នេះ​មិន​អាចឱ្យ​គណៈកម្មការ​អឺរ៉ុប​សម្រេច​បានទេ។

លោក​ឧកញ៉ា សុង សារ៉ន បាន​បញ្ជាក់ថា“បានសេចក្តីថា ការសម្រេច​ត្រូវ​ធ្លាក់​ទៅលើ​គណៈកម្មការ​អឺរ៉ុប​ដដែល​ដើម្បី​ពិនិត្យឡើងវិញ​លើ​បញ្ហា​នេះ ដោយលទ្ធផល​នៃ​ការបោះឆ្នោត ទាំង​កម្ពុជា និង​មី​យ៉ាន់​ម៉ាក៏​មិន​ឈ្នះ ហើយ​ខាង​ប្រទេស​អុីតាលី និង​អេ​ស្ប៉ា​ញ​ក៏​មិន​ឈ្នះ​ដែរ គឺ​អត់​មាន​យោបល់ បានន័យថា No Opinion ហើយ​លទ្ធផល​នឹង​បង្ហាញ​នៅពេលឆាប់ៗខាងមុខនេះ ហើយ​នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​កម្ពុជា”។

លោក​ឧកញ៉ា សុងសារ៉ន នាយក​ក្រុមហ៊ុន Amru Rice

សូមបញ្ជាក់ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បានបង្ហាញ​ការបារម្ភ​យ៉ាងខ្លាំង​ចំពោះ​វិធានការ​ការពារ​ដែល​ចេញ​ដោយ​គណៈកម្មការ​ពាណិជ្ជកម្ម​អឺរ៉ុប​លើ​ពន្ធ​នាំចូល​អង្ករ​ដោយ​លើកឡើងថា
វា​នឹង​ប៉ះពាល់​ដល់​កសិករ​ស្រូវ​អង្ករ​ជាង 3លាន​នាក់​នៅ​ប្រទេស​កម្ពុជា។ សេចក្ដីប្រកាស​ព័ត៌មាន​របស់ CRF ជឿជាក់ថា កសិករ​កម្ពុជា​រាប់លាន​នាក់​នឹង​ទទួលរង​ផលប៉ះពាល់​អវិជ្ជមាន​ដោយសារ​វិធាន-​ការការពា​រ​របស់​ EU នេះ។

ឯកឧត្តម សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​ CRF បានឱ្យដឹង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​ថា៖ “យើង​ជឿថា ផល​លំបាក​ដែល​ប្រឈម គឺ​ដោយសារ​កសិករមកពី​ប្រទេស​ទាំងនោះ​ភាគច្រើន​កង្វះ​ការសហការ​រវាង​កសិក​រ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​ពាណិជ្ជករ។ យើង​ដឹង​អំពី​តម្លៃ​ដែល​ខ្ពស់​នៃ​ការផលិត​អង្ករ​នៅក្នុង​ប្រទេស​ជា​សមាជិក​សហគមន៍​អឺរ៉ុប ដូចជា​ប្រទេស​អុីតាលី ហើយ​យើង​ជឿជាក់ថា បញ្ហា​ផ្ទៃក្នុង គឺជា​ឧបសគ្គ​ដ៏​សំខាន់​ក្នុងការ​កែលម្អ​ឧស្សាហកម្ម​ស្រូវ​អង្ករ​នៅក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក​ទាំងនោះ”។

ឯកឧត្តម សុខ ពុ​ទ្ធី​វុ​ធ ប្រធាន ​CRF

ក្រោយពី​កសិករ​របស់​ប្រទេស​អុីតាលី​បាន​ត្អូញត្អែរ​អំពី​ការ​នាំចូល​អង្ករ​របស់​កម្ពុជា​ចាប់តាំងពី​ឆ្នាំ2014 និង​ជាការ​ឆ្លើយតប​នឹង​ការស្នើសុំ​ពី​ប្រទេស​អុីតាលី​ដែល​បាន​អំពាវនាវ​ឱ្យមាន“វិធានការ​ការពារ”ជាទូទៅ​លើ​ការ​រឹតបន្តឹង​ការនាំ​ចូល ឬ​ដាក់​ពន្ធ​នាំចូល​អង្ករ indica ឬ​អង្ក​រស​មកពី​ទាំង​ប្រទេស​កម្ពុជា និង​មី​យ៉ាន់​ម៉ា​នោះ ការស៊ើបអង្កេត​ជា​ផ្លូវការ​មួយ​ត្រូវបាន​ធ្វើឡើង​ដោយ​គណៈកម្មការ​របស់​EU។

បន្ទាប់ពី​ការស៊ើបអង្កេត​នេះ គណៈកម្មការ​របស់​EU បានចេញ​ឯកសារ​បង្ហាញ​ជាទូទៅ​របស់ខ្លួន​កាលពី​ថ្ងៃទី5 ខែវិច្ឆិកា​ដែល​តម្រូវឱ្យ​កម្ពុជា​បង់ពន្ធ​លើ​ការនាំចេញ​អង្ករ​ទៅ ​EU ក្នុង​រយៈពេល 3ឆ្នាំ​ជាមួយនឹង​ពន្ធគយ​នាំចូល 175ដុល្លារ​ក្នុង1តោន​នៅ​ឆ្នាំ​ដំបូង។

ឧស្សាហកម្ម​ស្រូវ​អង្ករ​របស់​ប្រទេស​កម្ពុជា​បានអះអាងថា វិធានការ​ការពារ​រ​បស់ ​EU គួរតែ​បែងចែក​ប្រភេទ​អង្ករ។ ភាគច្រើន​អង្ករ​កម្ពុជា​ដែល​នាំ​ចេញទៅ​ EU 55%ជា​អង្ករ​ក្រអូប​ដែល​ពិបាក​ក្នុង​ការដាំដុះ​នៅក្នុង​អាកាសធាតុ​នៅក្នុង​បណ្ដា​ប្រទេស​ EU។

ក្នុងជំនួប​ជាមួយ​លោក PHILIPPE BAUDRY ប្រធានការិយាល័យ​រត​នាគារ​បារាំង​ប្រចាំ​នៅ​កម្ពុជា និង​ទ្បា​វ ឯកឧត្តម សុខ ពុ​ទ្ធី​វុ​ធ​បាន​លើក​ពី​ចំណុច​មិន​សម​ហេតុផល​ដែល​បាន​លើកទ្បើង​ក្នុង​សំណើ​ដាក់​គំនាប​ពន្ធ​លើ​អង្ករ​កម្ពុជា​ដោយ​ប្រទេស​អុីតាលី និង​អេ​ស្ប៉ា​ញ និង​ការរួម​ប​ញ្ជូ​ល​គ្នា​នៃ​ការនាំចេញ​អង្ករ​កម្ពុជា និង​មី​យ៉ាន់​ម៉ា​របស់​គណៈកម្មការ​ស​ហគ​មន៍​អឺរ៉ុប។

ឯកឧត្តម​ក៏បាន​លើកទ្បើង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ ការធ្វើ​ទំនើបកម្ម និង​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ទៅកាន់​តំបន់ផ្សេងៗតាមរយៈ​ការសហការ​គ្នា​រវាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ជាមួយនឹង​ក្រសួងពាណិជ្ជកម្ម​កំពុងតែ​សិក្សា​ដើម្បី​ចុះ ​GI (ម៉ាក​សម្គាល់​ភូមិសាស្ត្រ) លើ​ការដាំដុះ​ស្រូវ​របស់​កម្ពុជា ក៏ដូចជា​ការពង្រឹង​ទៅលើ​គុណភាព​នៃ​ការផលិត​រហូត​ដល់ទី​ផ្សារ​ដែល​បង្កើត​នូវ​ម៉ាក​វិញ្ញាតកម្ម“ម្លិះ​អង្គរ”ធានា​នូវ​ទំនុកចិត្ត និង​គុណភាព​អង្ករ​កម្ពុជា​ដែលមាន​ស្តង់ដារ​ខ្ពស់​សម្រាប់​ការនាំចេញ។

លោក នង វាសនា អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ក៏បាន​បញ្ជាក់បន្ថែម​អំពី​ការដែល​ប្រទេស​អុីតាលី និង​ប្រទេស​អេ​ស្ប៉ា​ញ​បាន​លើកទ្បើង​នោះ​ថា ពិតជា​មិន​ត្រឹមត្រូវ​ទេ ដោយសារតែ​អង្ករ​របស់​កម្ពុជា​ខុសពី​អង្ករ​របស់​ប្រទេស​អុីតាលី និង​អេ​ស្ប៉ា​ញដោយ​ប្រភេទ​អង្ករ​របស់​ប្រទេស​កម្ពុជា​ជា​ប្រភេទ​អង្ករ Indica Rice ប៉ុន្តែ​នៅ​ប្រទេស​អុីតាលី និង​អេ​ស្ប៉ា​ញ​វិញ គឺ​ដាំ​ប្រភេទ​ស្រូវ Japonica Rice ។

លោក នង វាសនា បានបញ្ជាក់​ថែមទៀត​ថាសូម្បីតែ​សហគមន៍​អ្នក​នាំចេញ និង​ទិញ​អង្ករ​នៅ​សហគមន៍​អឺរ៉ុប​ក៏បាន​ចេញ​លិខិត និង​សេចក្តីថ្លែងការណ៍​គាំទ្រ​អង្ករ​កម្ពុជា ហើយ​ស្នើសុំ​មិនឱ្យ​សហគមន៍​អឺរ៉ុប​ដក​ការលើកលែង​ពន្ធ​លើ​អង្ករ​ពី​កម្ពុជា​ដែរ។

ក្នុងនាម​អ្នក​នាំចេញ​ដ៏​សំខាន់​មួយ​លោក​ឧកញ៉ា សុង សារ៉ន បាន​ទទូច​ស្នើ​សុំឱ្យ​ប្រទេស​សហគមន៍​អឺរ៉ុប​ទម្លាក់ចោល​ការដាក់​គំនាប​ពន្ធ​មកលើ​អង្ករ​កម្ពុជា និង​ធ្វើការ​ពិនិត្យ​អង្កេត​ឡើងវិញ ប្រកបដោយ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ រួមទាំង​ញែក​ឱ្យដាច់​រវាង​អង្ករ​កម្ពុជា និង​អង្ករ​របស់​មី​យ៉ាន់​ម៉ា ព្រោះ​អង្ករ​កម្ពុជាដែល​នាំទៅ​អឺរ៉ុប ភាគច្រើន​ជា​អង្ករ​ក្រអូប ដែល​អឺរ៉ុប​មិនអាច​ផលិត​បាន។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ចាត់ទុកថា ប្រសិនបើ​មានការ​ដាក់​វិធានការ​របស់​អឺរ៉ុប​មកលើ​អង្ករ​កម្ពុជា​ក្នុងពេលឆាប់ៗមែន​នោះ វា​នឹង​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​អ្នករស់នៅ​អឺរ៉ុប​ខ្លួនឯង ព្រោះ​តម្លៃ​អង្ករ​នាំ​ចូលទៅ​សហគម​អឺរ៉ុប​នឹង​កាន់តែ​ឡើងថ្លៃខ្ពស់ជាង​មុន​បន្ទាប់ពី​បូក​តម្លៃ​ពន្ធ​រួច ដូច្នេះ​ការសម្រេច​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​អ្នក​នាំចេញ​អង្ករ និង​កសិករកម្ពុជា​ទេ តែ​ក៏​នឹង​ប៉ះពាល់​ដល់​ពាណិជ្ជករ​អ្នក​នាំចូល​អង្ករ​នៅ​អឺរ៉ុប​ជាច្រើន​នាក់ បើសិនជា​​ EU សម្រេច​ដាក់​ពន្ធ​នាំចូល​អង្ករ​ពី​កម្ពុជា៕

Advertisement