កម្ពុជា-ចិន​ព្រមព្រៀង​ កសាង​ច្រករបៀង​ដឹកជញ្ជូន​ភាគខាងត្បូង

ក្នុង​គោលបំណង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ប្រទេស​ក្នុង​តំបន់​ឱ្យមាន​ភាព​កាន់តែ​ប្រសើរឡើង រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន​បាន​ព្រម​ព្រៀម​កសាង​ច្រករបៀង​ភាគខាងត្បូង​ថ្មី​បន្ថែមទៀត​នៅពេល​ខាងមុខឆាប់ៗនេះ។

ការព្រមព្រៀង​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មើលឃើញថា វិនិយោគិន​ចិន​បាន​ចូលមក​បណ្តាក់ទុនរក​ស៊ី​លើ​វិស័យ​ជាច្រើន​នៅក្នុង​តំបន់ ជាពិសេស​នៅ​កម្ពុជាដូចជា​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ស្បែកជើង និង​សម្លៀកបំពាក់ វិស័យ​សំណង់ វិស័យ​ថាមពល​អគ្គិសនី និង​រ៉ែ ជាដើម។

ក្នុង​ដំណើរ​ទស្ស​និច្ច​ដ៏​កម្រ​មួយ​មកកាន់​កម្ពុជា ឯកឧត្ដម Zhou Kequin បាន​មានប្រសាសន៍ថាដើម្បី​លើកកម្ពស់​ការចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ និង​ដើម្បី​ស្វែងរក​កាលានុវត្តភាព​នៃ​វិស័យ​ដឹកជញ្ជូន រដ្ឋាភិបាល​ចិន​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការកសាង​ច្រករបៀង​ដឹកជញ្ជូន​ភាគខាងត្បូង និង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ខេត្ត Chongqing របស់​ចិន​បន្ថែមទៀត។

ឯកឧត្តម​បញ្ជាក់ថា ការព្រមព្រៀង​កសាង​ច្រករបៀង​បន្ថែម​ពីលើ​ច្រក​អន្តរជាតិ​ដែលមាន​ស្រាប់​នៅ​កម្ពុជា​នេះ គឺ​ដោយសារតែ​ខេត្ត​Chongqing របស់​ចិន​មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង ដូច​នៅ​ប្រទេស​កម្ពុជា​ដែរ ដែលជា​តម្រូវការ​ចាំ​ចាច់​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន​ថ្នល់ ពិសេស​បង្កើត​ច្រករបៀង​បន្ថែម​ក្នុងពេលឆាប់ៗនេះ ដើម្បី​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​បន្ថែមទៀត ដែល​អាច​ចំណេញ​ពេលវេលា ផ្តល់​សុវត្ថិភាព​ខ្ពស់ និង​សន្សំសំចៃ​ក្នុងការ​ចំណាយ​លើ​ការដឹកជញ្ជូន​ថែម​មួយកម្រិត​ទៀត។

ជាមួយគ្នានេះ​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក៏បាន​ថ្លែង​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​មួយផ្លូវ​មួយ និង​ច្រករបៀង​ដឹកជញ្ជូន​ភាគខាងត្បូង​នេះដែរ ព្រោះ​គម្រោង​នេះ​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​តំបន់។ ឯកឧត្តម​បញ្ជាក់ថា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​

កម្ពុជា ផ្តោតលើ​ការតភ្ជាប់​ផ្លូវថ្នល់ និង​ផ្លូវដែក​ជាមួយ​ប្រទេសជិតខាង ដូចជា​ប្រទេស​វៀតណាម ប្រទេស​ឡាវ ប្រទេស​ថៃ និង​ប្រទេស​ចិន​ជាដើម។ កម្ពុជា​ស្វាគមន៍​ចំពោះ​វិនិយោគិន​ទាំងអស់​មកពី​ខេត្ត​Chongqing ដែល​មានបំណង​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវថ្នល់ ផ្លូវ​ល្បឿន​លឿន និង​ផ្លូវដែក ដើម្បី​ត​ភ្ជាប់​ប្រទេស​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ និង​ប្រទេស​ចិន(ខេត្ត​យូ​ណាន) ព្រោះថា ប្រទេស​កម្ពុជា​បាន​បង្កើត​ច្រកចេញចូល​តែមួយ​ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅក្នុង​តំបន់។

ឯកឧត្តម វ៉ា​ស៊ឹម សូរិយា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន នៃ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជូ​នមានប្រសាសន៍​ពន្យល់ថា ច្រករបៀង​សមុទ្រ​ភាគខាងត្បូង​នៃ​ប្រទេស​មហា​អនុតំបន់​ទន្លេ​មេ​ង្គមាន​ចំនួន 2ខ្សែ ដែល​ខ្សែ​ទី1ចេញពី​សមុទ្រ​ក្នុងប្រទេស​ថៃ កាត់​តាម​ខេត្តកោះកុង​ប្រទេស​កម្ពុជា បន្ត​មក​ស្រុកស្រែ​អំ​បឹ​ល បន្ត​មក​ខេត្តកំពត រួច​ចេញ​ទៅដល់​ខេត្ត​ហា​ទៀង ប្រទេស​វៀតណាម និង​ច្រករបៀង​ភាគខាងត្បូង​ទី2 ចាប់ផ្តើម​ពី​ប្រទេស​មី​យ៉ាន់​ម៉ា ឆ្ពោះទៅ​ប្រទេស​ថៃ ភ្ជាប់​មក​ប្រទេស​កម្ពុជា ត្រង់​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​រួច​ត្រង់​ចូលមក​ក្រុងភ្នំពេញ និង​បន្តទៅ​ប្រទេស​វៀតណាម៕

Advertisement