ការ​ពុះ​ដីឡូត៍​លក់ ជួយ​ឱ្យ​អ្នកមាន​ចំណូល​ទាប​មាន​ដី​កម្មសិទ្ធិ​ផ្ទាល់ខ្លួន

និន្នាការ​នៃ​ការ​ពុះ​ដីឡូត៍​លក់​នៅ​តំបន់​ជាយក្រុង​នៅតែមាន​សក្តានុពល​ខ្លាំង​ជា​បន្តបន្ទាប់ ខណៈដែល​រដ្ឋាភិបាល​បានប្រកាស​ស្ថាបនា​ផ្លូវជាតិ​ឡើងវិញ ជាពិសេស​ផ្លូវជាតិ​លេខ3 និង​លេខ4ដែលជា​ផ្លូវ​សេដ្ឋកិច្ច​សំខាន់​ជាងគេ​ក្នុងប្រទេស​កម្ពុជា​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ពី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​កំពង់ផែ​ទឹក​ជ្រៅ​នៅ​មាត់សមុទ្រ​ខេត្តកំពត​ក៏ដូចជា​ខេត្ត​ព្រះសីហនុ​ដែរ។

លោក សុខ ប៊ុនធឿន ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ភ្នាក់ងារ​អចលនទ្រព្យ​ដី​មាស ដែល​កំពុង​ទទួល​គម្រោង​លក់​ដីឡូត៍​ផ្តាច់មុខមួយកន្លែង​នៅក្រោយ​ផ្សារ​អង្គស្នួល​ផ្លូវជាតិ​លេខ4 មានប្រសាសន៍ថា ការ​ពុះ​ដីឡូត៍​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ4 ពិត​ជាមាន​សកម្មភាព​ខ្លាំងឡើងៗប្រាកដ​មែន ខណៈដែល​រដ្ឋាភិបាល​ទ​ទួលបាន​ជំនួយ​ចំនួន 110លាន​ដុល្លារ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​ដើម្បី​ស្ថាបនា​ផ្លូវជាតិ​លេខ4ឡើងវិញ ហើយ​មន្ត្រី​ជំនាញ​ក៏បាន និង​កំពុង​ធ្វើ​សកម្មភាព​ពង្រីក​ក៏ដូចជា​កំពុង​ស្ថាបនា​ផ្លូវ​អ៊ុត​កៅស៊ូ​ជាបណ្តើរៗ និង​បាន​កំពុង​ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ​ពេលយប់​ចាប់ពី​ចំណុច​រង្វង់​មូល​ចោមចៅ​រហូត​សាលា​យោធា​កំបូល និង​កំពុង​ស្ថាបនា​ឆ្ពោះទៅ​មុខជា​បន្តបន្ទាប់​ទៀត​នោះ។

លោក​បានបន្តថា ខណៈ​សកម្មភាព​ពុះ​ដីឡូត៍​កំពុងមាន​សកម្មភាព​កាន់តែ​គគ្រឹកគគ្រេង​នោះ គេ​ឃើញ​ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​បាន និង​កំពុង​សម្រុក​ទិញ​ដីឡូត៍​កាន់តែច្រើនឡើងៗដែរ ទន្ទឹមគ្នា​នោះ អ្នក​ដែលមាន​ចំណូល​ទាប និង​មធ្យម និង​កម្មករកម្មការិនី​រោងចក្រ​ភាគច្រើន​ក៏បាន​នាំគ្នា​ទិញ​ទុក​សម្រាប់​សង់​លំនៅឋាន​រស់នៅ​ផ្ទាល់​ជាជាង​ជួល​ផ្ទះ​គេ​នៅ​ផងដែរ។ សម្រាប់​កម្មករ-កម្មការិនី​ភាគច្រើន​មិនមាន​ប្រាក់​គ្រប់​ចំនួន​ដើម្បី​ទិញ​ដី​នោះទេ ប៉ុន្តែ​ពួកគាត់​អាចមាន​លទ្ធភាព​មក​ប​ង់​ត្រឹម 30ភាគរយ ហើយ​សល់ 70ភាគរយ​ទៀត​អាច​បង់​រំលស់​បន្ត​ជាមួយ​ក្រុមហ៊ុន​រយៈពេល2 ទៅ 3ឆ្នាំ​ដោយ​មិនមាន​ការប្រាក់​ទៀតផង។

សម្រាប់​អតិថិជន​មួយចំនួនទៀត ដែលជា​អ្នកមាន​ចំណូល​ចាប់ពី​មធ្យម​ឡើងទៅ ពួកគាត់​ទិញ​ដីឡូត៍2 ឬ 3ឡូត៍ ខ្លះទៀត​ដល់5 ឬ10ឡូត៍​ក៏មាន​ដើម្បី​ទុក​លក់​យកប្រាក់​ចំណេញ​រយៈពេល​ខ្លី​ត្រឡប់មកវិញ។ សម្រាប់​ក្រុមហ៊ុន​លោក កាលពី​មិនទាន់​ចាក់ដី និង​លក់​មុន​បើក​គម្រោង​ (Pre-Sell) តម្លៃ​ត្រឹមតែ 7,500ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឡូត៍ លុះ​ពេល​ក្រុមហ៊ុន​ចាក់ដី​រួច​តម្លៃ 9,800ដុល្លារ​ក្នុង​មួយ​ឡូត៍ហើយ​លោក​បន្ថែមថា ពេល​ក្រុមហ៊ុន​ចាក់​ផ្លួ​វ​បេតុងដាក់លូ និង​រៀបចំ​ប្រព័ន្ធ​ទឹក​ភ្លើង​ចូល​ដីឡូត៍​ជូន​អតិ-ថិជន​រួច ក្រុមហ៊ុន​នឹង​លក់​ឡើងថ្លៃ​ដល់12,000ដុល្លារ​ក្នុង​មួយ​ឡូត៍។ ហើយ​ពេលនោះ​អតិថិជន​ដែល​ទិញ​មុន​គម្រោង​អាចដាក់​លក់​តម្លៃ​ស្មើ​ក្រុមហ៊ុន​បាន ដែល​នឹង​អាច​រកប្រាក់​ចំណេញ​បាន​ច្រើន​ចន្លោះ​ពី3,000 ទៅដល់5,000ដុល្លារ​ឯណោះ​ក្នុង​មួយ​ឡូត៍​ត្រឹម​រយៈពេល​តែ​ជាង2ខែ​ប៉ុណ្ណោះ។

ជាមួយគ្នានេះ លោក ស្រ៊ុ​យ ថា​រិ​ទ្ធិ ប្រធាន​ផ្នែក​លក់​ដីឡូត៍​មួយកន្លែង​នៅ​ជិត​ផ្សារ​ព្រៃទទឹង ក្បែរផ្លូវ​រថភ្លើង​កាត់​តាមផ្លូវ​ជាតិ​លេខ3 ក៏មាន​ប្រសាសន៍​ស្រដៀង​គ្នា​ដែរ​ថា សកម្មភាព​សាងសង់​សំណង់ផ្ទះ​ល្វែង​លក់ និង​សកម្មភាព​ពុះ​ដីឡូត៍​លក់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3 ចាប់ពី​រង្វង់​មូល​ចោមចៅរហូតដល់​គីឡូម៉ែត្រ​ទី13 ឬ​ហួស​ពី​ហ្នឹង​ទៅមុខ 5គីឡូ​ទៀត កំពុង​តែមាន​សកម្មភាព​សស្រោកសស្រាំ​ខ្លាំងឡើងៗ ដំណាលគ្នា​នឹង​សកម្មភាព​ជីក​កាយ​ដី​ខូច​ចេញ ចាក់ដី​ល្អ​ចូល​ជំនួស​ដើម្បី​ស្ថាបនា​ផ្លូវជាតិ​លេខ3នេះ។

លោក​មានប្រសាសន៍ថា តម្លៃ​ដី​នៅ​ម្តុំ​ផ្សារ​ព្រៃទទឹង កាលពី​អំឡុង​រដូវវស្សា តម្លៃ​ដីឡូត៍​នៅ​ទីនោះ​ជា​មធ្យម​មានតម្លៃ​ត្រឹមតែ 4,000 ទៅ5,000ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​តម្លៃ​ខាងលើនេះ​មិនអាច​រក​ទិញ​បាន​ទៀត​ទេ គឺ​ឡើងថ្លៃ​ទ្វេ​មួយ​គុណ​នឹង​ពីរ ឬ​គុណ​នឹង3ក៏មាន ព្រោះថា តម្លៃ​ដី​នៅ​ម្តុំ​នោះ​ឡើងដល់​ជិត 1ម៉ឺន​ដុល្លារ ឬ​លើសពី 1ម៉ឺន​ដុល្លារ​ទៅតាម​ជួរមុខ​ជួរ​ក្រោយ ដោយ​អតិថិជន​មាន​តាម​ប្រភេទ ដូចជា​អ្នកមាន​ចំណូល​ខ្ពស់ ចំណូល​មធ្យម និង​ចំណូល​ទាប​ដូចគ្នា ដែល​អ្នកខ្លះ​បើ​មានលទ្ធភាព គាត់​បង់​ផ្តាច់ អ្នកខ្លះ​មិនមាន​លទ្ធភាព​ក៏បង់​មុន 30% ហើយ​បង់​រំលស់​ជាមួយ​ក្រុមហ៊ុន ឬ​ជាមួយ​ធនាគារ​ក៏មានដែរ។

អ្វីដែល​ធ្វើឱ្យ​តម្លៃ​ដី​នៅតាម​ផ្លូវជាតិ​លេខ3 រឹតតែ​មានតម្លៃ​ថ្លៃ​ដូច្នេះ ទីមួយ​គឺ ដោយសា​ររដ្ឋាភិបាល​កំពុង​ស្ថាបនា​ផ្លូវជាតិ​ពី​រង្វង់​មូល​ចោមចៅ​ឆ្ពោះទៅ​កំពង់ផែ​ទឹក​ជ្រៅ​ខេត្តកំពត ហើយ​រោងចក្រ​ឧស្សាហកម្ម​នានា​ក៏​កំពុង​រំ​កឹ​ល​ខ្លួន​ចេញពី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ចេញទៅ​តំបន់​ជាយក្រុង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ3 និង​លេខ4នេះដែរ។

លោក សៅ សា​ខុំ សហប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ថោ​ន​ស៊ី​ធី រៀល អុីស្តេត ខូ អិ​ល​ធី​ឌី មានប្រសាសន៍​ទទួលស្គាល់​ថា ការ​ពុះ​ដីឡូត៍​លក់​នៅ​តំបន់​ជាយក្រុង ជាការ​រួមចំណែក​ដ៏​សំខាន់​ក្នុងការ​ផ្តល់ឱកាស​ឱ្យ​អ្នកមាន​ចំណូល​ទាប និង​មធ្យម​មាន​អចលនទ្រព្យ​នៅក្នុង​ដៃ​ដែល​អំណោយផល​ដល់​ពួកគាត់​ដើម្បី​សាងសង់​ផ្ទះ​រស់នៅ​ផ្ទាល់ខ្លួន សម្រាប់​បំពេញការងារផ្សេងៗ មិន​លំបាក​ជួល​រស់នៅ​គេ​តទៅទៀត ធ្វើឱ្យ​គ្រួសារ​មាន​លំនឹង​មាន​ក្តីសង្ឃឹម​ទៅលើ​អនាគត​របស់ខ្លួន ដូច​ពាក្យ​ដែល​គេ​តែង​លើកឡើងថា មាន​ដី មានសង្ឃឹម។

លោក​បន្តថា សម្រាប់​អ្នកមាន​ចំណូល​ទាប និង​មធ្យម អ្នកធ្វើការ​ក្រុមហ៊ុន សហគ្រាស ឬ​នៅតាម​រោងចក្រ​នានា ក៏​អាចមាន​ឱកាស​ទិញ​ដីឡូត៍​សាងសង់​ផ្ទះ​នៅ​ដោយ​ខ្លួនឯង​បានដែរ។ បើ​យើង​មាន​លុយ​មិន​គ្រប់​សង់ផ្ទះ​ឱ្យតែ​មាន​លុយ​ទិញ​ដី ទិញ​រួច​អាច​យក​ប្លង់ដី​ទៅ​ដាក់​ធនាគារ​យកលុយ​ស​ង់​ផ្ទះ​រស់នៅ​ខ្លួនឯងបាន ទោះជា​អស់​ការប្រាក់​បន្តិច​ក្ដី ប៉ុន្តែ​ប្រសើរ​ជាង​ជួល​ផ្ទះ​គេ​នៅ​ដែរ និង​ដោយសារ​បច្ចុប្បន្ន​ការផ្តល់​កម្ចី​ទិញ​ដី ឬ​សង់ផ្ទះ​មាន​ភាពងាយស្រួល​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ។ លោក​បន្ថែមទៀតថា ចំណែក​អ្នកមាន​លុយ​តិច​ក៏​អាច​ទិញ​បានដែរ គ្រាន់​តែមាន​ប្រាក់30% អាច​យក​ប្លង់ដី​ទៅ​ដាក់​ធនាគារ​បាន ហើយ​កុំ​ខ្លាច​អស់​ការប្រាក់ ព្រោះថា ការប្រាក់​ធនាគារ​មិន​ច្រើន​ទេ និង​ឡើង​មិនទាន់​ថ្លៃ​ដី​ទេ។ ជួនកាល​ទិញ​ហើយ 2 ទៅ 3ខែ​គេ​អាច​រកប្រាក់​ចំណេញ​បាន 3 ទៅ 4ពាន់​ដុល្លារ​ក៏មាន។

តែ​យ៉ាងណាក្ដី ការទិញ​ដី ត្រូវ​ចេះ​មើល​ពី​គម្រោង​ឱ្យ​ច្បាស់លាស់ ដី​ដែល​ល្អ ដី​ដែល​អាច​សង់ផ្ទះ​នៅបាន ឬ​ដី​ទុក​លក់​ដើម្បី​ទទួលបាន​ប្រាក់ចំណេញ​លឿន​ត្រឡប់មកវិញ ហើយ​ការទិញ​ដី កុំ​ជឿ​តាម​សម្តី​គេ ពោលគឺ​ត្រូវ​ទុកចិត្ត​លើ​ខ្លួនឯង។ ជួនកាល​ដីឡូត៍​នៅ​កណ្តាលវាល សុទ្ធ​តែព្រៃ ទោះជា​តម្លៃថោក​មែន តែ​ទិញ​ហើយ​អាច​កប់​ថ្លៃ​នៅ​ទីនោះ​តែម្ដង ស្មើនឹង​យើង​យកលុយ​ទៅ​ទុកចោល​ហាលថ្ងៃ​ហាលភ្លៀង លក់​វិញ​មិន​ចេញ សង់ផ្ទះ​នៅ​ក៏​មិនកើត នាំឱ្យ​ខាតបង់​ប្រាក់ បាត់បង់​ឱកាស​យកលុយ​ទៅ​បង្វិល​រកស៊ីផ្សេងៗ ជាដើម។ ជាមួយគ្នានេះ លោក​ស្នើឱ្យ​អតិថិជន​ជា​អ្នកទិញ​ត្រូវ​ចេះ​មើល​គម្រោង​របស់​ម្ចាស់​ដីឡូត៍​ផង​ថា តើ​ពួកគាត់​បាន​សាងសង់​ផ្លូវ​បេតុង 8ម៉ែត្រ​ក្នុង​ដីឡូត៍​ដែរឬទេ? បានដាក់​ប្រព័ន្ធ​លូ ត​បណ្តាញទឹក​ភ្លើង​ឱ្យ​យើង​ទៅតាម​សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​ដែរឬទេ? ហើយ​បើ​គ្មាន​ផ្លូវ​បេតុង​គួរ​ពិចារណា​ឱ្យ​ច្បា​ស់សិន មុននឹង​សម្រេចចិត្ត​ទិញ ព្រោះថា ពេល​សង់ផ្ទះ​យើង​ត្រូវដាក់​ប្រព័ន្ធ​លូ ត​ទឹក ត​ភ្លើង​ចូល​ទៀតប្រាកដជា​ត្រូវ​ចំណាយ​ខ្ពស់។ ជាមួយគ្នានេះ​ម្ចាស់​ដីឡូត៍​ត្រូវ​ចៀសវាង​ដាច់ខាត​យក​ប្លង់​រួម​ទៅ​ដាក់​ធនាគារ​ហើយ​មក​ពុះ​ឡួ​ត៍​តាម​ក្រោយ ព្រោះនេះ​ជា​សកម្មភាព​ល្មើសច្បាប់​តែម្តង ព្រោះ​កាលពី​ពេលកន្លងមក ធនាគារជាតិ​បានចេញ​សេចក្តីជូនដំណឹង​មួយ​ទៅដល់​គ្រប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ហាម​មិនឱ្យ​ទទួលយក​ការដាក់​បញ្ចាំ​ប្លង់ដី​រួម​ដែល​កំពុងពុះ​ឡូត៍​លក់​នោះទេ បើសិនជា​រកឃើញ​ករ​ណី​ដូចនេះ ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នោះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់៕

Advertisement