មិនធម្មតា​ទេ ត្រីងៀត​ខ្មែរ​ល្បី​ខ្លាំង​នៅ​បរទេស រហូត​ផលិត​លក់​មិនទាន់

ដោយ​ឈរលើ​គុណភាព រសជាតិ និង​អនាម័យ​ខ្ពស់ បានធ្វើឱ្យ​ត្រីងៀត​របស់​ខ្មែរ​ទទួលបាន​ការគាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ មិនថាតែ​ទីផ្សារ​ក្នុងស្រុក ឬ​ក្រៅ​ស្រុក​នោះទេ គឺ​ផលិត​លក់​មិនទាន់​តម្រូវការ​កុម្ម៉ង់​ទិញ​របស់​អតិថិជន​ឡើយ។

លោក វណ្ណ យូ​រ៉ា អ្នកគ្រប់គ្រង​ទូទៅ​នៅ​សិប្បកម្ម​ផលិត​ត្រីងៀត​ស្រី​ម៉ៅ មាន​ទីតាំងនៅ​ផ្សារ​ទួលទំពូង ខណ្ឌចំការមន រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា សិប្បកម្ម​ផលិត​ត្រីងៀត​ស្រី​ម៉ៅ បានចាប់ផ្តើម​ធ្វើ​អាជីវកម្ម​ដំបូងជា​លក្ខណៈ​គ្រួសារ​ចាប់តាំងពី​ឆ្នាំ1995មក បើ​គិត​មកទល់​ពេលបច្ចុប្បន្ន​គឺមាន​អាយុកាល​ប្រមាណ​ជាជាង 20ឆ្នាំ​ទៅហើយ។

លោក​បន្តថា ដោយសារតែ​រសជាតិ​ឆ្ងាញ់​ប្រចាំត្រកូល​របស់ខ្លួន ត្រីងៀត​ស្រី​ម៉ៅ​ត្រូវបាន​អតិថិជន​កុម្ម៉ង់​ទិញ​ច្រើន​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា និង​ទីផ្សារ​ក្រៅប្រទេស ដូចជា សហរដ្ឋអាមេរិកកាណាដា អង់គ្លេស អូស្ត្រាលី ហូ​ឡង់ និង​ហ្វាំ​ងឡង់​ជាដើម និយាយ​ជារួម ប្រទេស​ណា​ដែលមាន​ប្រជាជន​ខ្មែរ​រស់នៅ ត្រីងៀត​នេះ​ត្រូវបាន​បងប្អូន​របស់​ពួកគេ​ដែល​រស់នៅ​ស្រុក​ខ្មែរ​ទិញ​ផ្ញើ​ទៅ​ស្ទើរតែគ្រប់ៗគ្នា រហូត​ទិញ​ត្រី​ស្រ​ស់មក​ផលិត​មិន​គ្រប់គ្រាន់​តាម​ការ​កុម្ម៉ង់​ទិញ​របស់​អតិថិជន​ទៀតផង។ សម្រាប់​អតិថិជន​ដែល​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ​អាច​រក​ទិញ​បាន​នៅ​ផ្សារ​ទួល​ទំពូង ផ្សារ​ធំថ្មី និង​ផ្សារ​អូរឫស្សី​ដែលជា​ផ្សារ​ ហើយសម្រាប់​អ្នក​ដែល​មិនមាន​ពេលវេលា​គ្រប់គ្រាន់ អាច​កុម្ម៉ង់​ទិញ​តាម​ហ្វេ​ស​ប៊ុ​កបាន(ត្រីងៀត​ទួល​ទំពូង) ព្រោះ​ត្រីងៀត​ស្រី​ម៉ៅ​មាន​សេវា​ដឹកជញ្ជូន​ដល់ទី​កន្លែង​ទៀតផង។

លោក​បាន​បន្តទៀតថា ដំបូង​ឡើយ សិប្បកម្ម​ផលិត​ត្រីងៀត​ស្រី​ម៉ៅ​នេះ យកតែ​ត្រី​ធម្មជាតិ​មក​ផលិត​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​ត្រី​ធម្មជាតិ​នៅ​ប្រទេស​កម្ពុជា​កាន់តែ​ពិបាក​រក​ឡើង ជាពិសេស​នៅ​រដូវប្រាំង​មិនមាន​ត្រី​ធម្មជាតិ​ផ្គត់ផ្គង់ ក្រុមគ្រួសារ​ក៏បានសម្រេចចិត្ត​ទិញ​ត្រី​នៅលើ​ទីផ្សារ មិនថាតែ​ត្រី​ស្រែ ឬ​ត្រី​ចិញ្ចឹម​នោះទេ សំខាន់​គឺធ្វើឡើង​តាម​គោលការណ៍​អនាម័យ​ខ្ពស់ រសជាតិ​ឆ្ងាញ់ គឺ​អតិថិជន​ទទួលយកបាន​ហើយ។ សម្រាប់​សិប្បកម្ម​ផលិត​ត្រីងៀត​ស្រី​ម៉ៅ​នេះ​មិន​ប្រើ​សារធាតុ​រក្សា​គុណភាព ឬ​សារ​ធាតុគីមី​ដើម្បីឱ្យ​ទុក​ផលិតផល​បានយូរ ដូច​ផលិតផល​ត្រីងៀតផ្សេងៗដែល​លក់​នៅលើ​ទីផ្សារ​មួយចំនួន​នោះឡើយ ហើយ​បើ​អតិថិជន​ចង់ដឹងគឺ​ខាង​សិប្បកម្ម​នឹង​ជម្រាប​ប្រាប់​ពី​វិធីសាស្រ្តធ្វើយ៉ាងណា​ដើម្បី​ទុក​ដាក់ឱ្យ​បានល្អ​សម្រាប់​ទុក​ហូប​ឱ្យបាន​យូរ​ខែទៀតផង។

សម្រាប់​អតិថិជន​ដែល​ទិញ​យកទៅ​ផ្ញើ​បងប្អូន​នៅក្រៅ​ប្រទេស គាត់​អាច​រក្សាទុក​ក្នុង​ទូទឹកកក​ដែល​ត្រជាក់​រហូត​ដល់ក​កបាន ដោយ​អាច​រក្សាទុក​បានយូរ​រ​ហូត​ដល់​ទៅ5 ឬ6ខែ​ឯណោះ និង​បើ​ដាក់​ក្នុង​ទូទឹកកក​ក្នុង​សីតុណ្ហភាព​ត្រជាក់​ធម្មតា អាច​រក្សាទុក​បាន​ចន្លោះ​ពី2 ទៅ3ខែ​ដែរ ប៉ុន្តែ​ជួល​កាល​អាចមាន​ដុះ​ផ្សិត​ឡើង​នៅលើ​សាច់​ត្រីខ្លះៗដែរ ប៉ុន្តែ​ទោះជា​ឡើង​ផ្សិត​ក៏ដោយ ក៏​គេ​អាច​យក​ត្រីងៀត​ទៅ​លាង​សម្អាត​ចេញ​ឱ្យ​ស្អាត ហើយ​យកមក​ចម្អិន​ពិសា​បាន​ដូច​ធម្មតា​ដែរ។ បើ​និយាយ​ពី​រសជាតិ​វិញ ត្រីងៀត​ស្រី​ម៉ៅ​មាន 2រសជាតិ គឺ​រសជាតិ​ផ្អែម​ឡមៗ និង​រសជាតិ​ប្រៃ​ឡម។

សិប្បកម្ម​ត្រីងៀត​ស្រី​ម៉ៅ មាន​ត្រីងៀត 4ប្រភេទគឺ1-ហៅថា“ត្រីងៀត​ហ្វ៊ី​ឡេ” គឺជា​ត្រីងៀត​ផលិតឡើង​ពី​ត្រី​ឆ្តោ​ពន្លះ​យក​ស្បែក​ចេញ មួយ​គីឡូ​តម្លៃ 70,000រៀល។ 2-ត្រីងៀត​ត្រី​ឆ្តោ​នៅជាប់​ស្បែកតម្លៃ50,000រៀល។ 3-ត្រីងៀត​ត្រី​រ៉ស់ តម្លៃ45,000រៀល និង​ត្រីងៀត​ធ្វើ​ពី​ត្រី​អណ្តែង តម្លៃ35,000រៀល។ ក្នុងចំណោម​ត្រីងៀត​ទាំង 4ប្រភេទ​នេះ មានតែ​ត្រីងៀត​ហ្វ៊ី​ឡេ មួយ​ទេ​ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​នៅលើ​ទីផ្សារ ជាពិសេសស​ម្រា​ប់​នាំ​ចេញទៅ​ក្រៅប្រទេស។

សម្រាប់​រូបមន្ត​ផលិត​ត្រីងៀត​ឱ្យមាន​រសជាតិ​ឆ្ងាញ់ សិប្បកម្ម​បែប​គ្រួសារ​ខាងលើ​បាន​ប្រាប់ថាគ្មានអ្វី​លំបាក​ទេ មុនដំបូង​គេ​គ្រាន់តែ​យក​ត្រី​មក​ធ្វើ​ស្រ​ការចេញ រួច​លាង​នឹង​ទឹក​ឱ្យ​ស្អាត រួច​វះ​ជាចម្រៀកៗឱ្យបាន​ស្មើគ្នា​ល្អ ហើយ​ដា​ក់ស​ម្ងួ​ត​ឱ្យ​ស្រស់ទឹក​ល្អ រួច​ទើប​គេ​យកទៅដាក់​ក្លាស្សេ​ឱ្យ​សាច់​រឹង បន្ទាប់មក​ទើប​យកទៅ​ប្រឡាក់​គ្រឿង​មានដូចជា ស្ករ ប៊ីចេង ឬ​អំបិល ហើយ​គេ​អាច​បន្ថែម​រសជាតិ​ដោយ​ការដាក់​ខ្ទឹមស ម្ទេស រំដេង ឬ​ខ្ញី​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក​បរិភោគ។

អ្នកគ្រប់គ្រង​សិប្បកម្ម​ខាងលើ​បាន​រៀបរាប់ថា ការពិត​លោក​ក៏​ចង់​ពង្រីក​ចង្វាក់​ផលិតកម្ម​របស់ខ្លួន​ឱ្យ​កាន់តែ​ធំ​ឡើង​ដែរ ប៉ុន្តែ​ដោយសារ​មានការ​ប្រឈម​នឹង​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ដែល​ពុំ​សូវ​មាន​គ្រប់គ្រាន់ និង​ពុំមាន​ត្រី​ជាប់​ជាប្រចាំ ព្រោះ​រហូតមកទល់​ពេលបច្ចុប្បន្ន នៅ​មិនទាន់មាន​កសិករ​ណា​ម្នាក់​សហការ​ធ្វើជា​ដៃគូ​ផ្គត់ផ្គង់​ត្រី​ស្រស់​ឱ្យបាន​គ្រប់គ្រាន់​តាម​តម្រូវ​ការផលិត​នៅឡើយ​ទេ និង​បើសិនជា​សិប្បកម្ម​របស់លោក​អា​ចរក​ដៃគូ​ផ្គត់ផ្គង់​បាន​នោះ លោក​នឹងពង្រីក​ចង្វាក់​ផលិតកម្ម​ឱ្យបាន​កាន់តែ​ធំ​ជាងនេះទៀត ដើម្បី​ចែកចាយ​ឱ្យ​គ្រប់គ្រាន់​ទៅតាម​តម្រូវការ​ទីផ្សារ ក៏ដូចជា​ជួយ​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​ដើម្បី​ចូលរួម​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​យើង​។

សូមជម្រាបថា បច្ចុប្បន្ន​សិប្បកម្ម​ខាងលើ​អាច​ផលិត​ត្រីងៀត​បាន​ក្នុងមួយថ្ងៃៗចន្លោះ​ពី300 ទៅ 500គីឡូក្រាម តែ​ចំនួន​នេះ​ពេលខ្លះ​មិនអាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​នោះទេ ដោយសារ​តែមាន​អតិថិជន​មកពី​ក្រៅប្រទេស​កុម្ម៉ង់​ទិញ​ច្រើន ជាពិសេស​នៅ​រដូវ​នេះ​ដែលជា​រដូវ​វិស្សមកាល ប្រជាជន​ខ្មែរ​ដែល​រស់នៅ​បរទេស​នាំគ្នា​មកលេង​សាច់ញាតិ​នៅ​ស្រុក​ខ្មែរ​ច្រើន ហើយ​ដល់ពេល​ត្រឡប់​ទៅវិញ ពួកគាត់​តែង​ទិញ​ត្រីងៀត​យកទៅ​ច្រើន​ដើម្បី​ទុក​ហូប​ឱ្យបាន​យូរ​ខែ រហូតដល់​ខែកុម្ភៈ​ឆ្នាំ​ថ្មី​ខាងមុខ ទើប​ការ​កុម្ម៉ង់​ទិញ​របស់​អតិថិជន​ដែល​មកពី​ក្រៅប្រទេស​នោះ​មានការ​ថយចុះ​បន្តិច​វិញ៕

Advertisement