ផ្លែ​ប៉េងប៉ោះ​ឈើ​រី​កំពុងមាន​តម្រូវការ​ខ្លាំង​ក្នុង​ទីផ្សារ​ទំនើប

ផ្លែ​ប៉េងប៉ោះ(Tomato)ត្រូវបាន​គេ​ស្គាល់​ថាជា​បន្លែ​មួយ​ដែលមាន​តម្រូវការ​ទីផ្សារ​បរិភោគ​ច្រើន​គួរសម​នាពេល​បច្ចុប្បន្ន ជាពិសេស​ប្រភេទ​ផ្លែ​ប៉េង-ប៉ោះ​ថ្មី គឺ​ប៉េងប៉ោះ​ឈើ​រី​ត្រូវបាន​គេ​ស្គាល់​កាន់តែ​ច្រើនឡើង​បន្ទាប់ពី​មាន​ការដាំដុះ​ច្រើន និង​បានបង្ហាញ​វត្តមាន​នៅតាម​ផ្សារ​ទំនើប​ជា​បន្តបន្ទាប់ ធ្វើឱ្យ​បន្លែ​ប៉េងប៉ោះ​ឈើ​រី​ទទួលបាន​តម្រូវការ​ខ្ពស់​នៅក្នុង​ផ្សារ​ទំនើប​ទាំងនោះ ហើយ​តម្លៃ​ក៏បាន​ខ្ពស់​គួរសម​ដែរ ទើប​ធ្វើឱ្យ​កសិករ​មួយចំនួន​ងាក​មក​សង្វាត​ដាំ​បន្លែ​ប្រភេទ​ថ្មី​នេះ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ។

ប៉េងប៉ោះ​ឈើ​រី ត្រូវបាន​កសិករ​កម្ពុ​ជា​យើង​មួយចំនួន​នាំគ្នា​ដាំ​ជា​លក្ខណៈ​អាជីវកម្ម​ជា​បន្តបន្ទាប់​ដើម្បី​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​ក្នុងស្រុក។ ផ្លែ​ប៉េងប៉ោះ​ឈើ​រី​ត្រូវបាន​គេ​យកមក​ដាក់តាំង​លក់​នៅក្នុង “ពិព័រណ៍​ផលិតផល​ខ្មែរ និង​ផលិតផល​នាំចេញ-នាំចូល​កម្ពុជា​លើក​ទី13” នៅ​កោះ​ពេជ្រ​ដោយ“សមាគម​ត្រសក់-ផ្អែម​សៀមរាប​មានជ័យ”។

លោក វ៉ាន់ អៀន ប្រធាន​សមាគម​ត្រសក់ផ្អែម​សៀមរាប​មានជ័យ​បាន​មានប្រសាសន៍ថា សមាគម​យើង​មិនមែន​មាន​ដាំ​តែ​ដំណាំ​ត្រសក់ផ្អែម​តែមួយ​មុខ​ទេ យើង​នៅមាន​ដាំ​បន្លែ​បន្ទាប់បន្សំ​ទៀត​ជាច្រើន ដែល​ក្រៅពី​ដំណាំ​ត្រសក់ផ្អែម(3ប្រភេទ)ហើយ យើង​នៅមាន​ដំណាំ​ប៉េងប៉ោះ​ឈើ​រី ម្ទេស​ធម្មតា ម្ទេស​ប្លោក ត្រប់ស្រួយ ត្រសក់ ននោង ម្រះ ផ្កា​ខាត់ណា ខ្ទឹមបារាំង ក្រូចឆ្មារ និង​ប៉េងប៉ោះ​ខ្មែរ​ផងដែរ ដែល​ដំណាំ​ប៉េងប៉ោះ​ឈើ​រី​នេះ​ជា​ប្រភេទ​ដំណាំ​ចម្បង​ទី2 របស់​សមាគម​យើង​បន្ទាប់ពី​ដំណាំ​ត្រសក់ផ្អែម ព្រោះ​ដំណាំ​ប៉េងប៉ោះ​ឈើ​រី​នេះ យើង​បាន​ដាំ​ឆ្លាស់គ្នា​ជាមួយនឹង​ដំណាំ​ត្រសក់ផ្អែម​នៅលើ​ផ្ទៃដី​ប្រមាណ​ជា 265ហិកតា។

លោក​បានឱ្យដឹងថា ដើម្បីឱ្យ​ដើម​ប៉េងប៉ោះ​ផ្តល់​ទិន្នផល​ខ្ពស់ យើង​ត្រូវ​យល់ច្បាស់​ពី​បច្ចេកទេស​ដាំ​ដុះ និង​ថែទាំ​មួយចំនួន ដូចជា ការ​ភ្ជួររាស់​ដី​ទុកចោល មុនពេល​លើក​ជា​រង​យ៉ាងហោចណាស់​មួយ​សប្តាហ៍។ រងនីមួយៗមាន​ទំហំ​ទទឹង​ពី110 ទៅ120សង់ទីម៉ែត្រ មាន​កម្ពស់ 30សង់ទីម៉ែត្រ និង​ទុក​ចង្អូរ​កណ្ដាល​ទំហំ​ពី 20- 25សង់ទីម៉ែត្រ។ រងនីមួយៗត្រូវ​លើក​តាម​បណ្ដោយ​ថ្ងៃ​ពី​កើត ទៅ​លិច ដើម្បីឱ្យ​ដើម​ប៉េងប៉ោះ​ទទួលបាន​កម្ដៅថ្ងៃ​ច្រើន។ ចំពោះ​របៀប​ដាំ​ដុះ​វិញ គេ​តែង​ដាំ​តាម​ខ្នាត​ក្នុង​គម្លាត​គ្នា​ពី​ជួរ​មួយ​ទៅ​ជួរ​មួយ​ចម្ងាយ 80សង់ទីម៉ែត្រ គម្លាត​ពី​ដើម​មួយ​ទៅ​ដើម​មួយ​ចម្ងាយ 40 ទៅ 60សង់ទីម៉ែត្រ ចំណែកឯ​ទិន្នផល​វិញ អាស្រ័យទៅលើ​ពូជ​របស់​វា និង​កម្រិត​ជីជាតិ​របស់​ដី។

លោក វ៉ាន់ អៀន បាន​បញ្ជាក់ថា ដោយសារតែ​ប៉េងប៉ោះ​ឈើ​រី​នេះ​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​ដែល​ដាំ​ឡើង​ដោយ​ការបណ្ដុះ​កូន​ជាមុន ដូច្នេះ​វិធីសាស្ដ្រ​បណ្ដុះ​កូន​ដំបូង គឺ​គេ​ត្រូវយក​គ្រាប់ពូជ​ប៉េងប៉ោះ​ប្រភេទ​នេះ​ទៅ​ដាក់​ហាលថ្ងៃ​រយៈ 1-2ម៉ោង​ជាមុនសិន បន្ទាប់មក​ទើប​យក​គ្រាប់ពូជ​ទាំងនោះ​ទៅ​ត្រាំ​ក្នុង​ទឹក​ក្ដៅឧណ្ហ(30-40អង្សា)បន្ទាប់មកទៀត​ត្រូវ​លាង​នឹង​ទឹក​ឱ្យ​ស្អាត​ចំនួន 2-3លើក ទើប​យកទៅ​កប់​ក្នុង​ដីសើមៗរយៈពេល​មួយ​យប់ រួច​ទើប​យកទៅដាក់​បណ្ដុះ​ក្នុង​កន្ទោង​ស្លឹកចេក ឬ​សាប​លើ​ថ្នាល ដែល​បានរៀបចំ​រួចជាស្រេច ។

នៅក្នុង​កន្ទោង​បណ្ដុះនីមួយៗមាន​ដាក់​ដី​ដែល​លាយ​ជាមួយ​ស្រកីដូង 2ភាគ ដី​រែង​ម៉ដ្ឋ 1ភាគ ផេះ​អង្កាម 1ភាគ និង​អង្កាម1ភាគ បន្ទាប់មក​គេ​ដាក់​គ្រាប់ពូជ​ប៉េងប៉ោះ​នោះ​ចូលទៅ 2-3គ្រាប់ ហើយ​រោយ​ដី​លុប​ពីលើ បន្ទាប់មក​យក​ចំបើង​ស្ងួត​មក​គ្របពីលើ​កន្ទោង​បណ្ដុះ​ទាំងនោះ ហើយ​ស្រោច​ទឹក​ព្រឹក-ល្ងាច។ 2-3ថ្ងៃ​ក្រោយមក​កូន​ប៉េងប៉ោះ​នឹង​ដុះ​ឡើង​ពី​ដីពេលនោះ​ទើប​គេ​យកទៅដាក់​ដាំ​នៅលើ​រង និង​ក្រោយពេល​ដាំ​រួច គេ​ត្រូវ​ស្រោច​ទឹក​មួយថ្ងៃ​ម្តង​នៅពេល​ព្រឹក និង​ត្រូវ​ស្រោច​ជា​បន្តបន្ទាប់ 1សប្តាហ៍។ បន្ទាប់ពី​ដាំ​បាន​រយៈពេល 3ខែ យើង​អាច​ប្រមូល​ផល​បានជាបណ្ដើរៗ ដោយ​បេះយក​ផ្លែ​ណា​ដែល​ទុំ​ស្រគាល​ល្អ។

បើតាម​ប្រសាសន៍​របស់លោក វ៉ាន់ អៀន បានឱ្យដឹងថា នៅលើ​ផ្ទៃដី​ដែល​សមាគម​បាន​ដាំ​ដុះ​សព្វថ្ងៃនេះ​លោក​អាច​ប្រមូល​ផល​ក្នុង 1អាទិត្យ​បាន​ប្រមាណ​ជាង 300គីឡូក្រាម ទៅ 1តោន ឬ​ក្នុង1ខែ​អាច​ប្រមូលបាន​ជាង 3តោន ដែល​ទទួលបាន​ចំណូល​សរុប​ប្រមាណ​ជា 7,000,000រៀល និង​ក្នុង​មួយ​រដូវ​ដាំ​ដុះ​លោក​អាច​ប្រមូល​ផល​បាន​ពី 2 ទៅ 3ដង​ដែរ។

ដោយឡែក​រឿង​តម្លៃនៅលើទីផ្សារ លោក វ៉ាន់ អៀន បានឱ្យដឹងថា ប៉េងប៉ោះ​ឈើ​រី គឺជា​បន្លែ​ដែលមាន​តម្លៃ​មិនសូវ​ជា​ថ្លៃ​ប៉ុន្មាន​ទេ ដោយនៅ​ឆ្នាំនេះ​យើង​អាច​លក់ស្រស់ៗ(មិនបាច់​វេច​ខ្ចប់)បាន​តម្លៃ7,000រៀល​ដែរ​ក្នុង 1គីឡូក្រាម តែបើ​យើង​វេច​ខ្ចប់​ល្អ អាច​លក់បាន​ថ្លៃ​ដល់​ទៅ 8,000រៀល​ក្នុង1គីឡូក្រាម(វេច​ខ្ចប់​សម្រាប់តែ​បញ្ជូនទៅ​ផ្សារ​ទំនើប​ប៉ុណ្ណោះ) តែដោយសារ​សមាជិកសមាគម​របស់​យើង​មិនសូវមាន​ចំណេះដឹង​ខាង​ការ​វេច​ខ្ចប់​បានល្អ ទើប​អាច​លក់បាន​ត្រឹម​តម្លៃ 7,000រៀល​ប៉ុណ្ណោះ។

បច្ចុប្បន្ន​ផ្លែ​ប៉េងប៉ោះ​ឈើ​រី​របស់​សមាគម​ត្រសក់ផ្អែម​សៀមរាប​មានជ័យ​ត្រូវបាន​យកទៅ​ផ្គត់ផ្គង់​នៅក្នុង​ផ្សារ​ទំនើប​ឡាក់​គី និង​ផ្សារ​ម៉ាក្រូ​នៅ​ភ្នំពេញ ផ្សារ​អង្គរ និង​ផ្សារ​កសិករ​នៅ​ខេត្តសៀមរាប។ លោក​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា នា​ថ្ងៃ​ខាងមុខ​នឹងមាន​ការសាងសង់​ផ្សារ​ទំនើបថ្មីៗបន្ថែមទៀត​ច្រើន​នៅក្នុង​ខេត្តសៀមរាប រួមទាំង​ផ្សារ​ម៉ាក្រូ​សាខា​ខេត្តសៀមរាប​ទៀតផង ដូច្នេះ​សមាគម​នឹង​បង្កើន​ការដាំដុះ​ដំណាំ​បន្លែ​ធម្មជាតិ ឬ​សរីរាង្គ​ឱ្យបាន​សម្បូរបែប និង​ច្រើនឡើង ដើម្បី​បំពេញតម្រូវការ​របស់​ផ្សារ​ទំនើប​ទាំងនោះ​ក៏ដូចជា​តម្រូវ​ការហូប​ចុក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ផងដែរ។ លោក​បាន​បន្ថែមថាលោក​ក៏មាន​មហិច្ឆតា​ក្នុងការ​ពង្រីក​ផលិតកម្ម​ផ្លែ​ប៉េងប៉ោះ​ឈើ​រី​ដើម្បី​នាំ​ចេញទៅ​ក្រៅប្រទេស​ផងដែរ៕

Advertisement