EU នឹង​ផ្តល់ឱ្យ​កម្ពុជា​នូវ​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​សរុប​ចំនួន 115លាន​អឺរ៉ូ សម្រាប់​កម្មវិធី​ចំនួន 3

ទឹកប្រាក់​សរុប​ចំនួន 115លាន​អឺរ៉ូ (ជាង130លាន​ដុល្លារ)ត្រូវបាន​សហភាព​អឺរ៉ុប​កំពុង​រៀបចំ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ឱ្យ​កម្ពុជា​សម្រាប់​កម្មវិធី​ចំនួន3។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ជំនួប​រវាង​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយនឹង​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដែល​ជំនួប​នេះ ធ្វើឡើង​កាលពី​ពាក់កណ្ដាល​ខែធ្នូ ឆ្នាំ2018នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

លោក ច​ច អេ​ដ​ហ្គា (George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ថ្លែង​អះអាង​ក្នុងឱកាស​ដែល​លោក​បាន​ចូលជួប​ពិភាក្សា​អំពី​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា-សហភាព​អឺរ៉ុប​ជាមួយ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថា នៅពេលនេះ​សហភាព​អឺរ៉ុប​កំពុង​រៀបចំ​ផ្តល់ជំនួយ​ជា​ថវិកា​ចំនួន 115លាន​អឺ​រូ​ដល់​កម្ពុជា ដើម្បី​អនុវត្ត​នូវ​កម្មវិធី​ចំនួន3។

ក្នុង​ស្មារតី​បន្ត​ជំរុញ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ សម្រាប់​កម្មវិធី​ចំនួន3 រួមមាន៖  1- កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ចំនួន 22លាន​អឺរ៉ូ (ជិត 30លាន​ដុល្លារ)បន្ថែម។  2- កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន (ផ្នែក​នេសាទ)ចំនួន 87លាន​អឺរ៉ូ (ជាង98លាន​ដុល្លារ)និង3- កម្មវិធី​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាសធាតុ​កម្ពុជា ដំណាក់កាល​ទី3ចំនួន6លាន​អឺរ៉ូ (ជាង6,8លាន​ដុល្លារ) ទៀត។

ក្នុងជំនួប​ដ៏​មានតម្លៃ​នេះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក ច​ច អេ​ដ​ហ្គា និង​សហការី និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ​ផែ្ន​ក​ហិរញ្ញវត្ថុ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​រវាង​សហភាព​អឺរ៉ុប និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានបង្ហាញ​ការគាំទ្រ​ជាគោលការណ៍​ចំពោះ​សំណើ​កម្មវិធី​ទាំង3ខាងលើនេះ ព្រមទាំង​បាន​សន្យា​ជួយ​សម្របសម្រួល និង​សហការ​រៀបចំ​ជាមួយ​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​ដើម្បី​ឈានទៅ​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​ឱ្យទាន់​ដើមឆ្នាំ2019 ខាងមុខនេះ។

អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​សហភាព​អឺរ៉ុប ចំពោះ​ជំហរ​បន្ត​គាំទ្រ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​បន្ថែមទៀត ដែល​ឆ្លុះបញ្ចាំង​អំពី​សុភ​វិនិច្ឆ័យ​ចំពោះ​សមិទ្ធផល ដែល​រាជរដ្ឋាភិបាល​ខិតខំ​សម្រេចបាន៕

Advertisement