ការនាំចេញ​ជ័រកៅស៊ូ​កម្ពុជា មានការ​កើនឡើង​ក្នុង​រយៈពេល 11ខែ ឆ្នាំ2018 ខណៈ​តម្លៃ​ធ្លាក់ចុះ

ក្នុង​រយៈពេល 11ខែ​នៃ​ឆ្នាំ2018នេះ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​សរុប​ចំនួន​ជាង 18ម៉ឺន​តោន ដោយ​ទទួលបាន​ចំណូល​ជាង 250លាន​ដុល្លារ​អាមេរិក។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​នាយកដ្ឋាន​កៅស៊ូ។

របាយការណ៍​បញ្ជាក់ថា ចាប់ពី​ខែមករា ដល់​វិច្ឆិកា ឆ្នាំ2018កម្ពុជា បាន​នាំចេញ​ជ័រកៅស៊ូ​ចំនួន187,703តោន កើនឡើង23% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ2017។ តម្លៃ​កៅស៊ូ​បាន​ធ្លាក់ចុះ​ផងដែរ ដោយ​តម្លៃ​ជា​មធ្យម​ក្នុង​រយៈពេល 11ខែ​កន្លងមកនេះ​ក្នុង​កម្រិត 1,336ដុល្លារ​អាមេរិក​ក្នុង1តោន​ធ្លាក់ចុះ17%។

កាលពី​រយៈពេល 10ខែ​នៃ​ឆ្នាំ2018នេះ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជាង 16ម៉ឺន​តោន ទទួលបាន​ចំណូល 218លាន​ដុល្លារ។ របាយការណ៍​ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្នុង​រយៈពេល 10ខែ​កន្លងមកនេះ តម្លៃ​កៅស៊ូ​បាន​ធ្លាក់ចុះ​ក្នុង​កម្រិត 1,355ដុល្លារ​ក្នុង1តោន។

យោងតាម​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​បានឱ្យដឹងថា បច្ចុប្បន្ន​កម្ពុ​ជាមាន​រោងចក្រ​សិប្បកម្ម​កែច្នៃ​កៅស៊ូ​ចំនួន 139កន្លែង​ដោយ​អាច​ផលិត​កៅស៊ូ​ស្ងួត​បាន​ជាង 19ម៉ឺន​តោន​ក្នុង​មួយឆ្នាំ។ក្រុមហ៊ុន​ដែល​កំពុង​រកស៊ី និង​ដាំ​ដុះ​កៅស៊ូ​នៅ​កម្ពុ​ជាមាន​ចំនួន 129ក្រុមហ៊ុន ក្នុងនោះ​មាន 30ក្រុមហ៊ុន​ហើយ​ដែល​ប្រមូល​ផល និង​ធ្វើការ​នាំចេញ។

ក្នុង​ឆ្នាំ2017 ប្រាក់ចំណូល​បាន​ពី​ការលក់​ជ័រកៅស៊ូ​មាន​រហូតដល់​ជិត 300លាន​ដុល្លារ​អាមេរិក​ដែល​ចំណូល​នេះ​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុងការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច។ គិត​ក្នុង​រយៈពេល 11ខែ ឆ្នាំ2018នេះ ជ័រកៅស៊ូ​នាំចេញ​សរុប​ចំនួន​ជាង 18ម៉ឺន​តោន ប្រមូលបាន​ចំណូល​ជាង 250លាន​ដុល្លារ​អាមេរិក។

បច្ចុប្បន្ន​កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ​ចំនួន​ជិត 43ម៉ឺន​ហិកតា ក្នុង​ផ្ទៃដី​ដែលចៀរ​ជ័រ​បាន​មាន 20ម៉ឺន​ហិកតា ស្មើនឹង47% និង​ផ្ទៃដី​ថែទាំ​ជាង 22ម៉ឺន​ហិកតា ស្មើនឹង53%។ ប្រទេស​វៀតណាម​នៅតែ​ជាទី​ផ្សារ​សំខាន់​សម្រាប់​កៅស៊ូ​របស់​កម្ពុជា​ហើយ​រដ្ឋាភិបាល​កំពុង​ចរចា​ជាមួយ​ប្រទេស​ចិន​ដែលជា​អ្នក​នាំចូល​កៅស៊ូ​ធំ​បំផុត​ក្នុង​ពិភពលោក​ដើម្បី​ចាប់ផ្ដើម​នាំចេញ​ដោយផ្ទាល់។ កៅស៊ូ​របស់​កម្ពុជា​នាំចេញ​ទាំងស្រុង​ទៅកាន់​ប្រទេស​វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី ចិន និង​កូរ៉េខាងត្បូង៕

Advertisement