កម្ពុជា​ទទួលបាន​អ្នកដំណើរ​ប្រមាណ 10លាន​នាក់​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង3

អាកាសយានដ្ឋាន​អន្តរជាតិ​ចំនួន3 របស់​កម្ពុជា(អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​ក្រុងព្រះសីហនុ) នៅក្នុង​ឆ្នាំ2018នេះ ទទួលបាន​អ្នកធ្វើដំណើរ​ឆ្លងកាត់​បា​ន​ប្រមាណ 10លាន​នាក់ ដែល​ចំនួន​នេះ​មានការ​កើនឡើង 2លាន​នាក់ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ2017។

លោក Eric Delobel នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ការទទួល​បាន​អ្នកដំណើរ​ចំនួន​ប្រមាណ 10លាន​នាក់​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង3នោះ​ថា៖ “នេះ​ជា​មោទនភាព​មួយ​របស់​ប្រទេស​កម្ពុជា​ដែល​បាន​បម្រើ​សេវាកម្ម​ជូន​អ្នកដំណើរ​ចំនួន10លាន​នាក់​តាមរយៈ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង3 ដែល​នេះ​ជា​កំណត់ត្រា​ដំបូង​បំផុត​ដែលមាន​ការកើនឡើង​ចំនួន 2លាន​នាក់ ធៀប​នឹង​ឆ្នាំ2017 ដែល​មានតែ 8លាន​នាក់”។

លោក​បាន​បន្តថា នៅ​ឆ្នាំ1995 ពេល​ក្រុមហ៊ុន Cambodia Airport ត្រូវ​បានផ្តល់​ការទុកចិត្ត​ឱ្យធ្វើ-​ការអភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គឺមាន​អ្នកដំណើរ​ប្រមាណ​ត្រឹមតែ 5ម៉ឺន​នាក់​ប៉ុណ្ណោះ ដែល​តិចជាង​ដល់​ទៅ 20ដង បើ​ធៀប​នឹង​បច្ចុប្បន្ន។

ឯកឧត្តម វ៉ាន់ ណូ​រ៉ា​ក់ អគ្គនាយក​អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជា​បាន​មានប្រសាសន៍ថា៖“នេះ​ជា​ការតភ្ជាប់​កាន់តែ​ប្រសើរឡើង និង​កាន់តែ​ជោគជ័យ​ដែល​យើង​បាន​ច្របាច់​បញ្ចូល​គ្នា​រវាង​អាកាសយានដ្ឋាន​ទាំង3 ឱ្យក្លាយ​ទៅជា​សហគមន៍​តែមួយ គឺមាន​អ្នកដំណើរ 10លាន​នាក់​សម្រាប់​ដោយ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ និង​រឹងមាំ​រវាង​ដៃគូ​ពាក់ព័ន្ធ​របស់​អាកាសយា​ន​ដ្ឋា​ននីមួយៗអស់​រយៈពេល​ជាង 23ឆ្នាំ​ចុង​ក្រោយនេះ”។

ឯកឧត្តម​បានបញ្ជាក់​បន្តថា៖ “យើង​បាន​សហការ​បង្កើត​ស្តង់ដារ ជាពិសេស​ទំនាក់ទំនង​សន្តិសុខ និង​សុវត្ថិភាព ក៏ដូចជា​ការ​គាំពារ​បរិស្ថាន​ផងដែរ​ជាមួយ​ក្រសួងទេសចរណ៍​ក្នុងការ​ផ្សព្វផ្សាយ ប្រទេស​កម្ពុជា​ដែលជា​គោលដៅ​សម្រាប់​អ្នកដំណើរ។ បច្ចុប្បន្ន​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង3 កំពុង​បម្រើ​សេវាកម្ម​ជាង 60គោលដៅ។ ព្រលានយន្តហោះ​មិន​ត្រឹមតែ​ជា​ស្ថានីយ​ធ្វើដំណើរ និង​ការមកដល់​របស់​ភ្ញៀវ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​អ្នករៀបចំ​ប្រព័ន្ធផ្សេងៗនៅ Runways Aprons ផងដែរ”។

លោក Eric Delobel បាន​លើកឡើងថា ចំនួន​អ្នកដំណើរ​មានការ​កើនឡើង​នេះ គឺ​ដោយសារ​មានការ​ចូលរួមចំណែក​ពី​រដ្ឋាភិបាល ក្រសួងទេសចរណ៍ រដ្ឋលេខាធិការ​អាកាស​ចរ​ស៊ីវិល គយ និង​រដ្ឋាករ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ភ្នាក់ងារ​ឯកជន​ដែល​តែងតែ​គាំទ្រ​ជាប្រចាំ បាន​សហការគ្នា​ក្នុងការបង្កើត​បទដ្ឋាន​ស្តង់ដារ ជាពិសេស​ទាក់ទង​នឹង​សន្តិសុខ​សុវត្ថិភាព និង​ការសហការ​គាំពារ​បរិស្ថាន​ផងដែរ។

គួរ​បញ្ជាក់ដែរថា របាយការណ៍ 10ខែ​របស់​ក្រសួងទេសចរណ៍​បានបង្ហាញ​ឱ្យដឹងពី​ការមកដល់​របស់​ភ្ញៀវ​អន្តរជាតិ​ដែល​កើន​ដល់770,000 នាក់​នៅក្នុង​ខេត្ត​តំបន់ឆ្នេរ ដែល​កើនឡើង26,9% ធៀប​នឹង​រយៈពេល​ដូចគ្នា​ពី​ឆ្នាំមុន។ បច្ចុប្បន្ន​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង3 កំពុង​បម្រើ​សេវាកម្ម​ជាង60គោលដៅ​នៅ​ទូទាំង​ពិភពលោក ធ្វើយ៉ាងណា​ឱ្យមាន​អ្នកដំណើរ​ឆ្លងកាត់​បាន​ច្រើន ដោយ​តែ​ធ្វើ​កិច្ចពិភាក្សា​ជាប្រចាំ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​នានា ដើម្បី​ធ្វើឱ្យ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង3នេះ ក្លាយជា​ប្រតិបត្តិ​ករ ដែល​ទុកចិត្តបាន​សម្រាប់​បម្រើសេវា​កម្ម​ជូន​ដល់​អ្នកដំណើរ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ៕

Advertisement