វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា សម្ពោធ​អគារ​ស្តង់ដារ​អន្តរជាតិ​ថ្មី​សម្រាប់​និស្សិត​កម្ពុជា និង​បរទេស

ការអប់រំ​ផ្នែក​ពាណិជ្ជ​សាស្ត្រ និង​ហិរញ្ញវត្ថុ ជា​ផ្នែក​ដ៏​សំខាន់​មួយ​ដែល​កម្ពុជា​កំពុង​ត្រូវការ​ស្រប​ពេលដែល​វិស័យ​ធនាគារ-ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​កំពុងមាន​ការរីកចម្រើន​យ៉ាងខ្លាំង។ ដោយ​មើលឃើញ​ពី​សារៈសំខាន់​នៃ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​លើ​វិស័យ​ទាំងអស់នេះ វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី បានធ្វើការ​សម្ពោធ​ជា​ផ្លូវការ​នូវ​អគារ​ថ្មី​ស្របតាម​ស្តង់ដារ​អន្តរជាតិ​របស់ខ្លួន​ដើម្បី​ផ្តល់ឱកាស​ឱ្យ​សិស្ស-និស្សិត​នៅ​កម្ពុជា និង​ប្រទេស​មានឱកាស​សិក្សា​ប្រកបដោយ​គុណភាព​ខ្ពស់។

អគារសិក្សា​ដ៏​ទំនើប និង​ធំ​ទូលាយ​នេះ​មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ1397 មហាវិថី​មិត្តភាព ភ្នំពេញ-ហាណូយ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។ ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ​ប្រព្រឹត្តឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​តំណាង​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ដោយ​លោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ភ្ញៀវកិត្តិយសសំខាន់ៗជាច្រើន​ផ្សេងទៀត។

បណ្ឌិត ផុន ណារិន នាយក​វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា បាន​លើកឡើងថា វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា មានការ​រីកចម្រើន​កើន​ឡើងជា​លំដាប់ ដែល​មិនអាច​កាត់ផ្តាច់​បាន​ពី​ការលូតលាស់​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ប្រកបដោយ​ចីរភាព។ ទន្ទឹមនឹងនេះ ក្នុង​រយៈពេល 2ទសវត្សរ៍​ចុងក្រោយ​នេះ ទីផ្សារការងារ​កម្ពុជា និង​សកល​បាន​ត្រូវការ​ជា​ចាំបាច់​នូវ​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​ខ្ពស់។ ជា​ឱកាស​ដ៏​វិសេសវិសាល​នេះ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​បោះទុន​វិនិយោគ​លើ​វិស័យ​អប់រំ ដោយបាន​សាងសង់​អគារ​វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ក្នុង​គោលបំណង​បំពេញតម្រូវការ​ចាំបាច់​នៃ​កំណើន​សិស្ស-និស្សិត និង​សិក្ខាកាម ជាការ​រួមចំណែក​នៅក្នុង​វិស័យ​អប់រំ ចែករំលែក​នូវ​បទពិសោធ​ជោគជ័យ ចំណេះ​ជំនាញ​សីលធម៌ និង​ពង្រឹងគុណភាព​អប់រំ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួង​អប់រំ​យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា ត្រូវបាន​សាងសង់ឡើង​ស្របតាម​ស្តង់ដា​អន្តរជាតិ មាន​លក្ខណៈ​ទំនើប ស្រស់ស្អាត និង​ត្រូវបាន​គូស​ប្លង់​ដោយ​ក្រុមហ៊ុន HSNK របស់​ប្រទេស​កូរ៉េខាងត្បូង ដែលជា​ស្ថាបត្យករ​ល្បីល្បាញ​លំដាប់ថ្នាក់​អន្តរជាតិ។ វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា​សាងសង់​ដោយ​ក្រុមហ៊ុន(Main Contractor) PISNOKA  ដែលជា​ក្រុមហ៊ុន​ក្នុងស្រុក​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​សាងសង់​ចំនួន4 និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងសង្ហារិម និង​សម្ភារ​ការិយាល័យ និង​អគ្គិសនី​ចំនួន17 ទៀត។ សរុប​រួមមាន 22ក្រុមហ៊ុន ទាំង​ក្នុងស្រុក និង​បរទេស ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់ 600ថ្ងៃ និង​ថវិកា​ចំនួន 36,726,888ដុល្លារ​អាមេរិក (រួមទាំង​តម្លៃ​ដី)។ វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា មាន​បំពាក់​ទៅដោយ​ឧបករណ៍​សម្ភារ​ការិយាល័យ លិ​ក្ខូ​បក​រណ៍​តាម​បន្ទប់រៀន​ទំនើប និង​ទាន់សម័យ ព្រមទាំង​មាន​ប្រព័ន្ធ​ការពារ​សន្តិសុខ ការ​សន្សំសំចៃ​ថាមពល​ប្រើប្រាស់ ការបង្ការ​អគ្គិភ័យ បណ្តាញ​ត្រួតពិនិត្យ និង​ប្រព័ន្ធ​ទូរគមនាគមន៍ ហើយ​និង​ប្រព័ន្ធ​គាំទ្រ​បច្ចេកវិទ្យា​ព័ត៌មាន​គ្រប់​អគារ​ទាំងអស់។ អគារ​ទាំងនេះ​សាងសង់​លើ​ផ្ទៃដី​ទំហំ 75,750ម៉ែត្រការ៉េ ដែល​រួមមាន​អគារសិក្សា2 កម្ពស់ 5ជាន់ មាន​បន្ទប់រៀន​ចំនួន 8បន្ទប់ ដែល​អាច​ទទួល​និស្សិត​បាន​ពី 6,000 ទៅ 7,000នាក់ (សរុប 3វេន​សិក្សា) អគារ​រដ្ឋបាល1 កម្ពស់ 3ជាន់ ដែល​នៅក្នុង​អគារ​នោះ​មាន​អាហារ​ដ្ឋា​ន 1កន្លែង បណ្ណាល័យ1 កម្ពស់ 3ជាន់ អន្តេវាសិកដ្ឋាន1 កម្ពស់ 4ជាន់ មាន 47បន្ទប់ ដែល​អាច​ទទួល​និស្សិត​ស្នាក់នៅ​សរុប​ចំនួន 137នាក់ ទីធ្លា​សម្រាប់​ចត​យានយន្ត​ធំ​ទូលាយ ទីលាន​បាល់ទាត់​ទំហំ 8,088ម៉ែត្រការ៉េ បាល់បោះ និង​បាល់ទះ​ទំហំ 1,438ម៉ែត្រការ៉េ។

ឯកឧត្តម អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការកសាង​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេស៊ីលីដា​ស្របតាម​បទដ្ឋាន​អន្តរជាតិ ដូច​សាកលវិទ្យាល័យ​នានា​នៅតាម​បណ្តា​ប្រទេស ក្នុង​តំបន់​មួយចំនួន​ដោយមាន​ជា​អគារសិក្សា​ទំនើប និង​ប្រណីត បន្ទប់​សិក្សា​បំពាក់​ដោយ​ឧបករណ៍​គ្រប់គ្រាន់ មាន​បណ្ណាល័យ​ធំ​ទូលាយ និង​ទំនើប​ទាន់សម័យ ទីធ្លា​វិទ្យាស្ថាន​មាន​លក្ខណៈ​ធំ​ទូលាយ មាន​សួនច្បារ ទីលាន​បាល់ទាត់ បាល់បោះ និង​បាល់ទះ។ វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា អាច​ត្រូវបាន​ចាត់ទុកថា​ជា​មជ្ឈមណ្ឌល​សម្រាប់​អភិវឌ្ឍន៍​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ខ្ពស់ និង​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​សិស្ស-និស្សិត និង​សិក្ខាកាម​ទាំង​ក្នុង និង​ក្រៅប្រទេស​សម្រាប់​បន្ត​ការសិក្សា​ដើម្បី​ទទួលបាន​ចំណេះ​ជំនាញ និង​បទពិសោធ​ការងារ​ច្បាស់លាស់៕

Advertisement