ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត បានបញ្ចប់​ការសិក្សា​ហើយ តែ​មិនទាន់​ច្បាស់​ពេល​សាងសង់

ក្រុង​បាវិត ក៏​ជា​ប៉ូល​សេដ្ឋកិច្ច​សំខាន់​មួយ​ដែរ​ក្នុងចំណោម​ប៉ូល​សេដ្ឋកិច្ចសំខាន់ៗ និងធំៗនៅ​កម្ពុជា។ តំបន់​នេះ​ក៏​ជា​បណ្តុំ​រោងចក្រ​សហគ្រាស និង​ច្រក​មួយ​ដ៏​សំខាន់​ក្នុងការ​ផ្លាស់ប្តូរ​ទំនិញ​របស់​អ្នកវិនិយោគធំៗនៅ​កម្ពុជា​ដែរ។ ការតភ្ជាប់​តំបន់​សេដ្ឋកិច្ច​តាម​ព្រំដែន​មក​រាជធានី​ភ្នំពេញ ជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ជំរុញឱ្យមាន​ការអភិវឌ្ឍ​កាន់តែ​ប្រសើរឡើង​នូវ​ចរន្ត​សេដ្ឋកិច្ច និង​ការវិនិយោគ។ ក្រៅពីនេះ ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ក៏​ជា​ផ្នែក​មួយ​ផងដែរ​ក្នុង​ការគាំទ្រ​ដល់​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម និង​ការកាត់បន្ថយ​គម្លាតរ​វាង​តំបន់​ប្រជុំជន និង​តំបន់​ជនបទ។ ថ្មីៗនេះ​ក្រសួងសាធារណការ និង​ដឹកជញ្ជូន​បាន​បញ្ជាក់ថា ផ្លូវ​ល្បឿន​លឿន​ដែល​ត​ភ្ជាប់​រាជធានី​ភ្នំពេញ​ទៅកាន់​ក្រុង​បាវិត(ព្រំដែន​កម្ពុជា-វៀតណាម)ត្រូវបាន​សិក្សា​រួចរាល់​ហើយដោយ​អ្នកជំនាញ និង​ត្រៀម​ផងដែរ​សម្រាប់​ការចេញ​សកម្មភាព​ស្ថាបនា​ក្រោម​ខ្ទង់​ថវិកា​ប្រមាណ 3,800លាន​ដុល្លារ​អាមេរិក។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា ផ្លូវ​ល្បឿន​លឿន​ដ៏​សំខាន់​មួយ​ខ្សែ​នេះ គឺ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន(JICA) ទទួលបាន​សិទ្ធិ​ពី​រាជរដ្ឋាភិបាល​ក្នុងការ​សិក្សា​លើ​គម្រោង​ផ្លូវ​ទាំងមូល​ដែលមាន​ប្រវែង 160គីឡូម៉ែត្រ ដោយ​ក្នុងនោះ​ក្រោយពី​ការសិក្សា​ចប់សព្វគ្រប់​ហើយ អ្នកជំនាញ​បាន​បញ្ជាក់ថា ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​បាវិត​នេះ​ត្រូវ​ចំណាយ​ថវិកា 3,800លាន​ដុល្លារ​អាមេរិក។ ឯកឧត្តម​បានបញ្ជាក់​ទៀតផង​ដែរ​ថា ថវិកា​សម្រាប់​សាងសង់​ផ្លូវ​នេះ​អាច​ចំណាយ​ច្រើនជាង​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ដទៃទៀត ព្រោះ​ស្ថានភាព​ផ្លូវ​មាន​លក្ខណៈ​ស្មុគស្មាញ។

ឯកឧត្តម​រដ្ឋមន្ត្រី មានប្រសាសន៍ថា៖ “ផ្លូវ​នេះ​ត្រូវ​ចំណាយ​ច្រើន ដោយសារតែ​ផ្លូវ​ដែល​ត្រូវ​សាងសង់​មាន​ស្ថាន​ភាពលិច​ទឹក ហើយ​កាត់​តាម​បឹង និង​តំបន់​លិច​ទឹក​រហូតដល់​ទៅ 80គីឡូម៉ែត្រ​ឯណោះ”។

បើតាម​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​សាធារណការនិង​ដឹកជញ្ជូន​បានឱ្យដឹងថា ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ក្រុង​បាវិត​នេះ នឹង​ចំណាយ​ថវិកា​ច្រើនជាង​ផ្លូវ​ទៅ​ខេត្ត​ព្រះសីហនុ។ ឯកឧត្តម​បានបង្ហាញ​ការប្រៀបធៀប​ថា ផ្លូវ​ទៅ​ខេត្ត​ព្រះសីហនុ​មាន​ប្រវែង​ដល់​ទៅ 190គីឡូម៉ែត្រ ត្រូវ​ចំណាយ​ថវិកា​តែ​ប្រមាណ 2,000លាន​ដុល្លារ​ប៉ុណ្ណោះ តែ​ចំពោះ​ផ្លូវ​ទៅ​បាវិត​វិញ ត្រឹមតែ160គីឡូម៉ែត្រ​ប៉ុណ្ណោះតែ​ត្រូវ​ចំណាយ​ថវិកា​ដល់​ទៅជិត 4ពាន់​លាន​ដុល្លារ។

ចំពោះ​កំណត់ពេល​ការសាងសង់​វិញ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​នៅ​មិនទាន់​សម្រេច​ថា​នឹងធ្វើ​ការសាងសង់​នៅពេលណា ឬ​យ៉ាងណា​នោះទេ ព្រោះ​ផ្លូវ​នេះ​ត្រូវ​ចំណាយ​ថវិកាជាតិ​ច្រើនពេក ដូច្នេះ​ត្រូវ​រង់ចាំ​ការស្វែងរក​ដៃគូ​វិនិយោគឯកជន​សម្រាប់​កសាង​ផ្លូវ​នេះ​ជាមុនសិន។ ក្រៅពីនេះ​រាជរដ្ឋាភិបាល​ក៏បាន​អនុញ្ញាតឱ្យ​ទីភ្នាក់ងារសហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA)​ សិក្សា​ពី​គម្រោងសំខាន់ៗមួយចំនួនទៀត​នៅ​រាជធានី​ភ្នំពេញ និង​តំបន់សំខាន់ៗទៀតផង​ដែរ ដូចជា​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ1 និង​ផ្លូវ​រថភ្លើង​លើ​អាកាស​ជាដើម៕

Advertisement