ដឹង​ទេ​ថា មកទល់​ដំណាច់ឆ្នាំ2018នេះ កម្ពុជា​ទទួលបាន​ហិរញ្ញប្បទាន​ពី​ចិន​ចំនួន​ប៉ុន្មាន?

បច្ចុប្បន្ន​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​នៅ​កម្ពុជាដូចជា​ផ្លូវជាតិសំខាន់ៗ ស្ពាន​ថ្នល់ ផ្លូវ​រថភ្លើង​ជាដើមភាគច្រើន​ជា​ជំនួយ​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ចិន ដែល​រឿងនេះ​ត្រូវបាន​គេ​សួរថា តើ​កត្តា​អ្វីខ្លះ បានជា​ចិន​ផ្តល់ជំនួយ​ដល់​កម្ពុ​ជាច្រើន​ដូច្នេះ?

តាម​របាយការណ៍​រប​ស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា រហូតមកទល់​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ2018នេះ ទំហំ​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មាន​ចំនួន 5,800លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ក្នុងនោះ​ឥណទាន​សម្បទាន​មាន​ចំនួន​សរុប 4,400លាន​ដុល្លារ​អាមេរិក និង​ហិរញ្ញប្បទាន​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​ចំនួន​ប្រមាណ 1,400លាន​ដុល្លារ​អាមេរិក។

កម្ចី​នេះ​បានផ្តល់​ជា​បន្តបន្ទាប់​ក្នុង​គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​វិស័យ​មួយចំនួនទៀត ឧទាហរណ៍​ដូចជា កាលពី​សប្តាហ៍​មុននេះឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​មួយទៀត​ជាមួយ​លោក Deng Boqing អនុប្រធាន​ទីភ្នាក់ងារ​ចិន​សម្រាប់​កិច្ចសហប្រតិបត្តិការ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

កិច្ចព្រមព្រៀង​ទាំង2នេះ​រួមមាន 1.កិច្ចព្រមព្រៀងស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​ដែលមាន​ហិរញ្ញប្បទាន 200លាន​យន់។ ថវិកា​ហិរញ្ញប្បទាន​ឥត​សំណង​នេះ នឹងត្រូវ​ប្រើប្រាស់​សម្រាប់​អនុវត្ត​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន និង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និង2.កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ ស្តីពី​ឥណទាន​សម្បទាន​ជា​ប្រាក់​យន់​ចិន​សម្រាប់​អភិវឌ្ឍន៍​អាងទឹក​រក្សា​ក្នុង​ខេត្តព្រះវិហារ​ដែលមាន​ទឹក​ប្រាក់​ឥណទាន​ចំនួន 622លាន​យន់។

ពាក់ព័ន្ធ​ករណីនេះ លោក ង៉ែត ជូ អ្នកវិភាគ​សេដ្ឋកិច្ចសង្គម​បាន​មានប្រសាសន៍ថា ធម្មតា​ទេ ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍ តែង​ត្រូវការ​ប្រើប្រាស់​កម្ចី​សម្រាប់​យកមក​កសាង​ប្រទេស សាងសង់​ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដើម្បីឱ្យ​ប្រទេស​មានការ-​រីកចម្រើន​ទៅមុខ​ឆាប់រហ័ស តែ​យ៉ាងណា​សូមឱ្យ​ការប្រើប្រាស់​កម្ចី​ទាំងនោះ​ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន និង​សង្គមជាតិ​ទាំងមូល ហើយ​មុន​ប្រើប្រាស់​កម្ចី​ត្រូវ​សិក្សា​គម្រោង​អាទិភាព​ជាមុន ដើម្បី​ប្រើប្រាស់​ថវិកា​នោះ​ឱ្យចំ​គោលដៅ​ពិតប្រាកដ។លោក​ទទួលស្គាល់ថា បច្ចុប្បន្ន​កម្ពុជា​បាន​ប្រើប្រាស់​កម្ចី​ពី​ប្រទេស​ចិន​ច្រើនជាងគេ ច្រើនជាង​កម្ចី​ពី​ប្រទេស​អឺរ៉ុប ហើយ​ប្រើប្រាស់​កម្ចី​ពី​ប្រភព​តែមួយ​នេះ វា​ជា​រឿង​មិនសូវ​ល្អ​ប៉ុន្មាន​ទេ​សម្រាប់​ប្រទេស​កម្ពុជា។ យក​ល្អ គួរ​ខ្ចី​ឱ្យបាន​ច្រើន​ប្រភពទើប​យើង​មាន​ជម្រើស​ក្នុង​ការចរចា​ការប្រាក់ និង​លក្ខខណ្ឌ​នៃ​ការសង​ត្រឡប់​ទៅវិញផ្សេងៗទៀត។

បច្ចុប្បន្ន សម្រាប់​ប្រទេស​កម្ពុជា ការប្រើ​កម្ចី​ត្រូវបាន​គេ​រកឃើញថា មាន​ប្រមាណ​ជាង 30% ធៀប​ជាមួយ​GDPនៅក្នុង​ប្រទេស ដែល​ចំនួន​នេះ​កម្ពុជា​មិនមាន​ហានិភ័យ​ក្នុង​ការសង​ត្រឡប់​ទៅវិញ​នោះទេ។

អ្នកតាមដាន​សង្គម​បាន​លើកឡើងថា កត្តា​ដែល​ចិន​ផ្តល់​កម្ចី​មក​កម្ពុ​ជាច្រើន​បែបនេះ គឺ​ដោយសារចិន​ចាត់ទុក​កម្ពុជា​ជា​ដៃគូ​មិត្តភាព​មិនអាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ទាំង2ឱ្យ​កាន់តែ​រីកចម្រើន​ឡើង។ ការផ្តល់​កម្ចី​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នេះ គឺ​ផ្តោតទៅលើ​គោលនយោបាយ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​ក្នុង​ការតភ្ជាប់​បណ្តាញ​ដឹកជញ្ជូន​ឆ្លងកាត់​ប្រទេសផ្សេងៗក្នុង​តំបន់​អាស៊ី ដែល​រួមទាំង​កម្ពុជា​យើង​ផងដែរ។

គួរ​បញ្ជាក់ថា ចំនួន​កម្ចី​ដែល​ចិន​ផ្តល់ឱ្យ អាច​ចាត់ទុកថា​ជា​ចំនួន​ច្រើន​សម្រាប់​ប្រទេស​កម្ពុជា ប៉ុន្តែ​ចំនួន​នេះ មិន​ច្រើន​ទេ​សម្រាប់​រដ្ឋាភិបាល​ចិន​ដែល​ផ្តល់​មកឱ្យ​កម្ពុជា៕

Advertisement