អ្នកជំនាញ៖ កម្មវិធី​អនុគ្រោះ​ពន្ធ​ EBA នៅតែ​ចាំបាច់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ

សហគមន៍​អឺរ៉ុប​ជាទី​ផ្សារ​ធំ និង​សំខាន់​ជាងគេ​បំផុត​សម្រាប់​ទទួលយក​ទំនិញ​គ្រប់​ប្រភេទ លើកលែងតែ​អាវុធ(EBA)ពី​កម្ពុជា​ដែល​ជួយ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា​មានការ​កើន​ឡើងជា​បន្តបន្ទាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ជាពិសេស​បាន​ចូលរួមចំណែក​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ជិត 1លាន​នាក់ និង​ជួយ​ឱ្យ​កម្រិតជីវភាព​ពលរដ្ឋ​ខ្មែរ​មាន​ភាពល្អប្រសើរ​ឡើងជា​លំដាប់​ផងដែរ។

ឯកឧត្តម ពេ​ជ ឫទ្ធី អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​កម្មវិធី​អនុគ្រោះ​ពន្ធ “អ្វីៗទាំងអស់​លើកលែង​អាវុធ (EBA)” ដែល​ផ្តល់​ដោយ​សហភាព​អឺរ៉ុប តាំងពី​ឆ្នាំ2001មក​នោះ គឺ​បានរួម​ចំណែក​អភិវឌ្ឍ​កំណើនសេដ្ឋកិច្ច និង​ធ្វើ​ពិពិធ​កម្ម​ឱកាស​ការងារ​ជូន​ប្រជាជន​ជាង 7សែន​នាក់​ដែល​ភាគច្រើន​ជា​ស្ត្រី​មកពី​តំបន់​ជនបទ។

ករណីនេះ ឯកឧត្តម​បានស្នើ​ដល់​អ្នកវិនិយោគ ផលិតករ ពាណិជ្ជករ និង​អ្នក​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប​ទាំងអស់​ឱ្យខិត​ខំប្រឹងប្រែង​សិក្សា​ស្វែងយល់​ពី​ចំណេះដឹងថ្មីៗទាក់ទង​នឹង​នីតិវិធី​ចុះឈ្មោះ​តាម​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំចេញ (Registered Exporter REX) សម្រាប់​ទីផ្សារ​សហភាព​អឺរ៉ុប ដោយហេតុថា ចាប់ពី​ថ្ងៃទី1 ខែមករា ឆ្នាំ2019ទៅ អ្នក​នាំចេញ​ទាំងអស់​នឹង​តម្រូវឱ្យធ្វើ​ការចុះឈ្មោះ​ជាមួយ​ប្រព័ន្ធ​ថ្មី​នេះ​ទើប​មាន​សិទ្ធិ​នាំចេញ​ទំនិញ​ទៅកាន់​សហភាព​អឺរ៉ុប។

ឯកឧត្តម​បញ្ជាក់ថា ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​សហភាព​អឺរ៉ុប​កាលពី​ឆ្នាំ2017 មាន​ទឹកប្រាក់​សរុប 4.343លាន​ដុល្លារ​អាមេរិក គឺ​បាន​កើនឡើង 10.22% បើ​ធៀប​នឹង​ឆ្នាំ2016 ដែលមាន​ទឹកប្រាក់​សរុប​ត្រឹមតែ 3.941លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

លោក សន ជ័យ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា ហៅ​កាត់​ថា អាន​សា (ANSA) បាន​មានប្រសាសន៍​គាំទ្រ​ចំពោះ​ការបើកចំហ​ទទួលយក​ទំនិញ​គ្រប់​ប្រភេទ​លើកលែងតែ​អាវុធ (EBA) ពី​កម្ពុជា​របស់​សហគមន៍​អឺរ៉ុប។ លោក​ថា ការទទួលយក​ទំនិញ​ពី​កម្ពុជា​នេះ បាន​ចូលរួមចំណែក​សំខាន់​ក្នុង​ការជួយ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​ក្លាយជា​ប្រទេស​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ មិនមែន​តែ​លើ​វិស័យ​កាត់ដេរ វិស័យ​មីក្រូហិរញ្ញវត្ថុ ឬ​វិស័យ​ដឹកជញ្ជូន​ប៉ុណ្ណោះ​ទេ ហើយក៏​មិនមែន​ផ្តល់​ប្រយោជន៍​ផ្ទាល់​ចំពោះតែ​កម្មករ-កម្មការិនី​នោះដែរ តែ​វា​បានរួម​ចំណែក​ដោយ​ប្រយោល​ជា​ប្រព័ន្ធ ដូចជា​ជួយ​ដល់​អ្នកផ្គត់ផ្គង់​បន្ទប់​ស្នាក់នៅ ជួយ​ដល់​អ្នកលក់ដូរ​ទំនិញ​គ្រប់​ប្រភេទ​នៅលើ​ទីផ្សារ ជួយ​ដល់​អ្នក​ប្រកប​របរ​ដឹក​កម្មករ និង​ជួយ​ឱ្យ​ដីធ្លី​ឡើងថ្លៃ មានន័យថា រោងចក្រ​ទៅដល់​ទីណា​ដីធ្លី​នៅ​ទីនោះ​ឡើង​ខ្លាំង​ភ្លាម។

ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ទៅ​ថ្ងៃ​អនាគត លោក​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ធ្វើយ៉ាងណា​បន្ទន់ឥរិយាបថ​ក្នុងការ​ដោះស្រាយ​ជាមួយ​គណៈកម្មការ​សហ​គម​ន៍​អឺរ៉ុប​បន្តទៀត ព្រោះថា មកទល់​ដំណាក់កាល​នេះ ការបន្ត ឬ​ព្យួរ(EBA) គឺ​ស្ថិតនៅក្នុង​កណ្តាប់ដៃ​រដ្ឋា​ភិ​បាល​កម្ពុជា ហើយ​បើ​នៅ​បន្ត មានន័យថាកម្ពុជា​នៅតែ​រីកចម្រើន​ទៅមុខ​ជា​លំដាប់ ប៉ុន្តែ​បើសិនជា​មានការ​ព្យួរ (EBA) សេដ្ឋកិច្ចកម្ពុជា​អាច​នឹងមាន​ការប្រែប្រួល។

លោក ង៉ែត ជូ អ្នកវិភាគ​សេដ្ឋកិច្ច​មានប្រសាសន៍ថា កម្ពុជា​គួរ​រក​វិធីសាស្ត្រ​ដោះស្រាយ​ដោយ​ឈរលើ​គោលនយោបាយឈ្នះៗ ឈ្នះ​ទាំង​ពាណិជ្ជករ​អ្នក​នាំចេញ ឈ្នះ​ទាំង​ភាគី​រដ្ឋាភិបាល​ក្នុង​ទទួលបាន​ការអនុគ្រោះ​ពន្ធ​បន្ត​ពី​សហគមន៍​អឺរ៉ុប​បន្តទៅឆ្នាំក្រោយៗទៀត។ ជាមួយគ្នានេះ​លោក​ចង់ឱ្យ​រដ្ឋាភិបាល​ត្រៀមខ្លួន​មុនពេល​មានការ​ផ្តាច់(EBA) តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​បង្វែ​ទិស​ក្នុងការ​អភិវឌ្ឍ​លើ​វិស័យ​មួយចំនួនទៀត​ដែលមាន​សក្តានុពល​នៅ​កម្ពុជា ពិសេស​កែលម្អ​វិស័យ​ទេសចរណ៍ កែច្នៃ​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ចូលមក​ទស្សនា​ឱ្យ​កាន់តែ​ច្រើនឡើង ចំណែក​វិស័យ​កសិកម្ម​ក៏​ត្រូវការ​ការកែលម្អ​ជា​ចាំបាច់​ដែរ ជាពិសេស​រៀបចំ​ប្រព័ន្ធធារាសាស្ត្រ​ដែល​អនុគ្រោះ​ដល់​ការធ្វើ​ដំណាំ​របស់​ប្រជាពលរដ្ឋ​បាន​ច្រើន​រដូវ ហើយ​គួរ​មានការ​ផ្លាស់ប្តូរ​ពី​ការនាំចេញ​ផលិតផល​សម្រេច​មក​ធ្វើការ​កែច្នៃ​ផលិតផល​កសិកម្ម​ទៅជា​ទំនិញ​សម្រាប់​ដាក់លក់​នៅលើ​ទីផ្សារ​ក្នុងប្រទេស ក៏ដូចជា​ក្រៅប្រទេស និង​ជាពិសេស អភិវឌ្ឍ​ធនធានមនុស្ស​ឱ្យ​កាន់តែខ្លាំង​ឡើង​ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​ឱ្យ​រីកចម្រើនបាន​ឆាប់រហ័ស។

គួរតែ​បញ្ជាក់ដែរថា សហភាព​អឺរ៉ុប តែងតែ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូ​ទៅជា​រៀងរាល់ 2ឆ្នាំ​ម្តង ដើម្បី​ពង្រឹង​តួនាទី​របស់​សភា​អឺរ៉ុប​លើ​កិច្ចការ​នយោបាយ និង​ពាណិជ្ជកម្ម ដោយ​ជំរុញ​បន្ថែម​នូវ​គោលការណ៍​គន្លឹះសំខាន់ៗសំដៅ​ធានា​និរន្តរភាព​នៃ​ការអភិវឌ្ឍ និង​អភិបាលកិច្ច​ល្អ។ ក្នុងន័យនេះ​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំចេញ (REX) ត្រូវ​បានកំណត់​នៅក្នុង​បញ្ញត្តិ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហភាព​អឺរ៉ុប​លេខ244/2015 ចុះ​ថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2015 ដើម្បី​សម្រួល​ពាណិជ្ជកម្ម និង​កាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ​សម្រាប់​ការនាំចេញ​ទំនិញ​ទៅ​សហភាព​អឺរ៉ុប៕

Advertisement