ទីផ្សារ​អា​ផាត​មិន​នឹង​កើនឡើង​លើស​ទ្វេដង​នៅ​ចន្លោះ​ឆ្នាំ2018-2030

ក្រុមហ៊ុន Vtrust Appraisal បាន​រកឃើញ​តាមរយៈ​ការសិក្សា​ថ្មី​មួយ និង​បាន​ព្យាករ​ថា ចំនួន​អា​ផាត​មិន​នៅ​កម្ពុជា​បច្ចុប្បន្ន​ដែលមាន​ចំនួន 9,021យូ​និ​ត​នេះ នឹង​កើនឡើង​លើស​ទ្វេដង​នៅត្រឹម​ឆ្នាំ2030ខាងមុខ។

លទ្ធផល​ការសិក្សា​ស្រាវជ្រាវ​ដែល​បានបង្ហាញ​ដោយ​ក្រុមហ៊ុន Vtrust Appraisal នៅ​សណ្ឋាគារ Raffle Le Royal បានឱ្យដឹងថា បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ​មាន​អា​ផាត​មិន​ចំនួន 355គម្រោង ស្មើនឹង 9,025យូ​និ​ត។ ការ​ព្យាករ​របស់​ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា នៅត្រឹម​ឆ្នាំ2030 ចំនួន​អា​ផាត​មិន​នឹង​កើន​ដល់ 28,000យូ​និ​ត ជាការ​កើនឡើង​ក្នុង​សេណារីយោ​ធម្មតា​បើ​ពិនិត្យមើល​ពី​ចំនួន​ប្រជាសាស្ត្រ និង​ការផ្គត់ផ្គង់​បច្ចុប្បន្ន។

នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន Vtrust Appraisal លោក ហ៊ឹម សីហា បាន​មានប្រសាសន៍​ក្នុង​របាយការណ៍​ព័ត៌មាន​ដែល​បាន​ចែកចាយ​ដល់​បណ្តាញសារព័ត៌មាន​ថា ការផ្គត់ផ្គង់​អា​ផាត​មិនមាន​កំណើន 10%ប្រចាំឆ្នាំ ឬ​ស្មើនឹង 1,580យូ​និ​ត​ប្រចាំឆ្នាំ ចាប់ពី​បច្ចុប្បន្ន​រហូតដល់​ឆ្នាំ2030។

ស្របទៅនឹង​ការសិក្សា​នេះ​គេ​បាន​រកឃើញថាខណ្ឌចំការមន ខណ្ឌទួលគោក ខណ្ឌ7មករា និង​ខណ្ឌដូនពេញ​ដែលមាន​ចំនួន​អា​ផាត​មិន​ច្រើនជាងគេ។ ខណ្ឌចំការមន មាន​ចំនួន​អា​ផាត​មិន​ច្រើនជាងគេ​រហូតដល់ 230គម្រោង ស្មើនឹង 5,820យូ​និ​ត និង​គ្របដណ្តប់ 64%នៃ​ចំណែក​ផ្គត់ផ្គង់​ទីផ្សារ​ទាំងមូល។ ខណ្ឌ​ជាប់​លំដាប់​ទី2 គឺ​ខណ្ឌទួលគោក ដែល​អា​ផាត​មិន​នៅក្នុង​ខណ្ឌ​នេះ​គ្របដណ្តប់បាន16%នៃ​ចំណែក​ទីផ្សារ​ទាំងមូល ចំណែក​ខណ្ឌ7មករា និង​ខណ្ឌដូនពេញ មាន​អា​ផាត​មិន​ចំនួន635 និង590យូ​និ​ត​រួមគ្នា។

របាយការណ៍​សិក្សា​ខាងលើ​បានឱ្យដឹង​ទៀតថា នៅក្នុង​ដំណាច់ត្រីមាស​ទី4នេះ អា​ផាត​មិន​ចំនួន7,600យូ​និ​ត​ត្រូវបាន​ជួល ដែល​ស្មើនឹង​អត្រា​គ្របដណ្តប់​ការប្រើប្រាស់​សរុប84% នៅ​ទូទាំង​រាជធានី​ភ្នំពេញ។ របាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា ក្នុងចំណោម​អា​ផាត​មិន​ទាំងនោះ បន្ទប់​អា​ផាត​មិន1បន្ទប់​គេង​មានការ​ផ្គត់ផ្គង់​ច្រើនជាងគេ​ក្នុង​ទីផ្សារ ស្មើនឹង 55%នៃ​ចំនួន​បន្ទប់​អា​ផាត​មិន​សរុប និង​អា​ផាត​មិន 2បន្ទប់​គេង ស្មើនឹង 34%នៃ​ចំណែក​ទីផ្សារ​សរុប។

ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal បាន​មានប្រសាសន៍ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា លោក​មិន​បានដឹង​ស៊ីជម្រៅ​លើ​បញ្ហា​នៃ​ការកើនឡើង​នៃ​ចំនួន​យូ​នី​ត​អា​ផាត​មិន​ទេ តែ​យើង​មើលឃើញ​ការកើនឡើង​នូវ​អគារ​សំណង់​កម្ពស់​ចាប់ពី 9ជាន់ ដល់55ជាន់​ឡើងទៅ​មាន​ច្រើនហើយ​យើង​ក៏​សង្កេតឃើញ​ដែរ​ថា ពី1ឆ្នាំ ទៅ1ឆ្នាំ អគារ ​អា​ផាត​មិនខ្ពស់ៗបាន​កើនឡើង​ជិត​ទ្វេដង​ដែរ។ ពោលគឺ​តម្រូវការ​ទីផ្សារ​អា​ផាត​មិន​នាពេល​បច្ចុប្បន្ននេះ ពិតជា​កំពុងមាន​សម្ទុះ​ខ្លាំង​ប្រាកដ​មែន។

លោក​ឧកញ៉ា​យល់ស្រប​ទៅនឹង​របាយការណ៍​ខាងលើ ដោយ​លោក​បាន​លើកឡើងថា របាយការណ៍​នេះ​មិនបាន​វាយតម្លៃ​លើ​ការកើនឡើង​ខ្ពស់​ពេក​ទេ តែបើ​ធៀប​ជាមួយ​ស្ថានភាព​បច្ចុប្បន្ន រួម​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ដែលមាន​និរន្តរភាព គួប​ជាមួយ​គោលនយោបាយ​ដ៏​ល្អប្រសើរ ភាព​ទាក់ទាញ​ការវិនិយោគ​ក្រៅប្រទេស​ក៏​ច្រើន ការបណ្តាក់ទុន​ក្នុងស្រុក​ក៏​ច្រើន​នោះ យើង​ឃើញថា ក្នុង​វិស័យ​អចលនទ្រព្យ​យើង​នេះ​មានការ​អភិវឌ្ឍ​ស្ទើរ​គ្រប់ផ្នែក។

លោក​ឧកញ៉ា នួន រិទ្ធី បាន​បញ្ជាក់ថា បើតាម​ការ​សង្កេតឃើញ​ជាក់ស្ដែង អា​ផាត​មិនដែល​កំពុងមាន​តម្រូវការ​ក្នុង​រាជធានី​ភ្នំពេញ គឺភាគច្រើនៗស្ថិតនៅក្នុង​ខណ្ឌ​ចំនួន4 ដូចជា​ខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌទួលគោក និង​ខណ្ឌ7មករា។ ដោយឡែក​ចំពោះ​អា​ផាត​មិនដែល​ស្ថិតនៅក្នុង​ខណ្ឌចំការមន ជាពិសេស​ម្ដុំ​ទួល​ទំពូង​តែម្ដង ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា ក្រៅពី​មាន​តម្រូវ​ការជួល​ស្នាក់នៅ​ច្រើន​ហើយ តម្លៃ​ក៏​ខ្ពស់​គួរសម​ដែរ។

លោក​ឧកញ៉ា នួន រិទ្ធី​បាន​បន្តថា ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ យើង​នៅមាន​ចំណុច​ខ្វះខាត យើង​ទទួលស្គាល់ថា ទាក់ទង​នឹង​ការកែប្រែ​តំបន់​មួយចំនួន​ពី​តំបន់​លំនៅឋាន​ឱ្យទៅជា​តំបន់​ពាណិជ្ជកម្ម ពី​តំបន់​វាល​រហោស្ថាន ឱ្យទៅជា​តំបន់ឧស្សាហកម្ម តំបន់​លំនៅឋាន ឬ​ពាណិជ្ជកម្ម​ពិតជា​មានកា​រ​កើនឡើង​លឿន​ជាង​ការគ្រោងទុក​របស់​រាជ​រដ្ឋាភិបាល​ទៅទៀត ដោយសារតែ​ការអភិវឌ្ឍ​​ និង​ការបណ្តាក់ទុន​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស ធ្វើឱ្យ​យើង​ក្នុងនាម​ជា​អ្នកផ្គត់ផ្គង់​សម្ភារ​និង​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ទឹក ភ្លើង​ជាដើម​ស្ទើរតែ​មិនបាន​រៀបចំ​ទាន់ពេលវេលា​ផង​នៅ​តំបន់​ខ្លះ៕

Advertisement