អ្នកជំនាញ​លក់​អចលនទ្រព្យ​បង្ហាញ​គន្លឹះ​រកលុយ​ក្នុង​វិស័យ​អចលនទ្រព្យ​ដោយ​មិនបាច់​ប្រើ​ដើមទុន

កម្ពុជា​ត្រូវបាន​គេ​មើលឃើញថា កំពុងស្ថិត​ក្នុងយុគសម័យ​អចលនទ្រព្យ​រុងរឿង ដែល​ផ្តល់ឱកាស​ដល់​ប្រជា​ពលរ​ដ្ធ​គ្រប់​ស្រទាប់វណ្ណៈ មិនថាតែ​អ្នកមាន​ជំនាញ​លើ​ផ្នែក​នេះ​ទេ សូម្បីតែ​ប្រជាពលរដ្ឋ​ទូទៅ មន្ត្រីរាជការ ប៉ូលិស ទាហាន គ្រូបង្រៀន គ្រូពេទ្យ ឬ​អ្នកធ្វើការ​ក្រុមហ៊ុន​ឯកជន​នោះទេ គឺ​សុទ្ធតែ​អាច​រកប្រាក់​ពី​វិស័យ​អចលនទ្រព្យ​បាន​ទាំងអស់ ដោយ​មិនចាំបាច់​ប្រើ​ដើមទុន ហើយ​មានឱកាស​ក្លាយជា​អ្នកមាន​ក្នុង​រយៈពេល​ខ្លី​ទៀតផង។

ដើម្បី​ផ្តល់​ជា​ទុន​ក្នុងការ​រកប្រាក់​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ អ្នកយកព័ត៌មាន​នៃ​កាសែត​ឡា​រ៉ែ​នពាណិជ្ជ បាន​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​លោក គង់ តារា ដែលជា​គ្រូ​បណ្តុះបណ្តាល និង​ជា​ប្រធាន​ផ្នែក​លក់​នៃ​គម្រោង​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា ដែលមាន​សំណួរ និង​ចម្លើយ​ដូចខាងក្រោម៖

1. តើ​ធ្វើយ៉ាងណា​ដើម្បី​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​អាច​រកប្រាក់​កម្រៃ​បាន​ច្រើន?
ដំបូង​បំផុត​មុននឹង​ទទួល​គម្រោង​លក់ យើង​ត្រូវ​សិក្សា​ពី​គម្រោងនីមួយៗទាំងនោះ​សិន​ថា តើ​គម្រោងនេះ​មាន​ទំហំ​ធំ​ប៉ុនណា? ហើយ​ទីតាំង​គម្រោង​នោះ​មាន​សក្តានុពល​ល្អ​ក្នុងការ​ទាក់ទាញ​អតិថិជន​ឱ្យមក​ទិញ​បាន​ច្រើន​ដែរឬទេ? ជាពិសេស​ត្រូវ​សិក្សា​អំពី​ម្ចាស់​គម្រោង​ថា តើ​គាត់​មានការ​ទទួលខុសត្រូវ​កម្រិតណា និង​មានការ​ផ្តល់ជូន​ប្រាក់​កម្រៃជើងសា​ទៀងទាត់​ដែរឬទេ?។

ក្រុមអ្នកបណ្តុះបណ្តាលជំនាញលក់អចលនវត្ថុថតរូបជុំគ្នា

បន្ថែម​ពីនេះ​មុននឹង​ចូលប្រឡូក​ក្នុង​វិស័យនេះ ត្រូវ​ពិចារណា​ជាមុនសិន​ថា តើ​យើង​គួរ​ត្រូវ​ចូលរួម​ជាមួយ​ក្រុម​ណា​ដែល​យើង​គិតថា មាន​សមត្ថភាព​ពេញលេញ មាន​បទពិសោធ​គ្រប់គ្រាន់​ក្នុងការ​ដឹកនាំ​កូនក្រុម ព្រោះ​សម្រាប់​ប្រធាន​ក្រុម​ម្នាក់ មិន​ត្រឹមតែ​ផ្តល់ឱកាស​ក្នុង​ការលក់​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ តែ​ថ្នាក់ដឹកនាំ​ត្រូវ​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​យើង​បន្ថែមទៀត។ បណ្តុះ​បណ្តា​លើ​វិស័យ​អចលនទ្រព្យ បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​លក់ ផ្នែក​ទំនាក់ទំនង​អតិថិជន និង​ជំនាញ​ហិរញ្ញវត្ថុ​ជាដើមហើយ​ត្រូវ​បណ្តុះបណ្តាល និង​ហ្វឹកហាត់​ជាប់​ជាប្រចាំ​ទៀតផង។ ឧទាហរណ៍​សាមញ្ញ​បំផុត​គឺ បើ​ចង់​ជោគជ័យ ត្រូវ​ដើរ​តាម​អ្នក​ដែល​ជោគជ័យ ព្រោះ​នៅពេល​គាត់​ទទួលបាន​លទ្ធផល យើង​ក៏​ទទួលបាន​លទ្ធផល​ដូចគ្នា។

2. លោក​បាន​មានប្រសាសន៍ថា ធ្វើការ​ក្នុង​វិស័យនេះ មិនចាំបាច់​មា​នន​ដើមទុន​ក៏​អាច​រកប្រាក់​ចំណេញ​ត្រឡប់មកវិញ​បាន​ច្រើន​ដែរ…តើ​គេ​អាច​រកប្រាក់​បាន​តាម​វិធី​បែបណា?
ការពិតទៅ​សម្រាប់​ការងារ​ជា​ភ្នាក់ងារ​អចលនទ្រព្យ មិនចាំបាច់​មាន​ដើមទុន​នោះទេ ឱ្យតែ​គាត់​មាន​ឆន្ទៈ​មុះ​មុត​ក្នុងការ​ចាប់យក​ឱកាស​ការងារ​បែបនេះ គាត់​នឹង​ទទួលបាន​ផល​កម្រៃ​ត្រឡប់​ទៅវិញ​បាន​យ៉ាងច្រើន​មិន​ខាន។ ផល​តបស្នង​ទទួលបាន​ត្រឡប់​ទៅវិញ​ច្រើន​លើសពី​ប្រាក់ខែ​រាប់សិប​ដង ជាក់ស្តែង​ក្រុមការងារ​ផ្ទាល់​របស់ខ្ញុំ ធ្វើការ​ត្រឹមតែ​រយៈពេល 6ខែ​ប៉ុណ្ណោះ​ក៏​អា​ចរក​សល់​ប្រាក់​សម្រាប់​ទិញ​ឡាន ទិញ​ផ្ទះ​រស់នៅ​ផ្ទាល់ខ្លួន​បាន និង​មាន​សមត្ថភាព​ឱ្យ​កូនបាន​ចូលរៀន​សាលាល្អៗទៀតផង។ ឧទាហរណ៍ សម្រាប់​និស្សិត​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ ប្រាក់ខែ​របស់គាត់​ទទួលបាន​ចន្លោះ​ពី200 ទៅ300ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ការងារ​ប្រភេទ​នេះ អ្នកខ្លះ​អាច​រកប្រាក់​បាន​ខ្ទង់ពាន់ និង​ខ្ទង់​ម៉ឺន​ក៏មានដែរ​ក្នុងមួយខែ។ នេះ​មិនមែន​លើកឡើង​តែ​តាម​ទ្រឹស្តី​នោះទេ គឺ​ជាក់ស្តែង​អ្នកខ្លះ ប្រវត្តិ​គាត់​ធ្លាប់ធ្វើ​ការងារ​ផ្នែក​សន្តិសុខ កម្មករសំណង់ ប្រាក់ខែ​ជាង100ដុល្លារ ពេល​មក​ចូលរួម​ធ្វើជា​ភ្នាក់ងារ​លក់​អចលនទ្រព្យ អាច​រកប្រាក់​បាន​ខ្ទង់​ម៉ឺន​អស់​ទៅហើយ។ ដើមឡើយ​ពួកគាត់​មិន​ហ៊ាន​បោះបង់​ការងារ​ចាស់​នោះទេ តែ​នៅពេល​ចេញទៅ​ធ្វើការ​ផ្នែក​នេះ​បាន​មួយខែ ឬ​ពីរ​ខែ គាត់​សម្រេចចិត្ត​បោះបង់​ការងារ​ចាស់​ចោល​តែម្តង ដោយសារ​ប្រាក់កម្រៃ​ដែល​ទទួលបាន​ត្រឡប់មកវិញ​វា​ច្រើន ដែល​គាត់​មិន​ធ្លាប់​គិតដល់ និង​អាច​សម្រេច​គោលដៅ​របស់ខ្លួន​សម្រាប់​ថ្ងៃ​អនាគត​បាន។

3. ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ម្នាក់ តើ​គេ​ត្រូវ​ប្រកាន់​ឥរិយាបថ​ដូចម្តេច​ដើម្បី​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ទៅដល់​អតិថិជន?
ធ្វើការ​ជា​ភ្នាក់ងារ​អចលនទ្រព្យ​លក់​ដីឡូត៍ លក់​ផ្ទះល្វែង ឬ​ខុន​ដូ មិនមែន​ដូច​លក់ទំនិញ​នៅ​ផ្សារ​នោះទេ ពោលគឺ​អតិថិជន​ត្រូវ​ចំណាយលុយ​ច្រើន​ក្នុង​ការទិញ​ទំនិញ​ប្រភេទ​នេះ ដូច្នេះ​គាត់​ត្រូវតែ​គិតពិចារណា​ខ្ពស់​ទៅលើ​ផលិតផល ក៏ដូចជា​មាន​ទំនុកចិត្ត​មកលើ​អ្នកលក់។ សម្រាប់​ការងារ​ប្រភេទ​នេះ តម្រូវឱ្យ​ភ្នាក់ងារ​លក់​ធ្វើការ​គោរព​ទៅតាម​វិជ្ជាជីវៈ​ជាដាច់ខាត ត្រូវ​ចេះ​មើល​អតិថិជន​ថា តើ​គាត់​មាន​ទំហំ​ទឹកប្រាក់​ទិញ​កម្រិតណា ដើម្បី​ដាក់​ផលិតផល​យើង​ទៅ​ឱ្យចំ​តម្រូវការ​ជាក់ស្តែង​ដែល​អាច​គាត់​ទទួលយកបាន ពិសេស​ផ្តល់​ជម្រើស​ទៅតាម​លទ្ធភាព​ដែល​គាត់​មាន។ ឧទាហរណ៍​ថា បើ​គាត់​មាន​ប្រាក់ 2ម៉ឺន​ដុល្លារ តើ​គាត់​គួរ​វិនិយោគ​ទៅលើ​អ្វី? គួរ​ទិញ​ដី? ទិញ​ផ្ទះ ឬ​ទិញ​ខុន​ដូ? ហើយ​យើង​ត្រូវ​ប្រាប់​គាត់​ថាបើ​ចង់​ទិញយក​ចំណេញ​ត្រឡប់មកវិញ​លឿន គួរតែ​ទិញ​អចលនទ្រព្យ​ប្រភេទ​ណាមួយ។ នៅពេល​ទិញ​ហើយ តើ​គាត់​ត្រូវ​រើសយក​ជម្រើស​នៃ​ការបង់ប្រាក់​ប្រភេទ​ណា? បង់​រំលស់​គ្មាន​ការប្រាក់? បង់​រំលស់​ជាមួយ​ធនាគារ ឬ​បង់​ផ្តាច់​តែម្តង? ចៀសវាង​ការទិញ​ហើយ​ជួប​ហានិភ័យ​ធ្វើឱ្យ​ជូ​ប​ការលំបាក​ក្នុង​ជីវភាព ជាពិសេស​ពេល​មាន​តម្រូវ​ការលក់ យើង​ត្រូវ​រក​គ្រប់​មធ្យោបាយ​ដើម្បី​លក់​ចេញ​ជាបន្ទាន់​ឱ្យ​គាត់​វិញ។

4. កត្តា​អ្វីខ្លះ​ដែល​ភ្នាក់ងារ​អចលនទ្រព្យ​ត្រូវ​ដឹង មុន​ចេញលក់​គម្រោង​អចលនទ្រព្យ​ណាមួយ?
អ្វីដែល​សំខាន់ ភ្នាក់ងារ​លក់​ត្រូវតែ​យល់​ឱ្យ​ច្បាស់​ពី​ផលិតផល​របស់ខ្លួន និង​អតិថិជន​គោលដៅជាពិសេស​វិធីសាស្ត្រ​ក្នុងការ​និយាយ ក្នុង​ការចរចា ឬ​ភាពបត់បែន។ នៅពេលដែល​អតិថិជន​ចាប់អារម្មណ៍​មកលើ​គម្រោង​យើង​ហើយ តែ​គាត់​មាន​លក្ខខណ្ឌ​ដែល​តម្រូវឱ្យ​យើង​ត្រូវ​ដោះស្រាយ​ជាបន្ទាន់ ដែល​ក្នុងករណីនេះ​យើង​ត្រូវសុំ​ប្រឹក្សា​យោបល់​ពី​ថ្នាក់ដឹកនាំ​គម្រោង​ជាបន្ទាន់​ផងដែរ។ ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ ត្រូវមាន​ការតាំង​ចិត្ត​ខ្ពស់ ចេះទទួលយក​ការបដិសេធ​របស់​អតិថិជន ព្រោះថា អតិថិជន​មិនមែន​មក​មួយ ទិញ​មួយ​ទេ ហើយក៏​មិនសូវ​សម្រេចចិត្ត​ទិញភ្លាមៗដែរ។ តាម​បទពិសោធអតិថិជន​ភាគច្រើន ពេលមកដល់​គាត់​តែង​ពេញចិត្ត​គម្រោង​នោះ​ទៅលើ​សោភណភាព គុណភាព និង​តម្លៃ​ជាដើម តែ​យ៉ាងណាក៏ដោយ​អតិថិជន​មួយចំនួន​តែង​សុំ​ពេល​គិត​ជាមួយ​ក្រុមគ្រួសារ​ជាមុនសិន មុននឹង​សម្រេចចិត្ត​ទិញ។

5. តើ​ទៅ​ថ្ងៃ​អនាគត​ក្នុង​រយៈពេល 5ឆ្នាំ​ខាងមុខ តើ​ការងារ​ប្រភេទ​នេះ​នឹងត្រូវ​បាត់បង់ លែង​មានឱកាស​រកប្រាក់​បាន ឬ​នៅតែ​រកបាន​បន្តទៀត?
ខ្ញុំ​ជឿថា​ការងារ​ក្នុង​វិស័យ​អចលនទ្រព្យ​មិន​សាបសូន្យ​ទេ អចលនទ្រព្យ​នៅ​ប្រទេស​ណា​ក៏​នៅតែមាន​ឱកាស ទោះជា​ប្រទេស​នោះ​អភិវឌ្ឍដល់​ចំណុចកំពូល​ក៏ដោយ ក៏​ភ្នាក់ងារ​លក់​នៅ​ប្រទេស​នោះ​នៅតែ​មានឱកាស​រកប្រាក់​ចំណេញ​បាន​ច្រើន​ដដែល។ ងាក​មក​ប្រទេស​កម្ពុជា វិស័យ​អចលនទ្រព្យ​នៅ​ក្មេងខ្ចី​នៅឡើយ ការកសាង​សំណង់​អគារខ្ពស់ៗនៅមានកម្រិត​នៅឡើយ ដូច្នេះ​យើង​នៅមាន​ឱកាស​ច្រើន​ឆ្នាំ​ទៀត ទោះ​អំឡុង​ពេលខាងមុខអចលនទ្រព្យ​ឡើងថ្លៃ​ជា​បន្តបន្ទាប់​ក៏ដោយ ក៏​នៅតែមាន​តម្រូវ​ការទិញ​ដែរ ព្រោះ​ចំណូល​ប្រជាពលរដ្ឋ​ក៏​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់​ផងដែរ។

6. តើ​លោក​អាច​ផ្តល់​អនុសាសន៍​ផ្ទាល់ខ្លួន​បានទេ​ថា ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ ត្រូវមាន​ផ្នត់គំនិត​ដូចម្តេច ដើម្បីឱ្យ​ការងារ​កាន់តែ​រីកចម្រើន​ទៅមុខ​ជានិច្ច?
ភ្នាក់ងារ​អចលនទ្រព្យ​មិនត្រូវ​ភ្លេច​អភិវឌ្ឍ​ខ្លួនឯង​ទេ ទោះជា​យើង​កំពុង​ធ្វើ​ជោគជ័យ​ក៏ដោយ ប៉ុន្តែ​ស្ថានភាព​អចលនទ្រព្យ​ចេះតែមាន​ការវិវឌ្ឍ​ផ្លាស់ប្តូរ​ទៅមុខ​ជានិច្ច​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ការប្រកួតប្រជែង​ក៏មាន​ការផ្លាស់ប្តូរ ឥរិយាបថ​នៃ​ការទិញ​របស់​អតិថិជន​ក៏មាន​ការផ្លាស់ប្តូរ ដូច្នេះ​តម្រូវឱ្យ​ភ្នាក់ងារ​អ្នកលក់​មាន​ភាព​ប៉ិនប្រសប់ មាន​ជំនាញ​កាន់តែខ្លាំងឡើងៗដូចគ្នា។ ដូច្នេះ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់តែង​ទៅ​រៀន​នៅក្រៅ​ប្រទេស​ដើម្បី​យកចំណេះ-ដឹង​មក​បណ្តុះបណ្តាល​បន្ត​ដល់​កូនក្រុម ឱ្យ​គាត់​មានចំណេះដឹង​កាន់តែ​ទូលំទូលាយ​ខ្លាំងឡើងៗ ដើរ​តាម​ឱ្យទាន់​ការអភិវឌ្ឍ​ទីផ្សារ​ផ្នែក​នេះ៕

Advertisement