ចុងឆ្នាំ2019 កម្ពុជា​នឹង​ទទួលបាន​តំណក់​ប្រេង​ដំបូង ខណៈ​ផលិតកម្ម​ប្រេង​នឹង​ចាប់ផ្តើម

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​អះអាងថា កម្ពុជា​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការផលិត​ប្រេង​នៅ​ដើមឆ្នាំ2020 ខណៈពេលដែល​ការនាំចេញ​ប្រេង​ក៏​អាច​នឹង​ត្រូវបាន​ធ្វើឡើង​ផងដែរ​នាពេល​អនាគត។ ស្របពេលដែល​ប្រេង​ឆៅ​ត្រូវបាន​ចាក់​បញ្ចូល​ទៅក្នុង​រោងចក្រ​ចម្រាញ់​ប្រេង ជំហាន​បន្ទាប់​គឺជា​ការលក់​ប្រេង​នៅលើ​ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ​ក៏​ជា​ជម្រើស​មួយ​ដែរ​សម្រាប់​កម្ពុជា។

លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងឥន្ធនៈ​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​មានប្រសាសន៍ថា៖ “នៅ​ចុងឆ្នាំ2019ខាងមុខនេះ កម្ពុជា​នឹង​ទទួលបាន​តំណក់​ប្រេង​ជា​លើកដំបូង រួចហើយ​នឹង​ដំណើរ​ការផលិត​ក្នុង​លក្ខណៈ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ2020ផងដែរ ដោយ​ជា​មធ្យម ក្នុង 1ថ្ងៃ យើង​អាច​ផលិត​បាន​ប្រមាណ 7ពាន់​បារ៉ែល”។

លោក​បន្តថា បច្ចុប្បន្ន ក្រោយ​ទទួលបាន​លិខិតអនុញ្ញាត​ផលិតកម្ម​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រុមហ៊ុន Kris Energy កំពុង​ដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​មួយចំនួន​ដូចជា ក្រុមហ៊ុន​ខួងអណ្ដូង​ប្រេង​សម្រាប់ធ្វើ​ផលិតកម្ម កប៉ាល់​ផលិតកម្ម(បាន​ចុះ​កុងត្រា​រួចហើយ​កាលពី 1ខែ​មុន) ក្រុមហ៊ុន​ផ្ដល់​នាវា​បណ្ដែត​ផ្ទុក និង​ផ្ទេរ​ប្រេង ជាដើម។

អគ្គនាយក​ប្រេងឥន្ធនៈ​រូបនេះ​បាន​អះអាង​យ៉ាង​ដូច្នេះ​ថា៖ “បើតាម​ផែនការ​ដែល​យើង​បាន​ប្រជុំ​ក្រុមការងារ​អន្តរក្រសួង​របស់​រាជ​រដ្ឋាភិបាល​ជាមួយ​ក្រុមហ៊ុន Kris Energy គឺ​នៅ​ចុងឆ្នាំ2019ហ្នឹងគាត់​នឹង​អាច​ផលិត​តំណក់​ប្រេង​ដំបូង​បាន​ហើយអាហ្នឹង​ផលិត​ដំបូង​អ៊ីចឹង​វាតិចៗសិន​ទេ ដល់ពេល​ជា​លក្ខណៈ​ពាណិជ្ជកម្ម​តែម្ដង គឺអាច​នៅក្នុង​ឆ្នាំ2020”។

ពាក់ព័ន្ធ​នឹង​ការនាំចេញ​វិញ លោក ជៀប សួរ បាន​គូសបញ្ជាក់ថា កំពុងស្ថិត​ក្នុងការ​ពិភាក្សា​គ្នា​នៅឡើយ​ទេ ព្រោះ​ប្រេង​ដែល​បូម​បាន គឺជា​ប្រេង​ឆៅហើយ​បើសិន​រោងចក្រ​ចម្រាញ់​ប្រេង​ត្រូវបាន​សាងសង់​រួចរាល់ ហើយ​អ្នក​ផលិត និង​អ្នក​ចម្រាញ់​ឯកភាពគ្នា​ហើយ គឺ​យើង​អាច​នាំ​ប្រេង​មក​ចម្រាញ់​នៅ​រោងចក្រ​ក្នុងស្រុក​បាន។ លោកបាន​បន្តថា “បើ​ចម្រាញ់​រួចហើយ ក្រុមហ៊ុន​អាច​លក់​នៅក្នុង​ស្រុក​បាន ក្រុមហ៊ុន​នឹង​លក់ ហើយ​សល់​ប៉ុន្មាន គឺ​នាំ​ចេញទៅ​ក្រៅប្រទេស”។

លោកបាន​បញ្ជាក់ថា៖ “ឥឡូវនេះ​ក្រុមហ៊ុន​កំពុងធ្វើការ​ជ្រើសរើស​ក្រុមហ៊ុន​ផ្តល់​នាវា​ធ្វើ​លទ្ធកម្ម ហើយ​គាត់​កំពុង​ជួសជុល​កប៉ាល់​ដើម្បី​ត្រៀម​មក​ធ្វើការ​នៅក្នុង​តំបន់​ប្លុក​Aនេះ”។ លោក​បន្តថា៖“ការងារ​ទាំងអស់​ដែល​យើង​បាន​ឯកភាពគ្នា គឺ​ក្រុមហ៊ុន​កំពុងតែ​អនុវត្ត ហើយ​យើង​មានការ​ប្រជុំ​បូកសរុប​ជាមួយ​ក្រុមហ៊ុន​រយៈពេល 6ខែម្តង។ អុីចឹង​បានជា​យើង​អះអាងថា ផែនការ​នេះ គឺ​នៅ​ចុងឆ្នាំ2019 យើង​នឹង​ទទួលបាន​ដំណក់​ប្រេង”។

ប្រេង​នឹង​ត្រូវបាន​បូមឡើង​ពី​អណ្តូងប្រេង​អប្សរា​ដែលមាន​ទីតាំង​ស្ថិតនៅ​ប្លុក A នៃ​អាង​ប្រេង​របស់​ខ្មែរ និង​ត្រូវបាន​គេ​ស្គាល់​ថា​ជា​តំបន់​ផលិត​ប្រេង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា។ គម្រោង​នេះ​អាច​ត្រូវបាន​ចាត់ទុកថា ជា​គម្រោង​វិស្វកម្ម​ដ៏​ធំ​បំផុត​មួយ​ដែល​ធ្លាប់ធ្វើ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​ដែល​ពឹង​ផ្អែកលើ​ប្រេង​ដែល​បាន​នាំចូល​មកពី​បរទេស​ដើម្បី​បំពេញ​តាម​តម្រូវការ​ថាមពល។

យោងតាម​របាយការណ៍ និង​ផែនការ​របស់​ក្រុមហ៊ុន​រហូតមកដល់​ពេលនេះ គម្រោង​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ទទួលបាន​ជោគជ័យ។ ក្រុមហ៊ុន Kris Energy បាន​ក្លាយជា​ដៃគូ​នៅក្នុង​អាជ្ញាប័ណ្ណ​ប្លុក​នេះ​ចាប់តាំងពី​ឆ្នាំ2010 ហើយ​នៅក្នុង​ឆ្នាំ2014 ក្រុមហ៊ុន​នេះ​បាន​ក្លាយជា​អ្នក​ប្រតិបត្តិការ​នៅក្នុង​តំបន់​នេះ។

នៅ​ខែសីហា ឆ្នាំ2017 ក្រុមហ៊ុន Kris Energy និង​រដ្ឋាភិបាល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដំបូង​ដើម្បី​ចាប់ផ្តើម​អភិវឌ្ឍ​តំបន់​អប្សរា​ក្រោម​កិច្ចសន្យា95% និង5% សម្រាប់​ភាគហ៊ុន គឺ​ក្រុមហ៊ុន Kris Energy ទទួលបាន95% ឯ​រដ្ឋាភិបាល​ទទួលបាន5%។

យោងតាម​ក្រសួង​រ៉ែ និង​ថាមពល ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​នៅក្នុង​វិស័យ​ឧស្សាហកម្ម រួមទាំង​គម្រោង​មួយចំនួន​ដែល​រំពឹងថា​នឹងត្រូវ​អនុម័ត​នៅមុន​ដំណាច់​ឆ្នាំនេះ បច្ចុប្បន្ន​ស្មើនឹង 1.3ពាន់​លាន​ដុល្លារ​ដែល​ធ្វើឱ្យ​វិស័យនេះ​ក្លាយជា​ផ្នែក​មួយ​នៃ​ការជំរុញ​កំណើនសេដ្ឋកិច្ច​ដ៏​សំខាន់បំផុត​នៅ​ក្នុងប្រទេសកម្ពុជា។

យោងតាម​នាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល កម្ពុជា​បាន​នាំចូល​ប្រេង​គ្រប់​ប្រភេទ​មកពី​បរទេស​ដែលមាន​ប្រមាណ​ជា 2លាន​តោន​ក្នុង1ឆ្នាំ។ កម្ពុ​ជាមាន​ធនធាន​ប្រេងកាត​នៅ​ដែន​គោក​ប្រមាណ 19ប្លុក ក្នុង​ដែនសមុទ្រ 6ប្លុក(A-F) និង​តំបន់​ត្រួតគ្នា​រវាង​កម្ពុជា-ថៃ 4តំបន់ ។

ក្រុមហ៊ុន Kris Energy គឺជា​ប្រតិបត្តិ​ករ​នៅក្នុង​ប្លុក A របស់​កម្ពុជា​ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​ទំហំ 3,083គីឡូម៉ែត្រ​ការ៉េ​នៃ​អាង​សមុទ្រ​ខ្មែរ ក្នុង​ជម្រៅ​ទឹក​ចន្លោះ​ពី50 ទៅ80ម៉ែត្រ។ ដំណាក់កាល 1A នៃ​ការអភិវឌ្ឍ​អណ្ដូងប្រេង​អប្សរា រួមមាន​ផ្លាត​ហ្វ៉​ម​ក្បាល​អណ្តូង​ផលិតកម្ម ដែល​បញ្ជា​ពី​ចម្ងាយ​មួយ ទ្រទ្រង់​ដល់​អណ្តូង​បូម​ប្រេង​ចំនួន24 ដែល​បញ្ជូន​សន្ទនីយ​ទៅកាន់​នាវា​ផលិតកម្ម​មួយ។ ប្រេង​ឆៅ​ដែល​ផលិត​បាន​នឹងត្រូវ​បញ្ជូន​តាម​បំពង់​បង្ហូរ​ប្រេង​ប្រវែង 1.5គីឡូម៉ែត្រ​ទៅកាន់​នាវា​បណ្តែត ផ្ទុក និង​ផ្ទេរ​ប្រេង​អចិន្ត្រៃយ៍​មួយ។

ក្រុមហ៊ុន​បានប្រកាសថា៖ “ខ្លួន​នឹង​អាច​ទាញយក​ដំណក់​ប្រេង​បាន 3ម៉ឺន​បារ៉ែល​ក្នុង1ថ្ងៃ និង​មាន​បំពាក់​នូវ​ឋ​បន​ភ័​ណ្ឌ​ដែល​អាច​ញែក​ឧស្ម័ន ប្រេង និង​ទឹក​នៅ​ចុងឆ្នាំ2019ខាងមុខនេះ​នៅ​ដែនសមុទ្រ​របស់​កម្ពុជា”។

នៅពេល​កម្ពុជា​ក្លាយជា​ប្រទេស​ផលិត​ប្រេងកម្ពុជា​រំពឹងថា​នឹង​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​តាមរយៈ​ចំណូល​សារពើពន្ធ មាន​សន្ដិសុខ​ថាមពល កំណើន​ឧស្សាហកម្ម​ពាក់ព័ន្ធ ជំរុញ​កំណើនសេដ្ឋកិច្ច ដែល​ក្នុងនោះ​នឹង​ទាក់ទាញ​វិនិយោគិន​ក្នុង និង​ក្រៅ​ស្រុក បង្កើន​ផលិតផល​ក្នុងស្រុក​សរុប បង្កើន​ការងារ ចំណេះដឹង និង​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ​ទៀតផង៕

Advertisement