រដ្ឋមន្ត្រី​ពាណិជ្ជកម្ម គាំទ្រ​គម្រោង​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ-អង្ករ 10ម៉ឺន​តោន

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​គាំទ្រ​គម្រោង​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ-អង្ករ​ដោយ​ក្រុមហ៊ុន​ចិន​ដែលមាន​សមត្ថភាព​ស​ម្ងួ​ត​ស្រូវ​សើម​ចំនួន 10ម៉ឺន​តោន​ក្នុង​មួយថ្ងៃ និង​អាច​ស្តុក​ស្រូវ-អង្ករ​ស្ងួត​បាន​ដល់​ទៅ 1លាន​តោន​នៅតាម​ខេត្ត​ដែលមាន​សក្តានុពល​ក្នុងប្រទេស​កម្ពុជា។

ការគាំទ្រ​របស់​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ធ្វើឡើង​អំឡុងពេល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ប៊ី គង់​មីន (BI GUANGMIN) ប្រធាន​ក្រុមប្រឹក្សា​នៃ​ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​ភាគី​ចិន សហការ​ជាមួយ​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ ខិតខំ​ធ្វើការ​សិក្សា​រៀបចំ​គំនូរ​ប្លង់ សាងសង់​សម្រាប់​ទីតាំងនីមួយៗ ព្រមទាំង​ធ្វើបញ្ជី​ចំណាយ​លម្អិត​សម្រាប់​ការងារ​សាងសង់ និង​ការបំពាក់​សម្ភារ​បរិក្ខា​រផ្សេងៗ ស្របតាម​ទំហំ​ទឹកប្រាក់​ដែល​រដ្ឋាភិបាល​បានកំណត់ និង​មាន​ភាពច្បាស់លាស់​គ្រប់​ជ្រុងជ្រោយ ដើម្បី​ជំរុញ​កិច្ចការ​នេះ​ទៅមុខ​បាន​រលូន និង​ទទួលបាន​ជោគជ័យ។

លោក ប៊ី គង់​មីន បាន​គូសបញ្ជាក់ថា ប្រព័ន្ធ​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ-អង្ករ​នេះ​នឹង​នាំមក​នូវ​ប្រាក់ចំណូល​ក្នុង​វិស័យ​ស្រូវ-អង្ករ​កម្ពុជា តាមរយ:ការជំរុញ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្នុង​មួយឆ្នាំ 50ម៉ឺន​តោន កាត់បន្ថយ​ការហូរ​ចេញ​ស្រូវ​ទៅ​ប្រទេសជិតខាង ជួយ​ពង្រឹង​ខ្សែចង្វាក់​ផ្គត់ផ្គង់​ស្រូវ និង​បង្កើន​ការបញ្ជាទិញ​សម្រាប់​ការនាំចេញ ជាពិសេស​ធ្វើឱ្យ​តម្លៃ​ស្រូវ-អង្ករ​កម្ពុជា មាន​ស្ថិរភាព​សម្រាប់​កសិករ និង​ភាគី​ពាក់ព័ន្ធ។

គួរ​រំឭក​ផងដែរ​ថា កាលពី​ខែវិច្ឆិកា ឆ្នាំ2017 រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ ជាមួយ​វិស័យ​ឯកជន​នៃ​ប្រទេស​ចិន។ នៅក្នុង​នោះ ភាគី​កម្ពុជា តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងពាណិជ្ជកម្ម ហើយ​ភាគី​ចិន តំណាង​ដោយ​ក្រុមហ៊ុន​ចំនួន3 គឺ៖ Henan Yuguang International Economic & Technical Cooperation, ធនាគារ​នីហរ័ណ-អាហរ័ណ​ចិន (the Export-Import Bank of China) និង​ក្រុមហ៊ុន​ស៊ី​ទីក ហ្គ្រុ​ប (CITIC Group Corporation)។

យោងតាម​អនុស្សរណៈ ក្រុមហ៊ុន​ចិន Henan Yuguang International Economic & Technical Cooperation មាន​កាតព្វកិច្ច​ទទួល​ការងារ​សាងសង់​ឡស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ-អង្ករ នៅក្នុង​ប្រទេស​កម្ពុជា៕

Advertisement