សាច់ក្រក​សៀមរាប​មិនមែន​ ល្បី​តែ​ក្នុងស្រុក​ខ្មែរ​ទេ តែ​នៅ​បរទេស​ក៏មាន​តម្រូវការ​ខ្ពស់​ដែរ

នៅពេល​គេ​និយាយ​ពី​រឿង​សាច់ក្រក គេ​តែង​នឹកឃើញ​ដល់​សាច់ក្រក​សៀមរាប ដោយ​គេ​នាំគ្នា​និយាយថា វា​មាន​រសជាតិ​ឆ្ងាញ់​លើសពី​សាច់ក្រក​មកពី​ខេត្តផ្សេងៗទៀត​នៅ​កម្ពុជា​យើង ហើយ​នៅពេល​គេ​ធ្វើដំណើរ​ទៅ​កម្សាន្ត និង​ត្រឡប់​មកពី​ខេត្តសៀមរាប​វិញ គេ​តែង​ទិញ​យកមក​ទុក​ទទួលទាន​នៅផ្ទះ ហើយ​ខ្លះ​ថែមទាំង​ទិញ​សម្រាប់​ផ្ញើ​ទៅ​បងប្អូន​នៅក្រៅ​ប្រទេស​ទៀតផង។

លោក យ៉ែម ស្រ៊ុន អ្នកគ្រប់គ្រង​ទូទៅ​នៃ​សិប្បកម្ម លី ធាង​សេង ដែលមាន​ទីតាំងនៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប មានប្រសាសន៍ថា សិប្បកម្ម​របស់លោក​ចាប់​ផ្តើមឡើង តាំងពី​សម័យ​ក្រោយ​ឆ្នាំ1979 មកម៉្លេះប៉ុន្តែ​កាលនោះ​បង្កើត​ឡើងជា​លក្ខណៈ​គ្រួសារ មិនទាន់មាន​ការផលិត​ក្នុង​ទ្រង់ទ្រាយ​ធំ​ដូច​សព្វថ្ងៃនេះ​ទេ។ រហូត​ឆ្នាំ80ប្លាយ ទើប​ក្រុមគ្រួសារ​សម្រេចចិត្ត​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​ជា​ផ្លូវការ និង​ពង្រីក​ចង្វាក់​ផលិតកម្ម​ឱ្យបាន​កាន់តែច្រើន សម្រាប់​ចែកចាយ​នៅលើ​ទីផ្សារ​ទូទាំងប្រទេស។

ទីផ្សារ​ដែល​ទទួលបាន​ការ​កុម្ម៉ង់​ទិញ​ច្រើនជាងគេ​នាពេល​បច្ចុប្បន្ននេះ គឺ​ទីក្រុង​ភ្នំពេញ និង​បន្ទាប់មក​គឺ ប្រជាពលរដ្ឋ​ដែល​នៅតាម​បណ្តា​ខេត្តផ្សេងៗទៀត ដែល​ពួកគាត់​ទិញ​សម្រាប់​ទុក​ទទួលទាន​ជា​លក្ខណៈ​ក្រុមគ្រួសារ ឬ​យកទៅលក់​បន្ត​នៅតាម​ទីប្រជុំជនផ្សេងៗ ហើយ​ប្រជាជន​មួយចំនួនទៀត​បាន​ទិញ​ផ្ញើ​បងប្អូន​នៅក្រៅ​ប្រទេស មានដូចជា​ប្រទេស​អាមេរិក បារាំង ជប៉ុន កូរ៉េ កាណាដា អូស្ត្រាលី​ជាដើម។

អ្នកមើលការខុសត្រូវ​ក្នុង​សិប្បកម្ម​ខាងលើ​បន្តថា ក្នុង​មួយថ្ងៃ​មាន​អតិថិជន​កុម្ម៉ង់​ទិញ​ប្រហែលជា100គីឡូក្រាម​គិត​ជា​មធ្យម ទាំង​សាច់ក្រក​ធ្វើ​ពី​សាច់គោ និង​សាច់ក្រក​ធ្វើ​ពី​សាច់ជ្រូក គឺ​មានការ​កុម្ម៉ង់​ទិញ​ប្រហាក់ប្រហែលគ្នា។

អ្វីដែល​ធ្វើឱ្យ​សាច់ក្រក​សៀមរាប​មានការ​គាំទ្រ​ច្រើន​នៅលើ​ទីផ្សារ​ដូចនេះ គឺ​ដោយសារ​ផលិតផល​មានគុណ​ភាពល្អ ទិញ​សាច់ស្រស់ៗមក​ផលិត មិន​ទិញ​សាច់​ក្លាស្សេ ឬ​សាច់​សល់ និង​ផលិតឡើង​ដោយ​ដាក់​តែ​សាច់សុទ្ធៗ មិន​លាយ​ខ្លាញ់ និង​សម្រិតសម្រាំង​គុណភាព អនាម័យ មិន​លាយ​ជាមួយ​ម្សៅ ឬ​ដាក់​ថ្នាំ​រក្សា​គុណភាព​ឱ្យ​ទុក​បានយូរ នាំឱ្យ​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ​នោះទេ។ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ទិញ​ទុក​យូរ អាច​យកទៅដាក់​ក្នុង​ទូទឹកកក​ក្នុង​កន្លែង​កក នឹង​អាច​រក្សាទុក​បាន​ដល់​ទៅ 1ឆ្នាំ និង​បើ​ទុក​ក្នុង​កន្លែង​ត្រជាក់​ធម្មតា អាច​រក្សាទុក​បាន​ដល់ 1ខែ ប៉ុន្តែ​យ៉ាងណាក៏ដោយ ការ​ក្លាស្សេ​សាច់ក្រក​ទុក​យូរពេក ក៏​មិនសូវមាន​រសជាតិ​ឆ្ងាញ់​ដូច​ញ៉ាំភ្លាមៗនោះទេ។

លោក ស្រ៊ុន បាន​បង្ហើប​ឱ្យដឹងពី​វិធីសាស្ត្រ​ធ្វើ​សាច់ក្រក​នេះ​ថា គ្មាន​អ្វីដែល​លំបាក​នោះទេ គ្រាន់តែ​យើង​ទិញ​សាច់ល្អៗមកពីផ្សារ ហើយ​យកមក​លាង​ទឹក​សម្អាត​ឱ្យ​ស្អាត រួច​ទុកចោល​ឱ្យ​ស្ងួត​ទឹក​ល្អ​ហើយ​សឹម​យកទៅដាក់​ក្នុង​ម៉ាស៊ីន​កិន​សាច់​ឱ្យ​ម៉ដ្ឋ បន្ទាប់មក​ទើប​យើង​ចាប់ផ្តើម​លាយ​គ្រឿងទេស​ចូល ដែល​រួមមាន អំបិល ស្ករ ប៊ីចេង បន្ថែម​រសជាតិ​ដោយ​ខ្ទឹមស​តិចតួច ដែល​គិតថា​សមល្មម​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ហើយ​ទើប​យកមក​ច្រក​ក្នុង​ពោះវៀន​ជ្រូក​ដែល​លាង​ស្អាត​រួចជាស្រេច ឬ​ថង់​ច្រក​ដែល​គេ​ផលិត​ពី​ពពុះសណ្តែក(អាច​ហូប​បាន) រួច​យកទៅ​ដាក់ចូល​ឡស​ម្ងួ​ត​ឱ្យ​ស្ងួត​ល្អ ដែល​គេ​អាច​ប្រើឡ​ធម្មជាតិ​ដុត​ដោយ​ធ្យូង​ក៏បាន ឬ​ស​ម្ងួ​ត​ក្នុង​ឡ​អគ្គិសនី​ក៏បាន​ដែរ ប៉ុន្តែ​មិនត្រូវ​ប្រើ​ភ្លើង​ខ្លាំង​បង្ខំ​ឱ្យ​ឆាប់​ស្ងួត​នោះទេ ពោលគឺ​ត្រូវ​ដុត​ភ្លើងតិចៗដែលជា​ទូទៅ​គេ​ត្រូវ​ប្រើពេល​ស​ម្ងួ​តដល់​ទៅ 3ថ្ងៃ​ឯណោះ ទើប​អាច​យកទៅលក់​នៅលើ​ទីផ្សារ​បាន និង​អាច​រក្សាទុក​បាន​ច្រើន​ថ្ងៃ​ទៀតផង។ លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ន​សិប្បកម្ម​ផលិត​សាច់ក្រក លី ធាង សេង មាន​បុគ្គលិក-កម្មករ​ប្រមាណ​ជា3 ទៅ 4នាក់​ប៉ុណ្ណោះ ដោយ​អាច​ផលិត​សាច់ក្រក​លក់បាន​ជាង 100គីឡូក្រាម​ជា​រៀងរាល់ថ្ងៃ។

នៅ​ថ្ងៃ​អនាគត សិប្បកម្ម​ខាងលើ​នឹង​ពង្រីក​ឱ្យ​កាន់តែ​ធំ​ថែមទៀត ដោយ​សម្រិតសម្រាំង​ទៅលើ​គុណភាព អនាម័យ និង​សោភណភាព​សម្បក​វេច​ខ្ចប់​ជាដើម ដើម្បី​ដាក់លក់​នៅក្នុង​ផ្សារ​ទំនើប និង​សម្រាប់​នាំ​ចេញទៅ​លក់​នៅ​ទីផ្សារ​បរទេស​ថែមទៀត។

អតិថិជន​ដែល​ទិញ​យកទៅលក់​បន្ត​ម្នាក់ អ្នកស្រី ពឹង ស៊ូ​លី ជា​អាជីវករ​នៅក្នុង​ផ្សារ​ទី​រួម​ខេត្តក្រចេះ​បានលើកឡើង​ថា ដោយសារ​សាច់ក្រក​សៀមរាប​មាន​រសជាតិ​ឆ្ងាញ់ និង​មានការ​គាំទ្រ​ពី​អតិថិជន​ស្រាប់ អ្នកស្រី​បាន​ទិញ​យកទៅលក់​បន្ត​នៅ​ទីនោះ ហើយក៏​មានការ​កុម្ម៉ង់​ទិញ​ច្រើន​គួរសម​ដែរ ដោយ​ក្នុង​មួយថ្ងៃ​អ្នកស្រី​អាច​លក់​ចេញ​បាន​ប្រមាណ​ជា 10គីឡូក្រាមគិត​ជា​មធ្យម។ អ្នកស្រី​បន្ថែមថា តាមពិតទៅ អ្នកទិញ​សាច់ក្រក​នេះ​មិនមែន​សុទ្ធតែជា​អ្នក​ខេត្តក្រចេះ​ទេ ប្រជាពលរដ្ឋ​នៅ​ខេត្តជិតៗនោះ ដូចជា​រតនគីរី ស្ទឹងត្រែង កំពង់ចាម​ជាដើម ក៏​មានការ​កុម្ម៉ង់​ទិញ​តាម​អន​ឡាញ​ជា​រៀងរាល់ថ្ងៃ​ផងដែរ៕

Advertisement