អ្នកជំនាញ​អន្តរជាតិ​ប្រាប់​ឱ្យ​កម្ពុជា​ខិតខំ​កែច្នៃ​វត្ថុធាតុដើម​ឱ្យ​កាន់តែខ្លាំង​ឡើង​ដើម្បី​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​យូរអង្វែង

កម្ពុជា​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំងជាងគេ​នៅ​អាស៊ី​នា​អំឡុង​ទសវត្សរ៍​ចុងក្រោយ​នេះ​ដោយ​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង សំណង់ និង​វិស័យ​ទេសចរណ៍​ជាដើម ប៉ុន្តែ​វិស័យ​ទាំង2នេះ មិនអាច​រក្សា​ស្ថិរភាព​យូរអង្វែង​បានទេ បើ​គ្មាន​ការពង្រឹង​បន្ថែម និង​ធ្វើ​ពិពិធ​កម្ម​បង្វែ​ទិស​ទៅ​អភិវឌ្ឍ​វិស័យ​ផ្សេងទៀត​នោះ។

លោកស្រី Yong Sarah Zhou មន្ត្រីជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​រូបិយប័ណ្ណ​អន្តរជាតិ មានប្រសាសន៍​ដោយបាន​លើកឡើងថា កម្ពុជា​ជា​ប្រទេសមួយ​ក្នុង​តំបន់​អាស៊ី​ដែលមាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំងជាងគេ ដែល​ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់ថា ជា​កូន​ខ្លា​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី។ សេដ្ឋកិច្ចកម្ពុជា​រីកចម្រើន​បន្ទាប់ពី​សេដ្ឋកិច្ច​ប្រទេស​ចិន កូរ៉េ សិង្ហ​បុរី ឥណ្ឌូនេស៊ី ថៃ និង​ប្រទេសវៀតណាម​ជាដើម ដោយបាន​រីកចម្រើន​ខ្លាំង​ស្ទើរ​ដល់​ចំណុចកំពូល កាលពី​អំឡុង​ទសវត្សរ៍មុន។

លោកស្រី​បានអះអាងថា ឆ្លងតាម​បទពិសោធ ប្រទេស​ដែល​អាចមាន​កំណើនសេដ្ឋកិច្ច​រីកចម្រើន​ទៅបាន មិនអាច​ខ្វះ​វិស័យ​ឧស្សាហកម្ម​បានឡើយ ហើយ​កម្ពុជា​ក៏មាន​បទពិសោធ​ដូច​ប្រទេស​ទាំង​នោះដែរ គឺ​រីកចម្រើន​ទៅបាន​ដោយសារ​វិស័យ​ឧស្សាហកម្ម សំណង់ ទេសចរណ៍ និង​កសិកម្ម​ជាដើម។ ប្រទេស​កម្ពុ​ជាមាន​សក្តា​នុព​ល​ផ្នែក​វិស័យ​ឧស្សាហកម្ម ដោយសារ​មាន​ទីផ្សារ​ធំ​នៅ​សហគមន៍​អឺរ៉ុប ទីផ្សារ​ប្រទេស​ចិន និង​ប្រទេស​កូរ៉េ​ជាដើម។ ក្រៅពីនេះ​កម្ពុ​ជាមាន​កម្លាំង​ពលកម្ម​វ័យក្មេង​ច្រើនជាង​មនុស្ស​ចាស់ ដែល​កម្លាំង​នេះ​ពិត​ជាមាន​សក្តានុពល​ខ្លាំង​ជាង​ប្រទេស​សិង្ហ​បុរី ចិន និង​កូរ៉េ ដែល​ប្រទេស​ទាំងនោះ​មាន​មនុស្ស​ចាស់​ច្រើនជាង​មនុស្ស​វ័យក្មេង។

ទោះជា​ដូច្នេះ​ក្ដី ក៏​កម្លាំង​ពលកម្ម​កម្ពុជា​ភាគច្រើន​ជា​កម្មករ​ដែលមាន​ជំនាញ​ទាប មិនមាន​ជំនាញ​ខ្ពស់​ដូច​ក្នុងប្រទេស​មួយចំនួនទៀត​នៅ​អាស៊ី​នោះឡើយ ដែល​នេះ​ជាហេតុ​ធ្វើឱ្យ​រដ្ឋាភិបាល ក៏ដូចជា​ដៃគូ​ពាក់ព័ន្ធ​ត្រូវតែ​យកចិត្តទុកដាក់​ឱ្យ​ខ្លាំង​បន្ថែមទៀត​ក្នុងការ​បណ្តុះបណ្តាល​កម្លាំង​ជំនាញ​បច្ចេកទេស​ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង ក្លាយជា​កម្មករ​ជំនាញ​កម្រិត​ខ្ពស់ ក្នុង​គោលដៅ​ស្រូបយក​អ្នកវិនិយោគ​ឱ្យ​ចូលមក​កម្ពុជា​កាន់តែ​ច្រើនឡើង។

អ្នកជំនាញ​ខាងលើ​អះអាងថា កំណើន​នេះ​នឹង​ធ្លាក់ចុះ​មកវិញ​នៅពេល​សេដ្ឋកិច្ចកម្ពុជា​កើនឡើង​ពេញលេញ ដែល​កម្ពុជា​ត្រូវតែ​ត្រៀមខ្លួន​ជា​ចាំបាច់ មុន​ពេលដែល​ហានិភ័យ​សេដ្ឋកិច្ច​ចូលមក​ដល់ តាមរយៈ​ការពង្រឹង​សហគ្រាស​ខ្នាតតូច និង​មធ្យម​ឱ្យ​កាន់តែ​ប្រសើរឡើង ក្នុងការ​កែច្នៃ​ផលិតផល​ក្នុងស្រុក​ឱ្យអស់​ពី​លទ្ធភាព សម្រាប់​ដាក់លក់​នៅលើ​ទីផ្សារ​ក្នុងស្រុក ជាជាង​នាំចេញ​វត្ថុធាតុដើម​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស។

លោក Ly Sodeth មន្ត្រី​សេដ្ឋកិច្ច​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​មានប្រសាសន៍ថា ទោះជា​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​មានការ​រីកចម្រើន​ពិតមែន តែ​កម្ពុជា​នៅ​មិនទាន់បាន​ប្រឹងប្រែង​អស់ពី​លទ្ធភាព​នៅឡើយ ហើយ​វិស័យនេះ​នៅមានកម្រិត​ក្នុង​ការជួយ​ដល់​កំណើនសេដ្ឋកិច្ច​នៅឡើយ ដោយសារតែ​វត្ថុធាតុដើម​ដែល​ប្រើប្រាស់​សម្រាប់​វិស័យ​កាត់ដេរ ដូចជា​សាច់​ក្រណាត់ អំបោះ ម៉ាស៊ីនដេរ វត្ថុធាតុដើម​សម្រាប់​ផលិត​ស្បែកជើង កាបូបស្ពាយ ជាដើម ត្រូវបាន​នាំចូល​ពី​ប្រទេសក្រៅ​ទាំងអស់ ដោយសារតែ​អ្នក​នាំចូល​ទាំងនោះ​ទទួលបាន​ការលើកទឹកចិត្ត​ជា​លក្ខណៈ(VIP)ដែល​ធ្វើឱ្យ​តម្លៃ​នាំចូល​របស់គេ​ទាប​ជាង​តម្លៃ​ផលិត​នៅក្នុង​ប្រទេស។ ងាក​មក​ប្រទេស​កម្ពុជា​វិញ មិនទាន់មាន​សហគ្រាស​ផលិត​សាច់​ក្រណាត់​នៅឡើយ ដោយ​មួយចំនួន​ធ្វើឡើង​បែប​លក្ខណៈ​គ្រួសារ តាមរបៀប​បុរាណ និង​មិនអាច​ផ្គត់ផ្គង់​ក្នុង​លក្ខណៈ​ជា​ទ្រង់ទ្រាយ​ធំ​បាន​នៅឡើយ។

លោក​បាន​បន្តថា កន្លងមក​ក្រុមមន្ត្រី​ជំនាញ​របស់លោក បាន​ចុះ​ធ្វើការ​សាកសួរ​ទីតាំង​ដំឡើងរថយន្ត និង​ម៉ូតូ​មួយចំនួន​នៅក្នុង​ក្រុងភ្នំពេញ​ថា តើ​ហេតុអ្វី​ចាំបាច់​នាំចូល​ផលិតផល​សម្រេច​មក​ក​ម្ពុ​ជាម៉េច​មិន​ធ្វើ​ការផលិត​ផ្ទាល់​នៅទីនេះ​តែម្តងទៅ? ចម្លើយ​ដែល​ទទួលបាន​គឺថា កម្ពុជា​មានតម្លៃ​អគ្គិសនី​ខ្ពស់ តម្លៃ​ដឹកជញ្ជូន​ថ្លៃ​ជាង​ប្រទេសជិតខាង ជាពិសេស​កម្ពុជា​នៅ​ខ្វះ​កម្លាំង​ពលកម្ម​ជំនាញ​នៅឡើយ។ គឺ​ចំណុច​នេះហើយ​ដែល​កម្ពុជា​ត្រូវតែ​ពង្រឹង​ជំនាញ​បន្ថែម ជាពិសេស​ត្រូវ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ នឹង​រៀបចំ​យុទ្ធសាស្ត្រ​បញ្ចុះតម្លៃ​អគ្គិសនី ទើប​អាច​ទាក់ទាញ​អ្នកវិនិយោគ​មក​បានកា​ន់​តែ​ច្រើន។

ងាក​មក​វិស័យ​ទេសចរណ៍​វិញ នៅ​ប្រទេស​ថៃ​គេ​អាច​ស្រូបយក​អ្នកទេសចរ​ប្រមាណ​ជា 30លាន​នាក់​ក្នុង​មួយឆ្នាំ ចំណែក​កម្ពុជា​ទទួលបាន​តែ 5លាន​នាក់​ប៉ុណ្ណោះ ដោយសារ​មិនទាន់មាន​ការកែច្នៃ​តំបន់​ទេសចរណ៍ ហើយ​ដែល​ភាគច្រើន​តំបន់​ទេសចរណ៍​ទាំងនោះ​នៅមាន​លក្ខណៈ​បុរាណ​នៅឡើយ។ សម្រាប់​វិស័យ​កសិកម្ម បច្ចុប្បន្ន​កម្ពុជា​មាន​ទី​ផ្សារ​នាំចេញ​ផ្លែស្វាយ ម្រេច ដំឡូង​មី ចេកអំបូង និង​អំពៅ​ជាដើម និង​ផលិតផលថ្មីៗសម្រាប់​នាំចេញ​ទៅ​លក់​នៅ​ទីផ្សារ​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ អាមេ​រិ​ក និង​អឺរ៉ុប​ជាដើម ប៉ុន្តែ​ការនាំចេញ​វត្ថុធាតុដើម​ទាំងនេះ មិនសូវ​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​ដូច​ការកែច្នៃ​ឱ្យក្លាយ​ជា​ផលិតផល​សម្រេច​មុននឹង​ធ្វើការ​នាំចេញ​នោះទេ ដែល​រឿងនេះ​ជា​កត្តា​ជំរុញ​ឱ្យ​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​ជា​ចាំបាច់ និង​ជម្នះ​ឱ្យបាន​ក្នុងការ​ពង្រឹង​សហគ្រាស​ខ្នាតតូច និង​មធ្យម។

លោកជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​មានប្រសាសន៍ថា ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​រឹងមាំ ដែលជា​មធ្យម 7.7%។ កំណើនសេដ្ឋកិច្ច​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​នឹងមាន​អត្រា 7.3% នៅ​ឆ្នាំនេះ ប៉ុន្តែ​កំណើន​នេះ​មានមូលដ្ឋាន​នៅ​តូច​នៅឡើយ ដោយ​ផ្អែកលើ​សសរស្តម្ភ4 រួមមាន​វិស័យ​កាត់ដេរ សំណង់ ទេសចរណ៍ និង​វិស័យ​ឧស្សាហកម្ម។

លោកជំទាវ​បាន​អះអាងថា ការពង្រីក​កំណើនសេដ្ឋកិច្ច​កម្ពុជា​ជា​កត្តាចាំបាច់​ក្នុងការ​កាត់បន្ថយ​ភាព​ងាយ​រង​ផលប៉ះពាល់ និង​ធានា​កំណើន​ប្រកបដោយ​ភាពរឹងមាំ​ដែល​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ជា​ចាំបាច់​តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​បំប្លែង​ទៅ​អភិវឌ្ឍ​វិស័យ​ផ្សេងទៀត ដូចជា​ការពង្រឹង​វិស័យ​អប់រំ​ធនធានមនុស្ស បច្ចេកទេស វិស័យ​កសិកម្ម ឧស្សាហកម្ម វិស័យ​ទេសចរណ៍ និង​សេវាកម្ម​ជាដើម។ល៕

Advertisement