កាដូ​ដើមឆ្នាំ2019 ពលរដ្ឋ​កម្ពុជា​ត្រៀមខ្លួន​ប្រើប្រាស់​អគ្គិសនី​ដែល​រដ្ឋាភិបាល​រៀបចំ​បញ្ចុះតម្លៃ

នៅ​ថ្ងៃទី31 ខែមករា ឆ្នាំ2019ខាងមុខនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អគ្គិសនី​កម្ពុជា​ប្តេជ្ញា​ថា​តម្លៃ​ភ្លើង​នឹង​ចុះ​ទៅតាម​ការកំណត់​ថ្មី​របស់​រាជរដ្ឋាភិបាល​តម្លៃ 740រៀល​ក្នុង 1គីឡូវ៉ាត់​នឹង​ដំណើរការ​នៅតាម​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ និង​គោរព​ទៅតាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដែល​បានដាក់​ចេញ​ឱ្យ​អគ្គិសនី​បញ្ចុះតម្លៃ​ភ្លើង​ចាប់ពី​ថ្ងៃ1 ខែមករា ឆ្នាំ2019។

ឯកឧត្តម កែវ រតនៈ បាន​មានប្រសាសន៍ថា៖“អគ្គិសនី​កម្ពុ​ជាមាន​បញ្ហា​ប្រឈម​ច្រើន​លើ​បញ្ហា​នៃ​ការផ្តល់សេវា​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ ពិសេស​ប្រជាពលរដ្ឋ​ដែល​រកស៊ី​នៅក្នុង​ផ្សារ និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខុន​ដូ។ សម្រាប់​ខុន​ដូ ភ្លើង​ផ្គត់ផ្គង់​ដោយ​ឯកជន​ចែកចាយ​បន្ត​មានតម្លៃ​ចាប់ពី 1,500រៀល​ទៅ2,000រៀល ហើយ​បញ្ហា​នេះ​យើង​បាននិងកំពុង​ប្រជុំ​ដើម្បី​ធ្វើការ​ដោះស្រាយ ដោយសារតែ​អគ្គិសនី​កម្ពុជា​ជា​អ្នកលក់​ភ្លើង ជា​អ្នកផ្តល់សិទ្ធិ​ចែកចាយជា​អ្នកមាន​សិទ្ធិ​ចែកចាយ និង​កំណត់​តម្លៃ​ភ្លើងអគ្គិសនី”។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ឯកឧត្តម​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ-សង្កាត់ សហការ​ជាមួយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ក្នុងការ​ធ្វើបញ្ជី​តូប និង​វិក្កយបត្រ​ភ្លើង​នៅក្នុង​ផ្សារនីមួយៗ ដើម្បី​យើង​ធ្វើសំណើ​ទៅ​សាលា​រាជធានី​ភ្នំពេញ ក៏ដូចជា​ទៅ​ខុទ្ទកាល័យ​សម្តេច​តេ​ជោ និង​ក្រសួង​ពាក់ព័ន្ធ​ដែរ។ នៅពេល​សំណើ​នេះ​ចុះ​មកវិញ យើង​នឹង​អនុវត្ត​តម្លៃ​ភ្លើង​ទៅតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ឯកឧត្តម កែវ រតនៈ បាន​បញ្ជាក់ថា ការអនុវត្ត​នេះក្រុមការងារ​ក្រោម​ការសហការ​ពី​អាជ្ញាធរ​រាជធានី​នឹងធ្វើ​ឱ្យបាន​ជោគជ័យ​យ៉ាងយូរ​ក្នុង​សប្តាហ៍​ទី3 នៃ​ខែមករា ឆ្នាំ2019ខាងមុខ ដោយ​អគ្គិសនី​នឹងត្រូវ​បញ្ចុះតម្លៃ​ទៅតាម​ការកំណត់​ថ្មី​របស់​រាជរដ្ឋាភិបាលគឺ 740រៀល​ក្នុង​មួយ​គីឡូវ៉ាត់។ តែ​ផ្ទុយទៅវិញ​បើ​ក្រុមហ៊ុន​ឯកជន​នៅក្នុង​ក្នុង​ផ្សារ​នានា​មិន​អនុវត្តតាម យើង​នឹង​បិទ​អាជីវកម្ម​នោះ​តែម្តង។ ឯកឧត្តម​បន្ថែមទៀតថា នៅ​ឆ្នាំ2019នេះ យើង​នឹង​កែទម្រង់​វិក្កយបត្រ​ថ្មី ដើម្បីឱ្យ​សេវា​ខិតជិត​ប្រជាពលរដ្ឋ បង្ក​ភាពងាយស្រួល​ជូន​ប្រជាពលរដ្ឋ។

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញក៏បាន​ជំរុញ​ឱ្យ​ផ្នែក​ជំនាញ អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​កា​រត​បណ្តាញ​ភ្លើង​រដ្ឋ​ចូល​ផ្សារ​នេះ​ឱ្យបាន​លឿន។ ពោលគឺ​អាចឱ្យ​អាជីវករ​បាន​ប្រើប្រាស់​ភ្លើង​រដ្ឋ​យ៉ាងយូរ​នៅ​ថ្ងៃទី31 ខែមករា ឆ្នាំ2019 ទៅតាម​អនុសាសន៍​របស់​សម្តេច​ត​េជោ។

លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា៖“អាជីវករ​ក៏​ជា​ប្រជាពលរដ្ឋ​ដែរ ដូច្នេះ​ត្រូវ​ប្រើប្រាស់​ភ្លើង​តម្លៃ​រដ្ឋ​ដូចគ្នា។ ប៉ុន្តែ​តម្លៃ​ខាតបង់​យ៉ាងម៉េច យើង​ជា​អ្នក​ប៉ះប៉ូវ​ចំពោះ​ក្រុមហ៊ុន​ឯកជន។បញ្ហា​រៀបចំ​បណ្តាញ​ភ្លើង​បើ​មិន​ប្រក្រតី អាជ្ញាធរ​ខណ្ឌ-សង្កាត់​ត្រូវ​ស្នើ​ទៅ​អគ្គិសនី​កម្ពុជា​ដើម្បីឱ្យ​គាត់​រៀបចំ។ ចំពោះ​គណៈកម្មការ​ផ្សារ​ត្រូវធ្វើ​របាយការណ៍​មក​ខណ្ឌ មក​រាជធានី ដើម្បី​យើង​រៀបចំ​បញ្ចុះតម្លៃ​ភ្លើង។ គណៈកម្មការ​ផ្សារ​ត្រូវ​មើល​ឱ្យ​មែនទែន ការឡើង​ថ្លៃ​ទឹក-ភ្លើង បើ​ផ្សារ​គ្រប់គ្រង​មិនបាន​ទេ​ប្រធាន​ផ្សារ​មាន​បញ្ហា​ហើយ ដោយ​នឹងត្រូវ​ដកចេញ និង​អាចដាក់​បញ្ចូល​សហគម​ន៍​ក្នុង​ផ្សារ​ឱ្យធ្វើជា​ប្រធាន​វិញ”។

ឯកឧត្តម ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា៖ “ការដែល​អាជីវករ​ជា​ប្រជាពលរដ្ឋ ជា​អ្នកលក់ដូរ ដូច្នេះ​គាត់​ត្រូវ​ប្រើប្រាស់​ភ្លើង​តម្លៃ​រដ្ឋ​ដែរ ពោលគឺ​តម្លៃ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រកស៊ី​នៅក្នុង​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ខាង​អគ្គិសនី​កម្ពុជា​នឹង​បញ្ចុះតម្លៃ​ទៅតាម​ការកំណត់​ថ្មី​របស់​រាជរដ្ឋាភិបាល​គឺ 740រៀល​ក្នុង​មួយ​គីឡូវ៉ាត់”។

លោក​បញ្ជាក់ថា ការបញ្ចុះ​តម្លៃ​នេះ​ដោយ​សំអាង​ទៅលើ​អគ្គិសនី​កម្ពុ​ជាមាន​តារាង​តម្លៃ​ដែលមាន​វាយ​ត្រា​កំណត់​តម្លៃ​ដោយ​រាជរដ្ឋាភិបាល ដែល​គាត់​ចាត់ទុក និង​បាន​រាប់បញ្ចូល​អាជីវកម្ម​នៅតាម​ផ្សារ​ជា​ប្រភេទ​ពាណិជ្ជកម្ម​ធុន​តូច ដែល​ប្រភេទ​អាជីវ​កម្មនេះ ឆ្នាំ2019 នឹង​បញ្ចុះតម្លៃ​មក​នៅត្រឹម 740រៀល​ក្នុង 1គីឡូវ៉ាត់ម៉ោង។

សូម​រំឭក​ដែរ​ថា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​នៅក្នុង​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រា​ស់វា​រី​អគ្គិសនី​សេ​សាន​ក្រោម2 ខេត្តស្ទឹងត្រែង​ថា (ឆ្នាំ2019) តម្លៃប្រើប្រាស់​អគ្គិសនី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នឹងត្រូវ​បញ្ចុះ​ថ្លៃ​ទៅតាម​ប្រភេទ​នៃ​ការប្រើប្រាស់នីមួយ។ ការបញ្ចុះ​ថ្លៃ​អគ្គិសនី​នេះ​មាន 6ប្រភេទ​ដូចខាងក្រោម៖

– ប្រភេទ​ទី1 ការទិញ​តាម​ចរន្ត​តង់ស្យុង​ខ្ពស់ បច្ចុប្បន្ននេះ​គឺ​តម្លៃ 0.1240$/Kwh(503៛) និង​ចុះ​នៅត្រឹម 0.1170$/Kwh(470៛) នៅ​ឆ្នាំ2019 និង​ឆ្នាំ2020។ អ្នកទិញ​តាម​ចរន្ត​តង់ស្យុង​មធ្យម អនុ​ស្ថានីយ​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​បច្ចុប្បន្ននេះ​តម្លៃ 0.1475$/Kwh(598៛) នឹង​ចុះ​ទៅដល់ 0.1350$/Kwh(547៛) និង​នៅ​ឆ្នាំ2019-2020/ 0.1330$/Kwh(539៛)។ អ្នកទិញ​តាម​ចរន្ត​តង់ស្យុង​មធ្យម​តាម​ខេត្ត​ដែល​តម្លៃ​បច្ចុប្បន្ន​គឺ 0.1260$/Kwh(511៛)នឹង​ចុះ​ដល់ 0.1220$/Kwh(495៛)និង​នៅ​ឆ្នាំ2019-2020 តម្លៃ​រក្សា​នៅ​ដដែល។

– ប្រភេទ​ទី2 ប្រភេទ​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម​ដែល​ទិញ​តាម​ខ្សែ​បញ្ជូន​រង និង​ខ្សែ​តង់ស្យុង​មធ្យម​នៃ​តំបន់​ចែកចាយ​ដែល​បច្ចុប្បន្ន​មានតម្លៃ 0.1650$/Kwh(676៛)នៅក្នុង​រាជធានី​ភ្នំពេញ និង 0.1640$/Kwh(672៛)នៅតាម​ខេត្ត នឹង​បញ្ចុះតម្លៃ​ត្រឹម 0.1470$/Kwh(595៛)នៅ​ឆ្នាំ2019 និង 0.1460$/Kwh(592៛)នៅ​ឆ្នាំ2020។

– ប្រភេទ​ទី3 គឺ​ប្រើប្រាស់​ក្នុង​ពាណិជ្ជកម្ម និង​រដ្ឋបាល​ដែល​ទិញ​តាម​ខ្សែ​បញ្ជូន​រង និង​ខ្សែ​តង់ស្យុង​មធ្យម​នៃ​តំបន់​ចែកចាយ​ដែល​តម្លៃ​បច្ចុប្បន្ន​គឺ 0.1650$/Kwh(676៛)នៅ​ទីក្រុង​ភ្នំពេញ និង 0.1640$/Kwh(672៛)នៅតាម​បណ្ដា​ខេត្ត នឹង​ចុះ​នៅត្រឹម ០.1590$/Kwh(645៛)នៅ​ឆ្នាំ2019 និង​បន្ត​ចុះទៅ​នៅត្រឹម 0.1580$/Kwh(640៛)នៅ​ឆ្នាំ2020។

– ប្រភេទ​ទី4 ប្រភេទ​ប្រើប្រាស់​តាម​លំនៅស្ថាន ពី1 ដល់​10Kwh ក្នុង1ខែ ដែល​តម្លៃប្រើប្រាស់​បច្ចុប្បន្ន​នៅ​ភ្នំពេញ​គឺ 610៛/Kwh និង​តាម​ខេត្ត 480៛/Kwh នឹង​បញ្ចុះ​នៅត្រឹម 380៛/Kwh នៅ​ឆ្នាំ2019 និង2020 ។ ការប្រើប្រាស់​ចាប់ពី11 ដល់​50Kwh ដែល​តម្លៃប្រើប្រាស់​បច្ចុប្បន្ន​គឺ 610៛/Kwh នឹង​ចុះ​នៅត្រឹម 480៛/Kwh នៅ​ឆ្នាំ2019-2020។ ការប្រើប្រាស់​ចាប់ពី​51Kwh ដល់​200Kwh ក្នុង1ខែ ដែលតម្លៃប្រើប្រាស់​នៅ​ភ្នំពេញ​គឺ 770៛/Kwh និង​តាម​បណ្ដា​ខេត្ត 720៛/Kwh នឹង​ចុះ​នៅត្រឹម 610៛/Kwh នៅ​ឆ្នាំ2019-2020។លំនៅឋាន​ដែល​ប្រើប្រាស់​លើសពី 200Kwhក្នុង1ខែ ដែល​បច្ចុប្បន្ន​តម្លៃ 770៛/Kwh នៅ​ក្រុងភ្នំពេញ និង750៛/Kwh នៅតាម​ខេត្ត នឹង​ចុះថ្លៃ​នៅត្រឹម 740៛/Kwh នៅ​ឆ្នាំ2019 និង730៛/Kwh នៅ​ឆ្នាំ2020។

– ប្រភេទ​ទី5 ការបូមទឹក​ក្នុង​វិស័យ​កសិកម្ម ចាប់ពី​ម៉ោង 9យប់ ដល់​ម៉ោង 7ព្រឹក​ដែល​ត្រូវ​បង់ 480៛/Kwh នឹង​នៅ​បន្ត​ក្នុងតម្លៃ 480៛Kwhដដែល។

– ប្រភេទ​ទី6 ការប្រើប្រាស់​នៅតាម​សាលារៀន មន្ទី​រពេទ្យ មណ្ឌល​សុខភាព តម្លៃ​កំពុង​ប្រើប្រាស់​បច្ចុប្បន្ន​គឺ 770៛/Kwh នឹង​ចុះ​នៅត្រឹម 610៛/Kwh នៅ​ឆ្នាំ2019-2020។

លោក វ៉ាង វិ​ន​ធៀន (Wang wentian) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ថ្មី ប្រចាំ​នៅ​កម្ពុជា​បាន​កោត​ស​សើរ​ចំពោះ​ការអភិវឌ្ឍ​របស់​ក​ម្ពុ​ជាក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជាពិសេស​សម្តេច​បានគិត​គូរ​អំពី​បញ្ហា​អគ្គិសនី​នៅ​កម្ពុជា រហូត​មានការ​បញ្ចុះតម្លៃ​ប្រើប្រាស់​ចាប់ពី​ដើមឆ្នាំ2019 នេះ​តទៅ៕

Advertisement