មុន​ផុត EBA តើ​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ជាមុន​ដូចម្តេចខ្លះ?

សភាព​អឺរ៉ុប​បានផ្តល់​ការអនុគ្រោះ​ពន្ធ EBA (Everything But Arm) អ្វីៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ​ដល់​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ2001មកដែល​អនុញ្ញាតឱ្យ​ប្រទេស​កម្ពុជា​នាំ​ទំនិញ​គ្រប់​ប្រភេទ លើកលែងតែ​អាវុធ​ចូលទៅ​លក់​នៅលើ​ទីផ្សារ​ក្នុងប្រទេស​អឺរ៉ុប​ដោយ​អនុគ្រោះ​មិន​យកពន្ធ ក្នុង​គោលដៅ​ជួយ​ដល់​ប្រទេស​កម្ពុជា​ឱ្យ​ងើប​រួច​ផុតពី​ភាពក្រីក្រ។

ក្រោយពី​ទទួលបាន​ការអនុគ្រោះ​ពន្ធ​នេះ​ពី​សហគមន៍​អឺរ៉ុប បណ្តា​អ្នកវិនិយោគទុន​ក្រៅ​ស្រុក​ជាច្រើន​បាននាំគ្នា​ចូលមក​បោះទុន​វិនិយោគ​លើ​វិស័យផ្សេងៗ ជាពិសេស​រោងចក្រ​ឧស្សាហកម្ម​កាត់ដេរ​នៅក្នុង​ប្រទេស​កម្ពុជា​ជាច្រើន​ជា​ចំណែក​ដ៏​សំខាន់បំផុត​ក្នុងការ​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ប្រមាណ​ជិត 1លាន​នាក់​មកទល់​បច្ចុប្បន្ន និង​ជា​កត្តា​សំខាន់​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​ឆ្លង​ផុតពី​បន្ទាត់​ប្រទេស​ក្រីក្រ​មកជា​ប្រទេស​មាន​ចំណូល​មធ្យ​កម្រិត​ទាប​នាពេល​បច្ចុប្បន្ន ហើយនឹង​គ្មានអ្វី​ប្រែប្រួល​នោះទេ នៅពេល​កម្ពុ​ជាមាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ទៅ​មុខជា​លំដាប់​បែបនេះ នឹង​ជំរុញ​ឱ្យ​កម្ពុជា​ឆ្លង​ផុតពី​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នាពេលខាងមុខ តែ​នាពេល​អនាគត​ដូចគ្នា​ដែរ សហគមន៍​អឺរ៉ុប​នឹង​ផ្តាច់​ប្រព័ន្ធ EBA នៅពេលដែល​ប្រទេស​កម្ពុជា​អាចជួយ​ខ្លួនឯងបាន។ ដូច្នេះ មុននឹង​ប្រព័ន្ធ EBA ត្រូវ​បញ្ចប់ តើ​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ដូចម្តេចខ្លះ?

លោកស្រី Sunniya Durrani-Jamal នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំ​ប្រទេស​កម្ពុជា​មានប្រសាសន៍ថា ប្រការ​ដែល​សំខាន់ កម្ពុជា​ត្រូវ​អភិវឌ្ឍ​សហគ្រិនភាព​ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង ព្រោះថា សហគ្រិន​វ័យក្មេង​គឺជា​សសរស្តម្ភ​ដ៏​សំខាន់បំផុត​ក្នុងការ​ចូលរួម​លើក​កំណើនសេដ្ឋកិច្ច​ក្នុងប្រទេស។ លោកស្រី​អះអាងថា អ្វី​ដែលជា​ចំណុច​សំខាន់ គឺ​ជួយ​សហគ្រិន​នៅ​កម្ពុជា​ឱ្យ​កាន់-​តែមាន​ភាពរឹងមាំ​ខ្លាំងឡើងៗ ក្នុងនោះ​តម្រូវការ​ចាំបាច់​គឺ​ប្រភព​ទុន និង​ជំនួយ​ផ្នែក​បច្ចេកទេស ឬ​ធនធានមនុស្ស​ជាដើម។

បច្ចុប្បន្ន​សហគ្រិន​នៅ​កម្ពុជា បង្កើតឡើង​ដោយ​ពឹងផ្អែក​ទៅលើ​តែ​ប្រភព​ទុន​ផ្ទាល់ខ្លួន និង​ការកៀងគរពី​ក្រុមគ្រួសារ ឬ​មិត្តភក្តិ​ជិតស្និទ្ធ​របស់​ពួកគេ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺ​រដ្ឋាភិបាល​មាន​តួនាទី​ជួយ​ឱ្យ​ពួកគេ​អាច​ស្វែងរក​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​បំផុត​ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​របស់​ពួកគេ ខណៈដែល​បច្ចុប្បន្នប្រភព​ទុន​ធំ​ដែល​ពួកគេ​ទទួលបាន គឺ​ផ្អែកទៅលើ​តែ​កម្ចី​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលមាន​អត្រា​ការប្រាក់​ខ្ពស់ជាង​ប្រទេសជិតខាង។

ជាមួយគ្នានេះ​លោកស្រី Yong Sarah Zhou មន្ត្រីជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​រូបិយវត្ថុ​អន្តរជាតិ​មានប្រសាសន៍ថា អត្រា​ប្តូរប្រាក់​នៅក្នុង​ប្រទេស​ក​ម្ពុ​ជាមាន​ស្ថិរភាព​ល្អប្រសើរ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ដោយសារ​ដុល្លារូបនីយ​កម្ម មានន័យថា សេដ្ឋកិច្ចកម្ពុជា​ពឹងផ្អែក​លើ​ប្រាក់​ដុល្លារ​ជាជាង​រូបិយវត្ថុ​របស់ខ្លួន ដែល​ស្ថិរភាព​នេះ​មិន​អាចមាន​ទំនុកចិត្ត​ពេញលេញ​បានឡើយ ដូច្នេះ​សម្រាប់​អនាគត​អ្វីដែល​សំខាន់ គឺ​ត្រូវ​ពង្រឹង​រូបិយវត្ថុ​របស់ខ្លួន(ប្រាក់រៀល) ឱ្យ​កាន់​តែមាន​ភាពរឹងមាំ​ឡើង តាមរយៈ​ការ​ចរាចរ​ដាក់ឱ្យ​ចាយវាយ ឬ​ដោះដូរ​កាន់តែច្រើនឡើងៗនៅលើ​ទីផ្សារ​របស់ខ្លួន​ឱ្យ​កាន់តែ​ទូលំទូលាយ។

លោកជំទាវ ជា សិរី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​មានប្រសាសន៍ថា ក្នុង​គោលដៅ​លើកកម្ពស់​ប្រាក់រៀល ធនាគារជាតិ​នៃ​កម្ពុជា​បាន​លើកទឹកចិត្ត​ឱ្យ​ធនាគារឯកជន ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​នៅក្នុង​ប្រទេស​កម្ពុជា គួរតែ​ផ្តល់​កម្ចី​ប្រាក់​ដល់​ពលរដ្ឋ​ជា​ប្រាក់រៀល​ជាជាង​ប្រាក់​ដុល្លារ ហើយ​បច្ចុប្បន្ន ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​បាន​អនុវត្តបណ្តើរៗហើយ ជាមួយគ្នានេះ​កម្ពុជា​ក៏បាន​សហការ​ជាមួយ​ប្រទេស​នានាដើម្បី​ទូទាត់​ទំនិញ​ឆ្លង​ព្រំដែន ជា​រូបិយវត្ថុ​ជាតិរៀងៗខ្លួន ជាជាង​ទូទាត់​ជា​ប្រាក់​ដុល្លារ​អាមេរិក​ដែរ។

ឆ្លងតាម​បទពិសោធ ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ល្អប្រសើរ នៅក្នុង​តំបន់​អាស៊ី មិនអាច​ខ្វះ​បាន​វិស័យ​ឧស្សាហកម្ម​ជាដាច់ខាត ហើយ​ក្រៅ​តែ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប​ប្រើប្រាស់​ហើយ​នោះ កម្ពុជា​គួរតែ​ពង្រីក​ចង្វាក់​ផលិតកម្ម​ឱ្យ​កាន់តែខ្លាំង​ឡើង ពិសេស​ផ្តោតទៅលើ​វិស័យ​កសិកម្ម ដូចជា​ការកែច្នៃ​ជ័រកៅស៊ូ ដំឡូង​មី ស្វាយចន្ទី ផលិតផល​ម្រេច ការកែច្នៃ​ស្វាយកែវ​រមៀត ស្រូវ អង្ករ ពោត សណ្តែក​ជាដើម ឱ្យ​ក្លាយជា​ផលិតផល​សម្រេច ដែលមាន​គុណភាព រសជាតិ អនាម័យ និង​សម្បក​វេច​ខ្ចប់​ស្អាត​ទាក់ទាញ​ក្នុងការ​ដាក់លក់​នៅលើ​ទីផ្សារ ឬ​សម្រាប់​នាំ​ចេញទៅ​លក់​នៅលើ​ទីផ្សារ​ក្រៅប្រទេស ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសផ្សេងៗទៀត ដែល​ប្រសើរ​ជាង​ការនាំចេញ​វត្ថុធាតុដើម៕

Advertisement