ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន​ជាង​កន្លះ​លាន​ដុល្លារ សម្រាប់​លើកកម្ពស់​វិស័យ2 នៅ​កម្ពុជា

ជប៉ុន​ជា​ប្រទេស​ឈានមុខ​គេ​មួយ​នៅក្នុង​តំបន់​ដែល​តែងតែ​ផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជាសម្រាប់​លើកកម្ពស់​វិស័យផ្សេងៗជាច្រើន ក្នុង​មានដូចជា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ អប់រំសុខាភិបាល ការអភិវឌ្ឍ​ធនធានមនុស្ស និង​សុខុមាលភាព​សង្គម ជាដើម។ល។

ហើយ​កាលពី​សប្តាហ៍​មុននេះ ជប៉ុន​បាន​ចុះកិច្ចសន្យា​ផ្តល់ជំនួយ​ទឹកប្រាក់​ប្រមាណ​ជា 692,522ដុល្លារ​អាមេរិក​បន្ថែម​ទៀត សម្រាប់​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ2 នៅ​កម្ពុជា សម្រាប់​ការអភិវឌ្ឍ​ធនធានមនុស្ស និង​លើកកម្ពស់​វិស័យ​កសិកម្ម​ឱ្យមាន​ភាព-​កាន់តែ​ប្រសើរឡើង​ថែម​មួយកម្រិត​ទៀត។

ឯកឧត្តម ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​មានប្រសាសន៍ថា ទឹកប្រាក់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន 692,522ដុល្លារ​នេះ​ត្រូវបាន​បែងចែក​ជា 2គម្រោងផ្សេងៗគ្នា ដោយ​គម្រោង​ទីមួយ សម្រាប់​អង្គការ Heart of Gold រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ប្រមាណ396,000ដុល្លារ​អាមេរិក​សម្រាប់​ការកែទម្រង់​កម្មវិធីសិក្សា​បណ្តុះបណ្តាល​ធនធានមនុស្ស ថែរក្សា​អគារ ព្រមទាំង​ដើម្បីឱ្យ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​ក្លាយជា​វិទ្យាស្ថាន​គរុកោសល្យ4ឆ្នាំ​ក្នុង​មុខវិជ្ជា​អប់រំ​កាយ។

គម្រោង​ទី​ពីរ សម្រាប់​អង្គការ FIDR រដ្ឋាភិបាល​ជប៉ុន​ដែល​មាន​ថវិកា​ប្រមាណ 297,000ដុល្លារ​អាមេរិក សម្រាប់​ការលើកកម្ពស់​ផលិតភាព​នៃ​ការដាំដុះ​ស្រូវ ការធ្វើ​ពិពិធ​កម្ម​នៃ​កសិកម្ម ការកែលម្អ​ចំណីអាហារ ការបង្កើត​បណ្តាញ​រប​ស់​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់ និង​ការពង្រឹង​សហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​នៅក្នុង​ស្រុក3 នៃ​ខេត្តកំពង់ឆ្នាំង។ គម្រោង​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​ផ្តល់​ដល់​ប្រជាជន​រស់នៅក្នុង​តំបន់​ឱ្យ​អាច​កែលម្អ​ជីវភាព​រស់នៅ​របស់​ពួកគេ ទទួលបាន​អាហារ​គ្រប់គ្រាន់ និង​មាន​ជីវជាតិ​ដើម្បី​ថែរក្សា​សុខភាព​ឱ្យ​បានល្អ​ប្រសើរឡើង។

លោកស្រី MINAMI Yumiko នាយិកា​អង្គការ FIDR ដែល​ទទួលបាន​គម្រោង​ខាងលើ ដែល​បាននិងកំពុង​ជួយ​ដល់​ប្រជាកសិករ​ចំនួន 48,000នាក់​ដែល​រស់នៅក្នុង​ឃុំ​គោលដៅ​របស់​គម្រោង​ទាំង9​ និង​ភូមិ​ចំនួន63 ក្នុង​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់ថាជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​នេះ​នឹង​ជួយ​ឱ្យសម្រេចបាន​នូវ​សមិទ្ធផល​ផ្លែផ្កា​ជា​ប្រយោជន៍​ដល់​សង្គម​បន្ថែមទៀត ជាពិសេស​សម្រាប់​ប្រជាពលរដ្ឋ​សហគមន៍​ដែល​កំពុង​រស់នៅក្នុង​គោលដៅ​ខាងលើ​ឱ្យ​ទទួលបាន​ជីវភាព​កាន់តែប្រសើរឡើង។

គួរ​បញ្ជាក់ថា គម្រោង​ជំនួយឥតសំណង គូ​សាណូ​ណិ របស់​រដ្ឋាភិបាល​ជប៉ុន​បាន​បង្កើតឡើង​នៅ​ប្រទេស​កម្ពុជា​ក្នុងអំឡុង​ឆ្នាំ1991។ គម្រោង“គូ​សាណូ​ណិ” មានន័យថា “មូលដ្ឋាន” ហើយ​ចាប់តាំងពី​គម្រោង​នេះ​បានចាប់ផ្តើម​អនុវត្ត​មក ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​តែង​ផ្តល់នូវ​ជំនួយឥតសំណង​ទៅដល់​ថ្នាក់មូលដ្ឋាន​បាន​ជាង 580គម្រោង​រួចមកហើយ។

រហូតដល់​ឆ្នាំ2003 ឈ្មោះ​របស់​គម្រោង​នេះ​ត្រូវបាន​ប្តូរ​ទៅជា “គម្រោង​សន្តិសុខ​មនុស្សជាតិ​ថ្នាក់មូលដ្ឋាន” ដែល​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​នៃ​ការយកចិត្តទុកដាក់​លើ​ផ្នែក​សន្តិសុខ​មនុស្សជាតិ។ គម្រោង​នេះ​ធ្វើឡើង​ក្នុង​គោលដៅ​ការអប់រំ​កម្រិត​មូលដ្ឋាន សុខាភិបាល និង​ការថែទាំ​វេជ្ជសាស្ត្រកសិកម្ម និង​ប្រព័ន្ធធារាសាស្ត្រ ការកែលម្អ​ស្ពាន និង​ផ្លូវថ្នល់ ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សុខុមាលភាព​សង្គម។

អ្នកវិភាគ​សង្គម​លើកឡើងថា រដ្ឋាភិបាល​ក៏ដូចជា​ប្រជាជន​ជប៉ុន​ដែរ តែង​គិតគូរ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​យ៉ាងច្រើន ដែល​ភាគច្រើន​ជា​ជំនួយឥតសំណង រាប់​ចាប់​តាំង​ជំនួយ​ផ្នែក​គម្រោង​ស្ពាន​ ​ថ្នល់ ជំនួយ​ផ្នែក​ច្បាប់ អប់រំ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​កសិកម្ម​ជាដើម។ល។ ជំនួយ​នេះ​ធ្វើឡើង​ក្នុង​គោលដៅ​ទំនាក់ទំនង​មនុស្សជាតិជាពិសេស​ជាការ​តបស្នង​សងគុណ​ដល់​អតីតព្រះមហាក្សត្រ​កម្ពុជា​ដែល​ពុំ​តម្រូវឱ្យ​ប្រទេស​ជប៉ុន​សង​ប្រាក់​ក្រោយ​ចាញ់​សង្គ្រាមលោកលើកទី2។

ក្រៅតែពី​ការ​ផ្តល់ជំនួយ​ហើយ រដ្ឋាភិបាល​ជប៉ុន​នៅបាន​បញ្ជូន​អ្នកវិនិយោគ​មក​កម្ពុជា​កាន់តែច្រើនឡើងៗនៅ​រយៈពេល​ចុងក្រោយ ចូលរួម​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​កាន់តែច្រើន និង​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​ឱ្យ​កាន់តែ​ប្រសើរឡើង ជាពិសេស​លើ​គម្រោង​អចលនទ្រព្យ​សំណង់​ខុន​ដូ ផ្សារ​ទំនើប ភោជនីយដ្ឋាន និង​កសិកម្ម​ជាដើម៕

Advertisement