ដំណើរ​កម្សាន្ត​នៅក្រៅ​ប្រទេស​របស់​ពលរ​ដ្ឋ​កម្ពុជា មានការ​កើនឡើង​ប្រមាណ 20%

សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បានឱ្យដឹងថា ក្នុងឱកាស​ឆ្លង​ឆ្នាំ​សកល 2018-2019 កន្លង​ទៅនោះ ពលរដ្ឋ​កម្ពុជា​បាន​ចេញទៅ​ដើរ​កម្សាន្ដ​ទាំង​នៅក្នុង​ប្រទេស និង​នៅក្រៅ​ប្រទេស​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ដោយ​ក្នុងនោះ​គោលដៅ​ទៅ​ក្រៅប្រទេស​មាន​ប្រទេស​ចិន និង​បណ្តា​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប គឺមាន​ការកើនឡើង​ប្រមាណ20% បើ​ធៀប​ទៅនឹង​ឆ្នាំ2017។

លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានបញ្ជាក់​ឱ្យដឹងថា ការឆ្លង​ឆ្នាំ​សកល​កន្លងមកនេះ គឺមាន​ភ្ញៀវទេសចរ​ដើរ​ក​ម្សា​ន​កើនឡើង​ទាំង​នៅក្នុង​ស្រុក និង​ក្រៅប្រទេស​មាន​ប្រមាណ20% ដោយសារតែ​ប្រទេស​មាន​សុខសន្ដិភាព និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក៏​ធូរធារ​ជាង​មុន ជាពិសេស​ការខិតខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​ដែល​បាន​កសាង និង​អភិវឌ្ឍ​នូវ​តំបន់​ទេសចរណ៍ ព្រមទាំង​បង្កើន​ផលិតផល​ទេសចរណ៍​នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស។

លោកស្រី បាន​លើកឡើងថា ក្នុងអំឡុង​ពិធី​ឆ្លង​ឆ្នាំ​សកល​កន្លងមក មាន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជិត 2ម៉ឺន​នាក់ បាន​ចាក​ចេញទៅ​កម្សាន្ដ​នៅក្រៅ​ប្រទេស ក្នុងនោះ​មាន​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន ប្រទេស​អឺរ៉ុប និង​ប្រទេស​មួយចំនួនទៀត​ក្នុង​តំបន់។

លោកស្រី​បាន​បញ្ជាក់ថា ការកើនឡើង​នៃ​ភ្ញៀវទេសចរ​ក្នុងស្រុក​ដែល​ចេញទៅ​កម្សាន្ដ​នៅក្រៅ​ប្រទេស​នេះ គឺ​ដោយសារតែ​បច្ចុប្បន្ន​មាន​ជើងហោះហើរ​ត្រង់​ច្រើន និង​មាន​ក្រុមហ៊ុន​ទេសចរណ៍​រៀបចំ​កញ្ចប់​ទេសចរណ៍​ក្នុងតម្លៃ​ប្រកួតប្រជែង ដើម្បី​បង្កលក្ខណៈ​ដល់​ពលរដ្ឋ​កម្ពុជា ជាពិសេស​យុវជន យុវនារី មានឱកាស​ចេញទៅ​សិក្សា​ស្វែងយល់​ពី​ការធ្វើ​អាជីវកម្មផ្សេងៗ នៅតាម​បណ្ដា​ប្រទេស​រីកចម្រើន​មួយចំនួន ក្រៅពី​ការធ្វើ​ទេសចរណ៍​កម្សាន្ដ​នោះ ដើម្បី​ដកស្រង់​នូវ​បទពិសោធ​ពី​ប្រទេស​គេ​មក​ធ្វើការ​អភិវឌ្ឍ ក្នុងប្រទេស​របស់ខ្លួន។

លោកស្រី​បាន​បន្ដថា ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​ដែលមាន​ការកើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នោះ រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងទេសចរណ៍ គួរតែ​ពង្រីក​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ក៏ដូចជា​រមណីយដ្ឋាន​កែច្នៃ និង​ធម្មជាតិ ផលិតផល​ទេសចរណ៍ ព្រមទាំង​ពង្រីក​នូវ​គោលដៅ​ទេសចរណ៍​នៅក្នុង​ស្រុក​ឱ្យបាន​ច្រើន​កន្លែង​បន្ថែមទៀត ដើម្បី​បង្កើន​ការគាំទ្រ​ផលិតផល​ទេសចរណ៍​ក្នុងស្រុក។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរ និង​ពលរដ្ឋ​ដែល​បាន​ចូលរួម​កម្សាន្ត​សប្បាយ​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​សកល​នៅ​រាជធានី​ភ្នំពេញ គឺមាន​ចំនួន​ច្រើនជាងគេ គឺ ប្រមាណ​ជា 2,200,000នាក់ ក្នុង​នោះបាន​ទៅ​ទស្សនា​កម្សាន្ត​នៅ​វិមាន​អនុស្សាវរីយ៍​នយោបាយ ឈ្នះ-ឈ្នះ គឺមាន​ប្រមាណ 2លាន​នាក់ ។

ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​អះអាងថា ក្នុងឱកាស​ឆ្លង​ឆ្នាំ​សកល​នេះ មាន​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​ប្រមាណ​ជាង 3,134,434នាក់ បានចេញ​ដើរ​ទស្សនា​កម្សាន្ត​នៅ​ទូទាំងប្រទេស។ ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​ដើរ​កម្សាន្ត​នាឱកាស​ឆ្លង​ឆ្នាំ​សកល​នេះ គឺមាន​ការកើនឡើង​ប្រមាណ25.78% ក្នុងនោះ​ភ្ញៀវ​ជាតិ​កើនឡើង 25.32% និង​ភ្ញៀវ​អន្តរជាតិ​កើនឡើង 41.60% បើ​ធៀប​ទៅនឹង​ឆ្នាំមុន៕

Advertisement