បន្តិចទៀតនឹងមានតែគយ និងមន្រ្តីអន្តោប្រវេសន៍ប៉ុណ្ណោះនៅច្រកព្រំដែន ក្រៅពីនោះរដ្ឋាភិបាលនឹងដកចេញទាំងអស់

January 12, 2019​ ម៉ោង 11:50 am

បញ្ហាមន្ត្រីច្រើនស្ថាប័ននៅតាមច្រកព្រំដែន​នានា​ធ្លាប់ត្រូវបានលើកឡើងថាជាឧបសគ្គមួយផងដែរសម្រាប់អាជីវករ និងពាណិជ្ជករដែល​រកស៊ីផ្នែកនាំចេញ និងនាំចូលផលិតផលពីបរទេសមកកម្ពុជា និងពីកម្ពុជាទៅក្រៅប្រទេស។


បញ្ហាស្ថាប័នច្រើននេះត្រូវបានគេមើលឃើញថា ​អាចធ្វើឱ្យនីតិវិធីនៃការនាំចេញ-នាំចូលមានភាពសាំញ៉ាំ ចំណាយពេលវេលាយូរ និង​ថវិកាច្រើនដែលបញ្ហានេះអាចធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម​របស់អ្នករកស៊ីដែលត្រូវការ​ភាពឆាប់រហ័ស។


នៅក្នុងជំនួប​រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាន​លើកទី3 កាលពីថ្ងៃទី11 ខែមករា ឆ្នាំ2019 ម្សិលមិញនេះ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ​រាជរដ្ឋាភិបាលនឹង​កាត់បន្ថយមន្ត្រីគ្រប់ស្ថាប័នទាំងអស់នៅច្រកព្រំដែន ដោយទុកតែមន្ត្រីអន្តោប្រវេសន៍ ដែលត្រូវបំពេញបែបបទវាយត្រាចេញ-ចូលប្រទេសជាចាំបាច់ និងមន្ត្រីគយ​សម្រាប់ប្រមូលពន្ធតែប៉ុណ្ណោះ ក្រៅពីនេះមន្ត្រីកាំកុងត្រូល និងមន្ត្រីផ្សេងៗទៀតនឹងមិនឱ្យមាននៅច្រកព្រំដែនតទៅទៀតទេ។


ចំណាត់ការនេះធ្វើឡើងដើម្បីពង្រឹងឯករាជភាព​លើវិស័យសេដ្ឋកិច្ច តាមរយៈការជំរុញឱ្យ​មាន​ភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេស៕