ផ្លូវក្រវាត់ក្រុងតម្លៃជិត $300លានដែលប្រជាជនជុំវិញរាជធានីទន្ទឹងរង់ចាំបាន​បើកការដ្ឋានសាងសង់ហើយ​នៅព្រឹកនេះ…

ផ្លូវក្រវាត់ក្រុងខ្សែទី3 ប្រវែង 53គីឡូម៉ែត្រឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាលគ្រោងនឹងចំណាយថវិកា​សាងសង់ប្រមាណជិត 300លានដុល្លារអាមេរិក​ត្រូវបានបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី14 ខែមករា ឆ្នាំ2019 នេះហើយ។

ផ្លូវក្រវាត់ក្រុងថ្មីនេះ​មានទីតាំងស្ថិតនៅតាមបណ្តោយ​ផ្លូវជាតិលេខ4 ដល់ផ្លូវជាតិលេខ1 ដោយភ្ជាប់ភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ដោយក្នុងនោះ​ផ្លូវឆ្លងកាត់ក្នុងរាជធានីភ្នំពេញចំនួន 15គីឡូម៉ែត្រ និងកាត់ភូមិសាស្រ្តខេត្តកណ្តាលចំនួន 53គីឡូម៉ែត្រ។ ចំណុចចាប់ផ្តើម​នៃផ្លូវ គឺគីឡូម៉ែត្រលេខ14 +105 នៃផ្លូវជាតិលេខ4 និងចុងបញ្ចប់​នៅគីឡូម៉ែត្រលេខ24 + 840 នៃផ្លូវជាតិលេខ1។ នៅតាមដងផ្លូវនេះមានស្ពានអាកាសឆ្លងកាត់ចំនួន 4កន្លែង កាត់ពីលើផ្លូវជាតិលេខ4 ផ្លូវជាតិលេខ3 ផ្លូវជាតិលេខ2 និងផ្លូវជាតិលេខ1 ដែលប្រវែងស្ពានសរុប​ 1,000ម៉ែត្រ។ ក្នុងនោះក៏មានស្ពានឆ្លងទន្លេបាសាក់​ចំនួន 2កន្លែង​ត្រង់កោះអន្លង់ចិន​ប្រវែងសរុប 996ម៉ែត្រ (ស្ពានបាសាក់ខាងកើតប្រវែង 630ម៉ែត្រ និងស្ពានបាសាក់ខាងលិច ប្រវែង 366ម៉ែត្រ)។

ចំពោះទំហំផ្លូវវិញ ​គឺមានទទឹងប្រវែង 27ម៉ែត្រ សម្រាប់ទីប្រជុំជន និង​ក្រៅទីប្រជុំជនមានប្រវែង 25ម៉ែត្រដោយដាក់ភ្លើងបំភ្លឺផ្លូវនៅកំណាត់ផ្លូវក្នុងក្រុង និងដាំដើមឈើលម្អនៅក្រៅក្រុង។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ផ្លូវនេះគ្រោងចំណាយថវិកាប្រមាណ 273លានដុល្លារអាមេរិក ក្រោម​ហិរញ្ញប្បទានពីរដ្ឋាភិបាលចិន ស្របពេលដែល​រាជរដ្ឋាភិបាលកម្ពុជា​ចូលរួមបដិភាគសម្រាប់ដោះស្រាយផលប៉ះពាល់។ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី3 នេះ ក៏តភ្ជាប់ផងដែរទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ5 និងភ្ជាប់ទៅស្ពានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ6 ដែលនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបមួយ បម្រើការជាផ្លូវដឹកជញ្ជូនវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ6 ផ្លូវជាតិលេខ5 ផ្លូវជាតិលេខ4 ផ្លូវជាតិលេខ3 ផ្លូវជាតិលេខ2 និងផ្លូវជាតិលេខ21 ឆ្លងកាត់ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន និងភ្ជាប់ទៅផ្លូវជាតិលេខ1 ពិសេសភ្ជាប់ទៅចំណតផែកុងតឺន័រថ្មីរបស់កំពងផែស្វយ័តភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឱ្យការតភ្ជាប់ផ្លូវអាស៊ានហាយវេយ៍ (AH1 និងAH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ។

គួរបញ្ជាក់ផងដែរថា ផ្លូវក្រវាត់ក្រុងខ្សែទី3 សាងសង់តដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប ខូអិលធីឌី (Shanghai Construction Group Co., Ltd.) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ប្រើរយៈពេលសាងសង់ចំនួន 42ខែ គ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ2021៕

Advertisement