ដូច​ការគ្រោងទុក ឆ្នាំ2019 ក្រុមហ៊ុន​ Air China ចាប់ផ្តើម​ហោះហើរ​ត្រង់​មក​កម្ពុជា​

ក្រុមហ៊ុន​អាកាសចរណ៍ Air China បានចាប់ផ្តើម​ហោះហើរ​ត្រង់​ពី​ទីក្រុង​ប៉េកាំង​របស់​ប្រទេស​ចិនមកកាន់​ទីក្រុង​ភ្នំពេញ ដូច​ការគ្រោងទុកនៅ​ខែមករា ឆ្នាំ2019 នេះហើយ បន្ទាប់ពី​មានការ​ពន្យា​រ​ពេល​កាលពីពេល​កន្លងមក។ ជើងហោះហើរ​ត្រង់​​នេះ គឺជាការចាប់ផ្តើមនៃការហោះហើរដោយផ្ទាល់ដំបូងនៃការតភ្ជាប់ទីក្រុង​ប៉េកាំង​មកកាន់​ទីក្រុង​ភ្នំពេញ ដែលមាន​ការហោះហើរ 3ជើង​ក្នុង1សប្តាហ៍ (ថ្ងៃ​ច័ន្ទ ថ្ងៃ​ពុធ និង​ថ្ងៃ​សៅរ៍)

យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Cambodia Airports បាន​ចុះផ្សាយ​នៅ​ថ្ងៃទី8 ខែមករា ឆ្នាំ2019កន្លងមកនេះ​បាន​លើកឡើងថា [ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី] សូម​ស្វាគមន៍​មកកាន់​ជើងហោះហើរ​ដំបូង​របស់ Air China ដែល​បាន​មកដល់​កាលពី​ម្សិលមិញ​នៅក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

លោក ខែ​ក នរិន្ទ​ដា ប្រធាន​ទំនាក់ទំនង​សាធារណៈ​នៃ​អាកាសចរណ៍​កម្ពុជា ធ្លាប់បាន​បញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន​អាកាស​ចរ​ណ៍ Air China នឹង​ប្រតិបត្តិការ​យន្តហោះ​ចំនួន3 ដែលមាន​បំពាក់​ទង់ជាតិ​ចិន ដោយ​ហោះហើរ​ត្រង់​ពី​ទីក្រុង​ប៉េកាំង មក​ទីក្រុង​ភ្នំពេញ​ចំនួន 3លើកក្នុង 1​សប្តាហ៍​ចាប់ពី​ថ្ងៃទី7 ខែមករា​ ឆ្នាំ2019 នេះ។ នៅពេល​ក្រុមហ៊ុន​ដាក់ឱ្យ​ដំណើរការ​ហើយ​នោះ ចំនួន​យន្តហោះ​នឹង​កើនឡើង​អាស្រ័យ​លើ​តម្រូវការ។

មន្ត្រីអាកាសចរណ៍ស៊ីវីលបានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុបច្ចុប្បន្នគ្រប់គ្រងជើងហោះហើរពី15 ទៅ 20ដងក្នុងមួយសប្ដាហ៍។ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបមានជើងហោះហើរពី60 ទៅ70លើក និងរាជធានីភ្នំពេញមានជើងហោះហើរលើសពី 80លើក។ លោកបានប៉ាន់ប្រមាណថា ប្រហែលពាក់កណ្តាលនៃជើងហោះហើរនៅក្នុងអាកាសយានដ្ឋានសំខាន់ៗចំនួន3 របស់ប្រទេសកម្ពុជាកំពុងតែមានជើងហោះហើរមកពីប្រទេសចិន ឬហោះទៅកាន់ប្រទេសចិន។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ​លោក​ ហូ វណ្ឌី​ បាន​ឱ្យ​ដឹង​ថា ទោះបី​សព្វថ្ងៃ​មានការ​ហោះហើរ​ត្រង់​ពី​ប្រទេស​ចិនម​កម្ពុ​ជាជាង 10ក្រុមហ៊ុន​រួចហើយ​ក្ដី តែ​ជើងហោះហើរ​ត្រង់​ថ្មី​នេះ នឹង​ស្រូបយក​ភ្ញៀវទេសចរ​ចិន​កាន់តែច្រើន​មក​កម្ពុជា  ព្រោះថា ​ខេត្តនីមួយៗរបស់​ប្រទេស​ចិន មាន​មនុស្ស​រស់នៅ​រាប់លាន​នាក់។ លោកមានប្រសាសន៍ថា «វា​ក៏​ផ្ដល់​ភាពងាយស្រួល សម្រាប់​ប្រជាជន​កម្ពុជា​ផងដែរ ស្របពេល​ដែលសព្វថ្ងៃ ​ប្រជាជន​កម្ពុជាបាន​ចេញទៅ​កម្សាន្ត​នៅ​ប្រទេស​ចិនកាន់តែ​​ច្រើនឡើង​»

លោក​បញ្ជាក់ដែរថា ក្រៅពី​ផ្ដល់​ភាពងាយស្រួលហើយ សម្រាប់​ភ្ញៀវទេសចរ​ចិន​មកកាន់​កម្ពុជា វា​ជាការ​បង្ហាញ​ពី​ទំនាក់ទំនងដ៏​ល្អ​រវាង​ប្រទេស​ទាំង2 ក៏ដូចជាទាក់ទាញ​អ្នកវិនិយោគ​ចិន​មក​កម្ពុជា​បន្ថែម​ «ការតភ្ជាប់​ត្រង់​នាពេល​ខាងមុខនេះ មិន​ត្រឹមតែ​ជំរុញឱ្យមាន​ភ្ញៀវទេសចរ​ចិន​មក​កម្ពុជា​មានការ​កើនឡើង​នោះទេ តែវា​ថែមទាំង​នាំពាណិជ្ជ​ករ និង​ការវិនិយោគ​បន្ថែម​មក​កម្ពុជា​ផងដែរ ដែលជា​កត្តា​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជាឱ្យ​កាន់តែ​ប្រសើរ​ផងដែរ។

លោក ​ហូ វណ្ឌី​ បាន​បញ្ជាក់ដែរថា រាល់​ការតភ្ជាប់​ត្រង់​ពី​ទីក្រុងធំៗមកកាន់​កម្ពុជា សុទ្ធតែជា​ចំណុច​វិជ្ជមាន ​យើង​ស្វាគមន៍​ទាំងអស់​ឱ្យ​តែមាន​ការហោះហើរ​ត្រង់​មក​កម្ពុជា មក​កាន់តែច្រើន​ កាន់តែ​ល្អ។ លោកបន្ថែមថា «ការហោះហើរ​ត្រង់​ពី​ទីក្រុង​ប៉េកាំងក៏ដូចជា​ទីក្រុងធំៗដទៃទៀតដែរ សុទ្ធតែផ្ដល់​ផលចំណេញ​ជាច្រើន​ដល់​កម្ពុជា ជាពិសេស​ការចំណាយរ​បស់​ភ្ញៀវទេសចរ ដោយ​ពួកគេ​មិនបាន​ចំណាយ​ថវិកា​នៅ​ប្រទេស​ណាមួយ​នៅពេល​មានការ​ឈប់សំ​ចត​នោះទេ ដោយ​ថវិកា​ទាំងអស់​នឹងត្រូវ​ចំណាយនៅ​ប្រទេស​កម្ពុជា​»

យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍បានឱ្យដឹងថា ជនជាតិចិនជាង1,44លាននាក់បានមកធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងរយៈពេល 9ខែនៃឆ្នាំ2018។ ចំនួនអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិទាំង3 នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានកើនឡើងដល់10,4 លាននាក់កាលពីឆ្នាំ2018៕

Advertisement