ក្រូចថ្លុង​កោះ​ទ្រង់ ខេត្តក្រចេះ​មានទីផ្សារ​ខ្លាំង បន្ទាប់ពី​ទទួលបាន​ឈ្មោះជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ

ក្រោយពី​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ផលិតផល​សម្គាល់​ភូមិសាស្ត្រ(GI)កាលពី​ខែមិថុនា​ឆ្នាំមុន ក្រូចថ្លុង​កោះ​ទ្រង់ ខេត្តក្រចេះ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ទាំង​ក្នុង​តំបន់ និង​នៅតាម​បណ្តា​ខេត្ត​នានា។

ក្រូចថ្លុង​កោះ​ទ្រង់ ខេត្តក្រចេះ ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទី3 បន្ទាប់ពី​ម្រេច​ខេត្តកំពត និង​ស្ករត្នោត​កំពង់ស្ពឺ។ ក្រូចថ្លុង​កោះ​ទ្រង់ ខេត្តក្រចេះ គឺជា​ផលិតផល​ដំណាំ​ហូប​ផ្លែ​ប្រពៃណី ហើយ​វា​មាន​សក្តានុពល​ខ្ពស់​ក្នុងការ​លើកកម្ពស់​ប្រាក់ចំណូល​ប្រជាជន​ក្នុង​តំបន់ និង​ជួយ​បង្កើន​ចំនួន​ភ្ញៀវទេសចរ​ទៅកាន់​រមណីយដ្ឋាន​កោះ​ទ្រង់ ខេត្តក្រចេះ​ទៀតផង។

ចាប់តាំងពី​ក្រូចថ្លុង​កោះ​ទ្រង់ ត្រូវបាន​ទទួលស្គាល់​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​មក ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​កោះ​ទ្រង់ ខេត្តក្រចេះ​ចាប់ផ្តើម​ពង្រីក​ការដាំដុះ​បន្ថែមទៀត​ដើម្បី​ផ្គត់ផ្គង់ និង​បំពេញតម្រូវការ​ទីផ្សារ។ នេះ​បើ​យោងតាម​លោកស្រី គាន រី​ណា ប្រធាន​សមាគម​អ្នក​ដាំ​ក្រូចថ្លុង​កោះ-​ទ្រង់​ក្រចេះ។

លោកស្រី រី​ណា មានប្រសាសន៍ថា សព្វថ្ងៃ​សមាគម​របស់​លោកស្រី​មាន​សមាជិក​ចំនួន 226គ្រួសារ ដែលមាន​ក្រូចថ្លុង​ប្រមាណ​ជាង 1ម៉ឺន​ដើម ដោយឡែក​ក្រូចថ្លុង​ដែល​កំពុងផ្តល់​ផល​មាន​ប្រមាណ​តែ​ជាង 2ពាន់​ដើម​ប៉ុណ្ណោះ។

លោកស្រី រី​ណា​​ បន្ថែមទៀតថា ទ​និ្ន​ផលរបស់​ក្រូចថ្លុង​កោះ​ទ្រង់ អាស្រ័យ​លើ​អាយុកាល​របស់​ដើម​ក្រូច​ដោយ​លោកស្រី​ពន្យល់ថា ដើម​ក្រូចថ្លុង​ដែល​លូតលាស់ថ្មីៗ ផ្តល់​ផល​ឆ្នាំ​ដំបូង​បាន​ប្រមាណ​តែ4 ទៅ10ផ្លែ​តែប៉ុណ្ណោះ ដោយឡែក​ដើម​ក្រូចថ្លុង​ដែលមាន​អាយុកាល​ចាប់ពី2 ទៅ3ឆ្នាំ ទិន្នផល​នឹង​ទទួលបាន​ប្រមាណ​ពី50 ទៅ50ផ្លែ​ក្នុង​មួយ​ដើម ហើយ​ចាប់ពី 3ឆ្នាំ​ឡើងទៅ ទ​ន្និ​ផល​នឹង​ទទួលបាន​កាន់តែ​ច្រើនឡើង​ដែរ។

លោកស្រី​បាន​បន្តថា៖“ឥឡូវនេះ​មានការ​ទទួលស្គាល់​ច្រើន​លើ​រសជាតិ​របស់​ក្រូចថ្លុង​កោះ​ទ្រង់ហើយ​ក្រោយពី​ទទួលបាន​ផលិតផល​សម្គាល់​ភូមិសាស្ត្រ កាន់តែ​មានការ​ទទួល​ស្គាល់​ថែមទៀត​ពី​សំណាក់​អ្នក​និយម​ទទួលទាន​ក្រូចថ្លុង​កោះ​ទ្រង់ ឯ​តម្លៃ​វិញ ក្រូចថ្លុង​មួយ​ផ្លែ​មានតម្លៃ​ប្រមាណ​ជា 14,000រៀល ឬ3.5ដុល្លារ​អាមេរិក”។

លោកស្រី រី​ណា បាន​បញ្ជាក់ថា ក្រូចថ្លុង​កោះ​ទ្រង់​ភាគច្រើន​គេ​យកមក​លក់​នៅ​ភ្នំពេញ ហើយ​ឥឡូវ​ការផ្គត់ផ្គង់​នៅមានកម្រិត​នៅឡើយ ដោយសារ​ក្រូចថ្លុង​កោះ​ទ្រង់​ផ្លែ​តាម​រដូវ ដោយ​រដូវ​ប្រមូល​ផល​ក្រូចថ្លុង​កោះ​ទ្រង់ គឺ​ចាប់ពី​ខែតុលា ដល់​ខែធ្នូ ហើយ​បើ​ផុតពី​រដូវ​ប្រមូល​ផល រសជាតិ​ក៏​មិនសូវ​ឆ្ងាញ់​ដូច​រដូវ​ប្រមូល​ផល​ដែរ។

លោកស្រី​មានប្រសាសន៍ថា នៅពេលនេះ​យើង​កំពុងធ្វើការ​ពង្រីក​ការដាំដុះ​បន្ថែមទៀត ដោយសារតែ​ឃើញ​ក្រូចថ្លុង​របស់​យើង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​មហាជន។ កាលពីមុន កសិករ​មានការ​ពិបាក​លក់​បន្តិច ប៉ុន្តែ​ឥឡូវនេះ​មាន​ការបញ្ជាទិញ​ច្រើន ដែល​សឹងតែ​គ្មាន​ក្រូចថ្លុង​លក់​ឱ្យគេ​ទៀតផង។ ជាទូទៅ ការទិញ​ក្រូចថ្លុង​កោះ​ទ្រង់​ភាគច្រើនគឺ​គេ​យកទៅ​បរិភោគ​ជា​លក្ខណៈ​គ្រួសារ ដោយឡែក​ក៏មាន​អាជីវករ​មួយចំនួន​ចាប់ផ្តើម​ទាក់ទង​មក​ទំនាក់ទំនង​សមាគម​ដើម្បី​ម៉ៅ​ទិញ​យកទៅលក់​បន្ត​ផងដែរ។

លោក ប៊ុន បាន ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ទ្រង់ បាន​ថ្លែងថា រមណីយដ្ឋាន​កោះ​ទ្រង់​មិន​ត្រឹមតែ​ជា​តំបន់​ក​សិ-ទេសចរណ៍​ប៉ុណ្ណោះ​ទេប៉ុន្តែ​វា​ថែមទាំង​មាន​ឆ្នេរ​ខ្សាច់​វែង លាតសន្ធឹង​ប្រមាណ​ជាង 4គីឡូម៉ែត្រ​ទៀតផង។

លោក​បាន​បន្ថែមថា៖“យើង​ថែមទាំង​មាន​សមាគម​ផលិត​បន្លែ​សម្រាប់​ផ្គត់ផ្គង់​សហគមន៍​ផ្ទះសំណាក់ ដើម្បី​ទទួលភ្ញៀវ​ទេសចរ លើកលែងតែ​បន្លែ​មួយចំនួន​ដែល​ពិបាក​រក។ យើង​មាន​ដំណាំ​ហូប​ផ្លែ​តាម​រដូវ​កាល​ដូចជា ក្រូចថ្លុង ខ្នុរ ផ្លែ​ទឹកដោះគោ​ជាដើម”។

លោក​ថា៖“យើង​បាន​ចងក្រង​ជា​សហគមន៍សមាគម និង​ជា​ក្រុមតូចៗដើម្បី​បម្រើ​សេវាកម្ម​ទេសចរណ៍ ដូចជា​រទេះសេះ រទេះគោ រ៉ឺម៉ក​កង់​បី កង់ ទូក​ជិះ​កម្សាន្ត និង​ផ្ទះ​ស្នាក់នៅ ជាដើម យើង​បង្កើត​មុខរបរ​បានជា​ច្រើន និង​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ទៀតផង។

លោក បាន​ បានបន្តថា ទេសចរ​ជាច្រើន​បាន​ទៅលេង​រមណីយដ្ឋាន​កោះ​ទ្រង់ ដោយនៅ​ឆ្នាំ2018 ទេសចរ​ជាតិ​ដែល​បាន​ទៅ​ទស្សនា​រមណីយដ្ឋាន​កោះ​ទ្រង់មាន​ជាង 17,000នាក់ និង​ភ្ញៀវ​បរទេស​មាន​ជាង 300នាក់​បានមក​កម្សាន្ត​ឆ្នេរ​ខ្សាច់។

ដោយឡែក​លោក អប់ រ៉ា​ឌី ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែងថាបច្ចុប្បន្នកម្ពុ​ជាមាន​ផលិតផល​កសិកម្ម​ជាង 20មុខ​ទៀត​ដែល​អាចនឹងទទួល​បាន​វិញ្ញាបនបត្រ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នាពេល​អនាគត ដូចជា អំបិល​កំពត ទុរេន​កំពត សូត្រ​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ស្រូវ​សែន​ក្រអូប​ខេត្តបាត់ដំបង និង​ប្រហុក​ខេត្តសៀមរាបជាដើម៕

Advertisement