អបអរសាទរ! តម្លៃ​អំពៅ​ឆ្នាំនេះ​កើនឡើង​ខ្លាំង​លើស​ឆ្នាំមុន100%

កសិករ​ដាំ​អំពៅ​នៅតាម​ជនបទ​បាន​សម្តែង​ក្តី​រីករាយ​យ៉ាងខ្លាំង ដោយសារ​តម្លៃ​អំពៅ​នៅ​ឆ្នាំនេះ​កើន​លើស​ឆ្នាំមុន100% ដោយ​អំពៅ​លេខ1 ក្នុង1បាច់​មានតម្លៃ 20,000រៀល ខុសពី​ឆ្នាំមុន​ដែល​លក់បាន​ត្រឹមតែ​តម្លៃ 10.000រៀល​ប៉ុណ្ណោះ។

លោក យឿន សំអាង កសិករ​ដាំ​អំពៅ​ភូមិ​ព្រែក​ស្នាយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​ក ណ្តា​ល​បានឱ្យដឹងថា គ្រួសារ​លោក​បាន​ប្រកប​របរ​ដាំ​អំពៅ​ម្រេច​នេះ​យូរ​ឆ្នាំ​មកហើយ ពោល​គឺជា​ដំណាំ​ដែល​បន្សល់​ជា​កេរដំណែល​មក​តាំងពី​ដូនតា ត​ពី​ឪពុកម្តាយ​ជាង 20ឆ្នាំ​មកហើយ។ លោក​ប្រាប់ថា កាលពី​ឆ្នាំ​កន្លងទៅ អ្នក​ដាំ​អំពៅ​បាន​ខាត​ឡុងចុង ចូល​ដើម និង​ស្ទើរតែ​លែង​ហ៊ាន​ដាំ ដោយសារ​អំពៅ​ប្រភេទ​លេខ1 ក្នុង1បាច់​លក់​បានតែ 6,000 ទៅ7,000រៀល ហើយ​បើ​ឡើង​ខ្ពស់បំផុត ក៏​លក់​តម្លៃ​ត្រឹមតែ 10,000រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​បាច់។

ចំណែក​ដើមរដូវ​នេះ​វិញ អំពៅ​បាន​ឡើងថ្លៃ​ល្អ1ជា3 គឺអាច​ស្រង់ដើម​ដែល​ខាត​កាលពី​ឆ្នាំមុន និង​បាន​ចំណេញ​មកវិញ​ខ្លះ ដោយ​អា​លេខ1 លក់​នៅ​ចម្ការ​តែម្ដង បាន​ក្នុង 1បាច់​មិន​ក្រោម 18,000រៀល​ទេហើយ​បើ​ដឹក​យកទៅលក់​ដល់​ផ្សារ​តាខ្មៅ​ផង គឺអាច​លក់បាន​ថ្លៃ​ដល់​ទៅ 22,000រៀល​ឯណោះ ហើយ​បើ​អំពៅ​ដើមតូចៗ ប្រភេទ​លេខ3 វិញ ក៏​អាច​លក់បាន​ពី6,000 ទៅ7,000រៀល​ដែរ។ ខណៈដែល​អំពៅ​លេខ2 លក់បាន​ក្នុង 1បាច់​តម្លៃ​ពី10,000 ទៅ12,000រៀល។ លោក​បាន​បន្តថា ឆ្នាំ​កន្លងទៅ អំពៅ​ថោក​ដោយសារ​មាន​អ្នក​ដាំ​ច្រើន ឆ្នាំនេះ​កសិករ​មួយចំនួន​ប្តូរ​ទៅ​ដាំ​ដំណាំផ្សេងៗ ហើយ​ទឹកជំនន់​ឆ្នាំនេះ​ក៏​ឡើង​ធំ លិច​ខូច​អស់​មួយចំនួនទៀត​នោះទើប​ធ្វើឱ្យ​អំពៅ​ឡើងថ្លៃ និង​រក​អំពៅ​លក់​ស្ទើរ​មិនបាន​ទៀតផង។

លោក​ក៏បាន​ប្រាប់​ផងដែរ​អំពី​បច្ចេកទេស​ដាំ​ដំណាំ​អំពៅ​នេះ​ថា ជាដំបូង​គេ​ត្រូវ​កាត់​ដើម​អំពៅ​ជា​កំណាត់ខ្លីៗ យក​ត្រង់​ថ្នាំងនីមួយៗ រួចហើយ​យក​កង់​ថ្នាំងអំពៅ​ទាំងនោះ​ទៅ​ដាក់​តម្រៀប​គ្នា​បណ្ដុះ​នៅក្នុង​ថ្នាល​មួយ​ក្បែរ​ប្រភពទឹក ដើម្បី​ងាយស្រួល​ក្នុងការ​ស្រោចស្រព​វា។ កំណាត់​ថ្នាំង​ដើម​អំពៅ​ទាំងនោះ គេ​មិនត្រូវ​លុប​ដី​លើ​វា​ឱ្យ​ជិត​ទេ ត្រូវដាក់​តម្រៀប​ឱ្យ​ភ្នែក​ថ្នាំងអំពៅ​បញ្ឈរ​ឡើងលើ​ដើម្បីឱ្យ​ឆាប់​ដុះ​ពន្លក​ឡើង បន្ទាប់មក​ត្រូវ​គ្រប​ចំបើង​ស្ងួត​ពីលើ​ថ្នាំងអំពៅ​ទាំងនោះ ហើយ​ស្រោច​ទឹក​មួយថ្ងៃ​ម្ដង​ដើម្បីឱ្យ​កូន​អំពៅ​ឆាប់​ដុះ​ឡើង​ល្អ។

ពេលដែល​កូន​អំពៅ​ដុះ​ឡើង​បាន​ទំហំ​ប៉ុន​ម្រាមដៃ គឺ​ក្រោយ​បណ្ដុះ​ប្រមាណ​ជា 1ខែ ទើប​គេ​យក​វា​ទៅ​ដាក់​ដាំ​នៅក្នុង​ដីចម្ការ។ ការដាំដុះ​តាម​វិធី​នេះ គេ​អាច​អនុវត្តបាន​ចំ​ពេលដែល​ដីចម្ការ​នៅ​សើម ហើយ​វិធី​នេះ​អាច​ចំណាយ​ដើមទុន​តិច និង​ឆាប់​បាន​ទទួលផល​ទៀតផង​ប៉ុន្តែ​វា​មានគុណ​វិបត្តិ​ម្យ៉ាង គឺ​ដើម​អំពៅ​ដុះ​ឡើង​មិនសូវ​បានល្អ​ទេ នៅពេល​ពុំមាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់។

ចំណែកឯ​ការត្រៀម​ដី​សម្រាប់​ដាំ​ដុះ​វិញ មុនពេល​ដាក់​ដាំ គេ​ត្រូវ​ភ្ជួរ​ដី​ឱ្យបាន 3សា និង​ត្រូវ​ភ្ជួរ​ឱ្យបាន​ជម្រៅ​ជ្រៅ រាស់​បំបែក​ដី​ឱ្យ​ម៉ដ្ឋ រួច​ឆូត​ជា​គន្លង​ដើម្បី​ឱ្យមាន​ចង្អូរ​សងខាង ប៉ុន្តែ​មិនត្រូវ​លើក​ជា​រង​ទេ។ ការកាយ​ជា​គន្លង​នោះ ត្រូវឱ្យ​មាត់​រណ្ដៅ​មាន​ទំហំ8តឹក(0.80ម៉ែត្រ) រួច​យក​កូន​អំពៅ​ដែល​បណ្ដុះ​បាន​ហើយ 1ដើម​ដែលមាន​ដុះ​ដើម​ប៉ុន​មេដៃ កម្ពស់​ប្រមាណ 2តឹក(0.20ម៉ែត្រ)មក​កប់​ក្នុង​រណ្ដៅ​ដែលមាន​ល្បាយ​ផេះ ដីដំបូក លាមក​សត្វ​ក្រៀម ដាក់​នៅ​បាត​រណ្ដៅ​នោះ​ជាស្រេច ដោយ​ត្រូវ​កប់​កូន​អំពៅ​ដោយ​ដី​ពីលើល្មមៗ រួចហើយ​ស្រោច​ទឹក​ទៅតាម​អាកាសធាតុ តែ​មិនត្រូវ​ស្រោច​ទឹក​តិចពេក​ដែលនាំឱ្យ​ដើម​អំពៅ​លូតលាស់​មិនបាន​ល្អ និង​ក៏​មិនត្រូវ​ស្រោច​ច្រើន​ជ្រុល​នាំឱ្យ​ជាំ​ទឹក​ខូចខាត​ដំណាំ​អស់​ដែរ។ ការដាំ​អំពៅ​សំខាន់​គឺ ត្រូវធ្វើ​ការ​សក​ស្លឹក​វា​ចេញ​ទៅតាម​ដំណាក់កាល ហើយ​ដាក់​ជី​ភ្ជួរ​កប់​លើ​គុម្ព ទើប​ដើម​អំពៅ​លូតលាស់​ល្អ។

រយៈពេល​ជិត​មួយឆ្នាំ​ក្រោយ​នឹង​ទទួលបាន​ផល ដោយពេល​កាប់​ដើម​អំពៅ​ចាស់​អស់ ដើម​អំពៅ​ថ្មី​អាច​លូតលាស់​ឡើង​បន្តពេល​មាន​ភ្លៀង​ធ្លាក់ ដែល​ធ្វើ​ឱ្យគេ​អាច​ប្រមូល​ផល​បាន​ពី2 ទៅ3ឆ្នាំ​បន្តទៀត។

អ្នកស្រី សៀក ឃី ឈ្មួញកណ្តាល​ម្នាក់​បាន​ប្រាប់​ផងដែរ​ថា កាលពី​ឆ្នាំមុន​អំពៅ​ពិតជា​ថោក​និយាយ​លែងចេញ​មែន រហូត​មាន​អ្នកខ្លះ​ទុក​ដើម​អំពៅ​ឱ្យ​ចាស់​ចោល​ទៀតផង ព្រោះ​គ្មាន​ម៉ូយ​ទទួល​ទិញ បើ​កាប់​ត្រូវ​ជួល​កម្មករ និង​ត្រូវ​ដឹក​ដើរ​លក់​ខ្លួនឯង​ទៀត។ ប៉ុន្តែ​ឆ្នាំនេះ រក​អំពៅ​លក់​មិន​បានទេហើយ​ឡើងថ្លៃ​មួយ​ទ្វេ​ជា2 ជា3 ឯណោះ។ ហើយ​ពេលនេះ​គ្រាន់តែ​ជា​ពេល​ប្រមូល​ផល​ដើមដៃ អំពៅ​ឡើងថ្លៃ​ប៉ុណ្ណេះ​ហើយ ទម្រាំ​ដល់​កណ្តាល​ដៃ និង​ចុងដៃ​ដែលជា​រដូវក្តៅ​ទៀត​នោះ តម្លៃ​អំពៅ​នឹង​ឡើង​ខ្ពស់ជាង​ពេលនេះ​ទៅទៀត។ ក្រៅពី​ដើរ​ម៉ៅ​ចម្ការ​ពី​កសិករ​ហើយ អ្នកស្រី​ក៏​ប្រមូល​ទិញ​គិត​ជា​បាច់​តាម​ចម្ការ​ផងដែរ ដោយ​ក្នុង1បាច់​ផាត់​សា​ហ៊ុយ និង​ចំណាយផ្សេងៗរួចហើយ អ្នកស្រី​អាច​ចំណេញ​បាន​ពី1,000 ទៅ1,500រៀល​ដែរ​ក្នុង 1បាច់។ ពាក់ព័ន្ធ​នឹង​ដំណាំ​អំពៅ​នេះ លោក កាង ម៉ាំងអនុប្រធាន​ការិយាល័យ​ផែនការ​នៃ​មន្ទីរ​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកណ្តាល បាន​មានប្រសាសន៍ថា ក្នុង​ឆ្នាំ2018 នេះ ទូទាំង​ខេត្ត​មាន​ដំណាំ​អំពៅ​ចំនួន 401ហិកតា ខណៈ​កាលពី​ឆ្នាំ2017 មាន​ចំនួន​ជិត 1ពាន់​ហិកតា​ឯណោះ ក្នុងនោះ​ស្រុក​ស្អាង​ដាំ​អំពៅ​ច្រើនជាងគេ គឺ​ចំនួន 350ហិតា​ និង​ទើបនឹង​ចាប់ផ្តើម​ប្រមូល​ផល​បានជាបណ្តើរៗប៉ុណ្ណោះ។

លោក​ក៏បាន​បន្ត​ដែរ​ថា កសិករ​ត្រូវ​ចេះ​ពិនិត្យមើល​អំពី​តម្រូវការ​លើ​ទីផ្សារ និង​ចៀសវាង​ដាំ​ដំណាំតាមៗគ្នា ដែលនាំឱ្យ​ជន់​ច្រើន​នៅលើ​ទីផ្សារ ជា​កត្តា​ធ្វើឱ្យ​ផលដំណាំ​ចុះថោក​នាំឱ្យ​ខាត់​បង់ ហើយ​លោក​អនុប្រធាន​ការិយាល័យ​ក៏បាន​ឱ្យដឹង​ដែរ​ថា នៅ​ទូទាំង​ខេត្តកណ្ដាល​នេះ ក្រៅ​អំពី​ផ្ទៃដី​សម្រាប់ធ្វើ​ស្រូវ​ហើយ នៅមាន​ដី​សម្រាប់​ដាំ​ដំណាំ​ចម្រុះ​ចំនួន 36,500ហិកតា​ទៀត៕

Advertisement